សម្រប​ថ្នាក់​សិក្ខាសាលា​ឲ្យ​ត្រូវ​នឹង​កម្មវិធី​សិក្សា និង​កាលវិភាគ ចូរ​មក​តាម​ខ្ញុំ នៅ​ឆ្នាំ ២០២០

    ផ្តល់​ជូន​ដោយ អាប្រី អែរ បុគ្គលិក​និពន្ធ​ព័ត៌មាន​សាសនាចក្រ

    Seminary student gospel study

    ដោយ​មានការប្រកាស​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​នៅក្នុង​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​​នៃ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​​នៅ​ជុំវិញ​ពិភពលោក នោះ​គណៈប្រធាន​ទីមួយ​បាន​ចេញ​លិខិត​មួយ​នៅ​ថ្ងៃ​ទី ២២ ខែ មីនា ឆ្នាំ ២០១៩ ដោយ​ប្រាប់​លម្អិត​ពី​ការ​ផ្លាស់ប្តូរ​នានា​ដែល​​នឹង​សម្រប​ថ្នាក់​សិក្ខាសាលា​ឲ្យ​ត្រូវ​នឹង​កម្មវិធី​សិក្សា និង​កាលវិភាគ ចូរ​មក​តាម​ខ្ញុំ ។

    លិខិត​នោះ​បាន​ចែង​ថា « ការធ្វើ​ការផ្លាស់ប្តូរ​នេះ​នឹង​ពង្រីក​យុទ្ធសាស្ត្រនៃ​ការ​សិក្សា​ដំណឹងល្អ​ដែល​ផ្តោត​លើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ តាមរយៈ​ការសិក្សា​រួម​តែមួយ​ទាំង​នៅ​គេហដ្ឋាន នៅ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ និង​នៅ​ថ្នាក់​សិក្ខាសាលា ។ យើង​សូម​លើក​ទឹកចិត្ត​ដល់​យុវវ័យ​ទាំងអស់​ឲ្យ​ចូលរួម​​ក្នុង​ថ្នាក់​សិក្ខាសាលា​ឲ្យ​បាន​ពេញលេញ ពេល​ពួកគេ​ព្យាយាម​បង្កើន​សេចក្តីស្រឡាញ់​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង​លើ​ដំណឹងល្អ​ដែល​បា​នស្តារ​ឡើង​វិញ ។

    នៅ​ក្នុង វីដេអូ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ដដែល​នោះ​នៅលើ​គេហទំព័រ​ថ្នាក់​សិក្ខាសាលា អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ អែលឌើរ  គីម ប៊ី ក្លាក អភិបាល​នៃ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ស៊ីស្ទើរ  បូនី អេច ខ័រឌុន ប្រធាន​យុវនារី​ទូទៅ និង ឆាដ អេច វែប អ្នកគ្រប់គ្រង​ថ្នាក់សិក្ខាសាលា និងថ្នាក់​វិទ្យាស្ថាន​សាសនា បាន​ពិភាក្សាគ្នា​ពី​ការផ្លាស់ប្តូរ និង​​ពី​សារៈសំខាន់​របស់​វា​សម្រាប់​សិស្ស និង​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ។

    អែលឌើ​រ​ហូឡិន​បានមាន​ប្រសាសន៍​នៅក្នុង​វីដេអូ​នោះថា « នៅ​ខែ​មករា​ឆ្នាំ ២០២០ យើង​នឹង​ផ្លាស់ប្តូរ​ពី​កាលវិភាគសិក្សា​ពេញ​មួយ​ឆ្នាំ​របស់​សាលា​រៀន ទៅ​ជា​កាលវិភាគ​ប្រចាំ​ឆ្នាំ​របស់​សាលា​រៀន​វិញ ធ្វើ​ដូច្នោះ​យើង​អាច​សម្រប​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​ឲ្យ​ត្រូវ​នឹង​កម្មវិធី​ចូរ​មក​តាម​ខ្ញុំ ។ យើង​នឹង​ធ្វើ​កិច្ចការ​នោះ​ពាក់កណ្តាល​សិន​ក្នុង​រដូវ​ក្តៅ​ឆ្នាំ ២០១៩ នេះ ។ ក្នុង​ខែ​មិថុនា​ឆ្នាំ​នេះ យើង​នឹង​ប្តូរ ហើយ​ចាប់ផ្តើម​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី » ។

