រំលង​ការ​រុករក​ចម្បង

យើង​រួបរួម​គ្នា​​តែ​មួយ

ព្រះអម្ចាស់​បាន​បញ្ជាក់​យ៉ាង​ច្បាស់ ​នៅ​ដើម​នៃ​គ្រា​កាន់​កាប់​ត្រួត​ត្រា​​ចុង​ក្រោយ​នេះ​ថា យើង​ត្រូវ​នាំ​យក​ដំណឹង​ល្អ​ទៅកាន់​ពិភពលោក​ទាំង​មូល ។ អ្វី​ដែល​ទ្រង់បាន​​មាន​បន្ទូលមក​កាន់​ពួក​អ្នក​កាន់​បព្វជិតភាព​មួយ​ចំនួន​តូច​ក្នុង​ឆ្នាំ 1831 ទ្រង់​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​ជាច្រើន​នៅ​ពេល​នេះ ។ មិន​ថា​យើង​មាន​អាយុ​ សមត្ថភាព ការ​ហៅ​ក្នុង​សាសនាចក្រ​យ៉ាង​​ណា ឬ ​យើង​រស់​នៅ​ទីណា​នោះ​ទេ នោះ​​យើង​ត្រូវ​បាន​ហៅ​រួម​គ្នា​មក​កាន់​កិច្ចការ​នេះ ដើម្បី​ជួយ​ទ្រង់​ក្នុងការ​​ប្រមូល​ព្រលឹង​ រហូត​ដល់​ទ្រង់​យាង​មក​ម្ដងទៀត ។ ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួក​អ្នក​ធ្វើ​ការ​ដំបូង​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​នោះ​ថា ៖

« ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក​ដើម្បី​ឲ្យ​មនុស្ស​រាល់គ្នា​ទាំង​ អ៊ែលឌើរ ទាំង​សង្ឃ ទាំង​គ្រូ និង ​ទាំង​សមាជិក​ផង​ឲ្យ​ទៅ​ធ្វើ​ដោយ​អស់​ពី​ពលំ​របស់​ខ្លួន​នូវ​ការ​ងារ​នៃ​ដៃ​របស់​ខ្លួន ដើម្បី​រៀបចំ និង ​សម្រេច​នូវ​អ្វីៗ​ដែល​យើង​បាន​បញ្ជា​ចុះ ។

« ហើយ​ចូរ​បណ្ដោយ​ឲ្យ​ការ​ផ្សាយ​របស់​អ្នក​ទៅ​ជា​សំឡេង​នៃ​ការ​ព្រមាន​ចុះ គឺ​មនុស្ស​ម្នាក់ៗ​ចំពោះ​អ្នក​ជិត​ខាង​របស់​ខ្លួន​ដោយ​នូវ​ភាព​ទន់ភ្លន់ និង ​ស្លូតបូត ។

« ហើយ​ចូរ​អ្នករាល់គ្នា​ចេញ​ពី​ចំណោម​ពួក​ទុច្ចរិត​ទៅ ។ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឲ្យ​រួច ។ ចូរ​អ្នករាល់គ្នា​ដែល​កាន់​ប្រដាប់​ទាំង​ឡាយ​នៃ​ព្រះអម្ចាស់​បាន​ជ្រះ​ស្អាត​ចុះ » ។1

ឥឡូវ​នេះ អ្នក​ដែល​ជា​សមាជិក​នៃ​បព្វជិតភាព​អើរ៉ុន​​អាច​ឃើញ​ថា បញ្ជា​របស់​ព្រះអម្ចាស់​រួម​បញ្ចូល​អ្នក​ក្នុង​នោះ​ផង​ដែរ ដោយ​សារ​អ្នក​ដឹ​ង​ថា ព្រះអម្ចាស់​តែង​រៀបចំ​ផ្លូវ​ដើម្បី​គោរព​តាម​បញ្ញត្តិ​ទ្រង់ នោះ​អ្នក​អាច​រំពឹង​ទុក​ថា​ ទ្រង់​នឹង​ធ្វើ​ការណ៍​នោះ​សម្រាប់​អ្នក​រាល់គ្នា ។

សូម​ឲ្យ​ខ្ញុំ​ប្រាប់​អ្នក​ពី​របៀប​ដែល​ទ្រង់​ធ្វើ​ការ​នោះ​ សម្រាប់​ក្មេង​ប្រុស​ម្នាក់ ​ដែល​ឥឡូវ​នេះ​កាន់​បព្វជិត​ភាព​អើរ៉ុន​ថ្នាក់​សង្ឃ ។ គាត់​មាន​អាយុ 16 ឆ្នាំ ។ គាត់​រស់​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ទើប​មាន​អ្នក​ផ្សាយ​សាសនា​កាល​ពី​មួយ​ឆ្នាំ​មុន ។ ពួកគេ​បាន​ចាត់​ឲ្យ​ទៅ​ទីក្រុង​ពីរ តែ​ពុំ​មែន​ជា​ទីក្រុង​ដែល​ក្មេង​ប្រុស​នោះ​រស់​នៅ​ឡើយ ។

កាល​ពី​គាត់​នៅ​ក្មេង ឪពុកម្ដាយ​គាត់បាន​នាំ​គាត់​ទៅ រដ្ឋយូថាហ៍ ដើម្បី​មាន​សុវត្ថិភាព ។ គ្រួសារ​នេះ​ត្រូវ​បាន​បង្រៀន ហើយ​បាន​ជ្រមុជទឹក​ដោយ​ពួក​អ្នកផ្សាយសាសនា ។ គាត់​មិន​បាន​ជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ​ទេ ដោយសារ​គាត់​មិន​ទាន់​គ្រប់​​អាយុ 8 ឆ្នាំ​ ។

