ប្រធាន និង ស៊ីស្ទើរ ណិលសុន ធ្វើដំណើរ​ពេញ​មួយ​សប្ដាហ៍​ផ្ដល់​ការងារ​បម្រើ​នៅ​តំបន់​អាស៊ីអាគ្នេយ៍

    ប្រធាន​ រ័សុល អិម ណិលសុន នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​មានប្រសាសន៍ថា ​« វិនឌី និង​ខ្ញុំ​ទន្ទឹងចាំ​ធ្វើដំណើរ​ជាមួយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន និង​ភរិយា​របស់​លោក ខាធី ទៅកាន់​តំបន់អាស៊ីអាគ្នេយ៍ ។ ពួកយើង​នឹង​មាន​ឯកសិទ្ធិ​ទៅ​ទស្សនកិច្ច​ប្រទេស​ចំនួនពីរ​ដែល​ប្រារព្ធ​ពិធីខួបទី ៥០ ដែល​សាសនាចក្រ​ត្រូវបាន​រៀបចំ​នៅ​ក្នុង​ដែនដី​របស់ពួកគេ — ប្រទេស​សឹង្ហបុរី និង​ឥណ្ឌូនេស៊ី— និង​ប្រទេស​ចំនួន​ពីរទៀត​ដែល​សាសនាចក្រ​មាន​អាយុកាល​ក្មេងខ្ចីជាងគឺ —ប្រទេសវៀតណាម និង​ប្រទេស​កម្ពុជា » ។

    គ្រួសារណិលសុន និង​គ្រួសារ​គ្រីស្ដូហ្វឺសុន បាន​ធ្វើដំណើរ​ចេញ​ពី​រដ្ឋយូថាហ៍​ទៅធ្វើ​​ទស្សនកិច្ចផ្ដល់​ការងារបម្រើ​រយៈពេលប្រាំពីរថ្ងៃ​នៅ​តំបន់អាស៊ីអាគ្នេយ៍ ។ ថ្នាក់​​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រជាសាកល​នឹង​ទៅ​ទស្សនកិច្ច​ជាតិសាសន៍​នានា​ដែល​មាន​សមាជិក​សាសនា​ចក្រ​ប្រហែលជា ៣៦០០០ នាក់ ។ ប្រធាន ណិលសុន អែលឌើរ គ្រីស្ដូហ្វឺសិន និង​ភរិយា​របស់​ពួក​លោក​នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការ​ប្រជុំធម្មនិដ្ឋាន ហើយ​ជួប​នឹង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​សាសនា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចន្លោះ​ថ្ងៃទី ១៧ ខែវិច្ឆិកា​រហូតដល់ថ្ងៃទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ។

    ប្រធាន ណិលសុន បាន​មានប្រសាសន៍នៅពេល​លោក​បាន​រៀបចំចាប់ផ្ដើម​ការងារ​បម្រើ​របស់​លោក​ថា ​« យើង​មាន​កិត្តិយសដែល​មន្ត្រីមកពី​ប្រទេសវៀតណាម និង​កន្លែងផ្សេងៗទៀត​មក​ជួប​ពួក​យើង​នៅក្នុង​ទីក្រុង​សលត៍ លេក ហើយ​យើង​ទន្ទឹង​ចាំ​ចង់ស្គាល់​ប្រទេស​របស់​ពួកគាត់​យ៉ាង​ខ្លាំង » ។ « នេះគឺជាចុង​ម្ខាង​នៃលោកិយដ៏អង់អាច ជា​ផ្នែកមួយ​ដែលត្រូវ​បាន​គេ​ឃើញថា​មាន​នូវ​ចងកំហឹងយ៉ាងច្រើន​អស់រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្តែ​ជា​តំបន់​ដែល​ពោរពេញ​ទៅដោយព្រលឹង​ក្លាហាន តស៊ូ និង​មានការតាំងចិត្តខ្ពស់ ។  យើង​សង្ឃឹម​ចង់​ចែកចាយ​សារលិខិត​នៃក្ដីសង្ឃឹម ភាព​សុខសាន្ដ និង​សេចក្ដីស្រឡាញ់​ចំពោះ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ចំពោះ​មនុស្ស​ទាំងអស់​ដែល​មានឆន្ទៈ​ស្ដាប់ » ។

    ពុំធ្លាប់មាន​ប្រធានសាសនាចក្រណាធ្លាប់មក​ធ្វើទស្សនកិច្ច​នៅក្នុង​ប្រទេសទាំងនេះ ក្រៅពី ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០​-២០០៨ ) នោះឡើយ ។ ប្រធាន ហ៊ីងគ្លឺ បាន​មក​ប្រទេស​វៀតណាម និង​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៦ ប្រទេស​សាំងហ្គាពួរ និង​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ ២០០០ ។ ប្រធាន ណិលសុន បាន​ទៅទស្សនកិច្ច​នៅ​ប្រទេស​សាំងហ្គាពួរ និង​ឥណ្ឌូនេស៊ី​ក្នុង​នាម​ជា​សាវក​ កាល​ពី​ខែ កុម្ភៈ ឆ្នាំ ២០១០ ; នេះ​គឺជា​ការ​ធ្វើទស្សនកិច្ច​ដំបូង​របស់​លោក​មក​កាន់ប្រទេសវៀតណាម និង​ប្រទេស​កម្ពុជា ក្នុងនាមជា​ថ្នាក់ដឹកនាំ​សាសនាចក្រ ។

