រំលង​ការ​រុករក​ចម្បង

ការប្រមូល​ផ្ដុំ​គ្រួសារ​របស់​ព្រះ

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​រីករាយ​ចំពោះ​ឱកាស​នៅ​ជាមួយ​បងប្អូន​នៅ​ពេល​ចាប់ផ្ដើម​សម័យ​ប្រជុំ​នៃ​សន្និសីទ​ទូទៅ​នេះ ។ ខ្ញុំ​សូម​ស្វាគមន៍​បងប្អូន​យ៉ាង​កក់ក្ដៅ ។

សន្និសីទទូទៅ​តែងតែ​ជា​ពេល​នៃ​ការប្រមូល​ផ្ដុំ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ តាំង​ពី​យូរ​មក​ហើយ សាសនាចក្រ​មាន​លទ្ធភាព​ប្រមូល​ផ្ដុំ​ពួក​បរិសុទ្ធ​នៅ​ទីតាំង​មួយ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ប្រទាន​មធ្យោបាយ​សម្រាប់​ពរជ័យ​នៃ​សន្និសីទ​ទូទៅ ដើម្បី​ចាក់ផ្សាយ​ទៅ​គ្រប់​ទីកន្លែង​ដែល​បងប្អូន​នៅ ។ ទោះ​ជា​វា​ជា​រឿង​គួរ​ឲ្យ​រំភើប​ដែល​បាន​ឃើញ​ពួកបរិសុទ្ធ​មក​ប្រជុំ​គ្នា​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​ដ៏​ធំ​នេះ​ក្ដី យើង​ដែល​ជា​អ្នក​ឈរ​នៅ​លើ​វេទិកា​នេះ ក៏​តែងតែ​គិត​ស្រមៃ​ដល់​មនុស្ស​រាប់លាន​នាក់ ដែល​ប្រមូល​ផ្ដុំ​គ្នា​ជាមួយ​យើង​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​មើល ហើយ​ស្ដាប់​សន្និសីទ​នេះ​ដែរ ។ បងប្អូន​ជា​ច្រើន​នាក់​ប្រមូលផ្ដុំ​គ្នា​ជាមួយ​គ្រួសារ អ្នក​ខ្លះ​ទៀត​ជាមួយ​មិត្តភក្ដិ ឬ សមាជិក​សាសនាចក្រ ។

មិន​ថា​បងប្អូន​នៅ​ទីណា និង​មិន​ថា​បងប្អូន​ស្ដាប់​ឮ​សំឡេង​ខ្ញុំ​តាម​របៀប​ណា​នោះ​ទេ សូម​ដឹង​ថា ទោះជា​បងប្អូន​មិន​នៅ​ទីនេះ​ជាមួយ​យើង​ក្ដី យើង​មាន​អារម្មណ៍​ថា បងប្អូន​រួបរួម​ជាមួយ​យើង​ខាង​វិញ្ញាណ ។ យើង​សង្ឃឹម​ថា បងប្អូន​នឹង​មាន​អារម្មណ៍​រួបរួម​ជាមួយ​យើង—ថា​បងប្អូន​នឹង​មាន​អំណាច​ខាង​វិញ្ញាណ ដែល​កើត​ចេញ​ពី គ្រប់​ទីកន្លែង​ដែល​ក្រុម​អ្នក​ជឿ​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ថ្ងៃ​នេះ ខ្ញុំ​មាន​ការបំផុសគំនិត​ឲ្យ​ថ្លែង​ទៅ​កាន់​បងប្អូន អំពី​ការប្រមូលផ្ដុំ​មួយ​ប្រភេទ​ទៀត ។ ការប្រមូល​ផ្ដុំ​ប្រភេទ​នេះ​មិន​គ្រាន់តែ​កើតឡើង​រាល់​ប្រាំមួយ​ខែ​ម្ដង ដូច​សន្និសីទទូទៅ​ប៉ុណ្ណោះ​ទេ ។ ផ្ទុយទៅវិញ វា​បាន​បន្ត​ឥត​ឈប់ឈរ​ចាប់តាំង​ពី​ជំនាន់​ដំបូង​នៃ​ការស្ដារឡើងវិញ​នៃ​សាសនាចក្រ​មក​ម៉្លេះ ហើយ​វា​ត្រូវបាន​ពន្លឿន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ។ ខ្ញុំ​សំដៅ​ទៅ​លើ ការប្រមូលផ្ដុំ​គ្រួសារ​របស់​ព្រះ ។

ដើម្បី​ពិពណ៌នា​អំពី​ការប្រមូលផ្ដុំ​នេះ វា​ជា​រឿង​ល្អ​ដែល​គួរ​ចាប់ផ្ដើម​និយាយ​អំពី​គ្រា​ពី​មុន​យើង​កើត​មក គឺ​ពី​មុន​អ្វី​ដែល​ព្រះគម្ពីរ​ប៊ីប​ហៅ​ថា « ដើម​ដំបូង » ទៀត​ឯ​ណោះ ( លោកុប្បត្តិ ១:១ ) ។ គ្រា​នោះ យើង​បាន​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ជា​កូន​វិញ្ញាណរបស់​ទ្រង់ ។ រឿង​នេះ​ពិត​សម្រាប់​មនុស្ស​គ្រប់​រូប ដែល​បាន​រស់នៅ​លើ​ផែនដី​នេះ ។