    ខណៈ​ដែល​ការសិក្សា​ក្នុង​ថ្នាក់​សិក្ខាសាលា​នឹង​បន្ត​ផ្តោត​ទៅលើ​ព្រះគម្ពីរ នោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ពន្យល់​ថា កម្មវិធី​នេះ​នឹង​​ផ្តោត​ទៅលើ​គោលលទ្ធិ​កាន់តែ​ច្រើន ហើយ​នឹង​ជួយ​ពង្រឹង ការពារ និង​រៀបចំ​ពួកយុវវ័យ​សម្រាប់​បេសកកម្ម អាពាហ៍ពិពាហ៍ និង​ការបម្រើ​នៅក្នុង​សាសនាចក្រ ។

    អែលឌើរ​ហូឡិន​បាន​​មាន​ប្រសាសន៍​ថា « យើង​គិតថា នេះ​គឺជា​ការអភិវឌ្ឍន៍​​មួយ​ដ៏​អស្ចារ្យ​នៅ​គ្រា​នេះ ជាពេលដែល​យុវវ័យ​របស់យើង​ត្រូវការ​កម្លាំង​កាន់តែ​ខ្លាំង​ឡើង ។ យើង​គិត​ថា វា​ជា​ការសម្រប​មួយ​ដ៏អស្ចារ្យ…ជាមួយ​អ្វី​ទាំងអស់​​ទៀត​ដែល​សាសនាចក្រ​កំពុង​ធ្វើ ។ ហើយ​យើង​ជឿ​ថា វា​នឹង​មាន​ទំនាក់ទំនង​យ៉ាង​អស្ចារ្យ​ជាមួយ​នឹង…ការគាំទ្រ​ពី​សាសនាចក្រ—ហើយ​ឥឡូវ​នេះ​យើង​បន្ថែម​ថា ការសិក្សា​ដំណឹងល្អ​ដែល​គាំទ្រ​ពី​ថ្នាក់​សិក្ខាសាលា—ការសិក្សា​ដំណឹងល្អ​ដែល​ផ្តោត​លើ​គេហដ្ឋាន » ។

    ការស្តារ​ឡើង​ជាបន្តបន្ទាប់

    ការពន្យល់​ពីមូលហេតុ​ដែល​ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​អនុវត្ត​ចាប់ផ្តើម​ពី​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ នោះ​អែលឌើរ​ក្លាក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​គិត​ថា នេះ​គឺ​ដោយសារ​ព្យាការី​របស់​ព្រះអម្ចាស់​បាន​ឈរ​នៅ​ឯវេទិកា​ក្នុង​សន្និសីទ​ទូទៅ ហើយ​ថ្លែង​ថា ‹ យើង​ត្រូវការ​ការណែនាំ​ដំណឹងល្អ​ដែល​ផ្តោតលើ​គេហដ្ឋាន និង​ការ​គាំទ្រ​ពី​សាសនាចក្រ ។ ប្រាកដណាស់ យើង​ត្រូវការ​សាសនាចក្រ​ដែល​ផ្តោត​នៅលើ​គេហដ្ឋាន › ។ ហើយ​ដោយសារ​លោក​មាន​ប្រសាសន៍​ដូច្នោះ នោះ​វា​បាន​ផ្លាស់ប្តូរ​អ្វីៗ​ទាំងអស់ » ។

