នៅក្នុង​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​នៅ​ប្រទេស​កម្ពុជា ព្យាការី​បើកបង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ភ្នំពេញ

    ប្រធាន ណិលសុ

    នា​យប់​ថ្ងៃអង្គារ ប្រធាន រ័សុល អិម ណិសលុន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​នាំ​មក​នូវ​ដំណឹងល្អ​ដ៏​សែន​រីករាយ​ប្រាប់​ជូន​ដល់​សមាជិក​សាសនាចក្រ​រាប់​រយ​នាក់ ដែល​ប្រជុំ​គ្នា​នៅឯ​មជ្ឈមណ្ឌល​ព្រីមៀរ​សែនសុខ​ទីក្រុង​ភ្នំពេញ ។ លោក​បាន​រូបភាព​របស់​វិចិត្រករ​មួយ​អំពី​អ្វី​ដែល​នឹង​ក្លាយ​ទៅជា​ទីតាំង​ថ្វាយ​បង្គំ​ដ៏​ពិសិដ្ឋ​បំផុត​មួយ​របស់​សាសនាចក្រ—​គឺ​ព្រះវិហារ​បរិសុទ្ធ​ភ្នំពេញ ។

    កាល​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ដែល​នឹង​សាងសង់​នេះ បាន​បង្ហាញ​ឡើង​នៅលើ​អេក្រង់​ដ៏​ធំ​មួយ​នៅក្នុង​សាល​ប្រជុំ​នោះ​ ព្យាការី​បាន​មាន​ប្រសាសន៍​​ថា « តើ​វា​ស្អាត​ដែរ​ឬ​ទេ ? » « យើង​មិន​ដឹង​ថា ព្រះវិហារ​បរិសុទ្ធ​នឹង​បញ្ចប់​ការសាងសង់​នៅពេល​ណា​នោះ​ទេ ។ ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា វាពិបាក​នៅ​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ តែការ​ស្ថាបនាមនុស្ស​ឲ្យ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ព្រះវិហារ​បរិសុទ្ធនឹង​កាន់តែ​ពិបាក​ជាង​នេះទៅទៀត ។ ការរៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធគឺ ​មាន​រួមទាំង​​សមាជិក​ទាំងឡាយ​ក្នុង​គ្រួសារ​របស់​បងប្អូនផង ។ ការរៀបចំ​ខ្លួន​បងប្អូន​ផ្ទាល់​នឹង​ផ្ដល់​ពរជ័យ​ដល់​គ្រួសារ​របស់​បងប្អូន » ។

    ប្រធាន ណិលសុន—​« វាពិបាក​នៅ​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ តែការ​ស្ថាបនាមនុស្ស​ឲ្យ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ព្រះវិហារ​បរិសុទ្ធនឹង​កាន់តែ​ពិបាក​ជាង​នេះទៅទៀត » ។

    ប្រធាន​ណិលសុន​បាន​ថ្លែង​ថា ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការរៀបចំ​ខ្លួន​នោះ​គឺ ការយល់​ពី​សំណួរ​សម្ភាសទទួល​​បណ្ណ​ព្រះវិហារ​បរិសុទ្ធ ដែល​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ម្នាក់ៗ​ត្រូវតែ​ឆ្លើយ​មុន​នឹង​ចូល​ទៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។

    ប្រធាន​ណិលសុន​បាន​ថ្លែង​អំឡុង​សុន្ទរកថា ដែល​បាន​ចាក់ផ្សាយ​ទៅកាន់​សាលាជំនុំ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ថា  « សំណួរ​ទាំងនោះ​គឺជា​ចំណេះដឹង​​ទូទៅ ។ ប៉ុន្ដែ​ចម្លើយ​របស់​បងប្អូន​ចំពោះ​សំណួរ​ទាំងនោះ​គឺ​ពិសិដ្ឋ និង​សម្ងាត់​បំផុត ។ អ្នកជួយ​ដល់បងប្អូន និង​បងប្អូន​ផ្ទាល់​នឹង​ធ្វើការ​រៀបចំ​ខ្លួន​​ដើម្បី​ឲ្យ​បងប្អូន​អាច​មាន​ភាពស័ក្ដិសម​នឹង​ទទួល​បាន​ពរជ័យ​ទាំងអស់​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ ។ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា កាល​បងប្អូន​មាន​ភាពស័ក្ដិសម​នឹង​ទទួល​បណ្ណ​ព្រះវិហារ​បរិសុទ្ធ​នោះ អព្ភូតហេតុ​ជាច្រើន​នឹង​កើត​មាន​ឡើង​ក្នុង​ជីវិត​របស់​បងប្អូន » ។

