ការ​ក្លាយជា​មនុស្ស​ដែល​ស្វាគមន៍​បំផុត និង​រាក់ទាក់​បំផុត​នៅ​ក្នុង​វួដ ឬ​សាខា

  ការក្លាយជាមនុស្សដែលស្វាគមន៍បំផុត និងរាក់ទាក់បំផុតនៅក្នុងវួដ ឬសាខា

  ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខណៈ​ដែល​កំពុង​បម្រើ​ជា​ប៊ីស្សព ខ្ញុំ​បាន​សួរ​ដល់​ក្រុមប្រឹក្សា​វួដ​របស់ពួក​​យើង​ថា « តើ​យើង​អាច​ក្លាយជា​មនុស្ស​ដែល​ស្វាគមន៍​បំផុត និង​រាក់ទាក់បំផុត​នៅ​ក្នុង​វួដ​ដោយ​របៀប​ណា ? » ពួក​យើង​បាន​ប្រឹក្សា​ជាមួយ​គ្នា​ថា​តើ​យើង​មានអារម្មណ៍​យ៉ាង​ណា​ នៅពេលពួក​យើង​មក​កាន់​វួដ​របស់​ពួក​យើង​នៅ​លើ​ក​ដំបូង​នោះ ។ តើ​នរណា​បាន​​ជម្រាប​សួរ​យើង ? តើ​​មាន​នរណា​ម្នាក់បាន​មក​​អង្គុយ​ជាមួយ​យើងឬទេ ? តើ​នឹង​មាន​អ្វី​កើត​ឡើង បើ​យើង​ពុំ​ស្លៀកពាក់​បាន​សមរម្យ ឬ​ឃើញ​ថាកំពុង​មាន​បញ្ហា​ក្នុង​ការ​ញៀនបារី​​នោះ ?  ពួក​យើង​បាន​ពិភាក្សា​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​អង្គសង្គ្រោះ និង​របៀប​ដែល​យើង​អាច​ប្រាកដ​ថា អស់​អ្នកដែល​មក​វួដ​របស់​ពួក​យើង​ទទួលបាន​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​នោះ ។ នៅពេល​ពួក​យើង​បន្ដ​ប្រឹក្សា​ជាមួយ​គ្នា សមាជិក​ក្រុមប្រឹក្សា​វួដ​ម្នាក់ៗ​បាន​ពិចារណា ហើយពិភាក្សា​អំពី​ការ​ចូលរួម​ចំណែក​របស់​ពួកគេ ដើម្បី​ជួយ​ដល់​វួដ​របស់​ពួក​យើង​ឲ្យ​ក្លាយ​ជា​កន្លែង​ស្វាមគន៍ និង​រាក់ទាក់បំផុត ។  ពួក​យើង​បាន​បង្កើត​គំនិត​ខ្លះ​ៗ​ជាមួយ​គ្នា ហើយ​ជា​ក្រុមប្រឹក្សា​វួដ​ទាំងមូល ពួក​យើង​បាន​តាំង​ចិត្ត​ដើម្បីសាក​ល្បង​​នូវ​ចំណុច​ទាំងនេះ​នៅ​សប្ដាហ៍​បន្ទាប់ ៖

