រំលង​ការ​រុករក​ចម្បង

ដោយ អែលឌើរ រីឆាត ជេ ម៉េណេស ក្នុង​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់

ពិភពលោក​ដែល​យើង​រស់នៅ កំពុងតែ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅលើ​មនុស្ស​ល្អៗ​នៅ​គ្រប់​ទីកន្លែង ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​បន្ទាប ឬ​ថែមទាំង​បោះបង់​ចោល​បទដ្ឋាន​នៃ​ការរស់នៅ​សុចរិត​របស់​ពួកគេ​តែ​ម្ដង ។ ទោះជា​យ៉ាង​ណា ថ្វីបើ​មាន​ការអាក្រក់ និង​ការល្បួង​នៅ​ព័ទ្ធ​ជុំ​វិញ​យើង​រាល់ថ្ងៃ​ក្ដី ក៏​យើង​អាច ហើយ​នឹង​រកឃើញ​អំណរ​ពិត​នៅ​ថ្ងៃ​នេះ ពេល​​រស់នៅ​ក្នុង​ជីវិត​មួយ​ដែល​ផ្តោតទៅ​​លើ​ព្រះគ្រីស្ទ ។

ការផ្ដោត​ជីវិត​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នឹង​នាំ​មក​នូវ​ស្ថេរភាព និង​សុភមង្គល​ដល់​ជីវិត​យើង ដូច​ដែល​គំរូ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ ។

អែលឌើរ ថៃអ៊ីឈី អាអូបា នៃ​ពួក​ចិតសិប​នាក់ ដែល​រស់នៅ​ក្នុង​ភូមិ​តូច​មួយ​ដែល​មាន​ភ្នំ នៅ​ភូមិ ស៊ីកូគូ ប្រទេស ជប៉ុន ត្រូវបាន​ស្នើ​ឲ្យ​បង្រៀន​ថ្នាក់​មួយ​នៅ​សន្និសីទ​យុវវ័យ ។ « ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅក្នុង​ទី​បរិសុទ្ធ​ទាំងឡាយ » ត្រូវបាន​ជ្រើសរើស​ជា​ប្រធានបទ​នៃ​សន្និសីទ​នោះ ។ បន្ទាប់​ពី​ការពិចារណា​ពី​ប្រធានបទ និង​អ្វី​ដែល​ត្រូវបង្រៀន អែលឌើរ អាអូបា បាន​សម្រេច​ចិត្ត​ប្រើប្រាស់​វិជ្ជាជីវៈ​របស់​លោក​ជា​ឧបករណ៍​នៃ​ការបង្រៀន ។ ការងារ​របស់​លោក​គឺ​ជាជាង​ស្មូន ។

អែលឌើរ អាអូបា បាន​រៀបរាប់​ថា ថ្នាក់​យុវវ័យ​របស់​លោក​ពិតជា​ចាប់​អារម្មណ៍​ជា​ខ្លាំង ពេល​ពួកគេ​បាន​ឃើញ​ពី​របៀប​ដែល​លោក​អាច​បំប្លែង​រូបរាង​នៃ​ដីឥដ្ឋ​ក្នុង​ដៃ​លោក​ឲ្យ​ទៅ​ជា​ចាន​សំប៉ែត ចានចង្កឹះ និង​ពែង ។ បន្ទាប់​ពី​ការបង្ហាញ​របស់​លោក លោក​បាន​សួរ​ពួកគេ​ថា​បើ​មាន​នរណា​ម្នាក់​ចង់​សាក​ធ្វើ​វា ។ ពួកគេ​ទាំងអស់​គ្នា​បាន​លើក​ដៃ​ឡើង ។

អែលឌើរ អាអូបា បាន​ឲ្យ​យុវវ័យ​មួយ​ចំនួន​មក​ខាង​មុខ​ដើម្បី​សាក​មើល​ចំណាប់​អារម្មណ៍​ថ្មី​របស់​ពួកគេ ។ បន្ទាប់​ពី​បាន​មើល​លោក ពួកគេ​ស្មាន​ថា​ការណ៍​គឺ​សាមញ្ញ​ណាស់ ។ ទោះ​យ៉ាង​ណា គ្មាន​នរណា​ម្នាក់​ជោគជ័យ​ក្នុង​ការព្យាយាម​របស់​ពួកគេ​ដើម្បី​ធ្វើ​សូម្បី​តែ​ចាន​ចង្កឹះ​មួយ ។ ពួកគេ​បាន​ថ្លែង ៖ « ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ ! » « ហេតុអ្វី​វា​ពិបាក​ម៉្លេះ ? » « វា​ពិបាក​ណាស់ » ។ ពួកគេ​បាន​ថ្លែង​ដូច្នោះ ពេល​ដែល​ដីឥដ្ឋ​ខ្ចាយ​ពេញ​បន្ទប់ ។