    វិហារបរិសុទ្ធភ្នំពេញ

    វិហារ​បរិសុទ្ធគឺ​ខុសពី​សាលប្រជុំ​របស់​សាសនាចក្រ ជា​កន្លែង​ដែល​យើង​ស្វាគមន៍​មនុស្ស​ទាំងអស់​ឲ្យ​ចូលរួម​ការបម្រើ​នៅ​ថ្ងៃ​អាទិត្យ និង​សកម្មភាព​ផ្សេង​ៗ​ទៀត​​​​ក្នុង​សប្ដាហ៍​ ។ ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​​ចូលរួម​ក្នុង​ពិធីការ​ដ៏​ពិសិដ្ឋ​នានា​ដូចជា អាពាហ៍ពិពាហ៍​ដែលចងភ្ជាប់​​ក្រុម​គ្រួសារជាមួយគ្នា​ជារៀង​រហូត និង​ពិធីបុណ្យ​ជ្រមុជ​ទឹក​ជំនួស​ឲ្យ​បុព្វការីជន​ដែល​ពុំ​មាន​ឱកាស​នោះ ។ ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ឧទ្ទិស​រួច​របស់​សាសនាចក្រ​ចំនួន ១៦៦ ​មាននៅ​ពាសពេញ​ទូទាំង​ពិភពលោក ត្រូវបាន​ចាត់ទុក​ថា​ជា​ទីកន្លែង​ដ៏​ពិសិដ្ឋ​បំផុត​នៅលើ​ផែនដី​នេះ ។ ​នៅក្នុង​សំណង់​អគារ​ដ៏​ពិសិដ្ឋ​ទាំងនេះ​—​អគារ​នីមួយៗ​មាន​សរសេរ​ពាក្យ​ថា « ព្រះដំណាក់​នៃ​ព្រះអម្ចាស់ » ដែល​បាន​បង្ហាញ​នៅលើ​ផ្នែក​ខាងក្រៅ​អគារ​—​ថា​ការបង្រៀន​របស់​ព្រះគ្រីស្ទ​ត្រូវបាន​បញ្ជាក់​ជាថ្មី កាល​សមាជិក​ទាំងឡាយ​ខិតខំ​ធ្វើតាម​គំរូ​របស់​ទ្រង់ ។ ហេតុដូច្នេះ​ហើយ ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺជា​អភ័យ​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​មួយ ។

    ព្រះវិហារ​បរិសុទ្ធ​ភ្នំពេញ​ដែល​បាន​ប្រកាស​លើក​ដំបូង​ដោយ​ប្រធាន​ណិលសុន​នៅ​ខែ តុលា ឆ្នាំ ២០១៨ នឹង​មាន​ទីតាំង​នៅ​លើ​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី នៅ​ចន្លោះ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​វិទ្យាស្ថាន​ភាសា​បរទេស នៅក្បែរ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ ព្រះវិហារ​បរិសុទ្ធ​នេះ​នឹង​ផ្ដល់​ឱកាស​ថ្វាយ​បង្គំ​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៃ​ប្រទេស​កម្ពុជា​ចំនួន ១៥០០០ នាក់ ។

    ព្យាការី​អាយុ ៩៥ ឆ្នាំ​រូប​នេះ​ក៏​បាន​កត់​ចំណាំ​ពី​ការនឹង​ប្រារព្ធ​ខួបទី​ពីរ​រយ​ឆ្នាំ​នៃ​ការនិមិត្ត​របស់​យ៉ូសែប ស្ម៊ីធ​ឃើញ​ព្រះវរបិតា និង​ព្រះរាជបុត្រា ដែលត្រូវបាន​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ស្គាល់​ថា​ជា ការនិមិត្ត​ដំបូង និង​ការចាប់​ផ្ដើម​នៃ​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍​ថា ការស្ដារ​ឡើង​វិញ​នោះ​មាន​ថ្ម​ជ្រុង​គ្រឹះ​បួន ៖ ( ១ ) ចំណេះដឹង​អំពី​ក្រុមព្រះ​ រួមមាន​ព្រះវរបិតា ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ( ២ ) ព្យាការី​នៅលើ​ផែនដី​ដែល​ថ្លែង​ជំនួស​ព្រះ ( ៣ ) ព្រះគម្ពីរ​ដែល​ជា « យុថ្កា​ពិតប្រាកដ​មួយ​នៃ​សេចក្ដីពិត​ដ៏​អស់កល្ប » និង​ជា « សាក្សី​ដ៏​រឹងមាំ​មួយ​អំពី​ភាពជា​ព្រះ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » និង ( ៤ ) សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​បាន​ស្ដារ​ឡើងវិញ ។

    ក្នុងការប្រជុំធម្មនិដ្ឋាននាល្ងាចថ្ងៃអង្គារនោះ ។

    ប្រធាន​ណិលសុន ​បាន​រំឭក​ដល់​យុវវ័យ​ជាច្រើន​រូបដែល​មាន​វត្តមាននៅទី​នោះ​អំពី « ការទទួល​ខុសត្រូវ​ខាង​សាសនា​របស់​ពួកគេ​ដើម្បី​ទទួល​បាន​ការអប់រំ​ដ៏​ល្អ​មួយ » ។ លោក​បាន​មាន​ប្រសាសន៍​ថា ការអប់រំ​នេះ​គឺជា « ភាពខុសគ្នា​រវាងប៉ងប្រាថ្នា​​ឲ្យ​ប្អូនៗ​អាច​ជួយ​មនុស្ស​ដទៃបាន និង​ការដែល​ប្អូនៗ​អាច​ជួយ​មនុស្ស​ដទៃ​បាន » ។