ឪពុកម្ដាយ​គាត់​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​មួយ ។ ដូច្នេះ​លោក​យាយ​គាត់​បាន​យក​គាត់​មក​ផ្ទះ​​​វិញ ដោយ​ឆ្លង​កាត់​មហាសមុទ្រ មក​កាន់​ទីក្រុង​កំណើត​គាត់ ។

ក្នុង​ខែ​មិនា​ ឆ្នាំ​មុន កាល​គាត់​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ នោះ​គាត់​មាន​អារម្មណ៍​ថា ​គាត់​គួរ​តែ​ទៅ​និយាយ​នឹង​ស្ត្រី​ម្នាក់​ដែល​គាត់​មិន​ស្គាល់ ។ គាត់បាន​និយាយ​ជាមួយ​នាង​ជា​ភាសា​អង់គ្លេស​ តាម​ដែល​គាត់​នៅ​ចាំ​បាន ។ នាង​ជា​គ្រូពេទ្យ​ម្នាក់​ដែល​ប្រធាន​បេសកកម្ម​ចាត់ឲ្យ​មក​​ទីក្រុង​គាត់​ដើម្បី​រក​ផ្ទះ​ជួល​ និង​រក​មន្ទីរ​ពេទ្យ​សម្រាប់​អ្នក​ផ្សាយ​សាសនា ​ដែល​នឹង​ត្រូវ​ចាត់តាំង​ឲ្យ​មក​ទីនេះ​ឆាប់ៗ ។ គាត់​ និង ​នាង​បានក្លាយ​ជា​មិត្ត កាល​ពួកគេ​ជជែក​គ្នា ។ ពេល​នាង​ត្រឡប់​ទៅ​ទីស្នាក់ការ​បេសកកម្ម​វិញ នាង​បាន​ប្រាប់​អ្នក​ផ្សាយ​សាសនា​អំពី​គាត់ ។

ពួក​អែលឌើរ​ពីរ​នាក់​ដំបូង​គេ ​​បាន​មក​ដល់​ក្នុង​ខែ​កញ្ញា ឆ្នាំ​2012 ។ ក្មេង​ប្រុស​កំព្រា​ម្នាក់​នេះ​គឺ​ជា​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក​​ដំបូង​របស់​ពួកគេ ​​ចូល​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ លុះ​ដល់​ខែ​មិនា​ឆ្នាំ​នេះ គាត់​បាន​ក្លាយ​ជា​សមាជិក​បាន​បួន​ខែ​ហើយ ។ គាត់​បាន​តែងតាំង​ជាសង្ឃ​ក្នុង​បព្វជិតភាពអើរ៉ុន​​ ហើយ​អាច​ធ្វើ​បុណ្យ​ជ្រមុជទឹកឲ្យ​អ្នក​ផ្លាស់​ប្រែ​ចិត្ត​ជឿទី​ពីរ​ចូល​មក​សាសនាចក្រ ។ គាត់​គឺ​ជា​អ្នក​ត្រួសត្រាយបព្វជិតភាព​​មុន​គេ ដើម្បី​ប្រមូល​កូនចៅ​ដទៃ​ទៀត​នៃ​ព្រះវរបិតា​សួគ៌​ ​មក​ចូល​រួម​នឹង​គាត់ ​ដើម្បី​ស្ថាបនា​សាសនាចក្រ ​ក្នុង​ទីក្រុង​មួយ​ដែល​មាន​ប្រជាជន​ប្រមាណ 130,000 នាក់ ។

នៅ​ថ្ងៃ​អាទិត្យ​ ទី 31 ខែ ​មិនា ឆ្នាំ 2013 នៃ​បុណ្យ​អ៊ីស្ទើរ សមាជិក​ភាព​សាសនាចក្រ​នៅ​ទី​នោះ​បាន​កើន​ឡើង​ដល់ចំនួន​ 6 នាក់​ក្នុង​ទីក្រុង​នោះ ។ គាត់​ជា​សមាជិក​តែ​ម្នាក់​គាត់​ដែល​ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​នោះ ។ ជង្គង់​គាត់​មាន​របួស​កាល​ពី​ថ្ងៃសៅរ៍ តែ​គាត់​បាន​តាំង​ចិត្ត​ដើម្បី​នៅ​ទីនោះ ។ គាត់​បាន​អធិស្ឋាន​ដើម្បី​ឲ្យ​គាត់​អាច​ដើរ​ទៅ​ព្រះវិហារបាន​ ។ ហើយថាគាត់បានដើរទៅដល់ព្រះវិហារបានមែន ។​ គាត់​បាន​ចែក​សាក្រាម៉ង់​ជាមួយ​នឹង​ពួក​អែលឌើរ​បួន​នាក់ និង ​អ្នក​ផ្សាយ​សាសនា​វ័យ​ចំណាស់​មួយ​គូ ដែលជាចំនួនអ្នកមកចូលរួមទាំងអស់គ្នា ។

ដំណើរ​រឿង​​នេះ​មិន​អស្ចារ្យ​នោះ​ទេ ដរាប​ណា​អ្នក​ស្គាល់​ពី​គំរូ​នៃ​ព្រះហស្ត​របស់​ព្រះ​ក្នុង​ការ​សង់​នគរ​ទ្រង់​ក្នុង​ដំណើរ​រឿង​នេះ ។ វា​បាន​ឃើញ​​ច្រើន​ដង​ហើយ ។