    អែលឌើរ​ក្លាក​បាន​ពន្យល់​ថា ជាជាង​បារម្ភ​ពី​ភាពលម្អិត​នៃ​ការផ្លាស់ប្តូរ​ដ៏​បំផុសគំនិតមុន​វា​កើត​ឡើង នោះ​ការណែនាំ​របស់​ប្រធាន​ណិលសុន​អនុញ្ញាត​ឲ្យ​ពួកគេ​និយាយ​ថា « យើង​កំពុង​ធ្វើ​កិច្ចការ​នេះ ហើយ​បន្ទាប់​មក​យើង​នឹង​ស្វែងយល់​ពី​របៀប​ដើម្បី​ធ្វើ​ឲ្យ​វា​កើត​ឡើង » ។

    ដូចអែលឌើរ​ហូឡិន​បាន​ពន្យល់ នេះ​ក៏​ជា​គំរូ​មួយ​នៃ​របៀប​ដែល​ការស្តារ​ឡើង​វិញ​នៃ​សាសនាចក្រ​របស់ទ្រង់​កំពុង​​បន្ត​មាន ។

    អែលឌើរ​ហូឡិន​បាន​​មាន​ប្រសាសន៍​ថា « ចំពោះ​ខ្ញុំ ធាតុ​ដ៏​រំភើប​បំផុត​នោះ​គឺប្រវត្តិ​ទាំងអស់​ដែល​ទាក់ទង​នឹង​កិច្ចការ​នេះ ។ ហើយ​នោះ​គឺជា​អ្វី​ដែល​ការស្តារ​ឡើង​វិញ​កំពុង​បន្ត​កើត​ឡើង ។ … ការស្តារ​ឡើង​វិញ វិវរណៈ ការដឹកនាំ​របស់​ព្យាការី​គឺ​កំពុង​មាន​ភាព​រស់រវើក និង​ល្អ​យ៉ាង​ខ្លាំង ហើយ​នោះ​គឺជា​ការគ្រប់ដណ្តប់​លើ​ការអភិវឌ្ឍន៍​មួយ​ចំនួន​​ដែល​យើង​ធ្លាប់​មាន សូម្បី​តែការអភិវឌ្ឍន៍​នៅក្នុង​រយៈពេល​ពីរបី​ខែ​ចុង​ក្រោយ​នេះ​ក្តី » ។

    ដោយ​គិត​ពី​បទពិសោធន៍​ផ្ទាល់​របស់​លោក អែលឌើរ​ហូឡិន​បាន​​មាន​ប្រសាសន៍​ថា « ខ្ញុំ​ស្រឡាញ់​ថ្នាក់​សិក្ខាសាលា ខ្ញុំស្រឡាញ់​ថ្នាក់​នេះ​ពេញ​មួយ​ជីវិត​ខ្ញុំ » ។

    លោក​បាន​ពន្យល់​ថា ថ្នាក់​សិក្ខាសាលា​គឺ​ជា​ឧបករណ៍​ដ៏​មាន​តម្លៃ​សម្រាប់​យុវវ័យ​ក្នុង​សាសនាចក្រ ដោយសារ​ថ្នាក់​នេះ​នាំ​ពួកគេ​ឲ្យ​សិក្សា​បទដ្ឋាន​ព្រះគម្ពីរ ហើយ​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ព្រះអង្គសង្គ្រោះ​កាន់តែ​ច្បាស់ និង​ផ្តោត​លើ​ការបង្រៀន​របស់​ទ្រង់ ។

    អែលឌើរ​ក្លាក​មាន​ប្រសាសន៍​ថា « យើង​ដឹង​ថា ពួកយុវវ័យ​របស់យើង​ត្រូវ​តែ​ប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ពួកគេ​ត្រូវ​តែ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​ជាមួយ​ព្រះគម្ពីរ ។ ហើយ​យើង​ទទួល​អារម្មណ៍​ថា តាមរយៈការសិក្សា​ឲ្យ​កាន់តែ​ស៊ីជម្រៅ នោះ​យើង​នឹង​អាច​ជួយ​ពួកគេ​ឲ្យ​មាន​បទពិសោធន៍​នោះ​បាន ។ ដូច្នេះ ខ្ញុំ​គិត​ថា នោះ​គឺជា​អត្ថប្រយោជន៍​មួយ​ផ្សេង​ទៀត​ពី​ការផ្លាស់ប្តូរ​នេះ » ។