លោក​បានសួរ​ពួក​យុវវ័យ​អំពី​មូលហេតុ​ដែល​ពួកគេ​មាន​ភាពលំបាក​ដូច​នោះ​ក្នុង​ការសូន​ចាន​ឆ្នាំង ។ ពួកគេ​បាន​ឆ្លើយតប​ដោយ​ចម្លើយ​ផ្សេងៗ ៖ « ខ្ញុំគ្មាន​បទពិសោធន៍ទេ » « ខ្ញុំ​មិនដែល​បាន​រៀន​ធ្វើ​វា​ទេ » ឬ « ខ្ញុំគ្មាន​ទេពកោសល្យ​ទេ » ។ ផ្អែក​លើ​លទ្ធផល អ្វី​ដែល​ពួកគេ​បាន​និយាយ​គឺ​ពិត ទោះ​យ៉ាង​ណា មូលហេតុ​ដែល​សំខាន់​បំផុត​សម្រាប់​ការបរាជ័យ​របស់​ពួកគេ គឺ​ដោយសារ​ដីឥដ្ឋ​នោះ​មិន​បាន​នៅ​ចំ​កណ្ដាល​កង់​វិល ។ ពួក​យុវវ័យ​បាន​គិត​ថា ពួកគេ​បាន​ដាក់​ដីឥដ្ឋ​នៅ​ចំ​កណ្ដាល តែ​តាម​នេត្រាទស្សន៍​ជំនាញ វា​មិន​ស្ថិត​នៅ​ចំ​កណ្ដាល​នោះ​ទេ ។ បន្ទាប់​មក លោក​បាន​ប្រាប់​ពួកគេ​ថា « តោះ យើង​សាកល្បង​ម្ដង​ទៀត » ។

ពេល​នេះ អែលឌើរ អាអូបា បាន​ដាក់​ដីឥដ្ឋ​នៅ​ចំកណ្ដាល​នៃ​កង់វិល​តែ​ម្ដង ហើយ​បាន​ចាប់​ផ្ដើម​បង្វិល​កង់ ដោយ​ធ្វើ​ជា​រន្ធ​មួយ​នៅ​ចំកណ្ដាល​ដីឥដ្ឋ ។ យុវវ័យ​មួយ​ចំនួន​បាន​សាកល្បង​ម្ដង​ទៀត ។ ពេល​នេះ គ្រប់គ្នា​ចាប់ផ្ដើម​ទះដៃ​ពេល​ពួកគេ​បាន​និយាយ ៖ « អូ វា​មិន​ញ័រ​ទេ » « ខ្ញុំ​អាច​ធ្វើ​វា​បាន » ឬ « ខ្ញុំ​បាន​ធ្វើ​វា​ហើយ ! » ។ ពិតណាស់ រូបរាង​វា​មិន​ឥតខ្ចោះ​នោះ​ទេ តែ​លទ្ធផល​ពិត​ជា​ខុស​ពី​ការសាកល្បង​លើកដំបូង​ទាំងស្រុង ។ មូលហេតុ​សម្រាប់​ជោគជ័យ​របស់​ពួកគេ គឺ​ដោយសារ​ដីឥដ្ឋ​នៅ​ចំកណ្ដាល​កង់វិល​ឥតល្អៀង​តែ​ម្ដង ។