ខ្ញុំ​បាន​ឃើញ​ការណ៍​​នេះ​នៅ​រដ្ឋ នូវ ម៉ិកស៊ីកូ កាល​ពី​នៅ​ក្មេង ។ ជាច្រើន​ជំនាន់ ពួក​ព្យាការី​បាន​ប្រាប់​យើង​ថា យើង​ត្រូវ​តែ​ជួយ​អ្នក​ផ្សាយ​សាសនាស្វែង​​រក ហើយ​បង្រៀន​ជន​ដែល​មាន​ចិត្ត​ស្មោះ រួចហើយ​ស្រឡាញ់​អ្នក​ដែល​ចូល​មក​ក្នុង​នគរ ។

ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ពី​សេចក្ដី​ស្មោះត្រង់​ដែល​អ្នកដឹកនាំ និង​ សមាជិក​អាច​ធ្វើ ។ ក្នុង​ឆ្នាំ 1995 ខ្ញុំ​បាន​ក្លាយជា​មន្ត្រី​ម្នាក់​​ក្នុង​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក ។ ប៊ីស្សព​ខ្ញុំ​បាន​ធ្វើ​ការ​ប្រសិទ្ធពរ​មួយ​ឲ្យ​ខ្ញុំ​នៅ​ផ្ទះ​ពី​មុន​ខ្ញុំ​ចេញ​ទៅ​តាម​​ការ​ចាត់តាំង​ដំបូង​របស់​ខ្ញុំ គឺ​នៅទីក្រុង អាល់ប៊ើឃើរគី រដ្ឋ នូវ ម៉ិកស៊ីកូ ។

ក្នុង​ការ​ប្រសិទ្ធពរ​របស់​គាត់ គាត់​បាន​​និយាយ​ថា ពេលវេលា​របស់​ខ្ញុំ​នៅ​ក្នុង​ទ័ព​អាកាស​នោះ​នឹង​ក្លាយ​ជា​ការ​បម្រើ​ជា​អ្នក​ផ្សាយ​សាសនា ។ ខ្ញុំ​បាន​មក​កាន់​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​ដំបូង​ក្នុង​សាខា អាល់ប៊ើឃើរគី ទី​មួយ ។ មាន​បុរស​ម្នាក់​បាន​ដើរ​មក​រក​ខ្ញុំ ដោយ​ណែនាំ​ខ្លួន​គាត់​ថា​ ជា​ប្រធាន​មណ្ឌល ហើយ​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សាយ​សាសនា​ក្នុង​មណ្ឌល ។

ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​នៅ​ទីនោះ​សម្រាប់​តែការ​បំពាក់បំប៉ន​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ រួច​ខ្ញុំ​នឹង​ត្រូវ​គេ​ចាត់​ទៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ពិភពលោក​នេះ ។ គាត់​និយាយ​ថា « ខ្ញុំ​មិន​ដឹង​ពី​បញ្ហា​នោះ​ទេ តែ​យើង​ត្រូវ​តែ​ហៅ​អ្នក​ឲ្យ​បម្រើ » ។ ដោយ​សារ​មាន​រឿង​ចៃដន្យ​កើត​ឡើង នៅ​ពាក់​កណ្តាល​នៃ​វគ្គ​​បំពាក់​បំប៉ន​ធ្វើ​ជា​ទ័ព​របស់​ខ្ញុំ​ ក្នុង​ចំណោម​ន្ត្រី​រាប់​រយ​នាក់ ​ខ្ញុំ​ត្រូវ​បាន​រើស​ឲ្យ​ទៅ​បំពាក់បំប៉ននៅ​ទីស្នាក់ការ​ធំ ដើម្បី​ជំនួស​តំណែងរបស់​មន្ត្រីម្នាក់​ដែល​បាន​ស្លាប់ថ្មីៗនោះ ។

ដូច្នេះ ខ្ញុំ​បាន​នៅ​ទី​នោះ​រយៈ​ពេល ​2 ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ការ​ក្នុង​ការិយាល័យ​ខ្ញុំ ។ ភាគច្រើន​នៅ​ពេល​ល្ងាច និង​ នៅ​ចុង​សប្ដាហ៍ ខ្ញុំ​បាន​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រី​ស្ទ​ដល់​មនុស្ស​​ដែល​សមាជិក​​ណែនាំ​ឲ្យ​យើង ។

ដៃ​គូ​ខ្ញុំ និង​ ខ្ញុំ​បម្រើ​ជា​អ្នក​ផ្សាយ​សាសនា​ជា​មធ្យម​លើស​ពី 40 ម៉ោង​ក្នុង​មួយ​ខែ ដោយ​គ្មាន​ការ​ដើរ​គោះទ្វារ​ស្វែង​រក​អ្នក​រៀន​ម្ដង​ណា​ឡើយ ។ ជា​រឿយៗ សមាជិក​បាន​រក​មនុស្ស​ឲ្យ​យើង​យ៉ាង​ច្រើន​រហូត​ដល់​យើង​បង្រៀន​​ពីរគ្រួសារ​​ក្នុង​មួយ​យប់​ ។ ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ពី​អំណាច និង​ ពរជ័យ​ក​ក្នុង​ការ​អំពាវ​នាវ​ម្ដង​ហើយ​ម្ដង​ទៀត ​របស់​ព្យាការី​ចំពោះ​សមាជិក​គ្រប់​រូប​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សាយ​សាសនា ។

