រំលង​ការ​រុករក​ចម្បង

អែលឌើរ ហូយ សេង លេអូណាត វូ ក្នុង​ពួកចិតសិប​នាក់

សារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី

អែលឌើរ ហូយ សេង លេអូណាត វូ

ក្នុង​ពួកចិតសិប​នាក់

គោលលទ្ធិ​ដ៏​ល្អ​ប្រពៃ​បំផុត​មួយ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នោះ​គឺ​ថា ក្រុមគ្រួសារ​អាច​រស់នៅ​ជាមួយ​គ្នា​ជា​រៀងរហូត ។  ការរួមបញ្ចូល​គោលលទ្ធិ​នេះ​ជាមួយ​នឹង​សេចក្ដី​សន្យា​របស់​អេលីយ៉ា​អំពី « ការ​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក »1 ធ្វើ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ ឬ​ព្រះដំណាក់​របស់​ព្រះអម្ចាស់​មាន​សារៈសំខាន់ និង​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំងអស់ ។

ពរជ័យ​ទីមួយ​ក្នុង​ការទៅ​ព្រះដំណាក់​របស់​ព្រះអម្ចាស់​គឺជា​ការទទួល​បាន​អំណោយទាន​​ពិសិដ្ឋ និង​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ដែល​សំខាន់​សម្រាប់​សេចក្ដីសង្គ្រោះ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់ ។ នេះ​គឺជា​អាទិភាព​ដ៏​ខ្ពស់​បំផុត​មួយ ។ វា​មាន​សារៈសំខាន់​ជា​ខ្លាំង​រហូតដល់​សាសនាចក្រ​បាន​បង្កើត​មូលនិធិ​ជំនួយ​អ្នកសំណាក់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ជួយ​សមាជិក​ដ៏​ស្មោះត្រង់​ទាំងឡាយ​ដែល​ត្រូវការ​ជំនួយ​ខាង​ហិរញ្ញវត្ថុ​ឲ្យ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ទទួល​បាន​ពិធីបរិសុទ្ធ​ផ្ទាល់​ខ្លួន​របស់​ពួកគេ និង​ដើម្បី​បាន​ផ្សារភ្ជាប់​ទៅនឹង​ក្រុមគ្រួសារ​របស់​ពួកគេ ។

សមាជិក​ដ៏​សក្ដិសម​ទាំងឡាយ​អាច​រីករាយ​នឹង​ពរជ័យ​ផ្សេងៗ​ជាច្រើន​ទៀត កាល​ពួកគេ​ទៅកាន់​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។ ពរជ័យ​ទាំងនេះ​រួមមាន ៖