ពិភពលោក​ដែល​យើង​រស់នៅ គឺ​ស្រដៀង​គ្នា​នឹង​អន្ទោង​ស្មូនអញ្ចឹង​ដែរ ហើយ​ល្បឿន​នៃ​អន្ទោង​នោះ​គឺ​កំពុង​តែ​លឿនឡើងៗ ។ ដូច​ជា​ដីឥដ្ឋ​ដែល​នៅលើ​អន្ទោង​នោះ​ដែរ យើង​ត្រូវតែ​ផ្ដោត​នៅចំ​កណ្ដាល​ ។ ចំណុច​ដ៏​សំខាន់​របស់​យើង គឺ​ចំណុច​កណ្ដាល​នៃ​ជីវិត​យើង ដែល​ត្រូវតែ​ជា​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ការរស់នៅ​ក្នុង​ជីវិត​មួយ​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ មានន័យ​ថា យើង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ហើយ​បន្ទាប់​មក​យើង​ធ្វើតាម​គំរូ​ទ្រង់ ហើយ​គោរព​ព្រះបញ្ញត្តិ​របស់​ទ្រង់​ដោយ​ឥតល្អៀង ។

ព្យាការី​ពី​បុរាណ អេសាយ បាន​ថ្លែង​ថា « តែ​ឥឡូវ​នេះ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរបិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់គ្នា​ជា​ដីឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្នូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះហស្ដ​ទ្រង់​ទាំងអស់​គ្នា » ។1

បើ​ជីវិត​យើង​ផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​អាច​សូន​យើង​ដោយ​ជោគជ័យ ទៅ​ជា​មនុស្ស​ដែល​ត្រូវ​ប្រែក្លាយ​ ដើម្បី​ត្រឡប់​ទៅ​វត្តមាន​ទ្រង់ និង​ព្រះវរបិតាសួគ៌ ក្នុង​នគរ​សេឡេស្ទាល​វិញ ។ អំណរ​ដែល​យើង​ដកពិសោធន៍​ក្នុង​ជីវិត​នេះ នឹង​សមាមាត្រ​ដោយ​ផ្ទាល់​ទៅនឹង​របៀបដែល​​យើង​ផ្ដោត​ទៅលើ​ការបង្រៀន គំរូ និង​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ បាន​ល្អ​ប៉ុណ្ណា ។

បងប្អូន​ប្រុសស្រី ​ខ្ញុំ​បាន​កើតមក​ក្នុង​គ្រួសារ​ដែល​ជាពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​ច្រើន​ជំនាន់ ដូច្នេះ​ពរជ័យ និង​អំណរ​នៃ​ការមាន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​មូលដ្ឋាន​នៃ​វប្បធម៌​គ្រួសារ​យើង គឺ​ត្រូវបាន​ចាក់ត្បាញ​ទៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។ ទាល់តែ​ដល់​ពេល​បេសកកម្ម​ពេញម៉ោង​របស់​ខ្ញុំ ជា​យុវជន​ម្នាក់ ទើប​ខ្ញុំ​បាន​ស្គាល់​ពី​ឥទ្ធិពល​វិជ្ជមាន​ដ៏​អស្ចារ្យ ដែល​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំពោះ​ពួក​អ្នក​ដែល​មិនធ្លាប់​ភ្លក់​បទពិសោធន៍​នៃ​ពរជ័យ​ទាំងនោះ​ពីមុន​មក​ក្នុង​ជីវិត​ពួកគេ ។ ខគម្ពីរ​នេះ​នៅក្នុង​ម៉ាថាយ ឆ្លុះ​បញ្ចាំង​ពី​ដំណើរការ​ដែល​មនុស្ស​ដែល​ប្រែចិត្ត​ជឿ​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដកពិសោធន៍ ៖ « នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចម្ការ ដែល​កាលណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក​រួច​ចេញ​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន​ទាំងអស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចម្ការ​នោះ » ។2

សូម​ឲ្យ​ខ្ញុំ​ចែកចាយ​ជាមួយ​អ្នក​នូវ​គំរូ​មួយ ចេញ​ពី​ព្រះគម្ពីរ​មរមន ដែល​បង្ហាញ​ពី​អ្វី​ដែល​អ្នក​ប្រែចិត្ត​ជឿ​ម្នាក់​ស្ម័គ្រ​ចិត្ត​នឹង​បង់ ដើម្បី​ទទួល​បាន​អំណរ​ដែល​ទាក់ទង​នឹង​ការរកឃើញ​ទ្រព្យ​សម្បត្តិ ដែល​មាន​បន្ទូល​ដោយ​ព្រះយេស៊ូវ ក្នុង​រឿងប្រៀបធៀប​អំពី​ទ្រព្យ​សម្បត្តិ​ដែល​លាក់​ទុក​ក្នុង​វាល ។