    ស៊ីស្ទើរ​ខ័រដុន​បាន​សង្កត់​ធ្ងន់​ថា ការផ្តល់​ឱកាស​កាន់តែច្រើន​ដល់​ពួកយុវវ័យ​ឲ្យ​​យក​អ្វី​ដែល​ពួកគេ​រៀន​ក្នុង​ថ្នាក់​សិក្ខាសាលា ទៅ​គេហដ្ឋាន​របស់​ពួកគេ ហើយ​ប្រើ​វា​ដើម្បី​បង្រៀន និង​ថ្លែង​ទីបន្ទាល់​ដល់​ក្រុមគ្រួសារ​ពួកគេ​នឹង « ពង្រីកព្រលឹង​របស់​ពួកគេ » ហើយ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « មាន​អ្វី​មួយ​ផ្លាស់ប្តូរ ពេល​យុវវ័យ​ម្នាក់​ស្តាប់​ឮ​ខ្លួន​ឯង​និយាយ​អំពី​ព្រះគ្រីស្ទ » ។

    យុទ្ធសាស្ត្រ​ដ៏​សាមញ្ញ

    ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ​បាន​ពន្យល់​ថា ការសម្របឲ្យ​​ត្រូវគ្នា​ថ្មី​នេះ​នឹង​នាំ​​មក​នូវ​ការផ្លាស់ប្តូរ​ជាច្រើន ប៉ុន្តែ​ពួកលោក​បាន​សម្គាល់​ឃើញ​ថា តាមរយៈការបើក​ដួងចិត្ត​ទទួល​ការផ្លាស់ប្តូរ និង​មាន​ឆន្ទៈ​រៀនសូត្រ នោះ​កម្មវិធី និង​កាលវិភាគ​ថ្មីនេះ​នឹង​មាន​ប្រសិទ្ធភាព​​ដល់​ថ្នាក់​សិក្ខាសាលា​នៅទូទាំង​ពិភពលោក ។

    ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ពន្យល់​ថា ជាជាង​សិក្សា​ព្រះគម្ពីរ​ផ្សេងៗ​​គ្នា​សម្រាប់​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ថ្នាក់​សិក្ខាសាលា និង​ការសិក្សា​ផ្ទាល់​របស់​ពួកគេ នោះ​ការផ្លាស់ប្តូរ​ទាំង​នេះ​នឹង​អនុញ្ញាត​ឲ្យ​យុវវ័យ​ចំណាយ​ពេល​​កាន់តែ​ច្រើន ដើម្បី​យល់ និង​អនុវត្ត​ការបង្រៀន​របស់​ព្រះគ្រីស្ទ​ពី​គម្ពីរ​តែ​មួយ ។

    ដោយ​សម្គាល់​ពី​ភាពញឹកញាប់​ដែល​គាត់​បាន​ឮ​ពួកយុវវ័យ​សួរ​ថា តើ​ចំណុច​ណា​មួយ​នៃការសិក្សា​ដែល​ពួកគេ​គួរ​តែ​ផ្តល់​អាទិភាព ? នោះ​ស៊ីស្ទើរខ័រដុន​បាន​ថ្លែង​ថា « ពរជ័យ​មួយ​ដែល​ខ្ញុំ​គិត គឺវា​ជាក់ស្តែង​ណាស់ ពរជ័យ​នោះ​គឺ​ភាព​សាមញ្ញ » ។ ថ្នាក់ដឹកនាំ​បាន​ពន្យល់​ថា ការធ្វើឲ្យ​ការសិក្សា​ដំណឹងល្អ​មាន​ភាព​សាមញ្ញ អាច​នាំ​ទៅ​រក​ការយល់ដឹង​ស៊ីជម្រៅ និង​ធ្វើ​ឲ្យ​មាន​ការប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង​ឡើង​លើ​ព្រះអង្គសង្គ្រោះ ។