  1. ការយល់ដឹង​កាន់តែ​ច្បាស់​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ជាពិសេស​គោលការណ៍ និង​គោលលទ្ធិ​ដែល​ទាក់ទង​ទៅនឹង​ការបង្ក​បង្កើត​ផែនដី ព្រមទាំង​ការធ្លាក់​របស់​អ័ដាម ។ នៅក្នុង​ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ សមាជិក​ម្នាក់​ក៏​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ពន្លឺ និង​ចំណេះដឹង​កាន់តែ​ខ្លាំង​ដែល​ធ្វើ​ឲ្យ​គាត់​មើល​ឃើញ​កាន់តែ​ច្បាស់​នូវ​ការខិតខំ​របស់​សាតាំង​ក្នុង​ការរារាំង​ផ្លូវយើង​មិន​ឲ្យ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​យើង​វិញ​ផងដែរ ។ ប្រធាន ហូវើត ដបិលយូ ហាន់ធើរ បាន​បងៀន​ថា « ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​មួយ​នៃ​ការណែនាំ​ដែល​បង្ហាញ​ពី​សេចក្ដីពិត​ដ៏​ជ្រៅជ្រះ​ពាក់ព័ន្ធ​ទៅនឹង​នគរ​របស់​ព្រះ »2 ។
  1. យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ពោរពេញ​ដោយ​សំឡេង ចលាចល និង​អាសន្ន ដែល​សាតាំង​មាន​ឥទ្ធិពល និង​អំណាច​យ៉ាង​ខ្លាំង ។ ក្រៅពី​គេហដ្ឋាន និង​សាលប្រជុំ​របស់​យើង ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​សមាជិក​សាសនាចក្រ​ដ៏​ស្មោះត្រង់​ទាំងឡាយ​ដើម្បី​រំដោះ​ខ្លួន​គេ​ចេញពី​ពិភពលោក​នេះ ។ បរិយាកាស​ដ៏​ស្ងប់ស្ងាត់ សុខសាន្ដ និង​ពេញ​ដោយ​គារវភាព​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​សមាជិក​ដើម្បី​គិត​អំពី​បញ្ហា​ផ្ទាល់ខ្លួន​នានា ព្រមទាំង​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​ផង ។
  1. សម្រាប់​សមាជិក​ណា​ដែល​មាន​បន្ទុក​ដោយ​សម្ពាធ​ជីវិត ឬ​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​​នានាផ្ទាល់ខ្លួន​ដ៏​ខ្លាំងក្លា នោះ​ការទៅ​កាន់​ព្រះដំណាក់​របស់​ព្រះអម្ចាស់​អាច​ផ្ដល់​នូវ​ការសម្រាកឬ​ការធូរស្បើយ​​ដែល​​ពួកគេត្រូវការ ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​ទស្សនវិស័យ​មួយ​កាន់តែ​ច្បាស់​អំពី​ឧបសគ្គ​របស់​ពួកគេ ឬ​ទទួល​បាន​ទស្សនវិស័យ​អំពី​ជីវិត​របស់​គេ​សារ​ជា​ថ្មី ។ ការប្រឈម​នៅក្នុង​ជីវិត​ភាគច្រើន​អាច​ដោះស្រាយ​បាន​កាន់តែ​ប្រសើរ​ ប្រសិនបើ​យើង​អាច​មើល​ឃើញ​ពី​ទស្សនវិស័យ​ដ៏​យូរ​អង្វែង​មួយ ឬ​ក៏​ទស្សនៈ​ដ៏​អស់កល្ប​អំពី​បញ្ហា​នោះ ។ ការបង្រៀន​ស្ទើរ​តែ​ទាំងអស់ សេចក្ដីសញ្ញា​នានា និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សុទ្ធ​តែនាំ​ទៅកាន់​ភាពដ៏​អស់កល្ប​ជានិច្ច ។
  1. យុវវ័យ​នា​សព្វថ្ងៃ​នេះ​ប្រឈម​មុខ​នឹង​ឧបសគ្គ និង​ការល្បួង​នានា​ខ្លាំង​ជាង​មនុស្ស​ពី​ជំនាន់​មុនៗ ។ ការចូលរួម​យ៉ាង​សកម្ម​ក្នុង​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​បុព្វការី​ជន​ដែល​បាន​ស្លាប់​ទៅ​របស់​ពួកគេ គឺជា​របៀប​ដ៏​មាន​អំណាច​មួយ​ដើម្បី​ពង្រឹង​ដល់​យុវវ័យ​របស់​យើង ។ ពរជ័យ​ដែល​កាន់តែ​អស្ចារ្យ​ជាង​នេះ​នឹង​មក​កាន់​យុវវ័យ​របស់​យើង ប្រសិនបើ​ពួកគេ​បញ្ចូល​កិច្ចការ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ជំនួស​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​កិច្ច​ខំ​ប្រឹង​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុង​កិច្ចការ​ពង្ស​ប្រវត្តិ ។ កាល​យុវវ័យ​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួមគ្នា នោះ​វា​ក៏​នឹង​ពង្រឹង​ដល់​ចំណង​មិត្តភាព​របស់​ពួកគេ​រវាង​គ្នា​ផងដែរ ។
  1. ប្រអប់​ដាក់ឈ្មោះ​អធិស្ឋាន​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺជា​ឯកសិទ្ធិ​ដ៏​ពិសេស​មួយ​ដែល​មាន​ដល់​សមាជិក​ដែល​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សមាជិក​អាច​សុំឲ្យ​សេចក្ដីជំនឿ និង​ការអធិស្ឋាន​រួមគ្នា​របស់​អស់​អ្នក​ដែល​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឲ្យ​ជួយ​ដល់​ក្រុម​គ្រួសារ ឬ​មិត្តភក្ដិ​របស់​ពួកគេ​ដែល​ត្រូវការ​ពរជ័យ​ពិសេស​នានា ។ 
  1. ពរជ័យ​ដ៏​អស្ចារ្យ​មួយ​ទៀត​កើតឡើង នៅពេល​សមាជិក​វួដ​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួមគ្នា ។ ពួកគេ​នឹង​ត្រឡប់​ទៅ​វួដ​របស់​ពួកគេ​ដោយ​មាន​សាមគ្គីភាព និង​សេចក្ដី​ស្រឡាញ់​កាន់តែ​ខ្លាំង​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ សមាជិក​គួរតែ​ខិត​ប្រឹងប្រែង​តាម​គ្រប់​របៀប​ដើម្បី​ចូលរួម​នៅក្នុង​ការទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​វួដ ឬ​សកម្មភាព​រាត្រី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​វួដ ។ 