នៅ​ថ្ងៃ​អាទិត្យ​ចុងក្រោយ​ពី​មុន​ខ្ញុំ​ចេញ​ពីទីក្រុង អាល់ប៊ើឃើរគី នោះ​ស្ដេក​ដំបូង​គេ​បង្អស់​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ទីក្រុង​នោះ ។ ឥឡូវ​នេះ​មាន​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​មួយ​នៅ​ទីនោះ ជា​ដំណាក់​នៃ​ព្រះអម្ចាស់ ក្នុង​ទីក្រុង​មួយ​ដែល​នៅ​គ្រា​មួយ​យើង​ជួប​ជុំ​គ្នា​ក្នុង​រោង​ជំនុំតែមួយ ​​ជាមួយ​នឹង​ពួក​បរិសុទ្ធ​ដែល​នាំ​មិត្ត​ភក្ដិ​ឲ្យ​យើង​បង្រៀន ហើយ​ទទួល​សាក្សី​នៃ​ព្រះវិញ្ញាណ ។ មិត្តភក្តិទាំងនោះបាន​ទទួល​នូវ​ការ​ស្វាគមន៍​​ដ៏​កក់ក្ដៅ​ក្នុង​សាសនាចក្រ​ពិត​របស់​ព្រះអម្ចាស់ ។​

បន្ទាប់​មក​ខ្ញុំ​បានឃើញ​​ការណ៍​នេះ​ក្នុង រដ្ឋ នូវ អ៊ីងលេនដ៍ ពេល​ខ្ញុំ​ទៅ​រៀន​នៅ​ទីនោះ ។ ខ្ញុំ​ត្រូវ​បាន​ហៅ​ជា​ទីប្រឹក្សា​​របស់​ប្រធាន​មណ្ឌល​ដ៏​អស្ចារ្យ​ម្នាក់ ជា​មនុស្ស​ម្នាក់​ដែល​ពុំ​ធ្លាប់​​ចាប់អារម្មណ៍​នឹង​សាសនាចក្រ​ ក្លាយ​ទៅ​ជាម​នុស្ស​ម្នាក់​ដែល​មាន​អំណាច​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ ។ គ្រូបង្រៀន​តាម​ផ្ទះ​របស់​គាត់​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង​ រហូត​ដល់​មិន​គិត​ពី​ទម្លាប់​ជក់​បារី​របស់​គាត់ ហើយ​បែរ​មក​មើល​អ្វី​ដែល​ព្រះ​អាច​ឃើញ​ក្នុង​ខ្លួន​គាត់ ។ ប្រធាន​មណ្ឌល​ និង​ ខ្ញុំ​បាន​បើក​ឡាន​ឡើង​ភ្នំ កាត់​ឆ្នេរ​សមុទ្រ​ដើម្បី​ទៅ​​មើល​សាខា​តូចៗ​ដែល​មាន​នៅ​លើកោះ ម៉ាស្សាឈូសេត និង រ៉ដ ដើម្បី​ស្ថាបនា ហើយ​ប្រទាន​ពរ​ដល់​នគរ​ព្រះ ។

ខ្ញុំ​បាន​បម្រើ​ជាមួយ​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​នេះ​អស់​ជា​ច្រើន​ឆ្នាំ យើង​បាន​មើល​ឃើញ​មនុស្ស​ជាច្រើន​បាន​នាំ​មិត្តភក្តិ​មក​សាសនាចក្រ​ ដោយ​សារ​គំរូ​របស់​ពួកគេ និង​ ដោយ​ការ​អញ្ជើញ​របស់​ពួកគេ​ឲ្យ​ស្ដាប់​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ចំពោះ​ខ្ញុំការ​រីកចម្រើន​នៃ​សាខា​ទាំងនោះហាក់​ដូចជា​យឺត ហើយ​មិន​ទៀងទាត់ ។ តែ​នៅ​ថ្ងៃ​អាទិត្យ​​ដែល​ខ្ញុំ​បាន​ចាក​ចេញ​​ប្រាំ​ឆ្នាំ​ក្រោយ​មក មាន​សាវក​ពីរ​នាក់​បាន​មក​ដើម្បី​រៀបចំ​មណ្ឌល​យើង​ឲ្យ​ទៅ​ជា​ស្តេក​ក្នុង​រោង​ជំនុំ ឡងហ្វេឡូ ផាក ក្នុង ទីក្រុង ខេមប្រ៊ីជ៍ ។

ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ទៅ​ទីនោះ​ដើម្បី​ដឹកនាំ​សន្និសីទ​ស្តេក​មួយ ។ ប្រធាន​ស្តេក​បាន​នាំ​ខ្ញុំ​ទៅ​មើល​ភ្នំ​មួយ​នៅ ប៊ែលមិនត៍ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា វា​ជា​កន្លែង​មួយ​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ ។ ឥឡូវ​នេះ​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ទីនោះ ។ ពេល​ខ្ញុំ​សម្លឹង​មើល​វា ខ្ញុំ​នឹក​ចាំ​ពី​សមាជិក​ដ៏​រាបសា​ដែល​ខ្ញុំ​បាន​អង្គុយ​ជាមួយ​នៅ​ក្នុង​សាខា​ដ៏​តូច អ្នក​ជិត​ខាង​ដែល​ពួក​គេ​បាន​អញ្ជើញ និង ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បង្រៀន​ពួកគេ ។