បងប្អូន​ឃើញ​ទេ ពាក្យ « បងប្អូនប្រុស » និង « បងប្អូនស្រី » មិន​គ្រាន់​តែ​ជា​ពាក្យ​នៃ​ការគោរព​ដ៏​រាក់ទាក់ ឬ ដែល​មាន​ក្ដី​ស្រឡាញ់​ប៉ុណ្ណោះ​ទេ ។ ពាក្យ​ទាំងនេះ​គឺ​ជា​ការបង្ហាញ​ពី​សេចក្ដីពិត​អស់កល្ប​ជានិច្ច​មួយ​គឺ ៖ ព្រះ​គឺ​ពិត​ជា​ព្រះវរបិតា​នៃ​មនុស្ស​លោក​ទាំងអស់ យើង​គឺ​ជា​សមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។ ដោយសារតែ​ទ្រង់​ស្រឡាញ់​យើង​ដោយ​ក្ដីស្រឡាញ់​នៃ​ព្រះវរបិតា​ដ៏​ឥតខ្ចោះ ទើប​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​រីកចម្រើន ហើយ​ឆ្ពោះ​ទៅ​មុខ ហើយ​ប្រែ​ក្លាយ​ដូច​ទ្រង់ ។ ទ្រង់​បាន​បង្កើត​ផែនការ​មួយ​ដែល​តម្រូវ​ឲ្យ​យើង​មក​កើត​លើ​ផែនដី​ជា​គ្រួសារ ហើយ​ទទួល​បទពិសោធន៍​នានា ដែល​រៀបចំ​យើង​ឲ្យ​ត្រឡប់​ទៅ​ឯ​ទ្រង់​វិញ ហើយ​មាន​ជីវិត​ដូច​ទ្រង់ ។

ធាតុ​សំខាន់​ក្នុង​ផែនការ​នេះ​គឺ​ជា​ការសន្យា​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​ពលី​ព្រះកាយ​ទ្រង់​ជា​ការពលិកម្ម ដើម្បី​សង្គ្រោះ​យើង​ពី​អំពើបាប និង សេចក្ដីស្លាប់ ។ ការងារ​របស់​យើង​នៅ​ក្នុង​ផែនការ​នោះ គឺ​ត្រូវ​ទទួល​យក​ការពលិកម្ម​របស់​ព្រះអង្គសង្គ្រោះ តាមរយៈ​ការគោរពប្រតិបត្តិ​តាម​ក្រឹត្យវិន័យ និង ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ។ បងប្អូន និង ខ្ញុំ​បាន​ទទួលយក​ផែនការ​នេះ ។ ប្រាកដណាស់ យើង​បាន​រីករាយ​នឹង​ផែនការ​នេះ ទោះជា​យើង​ត្រូវ​ចេញ​ពី​វត្តមាន​ព្រះវរបិតា ទាំង​ភ្លេច​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​មាន​ជាមួយ​ទ្រង់​ក្ដី ។

យើង​មិន​បាន​មក​កើត​លើ​ផែនដី​ដោយ​គ្មាន​ការយល់ដឹង​អ្វី​បន្តិច​នោះ​ទេ ។ យើង​ម្នាក់ៗ​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ចំណែក​នៃ​ពន្លឺ​របស់​ព្រះ ដែល​ថា​ហៅ « ពន្លឺ​នៃ​ព្រះគ្រីស្ទ » ដើម្បី​ជួយ​យើង​ឲ្យ​បែងចែក​រវាង​ល្អ និង អាក្រក់ ត្រូវ និង ខុស ។ នេះ​ជា​មូលហេតុ​ដែល​អ្នក​ទាំងឡាយ​ដែល​រស់នៅ​ដោយ​មាន​ចំណេះដឹង​តែ​បន្តិច ឬ គ្មាន​សោះ អំពី​ផែនការ​របស់​ព្រះវរបិតា ក៏​នៅ​តែ​អាច​ដឹង​ក្នុង​ចិត្ត​ពួកគេ​ថា អំពើ​ខ្លះ​គឺ​ត្រឹមត្រូវ មាន​សីលធម៌ ខណៈ​ដែល​អំពើ​ខ្លះ​ទៀត​ពុំ​មាន ។