    ដោយ​បាន​ពន្យល់​ថា យុទ្ធសាស្ត្រ​ថ្មីនេះ​នឹង​ពង្រីក​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ធ្វើ​ឲ្យ​មាន​ការរៀនសូត្រ​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ថ្នាក់​រៀន និង​នៅ​គេហដ្ឋាន នោះ​បងប្រុស​វែប​បាន​មាន​ប្រសាសន៍​ថា លើស​ពី​នេះ​ទៀត ខណៈ​ដែល​កម្មវិធី​សិក្សា​ចាស់​របស់​ថ្នាក់​សិក្ខាសាលា​ប្រើ​យុទ្ធសាស្ត្រ​តាម​ប្រធាន​បទ ឬរៀន​ព្រះគម្ពីរ​តាម​លំដាប់លំដោយ នោះ​យុទ្ធសាស្ត្រ​ថ្មី​នេះ​​នឹង​បង្កើត​ការបញ្ចូល​គ្នា​នៃ​ការបង្រៀន និង​ការសិក្សា​តាម​ប្រធាន​បទ និង​តាម​លំដាប់លំដោយ​​នោះ ។

    បងប្រុស​វែប​បាន​មាន​ប្រសាសន៍​ថា ការដាក់​បញ្ចូល​គ្នា​តាម​ប្រធាន​បទ និង​តាម​លំដាប់លំដោយ​នេះ​នឹង « ជួយ​ពួកគេ​ឲ្យ​នៅ​តែ​ចូលចិត្ត​ព្រះគម្ពីរ ហើយ​តោង​ជាប់​ទៅ​នឹង​អ្វី​ដែល​ព្រះគម្ពីរ​បង្រៀន ប៉ុន្តែ​តាម​របៀប​មួយ​ដែល​ទាក់ទង​ទៅ​នឹង​ពួកគេ ហើយ…នោះ​គឺ​មាន​តម្លៃ​ខ្លាំង​បំផុត​នៅ​គ្រា​នេះ​ក្នុង​ជីវិត​របស់​ពួកគេ » ។

    អែលឌើរ​ក្លាក​បាន​បន្ថែ​ម​ថា « យើង​ចង់…ផ្តល់​ឱកាស​ឲ្យ​សិស្ស​មុជ​ចូល​កាន់តែ​ជ្រៅ ហើយ​ពិតជាយល់​គោលលទ្ធិ​នៃ​ដំណឹងល្អ…យើង​ក៏​ចង់​ឲ្យ​ពួកគេ​​អាច​មើល​ឃើញ អំណាច​ដែល​កើត​មក​ពី​​ការដាក់​បញ្ចូល​​នូវ​ព្រះគម្ពីរ​ផ្សេងៗ​ជាមួយ​គ្នា​នេះ​ផងដែរ ។ ដូច្នេះ ខណៈ​ដែល​យើង​កំពុង​សិក្សា​ព្រះគម្ពីរ​មរមន នោះ​យើង​អាច​ទទួល​បាន​ការយល់​ដឹង​មកពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​ផងដែរ » ។

    អែលឌើរក្លាក​បាន​ពន្យល់​ថា មាន​អំណាច​នៅក្នុង​ការយល់​​ពី​របៀប​ដែល​ព្រះគម្ពីរ​លាយ​បញ្ចូល​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក តាមរយៈ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ហើយ​ពេល​សិស្ស​យល់​ពី​គោលការណ៍​នៃ​ដំណឹងល្អ នោះ​ពួកគេ​អាច​រស់នៅ​តាម​អ្វីៗ​ទាំង​នោះ ។ លោក​បាន​មាន​ប្រសាសន៍​ថា ហើយ​នៅពេល​ពួកគេ​រៀន​ដើម្បី​រស់នៅតាម​គោលលទ្ធិ និង​គោលការណ៍ទាំង​នោះ​ដោយ​ពិតប្រាកដ នោះ​ពួកគេ​អាច « ក្លាយ​ជា​មនុស្ស​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ពួកគេ​ប្រែក្លាយ » ។