មាន​ឌីកុនថ្មី​ម្នាក់​នៅ​ក្នុង​ការ​ប្រជុំ​នា​យប់​នេះ ។ ខ្ញុំ​បាន​នៅ​ជាមួយ​គាត់​នៅ​ថ្ងៃ​អាទិត្យ​នៃ​បុណ្យ​អ៊ីស្ទើរ ដែល​ក្មេង​ប្រុស​ថ្នាក់​សង្ឃ ដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​ដើម បាន​ដើរ​ទៅកាន់​ការ​ប្រជុំ​​ដែល​ជាសមាជិក​តែ​ម្នាក់ ។ ឌីកុន​រូបនេះពេញ​ដោយ​ក្ដី​អំណរ​ពេល​ឪពុក​គាត់​បាន​និយាយ​ថា គាត់​នឹង​នៅ​ក្នុង​ការ​ប្រជុំ​បព្វជិត​ភាព​ជាមួយ​ឪពុក​គាត់​នា​យប់​នេះ ។ ឪពុក​ម្នាក់នេះជា​អ្នកផ្សព្វ​ផ្សាយ​សាសនា​មួយ​ដ៏​អស្ចារ្យ​ក្នុង​បេសកកម្ម​តែ​មួយ​ដែល​ជីតាគាត់​ធ្លាប់​ធ្វើ​ជា​ប្រធាន​ ។ ខ្ញុំ​ធ្លាប់​ឃើញសៀវភៅក្បួន​ខ្នាត​សម្រាប់​អ្នក​ផ្សាយ​សាសនា​ឆ្នាំ 1937 របស់​ជីតា​ទួត​គាត់ ។ គ្រួសារ​គាត់​បាន​នាំ​មនុស្ស​ចូល​មក​ក្នុង​សាសនាចក្រ​ជាច្រើន​ជំនាន់ ។

ដូច្នេះខ្ញុំ​បាន​និយាយ​ជាមួយ​នឹង​ប៊ីស្សព​របស់​ឌីកុន​នោះ ឲ្យ​ដឹង​​ពី​បទពិសោធន៍​ដែល​ក្មេងប្រុស​អាច​រំពឹង​ទុក​នៅ​ក្នុងការ​បំពេញ​ទំនួល​ខុសត្រូវ​នៃ​បព្វជិតភាព ដើម្បីធ្វើ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​​សម្រាប់​ព្រះអម្ចាស់ ។ ប៊ីស្សព​​នោះមាន​ចិត្ត​រំភើប ពេល​គាត់​បាន​រៀបរាប់​ពី​របៀប​ដែល​ប្រធាន​ផ្សព្វផ្សាយ​សាសនា​ប្រចាំវួដ​បាន​តាម​ដាន​ពី​ដំណើរ​រីកចម្រើន​របស់​​អ្នក​រៀន​ថ្មី ។ គាត់​ទទួល​បាន​ព័ត៌មាន​នោះ​ពីការ​ទាក់ទង​ជា​ទៀងទាត់​ជាមួយ​នឹង​ពួក​អ្នកផ្សព្វ​ផ្សាយ​សាសនា ។

ប៊ីស្សព និង ​ក្រុមប្រឹក្សា​វួដ​គាត់​ ពិភាក្សាគ្នា​អំពី​អ្នករៀន​ថ្មី​គ្រប់រូប​ដែល​មាន​ការ​រីកចម្រើន ។ ពួកគាត់​បាន​សម្រេច​ចិត្ត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើសម្រាប់​បុគ្គល​ម្នាក់ៗ និង ​គ្រួសារ​ពួកគេ ដើម្បី​ជួយ​ពួកគេ​ក្លាយ​ជា​មិត្ត​ពី​មុន​បុណ្យ​ជ្រមុជទឹក ដើម្បី​នាំ​គេ​មក​ក្នុង​សកម្មភាព ហើយ​ដើម្បី​ចិញ្ចឹម​បីបាច់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។ គាត់​បា​ន​និយាយ​ថា ម្ដង​ម្កាល​ពួក​អ្នកផ្សព្វ​ផ្សា​យសាសនា​មាន​ការណាត់​ជួប​ ដើម្បី​បង្រៀន ដោយ​បំបែក​ដៃគូ​ជាមួយអ្នក​កាន់​បព្វជិតភាព​អើរ៉ុន ។​​

ផែនការ​បេសកកម្ម​វួដ​រួម​ទាំង​គោលដៅ​របស់​កូរ៉ុម​ផង​ដែរ គឺ​អញ្ជើញ​អ្នក​ដែល​គេ​ស្គាល់​ឲ្យ​ជួប​នឹង​ពួក​អ្នក​ផ្សាយសាសនា ។ សូម្បី​តែ​គណៈប្រធាន​កូរ៉ុម​ឌីកុន​ក្ដី​ត្រូវបាន​អញ្ជើញ​ឲ្យ​ដាក់​គោលដៅ និង ​ផែនការ​សម្រាប់​សមាជិក​កូរ៉ុម​ពួកគេ ដើម្បី​ជួយ​អ្នក​ដែល​គេ​ស្គាល់​ចូល​ក្នុង​នគរ​ព្រះ ។

