សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី

    សេចក្ដី​ត្រូវការ​របស់​យើង​ដើម្បី​ប្រែចិត្ត

    នៅពេលយើងជ្រើសរើសប្រែចិត្ត នោះយើងជ្រើសរើសផ្លាស់ប្ដូរ ! យើងទុកឲ្យព្រះអង្គសង្គ្រោះផ្លាស់ប្រែយើងទៅជាបុគ្គលថ្មីបំផុត ។ 

    អែលឌើរ វិសិត ខាណាខាម
    ដោយអែលឌើរ វិសិត ខាណាខាម ក្នុងពួកចិតសិបនាក់

    មិន​យូរ​ប៉ុន្មាន​ក្រោយពី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ថត​ផ្នែក​នៃ​ការបកប្រែ​ហ្វីល​រឿង​ភាសា​ថៃ​មួយ​ដែល​មាន​ចំណង​ជើង​ថា « ការស្ដារ​ឡើង​វិញ » ដោយសារ​កាល​នោះ​គ្មាន​បច្ចេកវិទ្យា​ទំនើប​ទេ ។ ប្រយោគ​មួយ​ដែល​ខ្ញុំ​ត្រូវ​អាន​នោះ​គឺ « ខ្ញុំ​ជា​មនុស្ស​មាន​បាប ខ្ញុំ​ត្រូវការ​ព្រះអម្ចាស់ » ។ ខ្ញុំ​បាន​គិត​ពី​មូលហេតុ​ដែល​ខ្ញុំ​ត្រូវបាន​រើស​ឲ្យ​អាន​ឃ្លា​នោះ ។ តើ​ព្រះអម្ចាស់​បាន​ជ្រាប​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវការ​ដោយ​របៀប​ណា ? ប្រយោគ​នោះ​បាន​បន្ទរ​ក្នុង​ត្រចៀក​ខ្ញុំ​ដោយ​ស្ងាត់ស្ងៀម ។ ខ្ញុំ​បាន​ដឹង​ថា ព្រះអម្ចាស់​បាន​ជ្រើសរើស​ខ្ញុំព្រោះ​ខ្ញុំ​ជា​អ្នក​ដែល​ត្រូវការ​ទ្រង់​ខ្លាំង ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ខ្ញុំ​មិន​បាន​ហៅ​ពួក​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប ឲ្យ​គេ​ប្រែ​ចិត្ត​វិញ​ទេ​តើ » ។១ ព្រះអម្ចាស់​បាន​បន្ដ​មាន​បន្ទូល​ថា « …ទ្រង់​បាន​ដាស់​ពួកគេ​ឲ្យ​ភ្ញាក់​ពី​ដំណេក​ដ៏​លង់​លក់ ហើយ​គេ​ក៏​បាន​ភ្ញាក់​ឡើង​ចំពោះ​ព្រះ » ។២ ខ្ញុំ​គឺជា​ជន​ដែល​បាន​ភ្ញាក់​ឡើង​នោះ ។ កាល​វេលា​ចេះ​តែ​កន្លង​ទៅ ខ្ញុំ​ដឹង​ថា ការប្រែចិត្ត​គឺជា​ដំណើរការ​មួយ​នៃ​ការរៀនសូត្រ ការរីកចម្រើន និង​ការអភិវឌ្ឍ ។ នៅពេល​ដែល​ខ្ញុំ​មើល​ទៅ​អតីតកាល ខ្ញុំ​ឃើញ​ខ្លួន​ឯង​ថា ជា​ជន​ដែល​បាន​ផ្លាស់ប្ដូរ​​ប្រសើរ​ឡើង ។ ប្រធាន ណិលសុន បាន​បង្រៀន​ពី​ការប្រែចិត្ត​ដោយ​ក្ដី​សង្ឃឹម អំណរ និង​ក្ដី​ស្រឡាញ់ ដោយ​ថ្លែង​ថា « ពាក្យ​សម្រាប់ ការប្រែចិត្ត នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​...​មាន​ន័យ​ថា ‹ ផ្លាស់ប្ដូរ ›…‹ គំនិត ›, ‹ ចំណេះដឹង ›, ‹ វិញ្ញាណ ›…. ។ ដូច្នេះ​នៅពេល​ព្រះយេស៊ូវ​សុំ​បងប្អូន និង​ខ្ញុំ​ឲ្យ ‹ ប្រែចិត្ត › ទ្រង់​កំពុង​អញ្ជើញ​យើង​ឲ្យ​ផ្លាស់ប្ដូរ​គំនិត ចំណេះដឹង វិញ្ញាណ​របស់​យើង—.... ទ្រង់​កំពុង​សុំ​ឲ្យ​យើង​ផ្លាស់ប្តូរ​របៀប​ដែល​យើង​ស្រឡាញ់ គិត បម្រើ ចំណាយពេល ប្រព្រឹត្ត​ចំពោះ​ភរិយា បង្រៀន​កូនៗ​យើង… » ។៣ ខ្ញុំ​មាន​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សកម្មភាព​នានា​ក្នុង​សាសនាចក្រ ដែល​​អនុវត្ត​នៅ​ឯ​គេហដ្ឋាន ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្ដោត​លើ​គេហដ្ឋាន និង​គាំទ្រ​ដោយ​សាសនាចក្រ​ត្រូវបាន​សង្កត់ធ្ងន់ ។ វា​ជួយ​ខ្ញុំ​ឲ្យ​រត់​រក​ការប្រែចិត្ត ហើយ​មិន​រត់​គេច​ពី​វា​ឡើយ ។ ការ​ប្រែចិត្ត​នាំ​ខ្ញុំឲ្យផ្លាស់ប្រែចិត្តជឿ ហើយ​បង្កើត​សេចក្ដីជំនឿ​ដែល​បំផុស​ឲ្យ​មាន​សកម្មភាព ។