បន្ទាប់​ពី​ត្រូវបាន​ញែក​ចេញជា​ប្រធាន​សាសនាចក្រ​ទី ១៧ នៅ​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៨ ប្រធាន រសុ័ល អិម ណិលសុន បាន​ថ្លែង​ដូចនេះ​នៅក្នុង​ការចាក់​ផ្សាយ​ផ្ទាល់​មួយ​ពី​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​សលត៍ លេក ។ លោក​បាន​មាន​ប្រសាសន៍​ថា « ក្នុង​នាម​ជា​គណៈប្រធាន​ថ្មី យើង​ចង់​ចាប់ផ្ដើម​ដោយ​​គំនិត​ចុងក្រោយ ។ ហេតុ​នេះ​ហើយ ថ្ងៃនេះ​យើង​និយាយ​ទៅកាន់​បងប្អូន​ពី​ព្រះវិហារ​បរិសុទ្ធ ។ គំនិត​ចុងក្រោយ​​នោះ​គឺ​ថា ​យើង​ម្នាក់ៗ​ចង់​ទទួល​បាន​អំណោយ​ទាន​ពិសិដ្ឋ​ដោយអំណាច​នៅក្នុង​ព្រះដំណាក់​មួយ​របស់​ព្រះអម្ចាស់ បាន​ផ្សារភ្ជាប់​ជា​ក្រុម​គ្រួសារ ស្មោះត្រង់​នឹង​សេចក្ដី​សញ្ញា​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​វា​ធ្វើ​ឲ្យ​យើង​សក្ដិសម​នឹង​អំណោយទាន​ដ៏​មហិមា​បំផុត​របស់​ព្រះ​—​គឺជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​សេចក្ដីសញ្ញា​ដែល​បងប្អូន​ធ្វើ​នៅ​ទីនោះ គឺជា​គន្លឹះ​ដើម្បី​ពង្រឹង​ជីវិត អាពាហ៍ពិពាហ៍ និង ក្រុម​គ្រួសារ​របស់​បងប្អូន ព្រមទាំង​សមត្ថភាព​របស់​បងប្អូន​ដើម្បី​ប្រឆាំង​នឹង​ការវាយលុក​របស់​ពួកសត្រូវ ។ ការថ្វាយបង្គំ​របស់​បងប្អូន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការបម្រើ​របស់​បងប្អូន​នៅ​ទីនោះ​សម្រាប់​ជីដូនជីតា​របស់​បងប្អូន នឹង​ប្រទានពរ​ដល់​បងប្អូន​ឲ្យ​កើនឡើង​ខាង​វិវរណៈ​ផ្ទាល់ខ្លួន និង​សេចក្ដី​សុខសាន្ដ ហើយ​នឹង​ពង្រឹង​ដល់​ការប្ដេជ្ញា​ចិត្ត​របស់​បងប្អូន​ដើម្បី​បន្ដ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា »3 ។

អ្នកណា​ដែល​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ចាកចេញ​ដោយ​មាន​បំណងប្រាថ្នា​ចង់​ធ្វើ​ល្អ​កាន់តែ​ខ្លាំង ធ្វើ​ជា​ឪពុកម្ដាយ​កាន់តែ​ប្រសើរ​ជាងមុន ធ្វើ​ជា​បុគ្គល​ដែល​ចេះ​ស្រឡាញ់ និង​អភ័យទោស​កាន់តែ​ខ្លាំង ហើយ​មាន​បំណង​កាន់តែ​មោះមុត​ដើម្បី​ប្រឆាំង​នឹង​ការល្បួង​ក្នុង​ពិភពលោក​នេះ ។ យើង​នឹង​តែងតែ​ជា​បុគ្គល​ដ៏​ប្រសើរ​ជាង​មុន បន្ទាប់​ពី​បាន​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ហើយ ។ ■

ចំណងជើង ៖ អែលឌើរ ហូយ សេង លេអូណាត វូ

______________________________________

កំណត់​ចំណាំ ៖

1. គោលលទ្ធិ និង សេចក្តី​សញ្ញា ២៧:៩

2. ប្រធាន ហូវើត ដបិលយូ ហាន់ធើរ « The Great Symbol of Our Membership » Ensign ខែ តុលា ឆ្នាំ ១៩៩៤

3. ប្រធាន រសុ័ល អិម ណិលសុន « As We Go Forward Together » Ensign ខែ មេសា ឆ្នាំ ២០១៨