ឥឡូវនេះ ឌីកុន​នៅ​ក្នុង​វួដ​រឹងមាំ និង​ សង្ឃ​ថ្មីជាអ្នកផ្លាស់ប្រែចិត្តជឿក្នុង​​ក្រុម​តូច​ប្រហែល​ជា​​មាន​រឿង​ដូចគ្នា​​តិច​តួច​ណាស់ ។ ហើយ​បទពិសោធន៍​ទាំងឡាយដែល​អ្នក​ធ្លាប់ឃើញ​ក្នុងការ​ស្ថាបនា​សាសនា​ប្រហែល​ជា​ខុស​គ្នា​ពីអ្វី​ដែល​ខ្ញុំ​បាន​ឃើញ ជា​អព្ភូតហេតុ​នៅ​រដ្ឋ នូវ មិកស៊ីកូ និង​នៅរដ្ឋ នូវ អ៊ីងលេនដ៍ ។

តែ​មាន​វិធី​មួយ​ដែល​យើង​មាន​ភាព​ដូចគ្នា​នៅ​ក្នុង​ការ​បំពេញ​ទំនួល​ខុសត្រូវ​យើង​នៃ​បព្វជិតភាព ។ យើង​ធ្វើ​ឲ្យ​ខ្លួន​យើង​បរិសុទ្ធ ហើយ​បំពេញ​កាតព្វកិច្ច​ផ្ទាល់ខ្លួន​យើង​ចំពោះ​បញ្ញត្តិ​នោះ ដើម្បីនាំ​យក​ដំណឹងល្អ​ទៅ​ដល់​កូនចៅ​របស់​ព្រះវរបិតា​សួគ៌​គ្រប់​រូប ។

យើង​ចែក​ចាយ​បទពិសោធន៍ ​តាម​របៀប​ដែល​ព្រះអម្ចាស់​ស្ថាបនា​នគរ​ទ្រង់​នៅ​ផែនដី ។ ព្រម​ជាមួយ​នឹង​រាល់​ឧបករណ៍ និង​ អង្គភាព​ល្អ​ដែល​យើង​មាន ក្នុង​សាសនាចក្រ ​ទ្រង់​នៅ​មាន​សេចក្ដី​ពិត​គ្រឹះ​មួយ​ដែល​បាន​បង្រៀន​ដោយ​ពួក​ព្យាការី​ពី​របៀប​ដែល​យើង​ត្រូវ​បំពេញទំនួល​ខុសត្រូវ​បព្វជិតភាព​យើង​ក្នុង​ការ​ធ្វើ​កិច្ចការផ្សព្វ​ផ្សាយ​សាសនា​ ។

ក្នុង​សន្និសីទទូទៅ​ខែ ​មេសា ឆ្នាំ 1959 ប្រធាន ដេវីឌ អូ មិកឃេ បាន​បង្រៀន​ពី​គោលការណ៍​នេះ ដូចគ្នា​នឹង​ព្យាការីក្រោយ​ពីជំនាន់​គាត់ រួម​ទាំង​ប្រធាន ថូម៉ាស់ អេស ម៉នសុន ដែរ ។ ប្រធាន មិកឃេ បាន​ប្រាប់​ពី​ដំណើររឿង​មួយ​ក្នុង​ពេល​បញ្ចប់​សុន្ទរកថា​គាត់​នៅ​ឆ្នាំ 1923 ក្នុង​បេសកកម្មចក្រភព​អង់គ្លេស នោះ​មាន​នូវ​ការ​ណែនាំ​ទូទៅ​មួយ​បាន​ផ្ញើចេញ​ទៅសមាជិក​សាសនាចក្រ ។ ពួកសមាជិកទាំងអស់ត្រូវបានប្រាប់កុំឲ្យចំណាយប្រាក់ទៅលើការបោះពុម្ពផ្សាយប្រឆាំងទាស់នឹង​អារម្មណ៍អាក្រក់របស់មនុស្សដែលប្រឆាំងនឹងសាសនាចក្រ ។ ប្រធាន មិកឃេ បាន​មាន​ប្រសាសន៍ថា​ ការ​សម្រេច​ចិត្ត​នោះ​គឺ « ផ្ដល់​ទំនួល​ខុសត្រូវ​នោះ​ឲ្យ​ដល់​សមាជិក​សាសនាចក្រ​គ្រប់​រូប ដោយ​សារ​នៅ​ឆ្នាំ 1923 សមាជិក​គ្រប់រូប​នឹង​ក្លាយ​ជា​អ្នក​ផ្សាយ​សាសនា ។ សមាជិក​គ្រប់រូប​​ជា​អ្នក​ផ្សាយ​សាសនា ! អ្នក​អាច​នាំ​ម្ដាយ​អ្នក​ចូលមក​​ក្នុង​សាសនាចក្រ ឬនាំ​​ឪពុក​អ្នកមក ​ប្រហែល​ជានាំ​​ដៃគូ​អ្នក​នៅ​ឯ​រោងជាងមក​ ។ មនុស្ស​គ្រប់​គ្នា​នឹង​ឮ​សារលិខិត​ល្អ​ពី​សេចក្ដី​ពិត​តាម​អ្នក » ។

ហើយ​ប្រធាន មិកឃេ​បាន​បន្ត​ទៀត​ថា ៖ « ហើយ​នោះ​ជា​សារលិខិត​ថ្ងៃ​នេះ ។ សមាជិក​គ្រប់​រូប ---មួយ​លាន​​នាក់​កន្លះ --- ជា​អ្នកផ្សាយសាសនា ! » 2