  1. ទៅ​ចាប់​ដៃ​នឹង​សមាជិក​ថ្មី និង​អ្នករៀន​ថ្មី​ដោយ​ផ្ទាល់ ហើយ​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​ស្វាគមន៍ និង​ផាសុកភាព ។
  2. ពិភាក្សា​អំពី​របៀប​នៃ​ការ​ធ្វើ​ឲ្យ​វួដ​យើង​ជា​វួដ​ដែល​ស្វាគមន៍ និង​រាក់ទាក់​បំផុត នៅ​ក្នុង​ការ​ប្រជុំ​កូរ៉ុម និង​អង្គការជំនួយ​នីមួយៗ ។
  3. អញ្ជើញ​យុវជន​ឲ្យ​នៅកន្លែង​ចត​រថយន្ដ​ពី​មុន​ការ​ប្រជុំ​ដើម្បី​ជម្រាបសួរដល់​មនុស្ស​គ្រប់រូប ហើយ​ផ្ដល់​ជំនួយ​ដល់​នរណា​ម្នាក់​ដែល​ត្រូវការ​ជំនួយ ។
  4. អញ្ជើញ​យុវនារី​ឲ្យ​ធ្វើ​ជា​អ្នក​ឈរ​ជម្រាបសួរ​នៅ​យ៉​ខាង​មុខ ហើយជួយ​មនុស្ស​គ្រប់រូប​ឲ្យ​ចូល​មក​ក្នុង​អគារ​ដោយ​ទទួលអារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ។
  5. ណែនាំ​សមាជិក​ថ្មី និង​អ្នក​រៀន​ថ្មី​ឲ្យ​សមាជិក​នៃ​គណៈប៊ីស្សព​ម្នាក់​ស្គាល់ ។
  6. ស្វាគមន៍ ហើយ​ស្គាល់​សមាជិក​ថ្មី និង​អ្នក​រៀន​ថ្មី​នៅ​ក្នុង​ថ្នាក់​រៀន ការ​ប្រជុំ​អង្គការ​ជំនួយ និង​បព្វជិតភាព ។
  7. ចៀសវាង​ពី​ការ​វិនិច្ឆ័យ ឬ​ផ្ដល់​យោបល់ ទៅកាន់​អ្នក​រៀន​ថ្មី ឬ​សមាជិក​ដែល​ត្រឡប់មកវិញ ដែល​ពុំ​បាន​ស្លៀកពាក់តាម​សម្លៀកបំពាក់​មក​ព្រះវិហារ​នោះ ។
  8. ធ្វើ​ការ​ផ្ដល់​អនុសាសន៍​សម្រាប់​ការ​ហៅ​បម្រើ និង​ការ​ចាត់តាំង​នានា​ទៅ​ដល់​សមាជិក​ថ្មី​ដើម្បី​នឹង​ប្រទានពរ​ដល់​ជីវិត​របស់ពួកគេ ហើយ​ជួយ​ពួកគេ​ទទួលអារម្មណ៍​ថា​មាន​គេ​ត្រូវការ និង​រៀនសូត្រ ហើយរីកចម្រើន ។
  9. ចាត់​បងប្អូនប្រុស​ស្រី​ដែល​ផ្ដល់​ការ​ងារ​បម្រើ​ឲ្យ​មើល​ថែ​ដល់​សមាជិក​ថ្មី ។
  10. ធ្វើ​ការ​គៀកស្មាគ្នា​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយសាសនា​ពេញម៉ោង​ដើម្បី​ឲ្យ​អ្នករៀន​របស់​ពួកគេ​មាន​ទំនាក់ទំនង និង​មាន​សមាជិក​ក្នុង​វួដ​ធ្វើ​ជា​មិត្ត​ដែល​ស្រឡាញ់​ពួកគេ​នៅ​រំពេច​ដែលពួកគេ​ចាប់​ផ្ដើម​មក​ចូលរួម​ក្នុង​ព្រះវិហារ ។

  នៅពេល​ក្រុមប្រឹក្សា​វួដ​បន្ដ​អនុវត្ត​គោលគំនិត​ទាំងឡាយ​របស់​ពួកគេ ហើយ​រំឭក​មើល​ពី​ការ​រីកចម្រើន នោះ​យើង​ក្លាយ​ជា​វួដ​កាន់តែ​រីករាយ​កាន់តែ​ឆាប់ ។  នៅពេល​យើង​រៀន​ជាមួយ​គ្នា​អំពី​របៀប​ដើម្បី​ស្វាគមន៍ និង​រាក់ទាក់​គ្នា នោះ​យើង​ទាំងអស់​គ្នា​មានអារម្មណ៍​កាន់តែ​មាន​ក្ដីស្រឡាញ់ និង​សាមគ្គីភាព ។  សាសនាចក្រ​ក្លាយជា​បទពិសោធន៍​ដ៏​មានអំណរ ហើយ​មនុស្ស​ដែល​មក​ចូលរួម​នៅ​ក្នុង​វួដ​ជា​លើក​ដំបូង​ទទួល​អារម្មណ៍​ថា​ពួកគេ​ជា​សមាជិក​គ្រួសារ ។