ចាំ​ទេ ក្នុង​គម្ពីរ​ អាលម៉ា ជំពូក ២០ អាំម៉ូន និង​ឡាម៉ូណៃ បាន​កំពុង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​មីឌដូណៃ ក្នុង​គោលបំណង ​ស្វែងរក ហើយ​​រំដោះ​ប្អូនប្រុស​របស់​អាំម៉ូន គឺ​អើរ៉ុន ចេញ​ពី​គុក ។ អំឡុង​ពេល​នៃ​ការធ្វើ​ដំណើរ ពួកលោក​បាន​ជួប​នឹង​បិតា​របស់​ឡាម៉ូណៃ ដែល​ជា​ស្ដេច​សាសន៍​លេមិន​សោយរាជ្យ​លើ​អស់​ទាំង​ដែនដី ។

ស្ដេច​អង្គ​នេះមាន​សេចក្ដី​​ក្រោធ​ជា​ខ្លាំង ដែល​ឡាម៉ូណៃ ជា​បុត្រា​ទ្រង់​បាន​ធ្វើ​ដំណើរ​ជាមួយ​អាំម៉ូន ជា​អ្នក​ផ្សព្វផ្សាយ​សាសន៍​នីហ្វៃ ដែល​ទ្រង់​ចាត់ទុក​ថា​ជា​សត្រូវ ។ ទ្រង់​មាន​ព្រះទ័យ​ថា បុត្រា​ទ្រង់​គួរតែ​បាន​ចូលរួម​នឹង​ពិធី​ជប់លៀង​ដ៏​ធំ​មួយ ដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​បុត្រា​ទាំងឡាយ​របស់​ទ្រង់ និង​ប្រជារាស្ត្រ​ទ្រង់ ។ ស្ដេច​សាសន៍​លេមិន​បាន​ក្រោធ​ជា​ខ្លាំង ដែល​ទ្រង់​បាន​បញ្ជា​បុត្រា​ទ្រង់ ឡាម៉ូណៃ ឲ្យ​សម្លាប់​អាំម៉ូន​នឹង​ដាវ​ទ្រង់ ។ ពេល​ឡាម៉ូណៃ​បាន​បដិសេធ ទ្រង់​បាន​ដក​ដាវ​ទ្រង់ដើម្បី​ធ្វើ​គត​បុត្រា​ទ្រង់​ដែល​មិន​គោរព ប៉ុន្តែ អាំម៉ូន​បានជួយ​អង្វរ​ឲ្យ​ទុក​ជីវិត​​ឡាម៉ូណៃ ។ ទីបំផុត លោក​បាន​យក​ឈ្នះ​លើ​ស្ដេច ហើយ​អាច​នឹង​សម្លាប់​ទ្រង់​បាន ។

នេះ​ជា​អ្វី​ដែល​ស្ដេច​បាន​មាន​បន្ទូល​ទៅកាន់​អាំម៉ូន បន្ទាប់ពី​​ឃើញ​ថា​ទ្រង់​ស្ថិត​ក្នុង​ស្ថានភាព​ស្លាប់​រស់​បែបនេះ ៖ « បើសិន​ជា​អ្នក​លើកលែង​ជីវិត​ឲ្យ​យើង នោះ​យើង​នឹង​អនុញ្ញាត​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​សូម សូម្បី​តែ​ពាក់កណ្ដាល​នគរ​របស់​យើង​ក៏​បាន » ។3

ដូច្នេះ ស្ដេច​បាន​ស្ម័គ្រ​ព្រះទ័យ​បង់​ថ្លៃ​ពាក់កណ្ដាល​នគរ ដើម្បី​ឲ្យ​រួច​ជីវិត​ទ្រង់ ។ ស្ដេច​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​អាំម៉ូន​គ្រាន់តែ​បាន​ស្នើ​សុំ​ឲ្យ​ទ្រង់​ដោះលែង​ប្អូនប្រុស​លោក អើរ៉ុន និង​មិត្តភក្ដិ​លោក​ចេញ​ពី​គុក ហើយ​ឲ្យ​បុត្រារបស់​ទ្រង់ ឡាម៉ូណៃ នៅតែ​ទទួល​បាន​នគរ​ទ្រង់ ។

