រំលង​ការ​រុករក​ចម្បង

ពរជ័យ​នៃ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា  

ជាច្រើន​ឆ្នាំ​កន្លង​ទៅ គណៈប្រធាន​ទីមួយ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​បម្រើ​នៅ​ក្នុង​គណៈកម្មការ​មួយ​ដែល​កំពុង​ខិតខំ​ស្វែង​រក​នូវ​អ្វី​មួយ​ដែល​សាសនាចក្រ​អាច​ធ្វើ ដើម្បី​ផ្ដល់​ពរជ័យ​យ៉ាង​ច្រើន​ដល់​ជីវិត​មនុស្ស ហើយ​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​នៃ​ជំនាន់​កំពុង​ពេញ​វ័យ ។  គណៈកម្មការ​នេះ​រួម​មាន​ថ្នាក់​ដឹកនាំ​អង្គការ​ជំនួយ​របស់​សាសនាចក្រ ព្រមទាំង​សមាជិក​នៃ​ពួក​ដប់​ពីរ​នាក់ និង​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ផ្សេង​ទៀត​ផង​ដែរ ។  មាន​លទ្ធភាព​ជាច្រើន​ដែល​ត្រូវបាន​ពិចារណា ។  ប៉ុន្តែ​បន្ទាប់​ពី​ធ្វើ​ការ​សិក្សា​ជាច្រើន​ខែ​មក គណៈកម្មការ​នេះ​បាន​ចេញ​អនុសាសន៍​តែ​រឿង​មួយ​គត់ ។  រឿង​មួយ​នោះ​គឺ​ការ​បន្ថយចុះ​អាយុ​នៃ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ឲ្យ​មក​ត្រឹម​អាយុ​១៨ ឆ្នាំ​សម្រាប់​យុវជន និង​១៩​ឆ្នាំ​សម្រាប់​យុវនារី ។ 

ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​សិក្សា​នេះ រួម​ទាំង​វិវរណៈ​ទៅ​កាន់​ព្យាការី​របស់​ព្រះ​ផង​ដែរ គឺ​ប្រធាន ថូម៉ាស អេស ម៉នសុន នោះ​អាយុ​សម្រាប់​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ត្រូវ​បាន​បន្ថយ​ចុះ ហើយ​មាន​យុវវ័យ​រាប់​ពាន់​នាក់​បាន​ឆ្លើយ​តប​ចំពោះ​ការ​ហៅ​ឲ្យ​បម្រើ​នោះ ។  អំឡុង​ការ​បម្រើ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ពេល​នោះ ហើយនិង​ការកំពុង​បន្ត​បម្រើ​របស់​អ្នក​ដែល​បម្រើ​នៅពេល​នេះ ទីបន្ទាល់ និង​សេចក្ដី​ជំនឿ​របស់ពួកគេលើ​ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះ​រាជបុត្រា​របស់ទ្រង់ គឺ​ព្រះ​យេស៊ូវគ្រីស្ទ ហើយ​នៅក្នុង​ព្រះវិហារ​ដ៏​ពិត​របស់​ទ្រង់ គឺ​សាសនាចក្រ នៃ​ព្រះយេស៊ូវគ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ បាន​និង​កំពុង​បន្ត​ពង្រឹង ។  សេចក្តីស្រឡាញ់​របស់​ពួកគេ​ចំពោះ​មិត្ត​ភក្តិ​កាន់​តែ​ជ្រាលជ្រៅ​ទៅៗ ។  កូនចៅ​រាប់សែន​នាក់​របស់​ព្រះ​នៅ​លើ​ផែនដី​ទាំងមូល​បាន​ទទួល​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​បាន​ចុះ​សេចក្តីសញ្ញា​ដំបូង​របស់​ពួកគេ ដោយ​ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។  ការ​ប្តេជ្ញាចិត្ត​ដើម្បី​រៀបអាពាហ៍ពិពាហ៍​នៅ​ព្រះ​វិហារ​បរិសុទ្ធ និង​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែលបាន​ផ្សារភ្ជាប់​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ដល់​អស់​ជន​ទាំងឡាយណា​ដែល​ពួកគេ​បានបង្រៀន​ក៏​ត្រូវ​បាន​ពង្រឹង ហើយ​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​មាន​ភាពសក្តិសម​ចូល​ព្រះវិហារ​បរិសុទ្ធ និង​មាន​ក្រុមគ្រួសារ​ដ៏​អស់កល្ប និង​ផ្សារភ្ជាប់​ក៏​ត្រូវ​បានពង្រឹងផង​ដែរ ។  ទាំងអស់​នេះ​គឺជា​ពរជ័យ​ដែល​ទទួលបាន​ពីការ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ 