ពេល​វា​ត្រូវ​បាន​ប្រកាស​ក្នុង​ឆ្នាំ 2002 ថា​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នឹង​ក្លាយ​ជា​ទំនួល​ខុសត្រូវ​របស់​ប៊ីស្សព ខ្ញុំ​បាន​ងឿង​ឆ្ងល់​ជា​ខ្លាំង ។ ខ្ញុំក៏ជាប៊ីស្សពម្នាក់ដែរ ។ ចំពោះ​ខ្ញុំ ពួកគាត់​ហាក់​ដូច​ជា​​មាន​​បន្ទុក​មួយ​ដ៏​ធំក្នុង​ការ​​បម្រើ​ដល់សមាជិក និង​ ដឹកនាំ​អង្គការ​នានា​ក្នុង​វួដ​រួចទៅ​ហើយ ។

មាន​ប៊ីស្សព​ម្នាក់​ដែល​ខ្ញុំ​ស្គាល់​បាន​ឃើញ​ថា​ វា​ពុំ​មែន​ជា​ការ​បន្ថែម​កាតព្វកិច្ច​នោះ​ទេ តែ​វា​ជា​ឱកាស​ដើម្បី​ធ្វើ​ឲ្យ​វួដ​មាន​ភាព​សាមគ្គី​គ្នា​ក្នុង​បុព្វហេតុ​ដ៏​ធំ​មួយ ​ដែល​សមាជិក​គ្រប់​រូប​ជា​អ្នក​​ផ្សព្វផ្សាយ​សាសនា ។ គាត់​បាន​ហៅ​ឲ្យមានប្រធាន​ផ្សព្វផ្សាយ​សាសនា​ប្រចាំ​វួដ ។ គាត់​បាន​ជួប​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនាតែឯង​​រាល់​ថ្ងៃ​សៅរ៍ ​ដើម្បី​ដឹង​ពី​កិច្ចការ​ពួកគេ​ លើក​ទឹកចិត្ត​ពួកគេ និងដើម្បីរៀនអំពីការរីកចម្រើន​របស់សាសនាគន់ការីទាំងឡាយរបស់ពួកគេ ។​ ក្រុម​ប្រឹក្សា​វួដ​បាន​រក​ឃើញ​វិធី​សម្រាប់​អង្គការ​នានា និង​ កូរ៉ុម​ដោយ​​ប្រើ​បទពិសោធន៍​ក្នុង​ការ​បម្រើ​ ដើម្បី​រៀបចំ​សមាជិក​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយសាសនា ។ ហើយ​ក្នុងនាម​ជា​ចៅក្រម​នៃ​អ៊ីស្រាអែល​ម្នាក់ គាត់​បាន​ជួយ​យុវវ័យ​ឲ្យ​ទទួល​អារម្មណ៍​ពី​ពរជ័យ​នៃ​ដង្វាយ​ធួន​ក្នុង​ការ​រក្សា​ពួកគេ​ឲ្យ​បរិសុទ្ធ ។​

ថ្មីៗ​នេះ​ខ្ញុំ​បាន​សុំ​​ឲ្យ​គាត់​ពន្យល់​ពី​ចំនួន​កើន​ឡើង​នៃ​អ្នក​ផ្លាស់​ប្រែចិត្ត​ជឿ​ក្នុង​វួដ​គាត់ និង ​ការ​កើន​ឡើង​ចំនួន​នៃ​យុវវ័យ​ដែល​រៀបចំខ្លួន​ជា​ស្រេច​ដើម្បី​នាំ​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទៅ​កាន់​ពិភពលោក ។ គាត់​បាន​និយាយ​ថា ចំពោះ​គាត់ ការ​កើន​ឡើង​នោះ​ពុំ​មែន​កើត​ឡើង​ ដោយសារតែ​ពួកគេ​បំពេញ​កាតព្វកិច្ច​នោះតែ​ប៉ុណ្ណោះ​ទេ ។ តែវា​ជា​របៀប​ដែល​ពួកគេ​ទាំងអស់គ្នាបាន​រួបរួម​គ្នា​ក្នុង​ចិត្ត​ពួកគេ ​ដើម្បី​បាននាំ​មនុស្ស​ចូល​ទៅ​ក្នុង​សហគមន៍​នៃ​ពួក​បរិសុទ្ធ ដែល​នាំ​សុភមង្គល​ដល់​ពួកគេ ។

សម្រាប់​មនុស្ស​មួ​យ​ចំនួន​វា​លើស​ពី​នេះ​ទៅទៀត ។ ដូចជា​បុត្រា​របស់​ ម៉ូសាយ ​ដែរ ពួកគេបាន​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​អំពើ​បាប​ក្នុង​ជីវិត​ពួកគេ និង​ ការ​ព្យាបាល​ដ៏អស្ចារ្យ​នៃ​ដង្វាយធួន​ក្នុង​សាសនាចក្រ​នៃ​ព្រះ ។ ដោយសារ​ក្ដីស្រឡាញ់ និង​ ការ​ដឹង​គុណ​ចំពោះ​​អំណោយ​ទាន​របស់​ព្រះអង្គ​សង្គ្រោះសម្រាប់​ពួកគេ នោះ​ពួកគេ​ចង់​ជួយ​មនុស្ស​គ្រប់​គ្នា​ឲ្យ​រួច​ផុត​ពី​ភាព​សោកសៅ​នៃ​អំពើ​បាប ទទួល​អារម្មណ៍​អំណរ​នៃ​ការ​អត់ទោស និង​ ដើម្បី​ចូល​រួម​នឹង​ពួកគេ​ទៅ​រក​ទី​សុវត្ថិភាព​ក្នុង​នគរ​ព្រះ ។