ក្រោយមក ដោយសារ​ជំនួប​របស់​លោក ទើប​អើរ៉ុន ជា​ប្អូនប្រុស​អាំម៉ូន ត្រូវបាន​ដោះលែង​ពី​គុក​នៅ​មីឌដូណៃ ។ បន្ទាប់​ពី​ដោះលែង លោក​ត្រូវបាន​បំផុស​ឲ្យ​ធ្វើ​ដំណើរ​ទៅកន្លែង​ដែល​ស្ដេច​សាសន៍​ឡាម៉ូណៃ​គ្រងរាជ្យ​នៅលើ​ដែនដី ។ អើរ៉ុន​ត្រូវបាន​ណែនាំ​ដល់​ស្ដេច ហើយ​បាន​មាន​ឯកសិទ្ធិ​បង្រៀន​ទ្រង់​ពី​គោលការណ៍​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ រួមទាំង​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ។ ការបង្រៀន​របស់​អើរ៉ុន បាន​បំផុស​ស្ដេច​អង្គ​នេះ​យ៉ាង​ជ្រាលជ្រៅ ។

ការឆ្លើយតប​របស់ទ្រង់​​ទៅកាន់​ការបង្រៀន​របស់​អើរ៉ុន មាន​ក្នុង ខ ១៥ នៃ​អាលម៉ា ជំពូក ២២ ៖ « ហើយ​ហេតុការណ៍​បានកើត​ឡើង​ថា បន្ទាប់​ពី​អើរ៉ុន​បាន​អធិប្បាយ​ប្រាប់​ការណ៍​ទាំងនេះ​ដល់​ទ្រង់​ហើយ នោះ​ស្ដេច​មាន​បន្ទូល​ថា ៖ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​យើង​អាច​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​អ្នក​បាន​និយាយ​មក​នោះ ? មែនហើយ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​យើង​អាច​បាន​កើត​ពី​ព្រះ ដោយ​ដក​យក​វិញ្ញាណ​អាក្រក់​នេះ​ចេញ​ពី​ទ្រូង​យើង ហើយ​ទទួល​យក​ព្រះវិញ្ញាណ​របស់​ទ្រង់​វិញ ដើម្បី​ឲ្យ​យើង​អាច​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​បោះបង់​ចោល​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់​នោះ ? មើល​ចុះ​ទ្រង់​មាន​បន្ទូល​ថា ៖ យើង​នឹង​បោះបង់​ចោល​នូវ​អ្វីៗ​ទាំងអស់​ដែល​យើង​មាន មែនហើយ យើង​នឹង​ទម្លាក់​នគរ​យើង ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​សេចក្ដី​អំណរ​ដ៏​ធំ​នេះ » ។

អស្ចារ្យ​ណាស់ ផ្ទុយ​ពី​ការបោះបង់​នគរ​ទ្រង់​ពាក់កណ្ដាល​ដើម្បី​បាន​រួច​ជីវិត ឥឡូវ​នេះ​ស្ដេច​សាសន៍​លេមិន​ស្ម័គ្រ​ព្រះទ័យ​បោះបង់​នគរ​ទាំងមូល​របស់​ទ្រង់ ដើម្បី​ទ្រង់​អាច​ទទួល​បាន​អំណរ ដែល​បាន​មក​ពី​ការយល់ ការទទួល និង​ការរស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

នេនស៊ី ភរិយា​ខ្ញុំ ក៏​ជា​អ្នក​ប្រែចិត្ត​ជឿ​ម្នាក់​ចំពោះ​សាសនាចក្រ​ដែរ ។ នាង​បាន​ប្រាប់​ខ្ញុំ​ជា​ច្រើន​ដង​អស់​ច្រើន​ឆ្នាំ​មក​នេះ ពី​អំណរ​ដែល​នាង​មាន​នៅ​ក្នុង​ជីវិត​នាង តាំង​ពី​បានរកឃើញ ទទួល ហើយ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អ្វី​ដែល​មកតាម​ក្រោយ​នោះ គឺ​ការឆ្លុះ​បញ្ចាំង​មួយ​ពី​ស៊ីស្ទើរ ម៉េណេស ពី​បទពិសោធន៍​របស់​នាង ៖