  នៅ​ក្នុង​​លិខិត​របស់​​គណៈប្រធានទីមួយ​​ដែល​បាន​សរសេរ​​​ផ្ញើទៅកាន់​សមាជិក​ក្រុមប្រឹក្សា​វួដ និង​ស្ដេក​ទាំងអស់ភ្លាម​​​បន្ទាប់ពី​សន្និសីទ​ទូទៅកន្លង​មក​នេះ បានសរសេរថា ៖ ការបម្រើ​របស់ព្រះអង្គសង្គ្រោះ​គឺ​ជា​គំរូ​នៃបទបញ្ញត្តិ​ធំពីរ ៖ «  ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ ជា​ព្រះ​នៃ​អ្នក​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​អ្នក » និង « ចូរ​ឲ្យ​អ្នក​​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ជា​ខ្លួន​ឯង » ។ ១ នៅ​ក្នុង​ស្មារី​នោះ ព្រះយេស៊ូវ​ក៏​បាន​បង្រៀន​ផងដែរ​ថា « អ្នករាល់គ្នា​ជា​អ្នក​ដែល​យើង​បាន​រើស​ដើម្បី​ធ្វើ​ការងារ​បម្រើ​ដល់​ប្រជាជន​នេះ » ។ ២

  អំឡុង​សន្និសីទ​ទូទៅ ប្រធាន ណិលសុន​បាន​អញ្ជើញ​យើង​ឲ្យ​បម្រើ​ដល់​គ្នា​ទៅវិញទៅមក​តាម​របៀប​កាន់​តែ​ខ្ពស់ និង​កាន់តែ​បរិសុទ្ធ ។  ការ​ងារបម្រើ​គឺ​ពុំ​កំណត់ត្រឹមតែ​ជាការចាត់តាំង​ឲ្យ​ផ្ដល់ការងារបម្រើ​ខាងបព្វជិតភាព ឬ​សមាគមសង្គ្រោះ​នោះទេ ។  នៅពេល​យើង​យល់​ដឹង​កាន់តែ​ពេញលេញ​អំពី​ការ​អញ្ជើញ​ឲ្យ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិត​ខាង​របស់​យើង នោះ​យើង​នឹង​ស្វែងរក​ឱកាស​ដើម្បី​ផ្ដល់​ការងារ​បម្រើ​​​ស្ទើរតែ​នៅ​គ្រប់​ស្ថានភាព​ទាំងអស់ ។

  នៅក្នុង​ព្រះគម្ពីរ​មរមន មាន​គំរូ​ដ៏​អស្ចារ្យ​ជា​ច្រើន​អំពី​ការងារ​បម្រើ ។  អំឡុង​បេសកកម្ម​របស់​បុត្រា​ទាំងបួន​របស់ស្ដេច​​ម៉ូសាយ ពួក​សាសន៍​លេមិន​រាប់ពាន់​នាក់​បាន​ផ្លាស់ប្រែ​ចិត្ត​មក​រក​ព្រះអម្ចាស់ ។ អ្នក​ផ្លាស់ប្រែ​ចិត្តជឿ​ថ្មី យក​ដាក់​មក​លើ​ខ្លួន​ពួកគេ​នូវ​ឈ្មោះ អាន់តៃ-នីហ្វៃ-លីហៃ ។  ជា​ចំណែក​នៃ​ការ​ប្រែចិត្ត និង​ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​ពួកគេ នោះ​ពួកគេ​បាន​កប់​គ្រឿង​សស្ត្រា​វុទ្ធ​របស់​ពួកគេ​ទៅក្នុង​ដី ជា​ទីបន្ទាល់​មួយ​ចំពោះ​ព្រះ​ថា ពួកគេនឹង​ឈប់​ប្រើ​គ្រឿង​សស្ត្រា​វុទ្ធ​ដើម្បី​បង្ហូរ​ឈាម​មនុស្ស​ទៀត​ហើយ ។ ៣ សមាជិកថ្មីក្នុង​ព្រះវិហារ​ដ៏​អស្ចារ្យ​ទាំងនេះ​ត្រូវ​បាន​ពួក​សាសន៍​លេមិន​ដែល​នៅ​សេសសល់​មក​វាយ​ប្រហារ យ៉ាងហោច​ណាស់​មក​វាយ​ប្រហារ​លើ​ពួកគេ​ពីរ​ដង ហើយ​មាន​មនុស្ស​ជាច្រើន​ត្រូវ​បាន​សម្លាប់ ។​  ទោះជា​យ៉ាង​ណា​ក៏​ដោយ ពួកគេបាន​​បន្ដ​នៅពិត​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់ពួកគេ ។  នៅ​ក្នុង​សកម្មភាព​នៃការងារបម្រើ និងការលះបង់​ដ៏អស្ចារ្យ​មួយ ប្រជាជន​នៅ​សារ៉ាហិមឡា បាន​ទទួល​យក​ពួកគេ ហើយនិយាយ​ថា « មើល​ចុះ យើង​នឹង​ប្រគល់​ដែនដី​យើសុន​…ឲ្យ​ទៅ​បងប្អូន​យើង​ទុក​ជា​កេរ្ដិ៍​អាករ » ។ ៤ ពួក​សាសន៍​នីហ្វៃ​ក៏​បាន​ដាក់​ពល​ទ័ព​របស់​ពួកគេ​នៅ​ជុំវិញ​ដែនដី​យើសុន ហើយ​បាន​ការពារ​ដល់​សមាជិក​ថ្មី​ទាំងនេះ ។ ៥ 

