រំលង​ការ​រុករក​ចម្បង

< សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី >

< សារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី >

នៅ​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ី យើង​ត្រូវការ​អ្នកផ្សព្វផ្សាយ​សាសនា​កាន់តែ​ច្រើន ជា​អ្នក​ដែល​បាន​រៀបចំ​ខ្លួន​បាន​ប្រសើរ ។ ដោយ​មាន​ការរីកចម្រើន​ក្នុង​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក ជាពិសេស​តំបន់​អាស៊ី នោះ​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ​ភាគច្រើន​ត្រូវតែ​មកពី​ប្រទេស​នីមួយៗ​នៃ​តំបន់​អាស៊ី ។ ពួកអ្នកផ្សព្វផ្សាយ​ទាំងនោះ​គឺមកពី​ក្រុម​យុវវ័យ​ដែលមាន​ភាពចាស់ទុំ​ក្នុង​ដំណឹងល្អ និង​មកពី​អ្នកដែល​មាន​អាយុ​ផ្សព្វផ្សាយ​សាសនា​បានគឺ—១៨ ដល់ ២៥ ឆ្នាំ ។ ដោយសារ​​ទ្វីប​អាស៊ី​​មាន​​មនុស្ស​​រាប់កោដ​នាក់ នោះ​កម្លាំង​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏ចម្បង​ត្រូវការ​ផ្លាស់ប្តូរ​ពីអ្នកផ្សព្វផ្សាយ​សាសនា ដែល​មកពី​ទ្វីបអាមេរិក​ខាងជើង និង​ប្រទេស​ផ្សេងទៀត​ក្រៅ​ទ្វីប​អាស៊ី ដោយ​ជំនួសមកវិញ​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ភាគច្រើន​មកពី​តំបន់​អាស៊ី ។ ដូចដែល​បាន​ព្យាការី​បាន​ព្យាករ​ទុក​មក យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើការ​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​ដំបូង​ក្នុង​ការធ្វើ​ជា​តំបន់​ដែល​មាន​អ្នកផ្សព្វផ្សាយ​សាសនា​ល្មម​គ្រប់គ្រាន់​ដោយ​ខ្លួន​ឯង​យ៉ាង​ល្អ រួច​ហើយ​រួម​ចំណែក​ដល់​តម្រូវការ​របស់​ប្រទេស​ផ្សេង​ទៀត ។

ប៉ុន្ដែ វា​មិន​មែន​គ្រាន់តែ​ចំនួន​នៃ​អ្នកផ្សព្វផ្សាយ​សាសនា​មកពី​តំបន់​អាស៊ី​នោះ​ទេ​ដែល​ត្រូវ​តែ​កើនឡើង​នោះ ។ ព្រះអម្ចាស់​ក៏​ត្រូវការ​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បាន​រៀបចំខ្លួន​យ៉ាង​ប្រសើរ​ផងដែរ ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ប្រធាន ម៉នសុន បាន​ប្រកាស ‹ ថា យុវជន​ដែល​សក្ដិសម និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​គ្រប់​រូប​គួរតែ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។ ការងារ​បម្រើ​បេសកកម្ម​គឺជា​កាតព្វកិច្ច​បព្វជិតភាព​មួយ​–​ជា​កាតព្វកិច្ច​មួយ​ដែល​ព្រះអម្ចាស់​រំពឹង​ពី​យើង ជា​អ្នក​ដែល​ត្រូវបាន​ប្រទាន​ឲ្យ​យ៉ាង​ច្រើន › ។ ជា​ថ្មី​ម្ដង​ទៀត លោក​បាន​ពន្យល់​ថា សម្រាប់​ស៊ីស្ទើរ​ក្មេងៗ នោះ​បេសកកម្ម​គឺជា​ជម្រើស​ដ៏​ស្វាគមន៍​មួយ ប៉ុន្ដែ​មិនមែន​ជា​ទំនួល​ខុសត្រូវ​នោះ​ទេ ។…

ការរៀបចំ​សម្រាប់​បេសកកម្ម​មាន​សារៈសំខាន់​ណាស់ ។ បេសកកម្ម​គឺជា​ទង្វើ​ស្ម័គ្រចិត្ត​មួយ​ដើម្បី​បម្រើ​ដល់​ព្រះ និង​មនុស្សជាតិ ។ អ្នកផ្សព្វផ្សាយ​សាសនា​គាំទ្រ​ដល់​ឯកសិទ្ធិ​នោះ​ជាមួយ​នឹង​ការសន្សំ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ឪពុកម្ដាយ ក្រុមគ្រួសារ មិត្តភក្ដិ និង​អ្នកបរិច្ចាគ​ដល់​មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា​ទូទៅ​ក៏​អាច​ជួយ​ផងដែរ ។ អ្នកផ្សព្វផ្សាយ​សាសនា​ទាំងអស់ ទាំង​ក្មេង និង​ចំណាស់ បម្រើ​ដោយ​មាន​សេចក្ដីសង្ឃឹម​តែមួយ​គឺ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​ផ្សេង​ទៀត​កាន់តែ​ប្រសើរ​ឡើង ។