« ពេល​នៅ​ជា​យុវមជ្ឈិមវ័យ ក្នុង​អាយុ​ជាង​ម្ភៃ​ឆ្នាំ វា​ជា​ពេល​មួយ​ក្នុង​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវការ​ផ្លាស់ប្ដូរ​អ្វី​មួយ ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​រីករាយ​ជាង​មុន ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ខ្ញុំ​បណ្ដោយ​ខ្លួន​ទៅតាម​យថាកម្ម គ្មាន​គោលបំណង និង​ទិសដៅ​ពិត​ប្រាកដ ហើយ​ខ្ញុំ​ពុំ​បាន​ដឹង​ថា​ត្រូវ​ទៅរក​វា​នៅ​កន្លែង​ណា​ទេ ។ ខ្ញុំ​តែងតែ​បាន​ដឹង​ថា ព្រះវរបិតា​ពិត​ជា​មាន​មែន ហើយ​ពេលខ្លះ ក្នុង​ជីវិត ខ្ញុំ​បាន​អធិស្ឋាន ដោយ​ទទួល​អារម្មណ៍​ថា​ទ្រង់​បាន​ស្ដាប់ ។

« កាលដែល​ខ្ញុំ​បាន​ចាប់ផ្ដើម​ការស្វែងរក​របស់​ខ្ញុំ ខ្ញុំ​បាន​ទៅ​ព្រះវិហារ​មួយ​ចំនួន​ខុសៗ​គ្នា តែ​តែងតែ​ត្រឡប់​ទៅ​មាន​អារម្មណ៍​ដដែល ហើយ​បាក់​ទឹកចិត្ត​វិញ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ពរជ័យ​ណាស់ ដោយសារ​ការអធិស្ឋាន​របស់​ខ្ញុំ​សុំ​ការដឹកនាំ និង​គោលបំណង​ក្នុង​ជីវិត នៅ​ទី​បំផុតត្រូវបាន​ឆ្លើយតប​ ហើយ​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​នាំ​ចូលមក​ក្នុង​ជីវិត​ខ្ញុំ ។ ជាលើក​ទីមួយ ដែល​ខ្ញុំ​បាន​មាន​អារម្មណ៍​ដូច​ជា​ខ្ញុំ​មាន​គោលបំណង​មួយ ហើយ​ផែនការ​នៃ​សុភមង្គល​បាន​នាំ​មក​នូវ​អំណរ​ដ៏​ពិត​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ » ។

បទពិសោធន៍​មួយ​ទៀត​ចេញ​ពី​ព្រះគម្ពីរ​មរមន បង្ហាញ​យ៉ាង​ច្បាស់​ពី​របៀប​ដែល​ការរស់នៅ​ក្នុង​ជីវិត​មួយ​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ អាច​បំពេញ​ដល់​យើង​នូវ​សុភមង្គល​ដ៏​មហិមា សូម្បី​តែពេល​យើង​​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ការលំបាក​ក្រៃលែង​ក្ដី ។

បន្ទាប់​ពី​ព្យាការី​លីហៃ និង​គ្រួសារ​លោក​បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡិម នៅ​ឆ្នាំ ៦០០ មុន គ. ស. ពួកគេ​បាន​ដើរ​ត្រាច់ចរ​ប្រហែល​ប្រាំបី​ឆ្នាំ​ក្នុង​ទីវាល​រហោស្ថាន រហូត​ទាល់​បាន​មកដល់​ដែនដី​មួយ​នៅ​ទីបំផុត ដែល​ពួកគេ​បាន​ហៅ​ថា ដែនដី​បរិបូរ ដែល​នៅ​ជិត​ឆ្នេរ​សមុទ្រ ។ នីហ្វៃ​ពិពណ៌នា​ពី​ជីវិត​វេទនា​របស់​ពួកគេ ក្នុង​ទីវាល​រហោស្ថាន ដោយ​របៀប​នេះ ៖ « យើង​រងទុក្ខ​សេចក្ដី​វេទនា និង​សេចក្ដី​លំបាក​មក​ជាច្រើន ... គឺ​ច្រើន​ណាស់​រហូត​ដល់​យើង​ពុំ​អាច​សរសេរ​ឲ្យ​អស់​ទេ » ។4