ការញាណ​ដឹង​របស់​យើង​អំពី​អ្វី​ដែល​ត្រូវ និង ខុស ហាក់ដូចជា​កាន់តែ​ច្បាស់ ជា​ពិសេស​នៅ​ពេល​យើង​ចិញ្ចឹម​បីបាច់​កូនៗ ។ ឪពុកម្ដាយ​ស្ទើរតែ​គ្រប់​រូប មាន​បំណង​បង្រៀន​កូនៗ​ខ្លួន​អំពី​គុណធម៌​ខាង​សីលធម៌ ។ នេះ​គឺ​ជា​ចំណែក​នៃ​អព្ភូតហេតុ​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បុត្រាបុត្រី​ទ្រង់​មក​កើត​លើ​ផែនដី ដោយ​ធ្វើតាម​លំនាំ​អស់កល្ប​ជានិច្ច​នៃ​គ្រួសារ​ដែល​មាន​នៅ​ស្ថានសួគ៌ ។ គ្រួសារ​គឺ​ជា​ស្ថាប័ន​នៅ​ស្ថាន​ដ៏​អស់កល្ប ដូច្នេះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ស្ថាប័ន​ទាំងនោះ​ក្លាយ​ជា​ស្ថាប័ន​សំខាន់​លើ​ផែនដី​ដែរ ។ ទោះជា​គ្រួសារ​លើ​ផែនដី​មិន​ល្អ​ឥតខ្ចោះ​ក្ដី ស្ថាប័ន​ទាំងនោះ​ផ្ដល់​ឱកាស​ពិសេស​ឲ្យ​បុត្រាបុត្រី​ព្រះ ត្រូវបាន​ស្វាគមន៍​មក​កាន់​ពិភពលោក​ដោយ​មាន​ក្ដីស្រឡាញ់​តែ​មួយ​គត់​លើ​ផែនដី ដែល​កាន់តែ​ដូច​អារម្មណ៍​ដែល​យើង​បាន​មាន​នៅស្ថានសួគ៌—ជា​ក្ដីស្រឡាញ់​របស់​មាតាបិតា ។ គ្រួសារ​ក៏​ជា​មធ្យោបាយ​មួយ​ប្រសើរ​បំផុត​ដើម្បី​រក្សា ហើយ​បន្ត​គុណធម៌​ខាង​សីលធម៌ និង គោលការណ៍​ពិត​នានា ដែល​នឹង​ដឹកនាំ​យើង​ត្រឡប់​ទៅ​ឯ​វត្តមាន​ព្រះ​វិញ ។

មាន​បុត្រាបុត្រី​របស់​ព្រះ​តែ​បន្តិច​ប៉ុណ្ណោះ ដែល​មាន​ការយល់ដឹង​ពេញលេញ​អំពី​ផែនការ​ព្រះ​អំឡុង​ជីវិត​នេះ ទាំង​អាច​ទទួល​បាន​នូវ​ពិធីបរិសុទ្ធ និង សេចក្ដីសញ្ញា​នៃ​បព្វជិតភាព ដែល​ធ្វើ​ឲ្យ​ព្រះចេស្ដា​ធួន​របស់​ព្រះអង្គសង្គ្រោះ​មាន​ប្រសិទ្ធភាព​យ៉ាង​ពេញលេញ​ក្នុង​ជីវិត​យើង ។ ទោះជា​អ្នក​ទាំងនោះ​មាន​ឪពុកម្ដាយ​ដ៏​ល្អ រស់នៅ​យ៉ាង​ស្មោះត្រង់​តាម​ពន្លឺ​ដែល​ពួក​លោក​មាន​ក្ដី ក៏​អ្នក​ទាំងនោះ​មិន​ដែល​បាន​ឮ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ឬ ត្រូវបាន​អញ្ជើញ​ឲ្យ​ទទួល​បុណ្យជ្រមុជទឹក​ក្នុង​ព្រះ​នាម​ទ្រង់​ដែរ ។ នេះ​ជា​រឿង​ពិត​ចំពោះ​បងប្អូន​ប្រុសស្រី​យើង​រាប់​កោដិ​នាក់ ពាសពេញ​ពិភពលោក ។

មនុស្ស​ខ្លះ​អាច​គិត​ថា រឿង​នេះ​អយុត្តិធម៌ ។ ពួកគេ​ថែមទាំង​លើក​រឿង​នេះ​ជា​ភស្ដុតាង​ថា គ្មាន​ផែនការ គ្មាន​តម្រូវការ​ឲ្យ​មាន​សេចក្ដីសង្គ្រោះ​អ្វី​ទេ—ជា​អារម្មណ៍​ដែល​ថា ព្រះ​ដ៏​យុត្តិធម៌ និង ពេញ​ដោយ​ក្ដីស្រឡាញ់ ពុំ​បាន​បង្កើត​ផែនការ​ដែល​មាន​សម្រាប់​បុត្រាបុត្រី​មួយ​ចំណែក​តូច​របស់​ទ្រង់​ឡើយ ។ មនុស្ស​ខ្លះ​ទៀត​អាច​ជឿ​ថា ព្រះ​ច្បាស់​ជា​បាន​សម្រេច​ថា​បុត្រាបុត្រី​ណា​ដែល​នឹង​បាន​សង្គ្រោះ ហើយ​ធ្វើ​ឲ្យ​ដំណឹងល្អ​មាន​ក្នុង​ជីវិត​ពួកគេ ខណៈ​ដែល​បុត្រាបុត្រី​ខ្លះ​ទៀត មិន​ដែល​បាន​ឮ​ដំណឹងល្អ ហើយ​មិន​ត្រូវបាន « ជ្រើសរើស » ឡើយ ។

ប៉ុន្តែ​បងប្អូន និង ខ្ញុំ​ដឹង​ថា ដោយសារតែ​សេចក្ដីពិត​ត្រូវបាន​ស្ដារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ នោះ​ផែនការ​របស់​ព្រះ​ពេញ​ដោយ​ក្ដីស្រឡាញ់ ហើយ​ធំធេង​លើស​ការណ៍​នោះ​ទៅ​ទៀត ។ ព្រះវរបិតាសួគ៌​យើង មាន​ព្រះទ័យ​រីករាយ​ដើម្បី​ប្រមូលផ្ដុំ ហើយ​ប្រទានពរ​ដល់​គ្រួសារ​ទ្រង់ ។ ទោះជា​ទ្រង់​ជ្រាប​ថា មិន​មែន​បុត្រាបុត្រី​ទ្រង់​ទាំងអស់​នឹង​ជ្រើសរើស​ដើម្បី​បាន​ប្រមូលផ្ដុំ​ក្ដី ក៏​ផែនការ​ទ្រង់ ផ្ដល់​ឲ្យ​ពួកគេ​នូវ​ឱកាស​ដើម្បី​ទទួលយក ឬ បដិសេធ​ការអញ្ជើញ​របស់​ទ្រង់​ដែរ ។ គ្រួសារ​គឺ​ជា​ផ្នែក​សំខាន់​នៃ​ផែនការ​នេះ ។