    ថ្ងៃអាទិត្យទី ១៧ ខែ​វិច្ឆិកា និង​ថ្ងៃចន្ទ ទី ១៨ ខែ​វិច្ឆិកា ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម

    ការធ្វើបដិសណ្ឋារកិច្ច​ជាមួយ​បុគ្គល​សំខាន់ៗ ការ​ជួបជុំ​នឹង​ក្រុមយុវវ័យ​ក្នុង​ចំនួន​តូច​មួយ និង​ការ​ប្រជុំ​ធម្មនិដ្ឋាន នឹង​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ នៅទីក្រុង​ហាណូយ ហើយ​នឹងថ្ងៃចន្ទ​នៅក្នុងទីក្រុង​ហូជីមិញ ។ នៅខែ​មិថុនា​ឆ្នាំនេះ គណៈប្រធានទីមួយ​បាន​ជួប​នឹង​គណៈប្រតិភូ​នៅ​ក្នុង​ទីក្រុង​សលត៍ លេក ដែល​ដឹកនាំ​ដោយ គណៈកម្មការកិច្ចការ​សាសនា​របស់​ប្រទេស​វៀតណាម

    ថ្ងៃអង្គារ ទី ១៩ ខែ​វិច្ឆិកា ទីក្រុងភ្នំពេញ ប្រទេស​កម្ពុជា

    បន្ទាប់​ពី​ការធ្វើបដិសណ្ឋារកិច្ច​ជាមួយ​នឹង​បុគ្គល​សំខាន់ៗ និង​ការជួបជុំ​ក្រុមតូច​ជាមួយ​នឹង​យុវវ័យ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ នោះ​ការ​ប្រជុំធម្មនិដ្ឋាន​នឹង​ធ្វើឡើង​នៅពេល​ល្ងាច​ថ្ងៃអង្គារ​ក្នុងប្រទេសកម្ពុជា ហើយ​ផ្សាយចេញទៅគ្រប់​ក្រុមជំនុំទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប្រទេស​កម្ពុជា​គឺជាលំនៅដ្ឋាន​ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ប្រហែលជា ១៥០០០ នាក់​នៅទូទាំង​ ២៩ ក្រុមជំនុំ ។​ ព្រះវិហារបរិសុទ្ធ​ភ្នំពេញ​កម្ពុជា ត្រូវ​បាន​ប្រកាស​ដោយប្រធាន ណិលសុន នៅក្នុង​ខែ​តុលា ឆ្នាំ ២០១៨ ។

    ថ្ងៃពុធ ទី ២០ ខែ វិច្ឆិកា ប្រទេស​សឹង្ហបុរី

    ប្រធាន ណិលសុន និង​អែលឌើរ គ្រីស្ដូហ្វឺសិន នឹង​ជួប​ជាមួយ​នឹង​ភ្ញៀវ​នៅ​ក្នុង​ការធ្វើបដិសណ្ឋារកិច្ចជាមួយ​នឹង​បុគ្គលសំខាន់ៗ បន្ទាប់មក​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការ​ប្រជុំ​ធម្មនិដ្ឋាន​ពេលល្ងាច​ថ្ងៃ​ពុធ ដែលនឹង​ផ្សាយ​ចេញទៅ​ក្រុមជំនុំ​ទាំងអស់នៅក្នុង​ប្រទេស​សឹង្ហបុរី និង​ប្រទេស​ម៉ាឡេស៊ី ។ មានសមាជិកសាសនាចក្រ​​ប្រហែលជា ១៤០០០ នាក់​រស់នៅ​ក្នុង​ប្រទេស​សឹង្ហបុរី និង​ម៉ាឡេស៊ី ជាកន្លែង​ដែល​សាសនាចក្រ​មាន​ក្រុមជំនុំចំនួន ៤៣ កន្លែង ។

    ថ្ងៃ​ព្រហស្បតិ៍ ទី ២១ ខែ​វិច្ឆិកា
    ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី

    ចំណតចុងក្រោយ​នៃ​ទស្សនកិច្ច​ផ្ដល់​ការងារ​បម្រើនៅ​អាស៊ី​នេះ​គឺ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ជា​កន្លែង​ដែល​ប្រធានណិលសុន និង​អែលឌើរ គ្រីស្ដូហ្វឺសិន នឹងដឹកនាំ​បដិសណ្ឋារកិច្ច ហើយ​ថ្លែង​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋានល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដែល​នឹង​ចាក់ផ្សាយទៅគ្រប់​​សាលាជំនុំ​ទាំងអស់​ក្នុង​ប្រទេស​នេះ ។ ក្រុមជំនុំទាំង​ ២៤ របស់​សាសនាចក្រ​ដាក់បញ្ចូលគ្នា មាន​ចំនួនសមាជិក​ប្រហែលជា ៧៥០០ នាក់ ។

    ព័ត៌មាន Newsroom នឹង​ផ្ដល់​ដំណឹង​ពេញលេញ​ស្ដីពី​ការងារបម្រើ​នៅក្នុង​តំបន់អាស៊ី​របស់​ប្រធានណិលសុន  រួម​ទាំង​វីដេអូ និង​រូបថត​នានា​តាមប្រព័ន្ធ​ផ្សព្វផ្សាយ និងជា​សាធារណជន ។