ខណៈ​រស់នៅ​ក្នុង​ដែនដី​បរិបូរ ព្រះអម្ចាស់​បាន​ប្រទាន​ការទទួល​ខុសត្រូវ​ដល់​នីហ្វៃ ឲ្យ​សង់​សំពៅ​ដែល​នឹង​ដឹក​ពួកគេ​ឆ្លង​កាត់​សមុទ្រ​ទៅ​ដែនដី​សន្យា ។ បន្ទាប់​ពីពួកគេ​បានមកដល់​​ដែនដី​សន្យា ការទាស់ទែង​ដ៏​ធំ​បាន​មាន​ជា​បន្ត​បន្ទាប់ រវាង​ប្រជាជាន​ដែល​ផ្តោត​ជីវិត​គេ​លើ​ព្រះគ្រីស្ទ និង​អ្នក​ឥត​ជំនឿ ដែល​ដើរ​តាម​គំរូ​របស់​លេមិន និង​លេមយួល ។ នៅទីបំផុត គ្រោះភ័យ​នៃ​អំពើ​ឃោរឃៅ​រវាង​ក្រុម​ទាំងពីរ បាន​ក្លាយ​ជា​ធំ​ក្រៃលែង ដែល​នីហ្វៃ និង​ពួក​អ្នក​ដែល​ដើរតាម​កាបង្រៀន​របស់​ព្រះអម្ចាស់ បាន​បំបែក​ខ្លួន ហើយ​បាន​គេច​ចូល​ទីវាល​រហោស្ថាន​ដើម្បី​មាន​សុវត្ថិភាព ។ នៅ​ពេល​នោះ គឺ​អស់​រយៈពេល ៣០ ឆ្នាំ បន្ទាប់​ពី​លីហៃ និង​គ្រួសារ​លោក​បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡិម នីហ្វៃ​ធ្វើ​នូវ​សេចក្ដី​ថ្លែងការណ៍​ដែល​បាន​កត់ត្រា​ទុក​យ៉ាង​ល្អ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ជាពិសេស​បន្ទាប់​ពី​ការកត់ត្រា​ក្នុង​ព្រះគម្ពីរ​នូវ​ការឈឺចាប់ និង​ទុក្ខវេទនា​ជាច្រើន​ដែល​ពួកគេ​បាន​ជួប​ប្រទះ​អស់​ពេល​ជា​យូរ​មក ។ នេះ​ជា​ពាក្យពេចន៍​របស់​លោក ៖ « ហើយ​ហេតុការណ៍​បានកើត​ឡើង​ថា ពួកយើង [ ពិតជា​បានរស់នៅ ] តាមរបៀប​នៃ​សុភមង្គល » ។5 ថ្វីបើ​មាន​ការលំបាក​ទាំងឡាយ​ក៏​ដោយ ពួកគេ​អាច​រស់នៅ​តាម​របៀប​នៃ​សុភមង្គល ដោយសារ​ពួកគេ​បាន​ផ្តោត​លើ​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

បងប្អូន​ប្រុសស្រី ដូច​ជា​ដីឥដ្ឋ​ដែល​នៅលើ​អន្ទោង​ស្មូន​ដូច្នោះ​ដែរ ជីវិត​របស់​យើង​ត្រូវតែ​ផ្ដោត​នៅ​កណ្ដាល​ឥតល្អៀង លើ​ព្រះគ្រីស្ទ បើ​យើង​ចង់​ស្វែងរក​អំណរ និង​ក្ដីសុខសាន្ត​ដ៏​ពិត​ក្នុង​ជីវិត​នេះ​នោះ ។ គំរូ​នៃ​ស្ដេច​សាសន៍​លេមិន ភរិយា​ខ្ញុំ នេនស៊ី និង​ប្រជាជន​នីហ្វៃ ទាំងអស់​នេះ​គាំទ្រ​ដល់​គោលការណ៍​ដ៏​ពិត​នេះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ខ្ញុំ​ដល់​អ្នក​នៅ​ថ្ងៃ​នេះ​ថា យើង​ក៏​អាច​ស្វែករក​ក្ដីសុខសាន្ត​នោះ សុភមង្គល​នោះ អំណរ​ដ៏​ពិត​នោះ​បាន​ដែរ បើ​យើង​ជ្រើសរើស​រស់នៅ​ក្នុង​ជីវិត​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។