វា​ជា​ក្ដីស្រឡាញ់​ចំពោះ​ព្រះ និង ​ក្ដី​ស្រឡាញ់​ចំពោះ​មិត្ត និង​ អ្នកជិត​ខាង​ពួកគេ​ដែល​បង្រួប​បង្រួម​ពួកគេ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូទៅ ។ ពួក​គេ​មាន​​ប្រាថ្នា​ដើម្បី​នាំ​យក​ដំណឹងល្អ​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​ក្នុង​តំបន់​របស់​ពួកគេ ។ ហើយ​ពួកគេ​បាន​រៀបចំ​កូនចៅ​ពួកគេឲ្យ​មាន​ភាពសក្ដិសម ​ដើម្បី​បាន​ហៅ​ដោយ​ព្រះអម្ចាស់ដើម្បី​បង្រៀន ធ្វើ​ទីបន្ទាល់ និង​ បម្រើ​ក្នុង​ផ្នែក​ផ្សេងទៀត​នៃ​ចម្ការ​ទំពាំង​បាយ​ជូរ​ទ្រង់ ។

មិន​ថានៅ​ក្នុង​វួដ​ដ៏​ធំ​ដែល​ឌីកុនថ្មី​នឹង​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ ហើយស្ថាបនានគរ ឬ​ នៅ​ក្នុង​ក្រុមតួច​មួយ​នៅ​ដ៏​សែន​ឆ្ងាយ ​ជា​ទី​ដែល​សង្ឃថ្មី​បម្រើ​នោះ​ទេ ពួកគេ​នឹង​មាន​គោលបំណង​តែ​មួយ ។ ឌីកុន​នឹង​បាន​បំផុសគំនិតដោយ​ក្ដី​ស្រឡាញ់​នៃ​ព្រះ​ដើម្បីជួយ​មិត្ត​ដែល​មិន​មែន​ជា​សមាជិក ។ គាត់នឹង​បញ្ចូល​មិត្ត​គាត់​នៅ​ក្នុង​ការបម្រើ ឬ​ សកម្មភាព​មួយ​ចំនួន​ក្នុង​សាសនាចក្រ រួចហើយ​អញ្ជើញ​គាត់ និង ​គ្រួសារ​គាត់ទទួល​ការ​បង្រៀន​ពី​អ្នកផ្សព្វផ្សាយសាសនា ។ ចំពោះ​អ្នក​ដែល​បាន​ជ្រមុជ​ទឹក​ហើយ គាត់​នឹង​ធ្វើ​ជា​មិត្តដែល​ពួកគេ​ត្រូវការ ។​​​

សង្ឃ​នឹង​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ចូល​រួម​នឹងគាត់​ក្នុង​ក្រុម​នៃ​ពួក​បរិសុទ្ធ​ដ៏​តូច​នោះ ជាទី​ដែល​គាត់​ទទួល​អារម្មណ៍​ពី​ក្ដីស្រឡាញ់​នៃ​ព្រះ និង ​ក្ដី​សុខសាន្ត​នៃ​ដង្វាយ​ធួន ។

បើ​គាត់​បន្ត​ស្មោះត្រង់ក្នុង​កាតព្វកិច្ច​បព្វជិតភាពខ្លួន នោះ​គាត់​នឹង​ឃើញ​ក្រុម​នោះ​ក្លាយ​ទៅ​ជា​សាខា​មួយ រួចហើយស្តេក​នៃ​ស៊ីយ៉ូន​នឹងកើត​មាន​នៅ​ក្នុង​ទីក្រុង​គាត់ ។ នឹងមាន​វួដ​មួយ​ដែល​មាន​ប៊ីស្សព​ដែល​ចេះ​មើល​ថែ ។ វា​អាច​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​កូនប្រុស ឬ​ ចៅ​គាត់ដែល​នឹង​នាំ​អ្នក​បម្រើ​របស់​ព្រះ​ម្នាក់​ទៅ​កាន់​ភ្នំ​មួយ​ក្បែរនោះ ហើយ​និយាយ​ថា « នេះ​ជា​កន្លែង​ស្រស់​ស្អាត​ណាស់​សម្រាប់​ព្រះវិហារ​បរិសុទ្ធ » ។

ខ្ញុំ​សូម​អធិស្ឋាន​ថា មិន​ថា​អ្នក​នៅ​ទីណា ហើយ​មិន​ថាកាតព្វ​កិច្ច​ដែល​អ្នក​មាន​នៅ​ក្នុង​បព្វជិតភាព​នៃ​ព្រះ​ជា​អ្វី​នោះ​ទេ យើង​នឹង​រួបរួម​គ្នា​នៅ​ក្នុង​បុព្វហេតុ​នេះ​ ដើម្បី​នាំ​យក​ដំណឹងល្អ​ទៅ​កាន់​ពិភពលោក​ទាំងមូល ហើយ​ថា​យើង​នឹង​លើក​ទឹកចិត្ត​មនុស្ស​ដែល​យើង​ស្រឡាញ់ឲ្យ​ជ្រះ​ស្អាត​ពី​អំពើ​បាប ហើយ​មាន​ចិត្ត​រីករាយ​ជាមួយ​យើងនៅ​ក្នុង​នគរ​ព្រះ ។ ក្នុងព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​គ្រប់គ្រង​សាសនាចក្រនេះ អាម៉ែន ។