ការសម្រេច​ចិត្ត​ដើម្បី​បម្រើ​បេសកកម្ម​នឹង​រៀបចំ​ជោគវាសនា​ខាង​វិញ្ញាណ​របស់​អ្នកផ្សព្វផ្សាយ​សាសនា គូស្វាមី​ភរិយា​របស់​គេ និង​កូនចៅ​ជំនាន់​ក្រោយៗ​របស់​ពួកគេ​ទាំងឡាយ ។ បំណង​ប្រាថ្នា​ដើម្បី​បម្រើ​គឺជា​លទ្ធផល​ធម្មជាតិ​មួយ​នៃ​ការប្រែចិត្ត​ជឿ ភាពសក្ដិសម និង​ការរៀបចំ​របស់​មនុស្ស​ម្នាក់ »១ ។

ការប្រែចិត្ត​ជឿ​កើត​មាន​តាមរយៈ​ការរស់នៅ​តាម​ដំណឹងល្អ និង​ការស្វែង​រក​ដើម្បីទទួល​បាន​សាក្សី​ខាង​វិញ្ញាណ​មួយ​នៃ​សេចក្ដីពិត​ដ៏​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។  អាលម៉ា​សុំ​ដល់​អស់​អ្នក​ដែល​ស្វែងរក​សាក្សី​ខាង​វិញ្ញាណ​បែប​នោះ​ឲ្យ « ធ្វើ​ការ​ពិសោធន៍ » ដល់​ពាក្យសម្ដី ហើយ​មិនមែន​ប្រឆាំង​នឹង​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ឡើយ រួច​ចាប់ផ្ដើម​ទទួល​យក​សាក្សី​នៃ​សេចក្ដីពិត​ដ៏​ពេញលេញ​នៃ​ដំណឹងល្អ​នេះ ។  ពិត​ណាស់ របៀប​ដែល​មនុស្ស​ម្នាក់ « ធ្វើ​ការ​ពិសោធន៍ » ដល់​ពាក្យ​សម្ដី​នោះ​គឺ ត្រូវ​រស់នៅ​តាម​ដំណឹងល្អ ហើយ​កាន់​តាម​បទបញ្ញត្តិ​ទាំងឡាយ ។  យើង « ធ្វើ​ការ​ពិសោធន៍ » តាមរយៈ​ការចូលរួម​ការប្រជុំ​សាក្រាម៉ង់​រាល់​សប្ដាហ៍ ការរក្សា​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ការបង់​ដង្វាយ​មួយ​ភាគ​ដប់​របស់​យើង ការប្រែចិត្ត ការទទួល​ទាន​សាក្រាម៉ង់​ដោយ​សក្ដិសម ការចៀសវាង​ការណ៍​អាសគ្រាម និង​ការកាន់តាម​ច្បាស់​ព្រហ្មចារីភាព ការអាន​ព្រះគម្ពីរ​មរមន​ប្រចាំ​ថ្ងៃ ព្រមទាំង​ការអធិស្ឋាន​ដើម្បី​ដឹង​ថា វា​គឺជា​ការពិត និង​តាមរយៈ​ការមាន​សណ្ដានចិត្ត​ល្អ​ដល់​សមាជិក​គ្រួសារ​របស់​យើង និង​មនុស្ស​ដទៃ ។ បន្ថែម​លើ​ការអាន​ព្រះគម្ពីរ​មរមន នោះ​បុគ្គល​ម្នាក់​គួរតែ​ចាប់ផ្ដើម​សិក្សា​សៀវភៅ ប្រកាស​ដំណឹងល្អ​របស់​យើង ។

នៅពេល​យើង​ធ្វើ​រឿង​ទាំងនេះ នោះ​យើង​នឹង​មាន​ភាពស្អាតស្អំ និង​ភាពសក្ដិសម ទទួល​បាន​សាក្សី​មួយ​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត ថា​សាសនាចក្រ​ត្រូវបាន​ស្ដារ​ឡើងវិញ ហើយ​ថា​យើង​ត្រូវបាន​ដឹកនាំ​ដោយ​ព្យាការី​នៅរស់​ម្នាក់​របស់​ព្រះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បំណងប្រាថ្នា​របស់​យើង​ដ៏​ខ្លាំង​ដើម្បី​ចែកចាយ​ដំណឹងល្អ​នឹង​កើនឡើង​ថែម​ទៀត​ផង ហើយ​ការណ៍​នេះ​នឹង​នាំ​សេចក្ដីអំណរ​ដ៏​អស្ចារ្យ​មក​ដល់​យើង ។ 