ច្រើន​សតវត្សរ៍​មក​ហើយ ព្យាការី ម៉ឡាគី មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នឹង​មក​ដល់ ព្រះ​នឹង​បញ្ជូន អេលីយ៉ា ឲ្យ « បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ » ( ម៉ាឡាគី ៤:៦ ) ។

ការព្យាករ​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​ព្រះអង្គសង្គ្រោះ​បាន​លើក​ប្រសាសន៍​នេះ​ឡើង កាល​ទ្រង់​បាន​យាង​ទៅ​ឯ​ទ្វីប​អាមេរិក​បន្ទាប់​ពី​មាន​ព្រះជន្ម​រស់ឡើងវិញ ( សូម​មើល នីហ្វៃទី៣ ២៥:៥–៦ ) ។ ហើយ​កាល​ទេវតា​មរ៉ូណៃ​បាន​យាង​មក​ជួប​ព្យាការី យ៉ូសែប ស្ម៊ីធ ទ្រង់​ក៏​បាន​លើក​ឡើង​នូវ​ការព្យាករ​អំពី​អេលីយ៉ា និង ដួងចិត្ត ឪពុក និង កូន​ដែរ ( សូម​មើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៣៦–៣៩ ) ។

ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី១ ខែ​មេសា ។ ពីរ​ថ្ងៃ​ទៀត​បន្ទាប់​ពី​ថ្ងៃ​នេះ គឺ​នៅ​ថ្ងៃ​ទី៣ ខែ​មេសា ជា​ការ​គូស​ចំណាំ​រយៈ​ពេល ១៨១​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ដែល​ការព្យាករ​របស់​ម៉ាឡាគី​ត្រូវបាន​បំពេញ ។ នៅ​ថ្ងៃ​នោះ អេលីយ៉ា​ពិត​ជា​បាន​យាង​មក​មែន ហើយ​ទ្រង់​បាន​ប្រទាន​អំណាច​បព្វជិតភាព​ដើម្បី​ផ្សារភ្ជាប់​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប ទៅ​ដល់ យ៉ូសែប ស៊្មីធ ( សូម​មើល គ. និង ស. ១១០:១៣–១៦ ) ។

ចាប់​ពី​ថ្ងៃ​នោះ​មក​ដល់​ថ្ងៃ​នេះ ចំណាប់​អារម្មណ៍​មនុស្ស​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ក្នុង​ការស្រាវជ្រាវ​ពង្សប្រវត្តិ បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ ដោយ​មាន​អត្រា​កើនឡើង​ជា​លំដាប់ មនុស្ស​ហាក់ដូចជា​ខិត​ជិត​បុព្វការីជន​របស់​ខ្លួន ខ្លាំង​ជាង​ការចង់ដឹង​ជា​ធម្មតា​ទៅ​ទៀត ។ បណ្ណាល័យ​ពង្សាវតា សមាគម និង បច្ចេកវិទ្យា​បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​លើ​កិច្ចការ​នេះ ។ អំណាច​នៃ​អ៊ិនធើរណែត​ក្នុង​ការភ្ជាប់​ទំនាក់ទំនង បាន​ធ្វើ​ឲ្យ​គ្រួសារ​ខិតខំ​រួមគ្នា​ក្នុង​ការស្រាវជ្រាវ​ពង្សប្រវត្តិ​ក្នុង​ល្បឿន និង ភាពល្អិតល្អន់​មិន​ធ្លាប់​មាន​ពី​មុន ។

ហេតុអ្វី​បាន​ជា​រឿង​នេះ​កើតឡើង ? ដោយ​គ្មាន​ពាក្យ​ណា​ប្រសើរ​ជាង​នេះ យើង​ហៅ​វា​ថា « វិញ្ញាណ​នៃ​អេលីយ៉ា » ។ យើង​អាច​ហៅ​ដូចគ្នា​ថា « ការបំពេញ​ការព្យាករ » ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទេវតា​អេលីយ៉ា​ពិត​ជា​បាន​យាង​មក​មែន ។ ដួងចិត្ត​នៃ​កូនចៅ—របស់​បងប្អូន និង ខ្ញុំ—បាន​បង្វែរ​ទៅ​កាន់​ឪពុក ដែល​ជា​បុព្វការីជន​របស់​យើង ។ សេចក្ដីស្រឡាញ់​ដែល​បងប្អូន​មាន​ចំពោះ​បុព្វការីជន គឺ​ជា​ចំណែក​នៃ​ការបំពេញ​ការព្យាករ​នោះ​ឯង ។ វា​អាស្រ័យ​ទាំងស្រុង​ទៅ​លើ​ការញាណ​ដឹង​របស់​បងប្អូន ថា​បងប្អូន​ជា​នរណា ។ ប៉ុន្តែវា​លើស​ពី​ប្រព័ន្ធ​តំណពូជ​ដែល​យើង​ទទួល​បាន​ពី​បុព្វការីជន​យើង​ទៅ​ទៀត ។