  ក្រោយមក អាលម៉ា និង​អាមូលេក បានដឹកនាំ​បេសកកម្ម​មួយ​ទៅ​កាន់​ពួក​សាសន៍​សារ៉ាហិមឡា ។  មានមនុស្ស​ក្រីក្រ​ជាច្រើន​នៅ​ក្នុង​ចំណោម​ពួកគេ​បាន​ចូលរួម​នៅ​ក្នុង​ព្រះវិហារ ហើយ​ត្រូវ​បាន​បងប្អូន​របស់​ពួកគេ​ដែល​មាន​អំនួត និង​មាន​ទ្រព្យសម្បត្តិ​ច្រើន​បណ្ដេញ​ចេញ​​ ។  អ្នក​ផ្លាស់ប្រែចិត្តជឿ​ថ្មី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រជាជន​អាំម៉ូន ដែល​ « បាន​ទទួល​អស់​អ្នក​ក្រ​នៃ​ពួក​សាសន៍​សូរាំ ដែល​បាន​ឆ្លង​ចូល​មក​រក​គេ ហើយ​គេ​បាន​ចិញ្ចឹម​ពួក​នោះ ហើយ​បាន​ផ្ដល់​សម្លៀកបំពាក់ ហើយ​បាន​ឲ្យ​ដី​ទុក​ជា​កេរ្តិ៍​អាករ​ដល់​គេ ហើយ​ពួកគេ​បាន​ជួយ​ឧបត្ថម្ភ​អ្នកទាំងនោះ ស្របតាម​អ្វីៗ​ដែល​គេ​ត្រូវការ » ដោយ​ទង្វើរ​​នៃ​សេចក្ដីស្រឡាញ់ និង​ការងារ​បម្រើ​ដ៏អស្ចារ្យ ។ ៦

  នៅពេល​យើង​ធ្វើ​តាម​គំរូ​នៃ​ការងារ​បម្រើ​ទាំងនេះ ខ្ញុំ​អធិស្ឋាន​សូមឲ្យ​យើង​នឹង​ស្វាគមន៍ ស្រឡាញ់ មើលថែ ហើយ​ផ្ដល់​ការងារបម្រើ​ដល់​អស់​សមាជិក​ថ្មី និង​អ្នក​រៀនថ្មី ដែល​ចូលរួម​នៅ​ក្នុង​វួដ និង​សាខា​របស់​យើង ។  ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ឈោងទៅ​ជួយ​ដោយ​មិត្តភាព ថា​យើង​នឹង​ជួយពួកគេ​ឲ្យ​រៀន និង​រីកចម្រើន ហើយ​ថា​យើង​នឹង​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​តាមរយៈ​ការបម្រើ និងការចាត់តាំង​ដ៏​មានអត្ថន័យ ។ ខ្ញុំ​ដឹង​ថា នៅពេល​យើង​ធ្វើ​ដូច​នេះ នោះ​យើង​នឹង​ទទួលបទពិសោធន៍​នៃ​អំណរ​ដ៏​មហិមា ហើយពួកគេ​នឹង​ទទួលអារម្មណ៍​សេចក្ដីស្រឡាញ់​ដ៏​មហិមា​របស់​ព្រះអង្គសង្គ្រោះ​ចំពោះពួកគេ​តាមរយៈ​ពួក​យើង ។

  ចំណងជើង ៖ អែលឌើរ ភីទើរ អេហ្វ មៀស

  កំណត់​ចំណាំ ៖

  ១ ម៉ាថាយ ២២:២៧, ៣៩

  ២ នីហ្វៃទី ៣ ១៣:២៥

  ៣ សូមមើល អាលម៉ា ២៤:១៨

  ៤ អាលម៉ា ២៧:២២

  ៥  សូមមើល អាលម៉ា ២៨:១-៣

  ៦ អាលម៉ា ៣៥:៩