    ខ្ញុំមិនបានហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ ។

    លូកា ៥:៣២

    ព្រះគម្ពីរ ៖ « ចូរ​មក​តាម​ខ្ញុំ » គឺជា​កម្មវិធី​ដ៏​ឥតខ្ចោះ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ដែល​បើក​ដួងចិត្ត​ខ្ញុំ​ឲ្យ​ទទួល​យក​បន្ទូល​របស់​ព្រះ ។ « សូម​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ដ្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។៤ គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​មិន​ដែល​នាំ​ខ្ញុំ​ទៅកាន់​ភាពងងឹត​ឡើយ ប៉ុន្ដែ​បាន​បង្វែរ​ដួងចិត្ត​ខ្ញុំ​ទៅ​រក​ព្រះអម្ចាស់​វិញ ។ 

    ការអធិស្ឋាន​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ ៖ ការអធិស្ឋាន​ប្រចាំ​ថ្ងៃ​បន្ទន់​ដួងចិត្ត​ខ្ញុំ អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រឹក្សា​ជាមួយ​នឹង​ព្រះ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​ការណ៍​ល្អៗ​ដូច​ដែល​បាន​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ ។ « ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះ​អម្ចាស់​នូវ​គ្រប់​កិច្ចការ​របស់​កូន ហើយ​ទ្រង់​នឹង​ដឹកនាំ​កូន​ទៅ​រក​ការណ៍​ល្អ » ។៥

    រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ៖ គ្រួសារ​របស់​យើង​រីករាយ​នឹង​ចំណាយ​ពេល​ជាមួយ​គ្នា​ដោយ​ការច្រៀង ការអធិស្ឋាន ការចែកចាយ​បន្ទូល​របស់​ព្រះ ការកម្សាន្ដ ការបរិភោគ និង​សើច​សប្បាយ​ជាមួយ​គ្នា ។

    ពង្ស​ប្រវតិ្ត និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ៖ ការស្វែងរក​ឈ្មោះ​របស់​ជីដូនជីតា​យើង និង​ការបញ្ជូន​វា​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺមាន​សារៈ-​សំខាន់​​ណាស់​ក្នុង​គ្រួសារ​របស់​យើង ។ វា​បន្សល់ទុក​នូវ​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់ និង​ទំនាក់ទំនង​កាន់តែ​ស៊ី​ជម្រៅ​ជាមួយ​គ្រួសារ​របស់​យើង​នៅ​ទាំង​សងខាង​នៃ​វាំងនន ។

    ក្រុមប្រឹក្សា​គ្រួសារ ៖ វា​គឺជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ជួយ​គ្រួសារ​យើង ឲ្យ​មាន​ការប្រាស្រ័យ​ទាក់ទង​គ្នា ការសម្រប​សម្រួល ការចូលរួម និង​ការយល់​ចិត្ត​គ្នា​កាន់តែ​ប្រសើរ ។ គ្រប់គ្នា​អាច​ចែកចាយ « ប៉ុន្ដែ​ចូរ​ឲ្យ​និយាយ​ម្នាក់​ម្ដង ហើយ​ចូរ​ឲ្យ​ទាំង​អស់​គ្នា​ស្ដាប់​ពាក្យ​សម្ដី​របស់​អ្នក​នោះ ប្រយោជន៍​កាលណា​ទាំង​អស់​គ្នា​និយាយ នោះ​ទើប​ឲ្យ​ទាំង​អស់​បាន​ស្អាង​ឡើង​ទាំង​អស់​គ្នា ហើយ​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​បាន​សិទ្ធិ​ស្មើ​គ្នា » ។៦

    សេចក្ដីត្រូវការរបស់យើងដើម្បីប្រែចិត្ត

    ការមើល​សន្និសីទ​ទូទៅ ៖ សុន្ទរកថា​ទាំងអស់​បំផុស​គំនិត និង​រំឭក​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ផ្លាស់ប្ដូរ​ដើម្បី​ឲ្យ​សកម្មភាព និង​គំនិត​របស់​ខ្ញុំ​អាច​ស្រប​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​ដឹង​ថា ថ្នាក់ដឹកនាំ​របស់​យើង​ត្រូវបាន​ហៅ​ដោយ​ព្រះ ហើយ​ទ្រង់​មាន​បន្ទូល​តាមរយៈ​ពួកលោក ។ « ...​ពាក្យ​របស់​យើង​នឹង​មិន​កន្លង​បាត់​ដែរ ប៉ុន្តែ​ពាក្យ​ទាំង​អស់​នឹង​បាន​សម្រេច ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » ។៧

    ការកាន់តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ៖ ដោយសារ​ខ្ញុំ​ជា​មនុស្ស នោះ​ខ្ញុំ​ត្រូវ​បន្ដ​កែលម្អ​ខ្លួន ។ ការកាន់តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​ជួយ​ខ្ញុំ​ឲ្យ​ផ្លាស់ប្ដូរ​អាកប្បកិរិយា​របស់​ខ្ញុំ ។ ឧទាហរណ៍ ការបង់​ដង្វាយ​មួយ​ភាគ​ដប់​ពេញ​លេញ​ធ្វើ​ឲ្យ​ខ្ញុំ​លែង​សូវ​អាត្មានិយម ការបង់​ដង្វាយ​តម​អាហារ​ជួយ​ខ្ញុំ​ឲ្យ​មាន​ចិត្ត​ល្អ និង​បន្ទាប​ខ្លួន ហើយ​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ផ្ដល់​ក្ដី​អំណរ​ដល់​ខ្ញុំ ។

    ការលើក​តម្កើង​ការហៅ​របស់​ខ្ញុំ​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​រីកចម្រើន​ខាង​វិញ្ញាណ ។ វា​គឺជា​ក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​​របស់​ព្រះអម្ចាស់ ដែល​ទ្រង់​បើក​ទ្វារ​ឲ្យ​ខ្ញុំ ដោយ​ឲ្យ​ខ្ញុំ​មាន​ការទទួល​ខុសត្រូវ​ផ្សេងៗ ។ ពេល​ខ្ញុំ​បំពេញ​តាម​ការទទួល​ខុសត្រូវ​កាន់តែ​ច្រើន នោះ​ខ្ញុំ​មាន​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ឡើង រួម​ទាំងមាន​ទីបន្ទាល់​រឹងមាំ​ជាងមុន និង​មាន​ឥរិយាបថ​វិជ្ជមាន​ជាងមុន ។ 

    ការងារបម្រើ និង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ៖ ខ្ញុំ​ទៅ​សួរ​សុខទុក្ខ​អ្នក​ដែល​ខ្ញុំ​ផ្ដល់​ការងារបម្រើ​ដោយ​ផ្ទាល់​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ។ វា​ជួយ​ខ្ញុំ​ឲ្យ​សង្កេត​ឃើញ​បទបញ្ញត្តិ​ដ៏​ធំ​ពីរ​កាន់តែ​ច្បាស់ ៖ ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិតខាង​ខ្លួន ។ 

    « នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត នោះ​យើង​ជ្រើសរើស​ផ្លាស់ប្ដូរ ! យើង​ទុក​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ផ្លាស់ប្រែ​យើង​ទៅ​ជា​បុគ្គល​ថ្មី​បំផុត ។ យើង​ជ្រើសរើស​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ទទួល​បាន​អំណរ—ជា​អំណរ​នៃ​ការប្រោស​លោះ​នៅក្នុង​ទ្រង់ ។ នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត យើង​ជ្រើសរើស​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ! » ខ្ញុំ​ដឹង​ថា ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​នេះ​គឺ​ពិត ព្រះយេស៊ូវ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ហើយ​ដង្វាយ​ធួន​របស់​ទ្រង់​គឺជា​ប្រភព​នៃ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ ។ ទាំង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​គឺជា​សាក្សី​ដ៏​ពិត​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យ៉ូសែប ស្ម៊ីធ ត្រូវបាន​ហៅ​ដោយ​ព្រះ ហើយ រ័សុល អិម ណិលសុន គឺជា​ព្យាការី​ដែល​នៅរស់​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។ ■

    ______________________________________

    កំណត់​ចំណាំ ៖

    ១ លូកា ៥:៣២

    ២ សូមមើល អាលម៉ា ៥:៧

    ៣ រ័សុល អិម ណិលសុន « យើង​អាច​ធ្វើ​ល្អ​ជាង ហើយ​ជា​មនុស្ស​ប្រសើរ​ជាង » សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩

    ៤ សូមមើល នីហ្វៃទី​២ ៣២:៣

    ៥ សូមមើល អាលម៉ា ៣៧:៣៧

    ៦ ​សូមមើល គ. និង ស. ៨៨:១២២

    ៧ ​សូមមើល គ. និង ស. ១:៣៨

    ៨ រ័សុល អិម ណិលសុន « យើង​អាច​ធ្វើ​ល្អ​ជាង ហើយ​ជា​មនុស្ស​ប្រសើរ​ជាង » សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