ឧទាហរណ៍ ពេល​បងប្អូន​ធ្វើតាម​ការបំផុសគំនិត​ដើម្បី​រៀន​អំពី​ពង្សប្រវត្តិ បងប្អូន​អាច​នឹង​ឃើញ​ថា សាច់ញាតិ​ឆ្ងាយ​ម្នាក់​មាន​មុខ​ស្រដៀង ឬ ចូលចិត្ត​អាន​សៀវភៅ ឬ មាន​ទេពកោសល្យ​ច្រៀង​ដូច​បងប្អូន​ដែរ ។ ការណ៍​នេះ​អាច​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​យល់​ច្បាស់​ទៀត​ផង ។ ប៉ុន្តែ​បើ​បងប្អូន​ឈប់​នៅ​ត្រឹម​នោះ បងប្អូន​នឹង​ដឹង​ថា ខកខាន​អ្វី​មួយ ។ រឿងនេះ​គឺ​ដោយសារ​តែ​ការប្រមូលផ្ដុំ និង ការរួបរួម​គ្រួសារ​របស់​ព្រះ តម្រូវ​ឲ្យ​មាន​លើស​ពី​ការ​គ្រាន់​តែ​មាន​អារម្មណ៍​ក្ដីស្រឡាញ់​ទៅ​ទៀត ។ វា​តម្រូវ​ឲ្យ​មាន​សេចក្ដីសញ្ញា​ពិសិដ្ឋ ដែល​ធ្វើ​ឡើង​ដោយ​មាន​ទំនាក់ទំនង​ជាមួយ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ។

បុព្វការីជន​របស់​បងប្អូន​ជា​ច្រើន​នាក់ ពុំ​បាន​ទទួល​ពិធីបរិសុទ្ធ​ទាំងនោះ​ឡើយ ។ ប៉ុន្តែ​ព្រះ​បាន​ប្រទាន​មធ្យោបាយ​ដើម្បី​ឲ្យ​អ្នក​អាច​ធ្វើ​បាន ។ ហើយ​ព្រះ​ជ្រាប​ថា បងប្អូន​នឹង​មាន​អារម្មណ៍​ខិត​ទៅ​ជិត​បុព្វការីជន​របស់​ខ្លួន​ក្នុង​ក្ដីស្រឡាញ់ ហើយ​ថា​បងប្អូន​មាន​បច្ចេកវិទ្យា​ចាំបាច់​ដើម្បី​ស្គាល់ពួកគាត់ ។ ទ្រង់​ក៏​ជ្រាប​ដែរ​ថា បងប្អូន​នឹង​រស់នៅ​ក្នុង​គ្រា​ដែល​អាច​ទៅ​ព្រះវិហារបរិសុទ្ធ​បាន ជា​ទី​ដែល​ពិធីបរិសុទ្ធ​ទាំងឡាយ​ត្រូវបាន​ធ្វើ​ឡើង ដែល​អស្ចារ្យ​ជាង​ពេល​ណា​ៗ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ ។ ហើយ​ទ្រង់​បាន​ជ្រាប​ថា ទ្រង់​អាច​ទុក​ព្រះទ័យ​លើ​បងប្អូន​ឲ្យ​ធ្វើ​កិច្ចការ​នេះ ជំនួស​បុព្វការីជន​របស់​បងប្អូន ។

ប្រាកដណាស់ យើង​មាន​ការទទួលខុសត្រូវ​បន្ទាន់ និង សំខាន់ ដែល​ត្រូវការ​ការយកចិត្ត​ទុកដាក់ និង ពេលវេលា​របស់​យើង ។ យើង​ទាំងអស់​គ្នា​មាន​កិច្ចការ​ដែល​ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ធ្វើ ដែល​លើស​ពី​សមត្ថភាព​របស់​យើង​ទៅ​ទៀត ។ សំណាង​ល្អ ព្រះអម្ចាស់​ប្រទាន​មធ្យោបាយ​ឲ្យ​យើង​ម្នាក់ៗ​មាន​ទំនុកចិត្ត និង ការពេញចិត្ត​លើ​រាល់​ការងារ​របស់​យើង រួមទាំង​ការងារ​ពង្សប្រវត្តិ​ផង ។ យើង​មាន​ភាពរឹងមាំ​ដើម្បី​ធ្វើ​អ្វី​ដែល​ទ្រង់​បញ្ជា​យើង​ឲ្យ​ធ្វើ តាមរយៈ​សេចក្ដីជំនឿ​ដែល​ជឿ​ថា ព្រះអម្ចាស់​នឹង​មិន​ប្រទាន​ព្រះបញ្ញត្តិ​ឡើយ « លើកលែង​តែ ទ្រង់​នឹង​រៀបចំ​ផ្លូវ ដើម្បី​ឲ្យ [ យើង ] អាច​សម្រេច​នូវ​អ្វី ៗ ដែល​ព្រះ​អង្គសង្គ្រោះ​បាន​បញ្ជា​ដល់ [ យើង ] ទុក​ជា​មុន​សិន » (នីហ្វៃទី១ ៣:៧

តាម​បទពិសោធន៍​ខ្ញុំ ខ្ញុំ​ដឹង​ថា​រឿង​នេះ​ពិត ។ ច្រើន​ឆ្នាំ​កន្លង​ទៅ កាល​ខ្ញុំ​ជា​និស្សិត​សាកលវិទ្យាល័យ ខ្ញុំ​បាន​ជួប​បុរស​ម្នាក់​ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​កុំព្យូទ័រ​ដ៏​ធំ​មួយ​លើ​ពិភពលោក ។ កាល​នោះ​យើង​ទើបតែ​មាន​កុំព្យូទ័រ​ប្រើ ហើយ​ជា​រឿង​ចៃដន្យ​ដែល​ក្រុមហ៊ុន​របស់​គាត់​បាន​បញ្ជូន​គាត់ ឲ្យ​មក​លក់​កុំព្យូទ័រ​ដល់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ខ្ញុំ​អាច​ប្រាប់​ថា បុគ្គលិក​លក់​ម្នាក់​នេះ​មិន​ជឿ​លើ​សាសនា​ឡើយ ។ ប៉ុន្តែ​គាត់​បាន​ពោល​ដោយ​ងឿងឆ្ងល់ និង ភ្ញាក់ផ្អើល​ថា « នៅ​ក្នុង​សាសនាចក្រ​នេះ គេ​ធ្វើ​កិច្ចការ​មួយ​ហៅ​ថា ‹ ពង្សាវតា › ដែល​ស្វែងរក​ឈ្មោះ​មនុស្ស​ដែល​បាន​ស្លាប់ ហើយ​ព្យាយាម​ស្រាវជ្រាវ​បុព្វការីជន​របស់​ខ្លួន ។ មនុស្ស ភាគ​ច្រើន​ជា​ស្ត្រី​បាន​ស្វែងរក​ក្នុង​ទូ​ដាក់​ឯកសារ​ពី​មួយ​ទៅ​មួយ ដើម្បី​ស្រាវជ្រាវ​តាមរយៈ​កាត​ព័ត៌មាន​តូចៗ ។ ប្រសិនបើ​ខ្ញុំ​ចាំ​ត្រូវ គាត់​បាន​និយាយ​ថា ស្ត្រី​ទាំង​នោះ​ពាក់​ស្បែង​ជើង​លេង​កីឡា​ធេននីស ដូច្នោះ​ពួកគេ​អាច​រត់​បាន​លឿន​ជាង​មុន​បន្តិច ។ បុរស​នោះ​បាន​រៀបរាប់​បន្ដ​ថា « កាល​ខ្ញុំ​បាន​ឃើញ​ពី​វិសាលភាព​នៃ​កិច្ចការ​ដែល​ពួកគេ​កំពុង​ធ្វើ​នេះ ខ្ញុំ​ទទួលស្គាល់​ថា ខ្ញុំ​បាន​រកឃើញ​មូលហេតុ​នៃការ​បង្កបង្កើត​កុំព្យូទ័រ » ។

គាត់​និយាយ​ត្រូវ​ខ្លះ​ដែរ ។ កុំព្យូទ័រ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ចំពោះ​កិច្ចការ​ពង្សប្រវត្តិ​នា​ពេល​អនាគត—ប៉ុន្តែ​មិន​មែន​ជា​កុំព្យូទ័រ​ដែល​គាត់​កំពុង​លក់​នោះ​ទេ ។ អ្នក​ដឹកនាំ​សាសនាចក្រ​ម្នាក់​បាន​សម្រេចចិត្ត​មិន​ទិញ​កុំព្យូទ័រ​របស់​គាត់​ឡើយ ។ សាសនាចក្រ​ត្រូវ​រង់ចាំ​បច្ចេកវិទ្យា​មួយ​ប្រភេទ ដែល​កាល​នោះ​ពុំ​ទាន់​បង្កើត​ឡើង​នៅ​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​បាន​រៀន​ជា​ច្រើន​ឆ្នាំ​តាំង​ពី​ពេល​នោះ​មក​ថា ទោះជា​បច្ចេកវិទ្យា​អស្ចារ្យ​យ៉ាង​ណា​ក្ដី ក៏​មិន​អាច​ជំនួស​ឲ្យ​វិវរណៈ​មក​ពី​ស្ថានសួគ៌​បាន​ទេ ដូចជា​វិវរណៈ​ដែល​អ្នក​ដឹកនាំ​សាសនាចក្រ​រូប​នោះ​បាន​ទទួល​ជាដើម ។ នេះ​គឺ​ជា​កិច្ចការ​ខាង​វិញ្ញាណ ហើយ​ព្រះអម្ចាស់​ដឹកនាំ​កិច្ចការ​នេះ​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។

ទើបតែ​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ ខ្ញុំ​បាន​ស្រាវជ្រាវ​ពង្សប្រវត្តិ​ខ្ញុំ​ដោយ​មាន​អ្នក​ប្រឹក្សា​នៅ​ជាមួយ​ខ្ញុំ និង​អ្នក​ជួយ​ម្នាក់​ទៀត​តាម​ទូរសព្ទ ។ នៅ​លើអេក្រង់​កុំព្យូទ័រ​ពី​មុខ​ខ្ញុំ មាន​បញ្ហា​មួយ​ដែល​លើស​ពី​សមត្ថភាព​ខ្ញុំ​អាច​ដោះស្រាយ​បាន ។ ខ្ញុំ​បាន​ឃើញ​ឈ្មោះ​ពីរ​បាន​ផ្ញើ​មក​ខ្ញុំ​ពី​មនុស្ស​ដែល​អាច​នឹង​រង់ចាំ​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​តាម​មធ្យោបាយ​ដ៏​អស្ចារ្យ ។ ប៉ុន្ដែ​បញ្ហា​គឺ​ថា​ឈ្មោះ​ទាំងនោះ​ខុស​គ្នា ប៉ុន្តែ​មាន​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជឿ​ថា ឈ្មោះ​ទាំងនោះ​គឺ​ជា​មនុស្ស​តែ​មួយ ។ ការងារ​របស់​ខ្ញុំ​គឺ​ត្រូវ​កំណត់​នូវ​អ្វី​ដែល​ត្រឹមត្រូវ ។

ខ្ញុំ​បាន​សុំ​ឲ្យ​អ្នកប្រឹក្សា​របស់​ខ្ញុំ​ប្រាប់​ដល់​ខ្ញុំ ។ ពួកគេ​ប្រាប់​ថា « ទេ អ្នក​ត្រូវ​ជ្រើសរើស » ។ ពួកគេ​ដឹង​ច្បាស់​ថា​ខ្ញុំ​នឹង​រក​ឃើញ​សេចក្ដីពិត ។ កុំព្យូទ័រ​ដែល​មាន​នូវ​ប្រសិទ្ធភាព និង ព័ត៌មាន​របស់​វា បន្សល់​ទុក​ពរជ័យ​ឲ្យ​ខ្ញុំ​ឃើញ​ឈ្មោះ​ទាំងនោះ​នៅ​លើ​អេក្រង់ វាយតម្លៃ​ព័ត៌មាន​ដែល​មាន ស្រាវជ្រាវ​ឈ្មោះ​ផ្សេងៗ​ទៀត អធិស្ឋាន​ដោយ​ស្ងៀមស្ងាត់ ហើយ​រក​ឃើញ​ឈ្មោះ​ដែល​ត្រឹមត្រូវ ។ ពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​បាន​ដឹង​ប្រាកដ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ—ដូច​ពេល​ផ្សេងៗ​ទៀត​ដែល​ខ្ញុំ​ត្រូវ​ពឹងផ្អែក​លើ​ជំនួយ​សួគ៌ា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែរ ។

យើង​ពុំ​ដឹង​អំពី​អ្វី​ដែល​អស្ចារ្យ​ដែល​ព្រះ នឹង​បំផុស​មនុស្ស​ឲ្យ​បង្កើត​ដើម្បី​ជួយ​កិច្ចការ​ទ្រង់​ក្នុង​ការប្រមូលផ្ដុំ​គ្រួសារ​របស់​ទ្រង់​ឡើយ ។ ប៉ុន្តែ​ទោះជា​មាន​ការច្នៃប្រឌិត​អស្ចារ្យ​យ៉ាង​ណា​ក្ដី ការប្រើប្រាស់​របស់​វា​នៅតែ​តម្រូវ​ឲ្យ​មាន​ការធ្វើការ​ខាង​វិញ្ញាណ​ក្នុង​បងប្អូន និង ខ្ញុំ​ដែរ ។ យើង​មិន​គួរ​ភ្ញាក់ផ្អើល​នឹង​រឿង​នេះ​ទេ ។ នៅ​ទីបំផុត មនុស្ស​ដែល​បាន​ស្លាប់​ទាំងនេះ គឺ​ជា​បុត្រាបុត្រី​ជា​ទីស្រឡាញ់​របស់​ព្រះ ។ ទ្រង់​នឹង​បញ្ជូន​រាល់​ការបំផុសគំនិត​ដែល​ចាំបាច់ ដើម្បី​ផ្ដល់​ឱកាស​ដល់​ពួកគាត់​ឲ្យ​បាន​ត្រឡប់​ទៅ​ឯ​ទ្រង់​វិញ ។

នា​ពេល​ថ្មីៗ​នេះ យុវវ័យ​នៃ​សាសនាចក្រ​បាន​ឆ្លើយ​តប​ទៅ​នឹង​វិញ្ញាណ​នៃ​អេលីយ៉ា​តាម​របៀប​ដ៏​បំផុសគំនិត​មួយ ។ ឥឡូវ​នេះ មាន​យុវវ័យ​ជា​ច្រើន​នាក់​ដែល​កាន់​ប័ណ្ណ​ការប្រើប្រាស់​មាន​កម្រិត ហើយ​ប្រើ​វា​ជា​ញឹកញាប់ ។ បន្ទប់​ជ្រមុជទឹក​មាន​សភាព​រវល់​ជាង​ធម្មតា ព្រះវិហារបរិសុទ្ធ​ខ្លះ​បាន​កែប្រែ​កាលវិភាគ​របស់​ខ្លួន​ដើម្បី​សម្រប​ទៅ​នឹង កំណើន​ចំនួន​យុវវ័យ​ដែល​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ ។

វា​ធ្លាប់​តែ​ជា​រឿង​ដែល​កម្រ ប៉ុន្តែ​ស្វាគមន៍​ករណី​លើកលែង​ដល់​យុវវ័យ​ដែល​នាំ​យក​ឈ្មោះ​បុព្វការីជន​របស់​ខ្លួន​ទៅ​ព្រះវិហារបរិសុទ្ធ ។ ឥឡូវ​រឿង​នេះ​គឺ​ជា​ទម្លាប់ ហើយ​ជា​ញឹកញាប់​យុវវ័យ​គឺ​ជា​អ្នក​ដែល​បាន​ស្វែងរក​បុព្វការីជន​ទាំងនោះ ។

មិន​តែ​ប៉ុណ្ណោះ យុវវ័យ​ជា​ច្រើន​បាន​រក​ឃើញ​ថា ការលះបង់​ពេល​វេលា​របស់​ពួកគេ​ដើម្បី​ស្រាវជ្រាវ​ពង្សប្រវត្តិ និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ បាន​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ។ វា​បាន​បង្កើន​អានុភាព​ព្រះវិញ្ញាណ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ហើយ​កាត់បន្ថយ​ឥទ្ធិពល​របស់​បច្ចាមិត្ត ។ វា​បាន​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍ កាន់តែ​ជិត​គ្រួសារ​របស់​ខ្លួន និង​កាន់តែ​ជិត​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​បាន​ដឹង​ថា កិច្ចការ​នេះ​មិន​គ្រាន់តែ​សង្គ្រោះ​ដល់​មរណៈជន​នោះ​ទេ វា​ក៏​សង្គ្រោះ​យើង​ទាំងអស់​គ្នា​ដែរ ( សូម​មើល គ. និង ស. ១២៨:១៨ ) ។

ពួក​យុវវ័យ​បាន​មាន​ទស្សនៈ​ដ៏​មុតមាំ​គួរ​ឲ្យ​កោតសរសើរ ដែល​ឥឡូវ​នេះ ឪពុក​ម្ដាយ​របស់​ពួកគេ​ត្រូវ​ធ្វើ​ឲ្យ​ដូច​ពួកគេ ។ ឥឡូវ​មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ទទួល​បុណ្យជ្រមុជទឹក​នៅ​ពិភព​វិញ្ញាណ ដោយសារតែ​មាន​កិច្ចការ​ដែល​បាន​ធ្វើ​ដោយ​យុវវ័យ ហើយ​ពួកគេ​កំពុង​រង់ចាំ​ពិធីបរិសុទ្ធ​ផ្សេង​ទៀត ដែល​មាន​តែ​ពួក​យុវមជ្ឈិមវ័យ​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​បាន​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ក្នុង​ពិភពលោក​នេះ ។ ការងារ​នៃ​ការប្រមូលផ្ដុំ​គ្រួសារ​របស់​ព្រះវរបិតាសួគ៌ មិន​គ្រាន់តែ​សម្រាប់​យុវវ័យ និង សម្រាប់​ជីដូនជីតា​ប៉ុណ្ណោះ​ទេ ។ ការងារ​នោះ​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ យើង​ទាំងអស់​គ្នា​គឺ​ជា អ្នក​ប្រមូលផ្ដុំ ។

នេះ​គឺ​ជា​កិច្ចការ​សម្រាប់​ជំនាន់​របស់​យើង ដែល​សាវក​ប៉ុល​ហៅ​ថា « ការកាន់កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់ » ជា​ពេល​ដែល​គាត់​បាន​ថា ព្រះ« បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​របស់​នៅ​ផែនដី​ផង » (អេភេសូរ ១:១០  កិច្ចការ​នេះ​កើតឡើង​បាន​តាមរយៈ​កិច្ចការ​ធួន​របស់​ព្រះរាជបុត្រា​សំណព្វ​របស់​ព្រះ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ដោយសារតែ​ទ្រង់ នោះ​សមាជិក​គ្រួសារ​យើង « ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយសារ​ព្រះលោហិត​ទ្រង់ ។ ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ » ( អេភេសូរ ២:១៣–១៤ ) ។ បងប្អូន​មាន​អារម្មណ៍​ដូចនេះ​ដូច​ខ្ញុំ​ដែរ នៅ​ពេល​បងប្អូន​មាន​បទពិសោធន៍​នៃ​ក្ដីស្រឡាញ់​កើនឡើង នៅ​ពេល​បងប្អូន​មើល​ទៅ​រូបថត​បុព្វការីជន ។ បងប្អូន​បាន​មាន​អារម្មណ៍​ដូចនេះ​ក្នុង​ព្រះវិហារបរិសុទ្ធ នៅ​ពេល​ឈ្មោះ​នៅ​លើ​កាត​គឺ​មាន​ន័យ​ហួស​ពី​គ្រាន់​តែ​ជា​ឈ្មោះ ហើយ​បងប្អូន​មិន​អាច​ទប់​ចិត្ត​ពី​ការដឹងថា បុគ្គល​នេះ​ដឹង​ពី​បងប្អូន ហើយ​មាន​អារម្មណ៍​ក្ដីស្រឡាញ់​ពី​បងប្អូន​បាន​ឡើយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​ជា​ព្រះវរបិតា​ចង់​ឲ្យបុត្រាបុត្រី​ទ្រង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ជា​គ្រួសារ និង ក្នុង​សិរីល្អ ។ ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ដឹកនាំ ហើយ​ប្រទានពរ​ដល់​កិច្ចការ​នេះ ហើយ​ទ្រង់​មើលថែ ហើយ​ដឹកនាំ​យើង ។ ទ្រង់​មាន​អំណរគុណ​ចំពោះ​ការងារ​ដ៏​ស្មោះត្រង់​របស់​បងប្អូន ក្នុង​ការប្រមូលផ្ដុំ​គ្រួសារ​របស់​ព្រះវរបិតាសួគ៌ ហើយ​ខ្ញុំ​សន្យា​ថា​បងប្អូន​នឹង​ទទួល​បាន​ជំនួយ ដែល​បងប្អូន​ត្រូវការ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។