ប្រធាន​នៀលសិន បាន​មាន​ប្រសាសន៍​ជាច្រើន​អំពី « គន្លង​នៃ​សេចក្តីសញ្ញា » នៃ​ភាព​ជា​សិស្ស​ ។  នៅពេល​ថ្លែង​សុន្ទរកថា​ជា​លើកដំបូង​ទៅកាន់​សមាជិក​នៃ​សាសនាចក្រ នោះ​លោក​បានមាន​ប្រសាសន៍​ថា ៖ « ឥឡូវនេះ ចំពោះ​សមាជិក​នៃ​សាសនាចក្រ ខ្ញុំ​សូម​ប្រាប់​ថា ចូរ​បន្ត​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ ការ​ប្តេជ្ញាចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើតាម​ព្រះអង្គសង្រ្គោះ តាមរយៈ​ការចុះ​សេចក្តី​សញ្ញា​ជាមួយ​ទ្រង់ ហើយបន្ទាប់​មក​រក្សា​សេចក្តីសញ្ញា​ទាំងនោះ នោះ​ទ្វារ​នឹង​បើក​ដល់​វិញ្ញាណ​ទាំងឡាយ នូវ​ពរជ័យ និង​អភ័យ​ឯកសិទ្ធិ​ដែល​មាន​ចំពោះ​បុរស និង​ស្រ្តី ហើយនិង​កូនចៅ​នៅគ្រប់​ទីកន្លែង » ១ ។ 

« ផ្លូវ នៃ​សេចក្តីសញ្ញា » គឺ​មាន​នូវ​សេចក្តីសញ្ញា​ទាំងឡាយ​ណា​ដែល​យើង​បានចុះ​ជាមួយ​ព្រះ ដែល​នឹង​នាំ​យើង​ត្រឡប់​ទៅរក​ទ្រង់​វិញ និង​ទី​ដែល​មាន​វត្តមាន​របស់ទ្រង់ ជា​បុគ្គល និង​ជាក្រុម​គ្រួសារ ។  គ្មាន​អ្វី​នៅក្នុង​ជីវិត​របស់​យុវវ័យ ដែល​ចងភ្ជាប់​ពួកគេ​បន្ថែម​ទៅនឹងផ្លូវ​នៃ​សេចក្តីសញ្ញា​នេះ ជាង​ការជ្រើសរើស​បម្រើ​បេសកកម្ម​ដោយ​ស្មោះសរ​នោះទេ ។ 

អ្វីៗ​ទាំងអស់​នេះ​បានកើត​ឡើង​នៅក្នុង​ជីវិត​របស់ខ្ញុំ ។  ការសម្រេចចិត្ត​ដើម្បី​លះបង់​ពេលវេលា​ពីរឆ្នាំ ហើយ​បម្រើ​បេសកកម្ម​ជូន​ព្រះ​អម្ចាស់ បាន​មាន​ឥទ្ធិពល​ដ៏ល្អ​ចំពោះ​ខ្ញុំ​ជាង​អ្វីៗ​ទាំង​អស់ ។  តាមការពិត រឿងល្អៗ​ដែល​កើតឡើង​នៅក្នុង​ជីវិត​ខ្ញុំ គឺ​ជា​លទ្ធផល​មកពី​ការសម្រេចិត្ត​របស់​ខ្ញុំ​ទៅ​បម្រើ​បេសកកម្ម ។  កាលនោះ​នៅ​អំឡុង​បេសកកម្ម​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​ទទួល​សាក្សី​ដ៏​ច្បាស់ ហើយ​ប្រាកដ​ពី​ព្រះវិញ្ញាណ​ថា​ព្រះគម្ពីរមរមន​គឺ​ពិត ហើយថា យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​របស់​ព្រះអម្ចាស់​នៃ​ការស្តារ​ឡើងវិញ ។  ខ្ញុំ​បានស្គាល់​បំណង​ដ៏ធំ​របស់​ខ្ញុំ គឺ​ត្រូវ​ផ្សារភ្ជាប់​នឹង​ភរិយា​ខ្ញុំ ហើយ​ចិញ្ចឹម​បីបាច់​គ្រួសារ​ដ៏​សុចរិត​មួយ​ជាមួយ​នាង ។  ខ្ញុំ​បានប្តេជ្ញាចិត្ត​ដើម្បី​បម្រើ​ព្រះ និង​កូនចៅ​របស់​ទ្រង់​អស់​មួយជីវិត​ខ្ញុំ ។  ខ្ញុំ​បានចុះ​សេចក្តីសញ្ញា ជាមួយ​ព្រះ​ថា ខ្ញុំ​នឹង​គោរពតាម​ព្រះ​បញ្ញត្តិ​ទ្រង់ ប្រែចិត្ត និង​បន្ត​លើកដាក់​លើ​ខ្លួន​នូវ​ព្រះនាម​ទ្រង់​អស់​មួយ​ជីវិត​ខ្ញុំ ។  ខ្ញុំ​ក៏​ចាប់ផ្តើម​ស្គាល់​សេចក្តី​ស្រឡាញ់​ទ្រង់ និង​ទុកចិត្ត​លើ​ទ្រង់ ។ ខ្ញុំ​ដឹងថា​ទ្រង់​ស្រឡាញ់​កូនចៅ​របស់​ទ្រង់ ហើយ​ថា « ទ្រង់​មិន​ធ្វើការណ៍​ណា​ឡើយ លើកលែង​តែ​ការណ៍​នោះមាន​ប្រយោជន៍​ដល់​មនុស្សលោក ត្បិត​ទ្រង់​ស្រឡាញ់​មនុស្សលោក​ដល់ម្ល៉េះ បាន​ជា​ទ្រង់​ប្តូរ​ជីវិត​ទ្រង់​ផ្ទាល់ ដើម្បី​ទ្រង់​អាច​ទាញ​មនុស្ស​ទាំងអស់​មករក​ទ្រង់ » ។២... ខ្ញុំ​ដឹងថា​ព្រះ​ស្រឡាញ់​ខ្ញុំ និង​សមាជិក​ដទៃ​ទៀត​របស់​សាសនា​ចក្រ ហើយ​ថា « ទ្រង់​អញ្ជើញ. . .ពួកគេ​ទាំងអស់គ្នា​ឲ្យ​មករកទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្តីល្អ​សប្បុរស​របស់ទ្រង់ » ។៣ រឿង​ទាំងអស់​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​ព្រះ និង​កូនចៅ​របស់ទ្រង់​កាន់តែ​ខ្លាំង ជាទី​ដែល​ខ្ញុំ​បាន​ទទួលពរ​ដែល​បានជួប​ពួកគេ ។ 

ទាំងអស់​នេះ​មិន​ទាន់ចប់នោះ​ទេ ។  កាលនោះ​នៅអំឡុង​បេសកកម្ម​របស់​ខ្ញុំ ដែល​ខ្ញុំបាន​ស្គាល់​នូវ​សេចក្តីអំណរ​នៃ​ការចែកចាយ​ដំណឹងល្អ​ដល់អ្នក​ដទៃ ។  ខ្ញុំ​ស្រឡាញ់​បងប្អូន​ដែល​ខ្ញុំ​បានបង្រៀន ។ សេចក្តីរីករាយ​ជាងគេ​នៅក្នុង​ជីវិតខ្ញុំ​គឺ​ការមើល​ឃើញ​កូនចៅ​របស់​ពួកគាត់​ត្រូវបាន​ចិញ្ចឹមបីបាច់​នៅក្នុង​ដំណឹងល្អ ហើយ​ចៅៗ​របស់​ពួកគាត់​ត្រូវបាន​ប្រទាន​ពរជ័យ​តាមរយៈ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។  មិន​មានន័យ​ថា មានតែ​ខ្ញុំ​ស្រឡាញ់​មនុស្ស​ដ៏​អស្ចារ្យ​ទាំងនេះ​នោះ​ទេ ប៉ុន្តែពួកគាត់​មាន​សេចក្តីស្រឡាញ់ ហើយ​បាន​ពង្រឹង​ខ្ញុំ និងក្រុមគ្រួសារ​ខ្ញុំ​អស់រយៈ​ពេល​ប៉ុន្មាន​ឆ្នាំមកនេះ ។ 

វាជា​សាក្សី​និង​ទីបន្ទាល់​របស់​ខ្ញុំថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​កូនប្រុសស្រី​របស់​ទ្រង់​ជាច្រើន​ចេញ​បម្រើ​បេសកកម្ម ។  មក ហើយ​ចូលរួម​ជាមួយ​យើង​នៅក្នុង​ការបម្រើ​ជាអ្នកផ្សព្វផ្សាយ​សាសានា ។  ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មិន​អាច​និយាយបំភ្លើស​បាន​ទេ ។  តាមពិតទៅ​ដូច​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅកាន់​យុវវ័យ​ដទៃទៀត​ដែល​កំពុង​ពិចារណា​ក្នុង​ការ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនាថា « ហើយ​ឥឡូវនេះ មើលចុះ យើង​មាន​បន្ទូល​មកកាន់​អ្នកថា ការណ៍​ដែល​នឹង​មាន​តម្លៃបំផុត ចំពោះ​អ្នក គឺ​ផ្សាយ​ប្រាប់​ពីការប្រែចិត្ត​ដល់​ប្រជាជន​នេះ ដើម្បី​ឲ្យ​អ្នក​អាច​នាំ​ព្រលឹង​ទាំងឡាយ​មករក​យើង ដើម្បី​ឲ្យ​អ្នកអាច​សម្រាក​ជាមួយ​ពួកគេ នៅក្នុង​នគរ​នៃ​ព្រះវរបិតា​របស់​យើង» ។៤ ...ខ្ញុំ​សូម​ថ្លែងជា​សាក្សី​ថា ការជ្រើសរើស​ទៅ​បម្រើ​បេសកកម្ម​គឺ​មាន​តម្លៃ​បំផុត​សម្រាប់​អ្នក និង​ដល់​អស់​អ្នក​ដែល​អ្នក​នឹង​បម្រើ ។  ខ្ញុំ​ស្រឡាញ់​ព្រះ​អម្ចាស់ ហើយ​ខ្ញុំ​មានអំណរគុណ​ជា​រៀងរហូត ដែល​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​បម្រើ​បេសកកម្ម និង​ចាប់​ផ្តើម​ស្គាល់​ទ្រង់ តាមរយៈ​ការបម្រើ​ដល់​កូនចៅ​របស់​ទ្រង់ ។ 

ចំណងជើង ៖ អែលឌើរ ដេវីឌ អេហ្វ. អ៊ីវ៉ានស៍


ចំណាំ ៖

១ រ័សុល អិម ណិលសុន «As We Go Forward Together» Ensign ខែ មេសា ឆ្នាំ ២០១៨

២ នីហ្វៃទី ២ ២៦:២៤

៣. នីហ្វៃទី ២ ២៦:៣៣

៤ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៥:៦