    ព្យាការី​បាន​បញ្ចប់​ដោយ​ការសរសើរ​ដល់ពួកបរិសុទ្ធ​កម្ពុជា ដែល​ធ្វើជា​ពលរដ្ឋ​ដ៏​សុចរិត​ទៀងត្រង់​នៅក្នុង​សហគមន៍​របស់​ពួកគេ ។

    លោក​បាន​មាន​ប្រសាសន៍​​ថា « ខ្ញុំ​ពិត​ជា​មាន​សុទិដ្ឋិនិយម​ខ្លាំង​ណាស់​អំពី​អនាគត​របស់​ប្រទេស​កម្ពុជា » ។

    ស៊ិស្ទើរ វិនឌី ណិលសុន និង​អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ និង​ភរិយា​របស់​លោក ខេធី បាន​អម​ដំណើរ​ជាមួយ​ប្រធាន​ណិសលុន នៅក្នុងការធ្វើ​​ដំណើរ​រយៈពេល​ប្រាំពីរ​ថ្ងៃ​នេះ​ទៅកាន់​ប្រទេសចំនួន​បួន​ក្នុង​តំបន់​​​អាស៊ី​អាគ្នេយ៍​ ។ ពួកលោក​ម្នាក់ៗ​បាន​ឡើង​ថ្លែង​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​នា​ល្ងាច​ថ្ងៃអង្គារ​នោះ ។

    ប្រធាន ណិលសុន និង​អែលឌើរ គ្រីស្ដូហ្វឺសិន ជួប​ជាមួយ​ឧប​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា

    ប្រធាន ណិលសុន និងអែលឌើរ គ្រីស្ដូហ្វឺសិន ជួបជាមួយឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា

    នា​រសៀល​ថ្ងៃ​អង្គារ ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ជួប​ជាមួយឧប​នាយក​រដ្ឋមន្ត្រី​​​របស់​ប្រទេស​កម្ពុជា លោក​ជំទាវ ម៉ែន សំអន ដែល​មើល​ការខុសត្រូវ​លើ​កិច្ចការ​សប្បុរសធម៌ និង​សង្គមកិច្ច​ប្រចាំ​ប្រទេស ។

    ប្រធាន​ណិលសុន​បាន​ថ្លែង​ថា « លោក​ជំទាវ​ជា​មនុស្ស​រស់រាយ​ និង ចិត្ត​ល្អ ​រាក់ទាក់​  » លោក​ជំទាវ​បាន​យល់ដឹង​ពី​អ្វី​ដែល​សាសនាចក្រ​បាន​កំពុង​ជួយ ។ លោក​ជំទាវ​មាន​អំណរគុណ​ចំពោះ​សមាជិក​នៃ​សាសនាចក្រ ចំពោះ​ក្រុមគ្រួសារ​ដ៏​រឹងមាំ​របស់​ពួកគេ ចំពោះ​ជំនួយ​ដែល​យើង​បាន​ផ្ដល់​ជា​រទេះរុញ​ជនពិការ ជំនួយ​ខាង​វេជ្ជសាស្ដ្រ និង​គម្រោង​ផ្សេងៗ​ទៀត » ។

    អែលឌើរ គ្រីស្ដូហ្វឺសិន បាន​បន្ថែម​ថា « វា​ច្បាស់​ណាស់​ថា ពួកគេ​មាន​ការយល់ដឹង​ច្បាស់​មួយ​អំពី​អ្វី​ដែល​សាសនាចក្រ​បាន​រួម​ចំណែក​តាំង​ដើម​រហូត​មក​ ។ នេះ​គឺជា​មូលហេតុ​មួយ ដែល​យើង​បាន​ចូល​​ជំនួបសំណេះ​សំណាល​ជាមួយ​ពួកគាត់​ ដើម្បី​ឲ្យ​ពួកគាត់​​ដឹង​ថា យើង​មក​ទីនេះ​ចង់​ជួយ និង​ពិតជា​កំពុង​ជួយ​មែន ។ ហើយ​លោក​ជំទាវ​បាន​ដឹង​អំពី​ការណ៍​ទាំងនោះ ហើយមាន​ចិត្ត​អន្ទះសា​ចង់​ឃើញ​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​បាន​សាងសង់ និង​បញ្ចប់​នៅ​ទីនេះ » ។

    ទស្សនកិច្ច​ការងារ​បម្រើ​របស់​ប្រធាន​ណិលសុន​បន្ដ​ដល់​ថ្ងៃ​ពុធ​នៅ​ប្រទេស​សិង្ហបុរី និង​ថ្ងៃ​ព្រហស្បតិ៍​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ។