រំលង​ការ​រុករក​ចម្បង

« ការចែកចាយទីបន្ទាល់របស់យើងអំឡុងការប្រជុំតមអាហារ និងទីបន្ទាល់ »

« ការចែកចាយទីបន្ទាល់របស់យើងអំឡុងការប្រជុំតមអាហារ និងទីបន្ទាល់ »

ខ្ញុំ​នឹក​ឃើញ​ពី​ពេល​ដំបូង​ដែល​ខ្ញុំ​បាន​ចូលរួម​ក្នុង​ការប្រជុំ​តមអាហារ និង​ទីបន្ទាល់​នៅ​ព្រះវិហារ ។ ខ្ញុំ​ចាំ​ពី​ការ​ស្ដាប់​នូវ​ទីបន្ទាល់​ស្រដៀង​គ្នា​នេះ​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ ពួកគេ​ហាក់បី​ដូច​ជា​បាន​ត្រាប់​តាម​គ្នា​ទៅវិញ​ទៅ​មក ។ ពួកគេ​បាន​ចែកចាយ​ថា ពួកគេ​បាន​ដឹង​ថា​ព្រះ​មាន​ព្រះជន្ម​រស់ ថា យ៉ូសែប ស៊្មីធ ត្រូវបាន​ហៅ​ដោយ​ព្រះ​ដើម្បី​ធ្វើ​ជា​ព្យាការី​នៅរស់​ម្នាក់ ថា​ព្រះគម្ពីរ​មរមន​ជា​ព្រះបន្ទូល​នៃ​ព្រះ និង​ថា​សាសនាចក្រ​ពិត ។ ទាំងអស់​គ្នា​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។

ទីបន្ទាល់​របស់​ពួកគេ​បាន​បំផុស​ដល់​ខ្ញុំ និង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​ដឹង​ចង់ឮ​ដ៏​ស្មោះ​សរ​មួយ​ដើម្បី​ស្វែងរក ៖ អ្វី​ទៅ​ជា​ទីបន្ទាល់​មួយ ? ហេតុអ្វី​ខ្ញុំ​ត្រូវ​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ ? តើ​ខ្ញុំ​ត្រូវ​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ដោយ​របៀប​ណា ? តើ​ពួកគេ​ដឹង​ថា​អ្វី​ដែល​គេ​និយាយ​នោះ​ជា​ការពិត​ដោយ​របៀប​ណា ? តើ​ខ្ញុំ​អាច​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ដូច​ពួកគេ​ដោយ​របៀប​ណា ?  

បន្ទាប់​ពី​រស់នៅ​តាម​ដំណឹងល្អ​អស់​ជា​ច្រើន​ឆ្នាំ ដោយ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ អធិស្ឋាន​ប្រចាំ​ថ្ងៃ ស្រាវជ្រាវ​រក​សារលិខិត​បំផុស​គំនិត​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ និង​ការបម្រើ​ដោយ​គ្មាន​លក្ខខណ្ឌ​អស់​រយៈ​ពេលហាសិប​ឆ្នាំ​នៅក្នុង​ការហៅបម្រើ​ពី​ព្រះអម្ចាស់ នោះ​ការយល់ដឹង​របស់​ខ្ញុំ​អំពី​បញ្ហា​នេះ​បាន​កើនឡើង​ជា​បណ្ដើរៗ ។ យើង​រៀន​ថា ទីបន្ទាល់​​អំពី​ព្រះយេស៊ូវ គឺជា​វិញ្ញាណ​នៃ​ការព្យាករ ។១ វា​បាន​មក​តាមរយៈ​ការបំផុស និង​ទីបន្ទាល់​ផ្ទាល់​ខ្លួន ពី​អំណោយ​ទាន និង​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មនុស្ស​ទាំងអស់​គ្នា​អាច​ទទួល​វា​បាន បើ​យើង​គោរព​ប្រតិបត្ត​ដល់​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ហើយ​រស់​នៅ​ដោយ​សុចរិត ។ ទីបន្ទាល់​គឺជា​ខែល​នៃ​ជំនឿ ។២ ខ្ញុំ​តែងតែ​ត្រូវបាន​បង្រៀន​ដោយ​ពាក្យ​សម្ដី​របស់​នីហ្វៃ​ដែល​ថា « បន្ទាប់ពី​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​អាច​និយាយ​ដោយ​ភាសា​នៃ​ពួក​ទេវតា? »៣  

ខ្ញុំ​ក៏​រៀន​ផងដែរ​ពី​ពួកសាវក​ដែល​បាន​បង្រៀន​យើង​ថា « ទីបន្ទាល់​មួយ​អំពី​ដំណឹងល្អ គឺពុំ​មែន​ជា​សៀវភៅ​ស្ដី​ពីការធ្វើ​ដំណើរ កំណត់ត្រា​អំពីសកម្មភាព​ខាង​សុខភាព ឬ​ការបង្ហាញ​ពី​ក្ដី​ស្រឡាញ់​សម្រាប់​សមាជិក​គ្រួសារ​ឡើយ ។ វា​មិន​មែន​ជា​ទេសកនកថា​មួយ​នោះ​ទេ ។ ប្រធាន ឃឹមបឹល បាន​បង្រៀន​ថា នៅគ្រា​ដែល​យើង​ចាប់ផ្ដើម​ប្រកាស​ដល់​អ្នក​ដទៃ​ទៀត នោះ​ទីបន្ទាល់​របស់​យើង​ត្រូវបាន​បញ្ចប់​ហើយ » ។៤ ជាងនោះ​ទៅទៀត ទីបន្ទាល់​មិនមែន​ជា​ការសារភាព​ជា​សាធារណៈ ហើយ​ក៏​មិនមែន​ជា​ទេសកនកថា​មួយ ឬ​ការនិយាយ​មួយ​អំពី​ចំនុច​គោលលទ្ធិ​ខ្លះៗ​នោះ​ទេ ទោះ​យ៉ាងណា​មនុស្ស​ខ្លះ​អាច​ដកស្រង់​ពី​ខគម្ពីរ​មួយ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​វា ។៥ ការបង្រៀន​របស់​ពួក​លោក​តែងតែ​រំឭក​ខ្ញុំ​ពី​អ្វី​ជា​ទីបន្ទាល់ និង​របៀប​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ ។

យើង​គប្បី​ប្រកាស​នូវ​ទីបន្ទាល់​ចេញ​ពី​ចិត្ត​យើង​ដោយ​សង្ខេប និង​ជា​សេចក្ដី​ថ្លែង​ខ្លីៗ​ដែល​ទាក់ទង​នឹង​ព្រះវរបិតាសួគ៌ ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​ពិត​ដែល​បាន​ស្ដារ​ឡើង​វិញ ។ តើ​អ្វី​នឹង​កើត​ឡើង​នៅពេល​ដែល​ក្រុម​ជំនំ​អង្គុយ​នៅ​ក្នុង​ការប្រជុំ​តម​អាហារ និង​ទីបន្ទាល់ ហើយ​ឮ​នូវ​ទីបន្ទាល់​ដ៏​បរិសុទ្ធ​របស់​សមាជិក​ដែល​ថ្លែង​ថា ៖

  • ខ្ញុំ​ដឹង​ថា ព្រះវរបិតា និង​ព្រះរាជបុត្រា​បាន​បង្ហាញ​ព្រះកាយ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ។
  • ខ្ញុំ​ដឹង​ថា យ៉ូសែប ស៊្មីធ បាន​ឃើញ​តួអង្គ​នៃ​ព្រះជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ ។
  • ខ្ញុំ​ដឹង​ថា យ៉ូសែប ស៊្មីធ ត្រូវបាន​ហៅ​ដោយ​ព្រះ​ដើម្បី​ធ្វើ​ជា​ព្យាការី​ដែល​នៅរស់​ដ៏​ពិត ។
  • ខ្ញុំ​ដឹង​ថា ទេវតា​មរ៉ូណៃ​បាន​មាន​បន្ទូល​ទៅកាន់​យ៉ូសែប ស្ម៊ីធ និង​បាន​ប្រគល់​ផ្ទាំង​មាស​ដល់​លោក ។
  • ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​ជា​ព្រះបន្ទូល​នៃ​ព្រះ ហើយ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​គឺ​ពិត ។
  • សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា​សាសនាចក្រ​ដ៏​ពិត​ដែល​បាន​ស្ដារ​ឡើង​វិញ ។

ការចែកចាយ​ទីបន្ទាល់​ដ៏​ពិត​នឹង​បំផុស​ពួកគេ​ឲ្យ​ពិចារណា និង​មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំង​ដើម្បី​រៀន និង​ស្វែងរក​សេចក្ដី​ពិត​បន្ថែម​ទៀត​ពី​ព្រះគម្ពីរ ។ វា​នឹង​បំផុស​ពួកគេ​ឲ្យ​មាន​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​កាន់តែ​ច្រើន កាន់តែ​រាបសា កាន់តែ​ស្មោះត្រង់ ។ វា​នឹង​អនុញ្ញាត​អ្នក​ផ្សេង​ទៀត​ឲ្យ​ទទួល​បាន​ក្ដី​ជំនឿ​កាន់តែ​ច្រើន​ឡើង​ចំពោះ​ព្រះវរបិតា​សួរ​របស់​យើង និង​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ 

« ទីបន្ទាល់​ដ៏រឹងមាំ​មួយ​គឺ​ជា​អំណាច​ទ្រទ្រង់​ជីវិត​ដ៏​ជោគជ័យ​មួយ ។ វា​ផ្ដោត​លើ​ការយល់​ដឹង​អំពីលក្ខណៈ​ដ៏​ទេវភាព​នៃ​ព្រះ​ជា​ព្រះវរបិតា​របស់​យើង ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​ត្រូវ​បាន​ធ្វើ​ឲ្យ​រឹងមាំ​ដោយ​ការព្រម​ទុកចិត្ត​លើ​ពួក​ទ្រង់ ។ ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល​មួយ​ត្រូវបានចាក់ឫស​នៅក្នុង​ការអះអាង​ផ្ទាល់​ខ្លួន​មួយ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ និង​បំផុស​ដល់​ទង្វើ​ប្រចាំ​ថ្ងៃ​របស់​យើង​ដើម្បី​ធ្វើ​ល្អ » ។

ការចែកចាយ​ទីបន្ទាល់​ដ៏​ត្រឹមត្រូវ​អំឡុង​ការប្រជុំ​តមអាហារ និង​ទីបន្ទាល់​គឺ​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​បង្កើត​ឲ្យ​មាន​ជា​ក្ដី​ជំនឿ​ដល់​អ្នក​ថ្លែង​ផង និង​អ្នក​ស្ដាប់​ផង ។ អ្នក​ដែល​ចូលរួម​ត្រូវបាន​ស្អាង​ឡើង​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​ជួយ​យើង​ពង្រឹង​គ្នា​ទៅវិញ​ទៅ​មក ហើយ​បញ្ជាក់​ពី​ជំនឿ​របស់​យើង​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ព្រះរាជបុត្រា​របស់​ទ្រង់ ។ វា​ជួយ​យើង​ឲ្យ​បន្ត​រឹងមាំ​នៅក្នុង​សាសនាចក្រ សកម្ម​ក្នុង​ដំណឹងល្អ រស់នៅ​ដោយ​សប្បាយ ហើយ​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ សូម្បី​តែ​នៅក្នុង​គ្រា​លំបាកៗ​ក្នុង​ជីវិតក៏ដោយ ។ ខ្ញុំ​អធិស្ឋាន​ថា អ្នក​ទាំងអស់​គ្នា​នឹង​អាច​ចែកចាយ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​នៅក្នុង​របៀប​ត្រឹមត្រូវ​មួយ ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នាផ្ដល់​ពរ​ដល់​ជីវិត​មនុស្ស​ជាច្រើន ដោយ​ទីបន្ទាល់​ដ៏​ពិត និង​សាមញ្ញ​របស់​យើង ។ «ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ពន្លឺ និង​សេចក្ដី​ពិត នឹង​មិន​គ្រាន់តែ​ផ្ដល់​ពរ​ដល់​អ្នក និង​ពូជពង្ស​របស់​អ្នក​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ​តែ​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​រួម​ដំណើរ​នឹង​អ្នក​អស់កល្ប​ជានិច្ច​ផងដែរ » ។៧ ខ្ញុំ​សូម​ចូលរួម​នឹង​ទីបន្ទាល់​របស់​ពួក​សាវក​ថា ខ្ញុំ​ដឹង​ថា ការបូជា​ដ៏​ធួន​របស់​ទ្រង់​គឺ​ពិត ហើយ​ទ្រង់​មាន​ព្រះជន្ម​រស់នៅ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ អាមែន ។ ■

ចំណងជើង​ក្រោម​រូប ៖ អែលឌើរ វិសិត ខាណាខាំ
 

______________________________________

កំណត់​ចំណាំ ៖

១សូម​មើល វិវរណៈ ១៩:១០

២សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១៧

៣នីហ្វៃ​ទី២ ៣២:២

ដាល្លិន អេក អូក “Testimony”, Ensign ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២៦ ។

Jay E. Jensen, “Bearing Testimony”, Liahona ខែ តុលា ឆ្នាំ ២០០៥ ទំព័រ ១០ ។

រីឆាដ ជី ស្កត “The Power of A Strong Testimony”, Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ៨៧ ។

ឌៀថើរ អេហ្វ អុជដូហ្វ “Receiving a Testimony of Truth and Light” Ensign ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៣ ។