ការរៀបចំ​សម្រាប់​ការបម្រើ​បេសកកម្ម​ដ៏​ល្អ​បំផុត​គឺជា ការទទួល​បាន​ទីបន្ទាល់​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន និង​ការកាន់​តាម​បទបញ្ញត្តិ​ទាំងឡាយ ។ បន្ថែម​លើ​នេះ បុគ្គល​ម្នាក់​គួរតែ​ធ្វើការ ហើយ​សន្សំ​ប្រាក់​ដើម្បី​ចំណាយ​ក្នុង​បេសកកម្ម​ខ្លះ ។ ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​ចំនួន​ដែល​អ្នក​ត្រូវ​សន្សំ និង​ចំនួន​ដែល​អាច​ជួយ​ផ្ដល់​បាន​ដោយ​មូលនិធិ​អ្នកផ្សព្វផ្សាយ​សាសនា​ទូទៅ ។ ទោះជា​យ៉ាងណាក្ដី សូម​ដឹង​ថា បន្ទាប់ពី​អ្នក​បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង និង​លះបង់​យ៉ាង​ខ្លាំង​ហើយ នោះ​នឹង​មាន​ជំនួយ​ខាង​ហិរញ្ញវត្ថុ​ដល់​អ្នក ហើយ​ថា​ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់​ចង់​ឲ្យ​អ្នក​ចេញ​ទៅ​បម្រើ ។

ថ្មីៗ​នេះ គណៈប្រធាន​ទីមួយ​បាន​ផ្ដល់​នូវ​បញ្ជី​សំណួរ​បទដ្ឋាន​មួយ​ដើម្បី​ឲ្យ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក​សួរ​អ្នក​ពីមុន​ផ្ដល់​អនុសាសន៍​ឲ្យ​អ្នក​ទៅ​បម្រើ ។ អ្នក​អាច​ទទួល​បាន​សំណៅ​ចម្លង​សំណួរ​ទាំងនោះ ហើយ​ពិនិត្យ​មើល​សំណួរ​ទាំងឡាយ​ពីមុន​ការសម្ភាស​របស់​អ្នក ។  ប្រសិនបើ​មាន​អ្វី​ដែល​អ្នក​ត្រូវតែ​ប្រែចិត្ត ឬ​កែលម្អ​នោះ សូម​ធ្វើ​វា​ពីមុន​ធ្វើការ​បម្រើ ។

គណៈប្រធាន​តំបន់​អាស៊ី​សូម​អញ្ជើញ​យុវជន និង​បុរស​យុវមជ្ឈិមវ័យ​នៅលីវ​ទាំងអស់​ឲ្យ​និយាយ​ជាមួយ​នឹង​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក​ពាក់ព័ន្ធ​ទៅនឹង​ការបម្រើ​បេសកកម្ម ។  យើង​ចង់​ឲ្យ​អ្នក​ទៅ​បម្រើ ។ ប្រសិនបើ​អ្នក​មិន​មាន​ភាពសក្ដិសម​ក្នុង​ពេល​នេះ សូម​ប្រែចិត្ត និង​ខិតខំ​ដើម្បី​មាន​ភាពសក្ដិសម ។ ព្រះអម្ចាស់​ត្រូវការ​អ្នក​ឲ្យ​ទៅ​បម្រើ ។ យើង​សូម​ធ្វើការ​អញ្ជើញ​ស្រដៀង​គ្នា​នេះ​ដល់​យុវនារី និង​ស្ដ្រី​យុវមជ្ឈិមវ័យ​នៅលីវ​នីមួយៗ​ដែល​មាន​បំណង​ចង់​បម្រើ​ឲ្យ​ពិចារណា​អំពី​ការបម្រើ​បេសកកម្ម ។ យើង​សូម​សម្ដែង​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សង្ឃឹម​របស់​យើង​ដល់​អ្នក​ថា យើង​នឹង​ជួប​អ្នក​ក្នុង​បេសកកម្ម​របស់​អ្នក ។ យើង​សូម​ថ្លែង​ជា​សាក្សី​ថា ការបម្រើ​បេសកកម្ម​នឹង​នាំ​មក​នូវ​សេចក្ដីអំណរ​ដ៏​អស្ចារ្យ​ដល់​អ្នក ហើយ​នឹង « រៀបចំ​ជោគវាសនា​ខាង​វិញ្ញាណ​របស់​អ្នកផ្សព្វផ្សាយ​សាសនា គូស្វាមី​ភរិយា​របស់​គេ និង​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ​ទាំងឡាយ »៣ ។■

ចំណងជើង ៖ អែលឌើរ ដេវីឌ អេហ្វ អ៊ីវ៉ាន

______________________________________

កំណត់​ចំណាំ ៖

1. ប្រធាន រសុ័ល អិម ណិលសុន « Ask the missionaries! They can help you ! » Ensign ខែ តុលា ឆ្នាំ ២០១២

2. អាលម៉ា ៣២:២៦–៤៣

3. ប្រធាន រសុ័ល អិម ណិលសុន « Ask the missionaries! They can help you ! » Ensign ខែ តុលា ឆ្នាំ ២០១២