សារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី 

    ការងារបម្រើ 

    អែលឌើរ ភីទើរ អេហ្វ មើស  ទីប្រឹក្សាទីមួយក្នុងគណៈប្រធានតំបន់អាស៊ី
    អែលឌើរ ភីទើរ អេហ្វ មើស ទីប្រឹក្សាទីមួយក្នុងគណៈប្រធានតំបន់អាស៊ី

    ឆ្នាំ​នេះ សមាជិក​នៃ​គណៈប្រធាន​តំបន់​អាស៊ី រួម​ជាមួយ​នឹង​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ បាន​ជួប​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​នឹង​គណៈប្រធាន​ស្តេក និង​គណៈប្រធាន​មណ្ឌល​នីមួយៗ ដើម្បី​ស្វែង​យល់​ពី​គោលដៅ និង​ផែនការ​សម្រាប់​ឆ្នាំ​២០១៩ ។ វា​គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​យើង​ដើម្បី​ស្វែង​យល់​ពី​ទស្សនវិស័យ​របស់​គណៈប្រធាន​នីមួយៗ ហើយ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​ដែល​ថ្នាក់​ដឹកនាំ​ដ៏​អស្ចារ្យ​ទាំង​នេះ​មាន​ចំពោះ​សមាជិក​នៅ​ក្នុង​មណ្ឌល និង​ស្ដេក​របស់​ពួកគាត់ ។  

    ប្រធាន​បទ​ដ៏សំខាន់​មួយ​សម្រាប់​ការ​ពិភាក្សា​នៅ​ក្នុង​ការ​ប្រជុំ​ទាំង​នេះ​គឺ​ការងារ​បម្រើ ។ ខណៈដែល​យើង​​បាន​រៀន​ពី​គំរូល្អៗ​ជាច្រើន​អំពី​ការងារ​បម្រើ​ផ្ទាល់​ខ្លួន​ដែល​កើត​ឡើងទូទាំង​តំបន់ យើង​បាន​រក​ឃើញ​ថា នៅ​តែ​មាន​ការ​យល់​ច្រឡំ និង​ភាព​ពុំ​ប្រាកដ​ប្រជា​មួយ​ចំនួន​អំពីរបៀប​អនុវត្ត​ការងារ​បម្រើ​ពិត​ឲ្យ​មាន​ជោគជ័យ ។

    នៅ​ក្នុង​គេហទំព័រ ministering.lds.org យើង​រៀន​ថា « ការងារបម្រើ​គឺជាការ​រៀន ហើយ​​មើល​ថែដល់​សេចក្ដីត្រូវការ​របស់​មនុស្ស​ដទៃ ។ វា​គឺជា​ការ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ នៅពេល​យើង​ធ្វើ​ការងារ​បម្រើ យើង​កំពុង​តំណាង​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ និង​ដើរ​តួ​ជា​ភ្នាក់ងារ​របស់​ទ្រង់​ដើម្បី​មើល​ថែ លើក​ស្ទួយ ហើយ​ពង្រឹង​ដល់​មនុស្ស​ជុំវិញ​ខ្លួន​យើង » ។


    ការងារបម្រើគឺជាការរៀន ហើយមើលថែដល់សេចក្ដីត្រូវការរបស់មនុស្សដទៃ ។ វាគឺជាការធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។ នៅពេលយើងធ្វើការងារបម្រើ យើងកំពុងតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ និងដើរតួជាភ្នាក់ងាររបស់ទ្រង់ដើម្បីមើលថែ លើកស្ទួយ ហើយពង្រឹងដល់មនុស្សជុំវិញខ្លួនយើង។

    ministering.lds.org

    ដើម្បី​ជា​ជំនួយ​ដល់​ការ​យល់ដឹង នៅ​ក្នុង​ការ​ប្រជុំ​ភាព​ជា​អ្នក​ដឹកនាំ​មួយចំនួនដែល​ខ្ញុំ​បាន​ចូល​រួម​ជាមួយ​នឹង​ប្រធាន​ស្តេក យើង​មាន​ការ​សន្ទនា​ដូច​តទៅ​នេះ ៖ យើង​បាន​សុំ​ឲ្យ​គណៈប្រធាន​ស្តេក ស្មៀន និង​លេខា​ប្រតិបត្តិឲ្យ​គិត​ពី​សមាជិកគ្រួសារ​ ឬ​បុគ្គល​ដែល​ពុំ​សូវ​សកម្ម​នៅ​ក្នុង​វួដ​របស់​ពួកគាត់ ដែល​ពួកគាត់​ស្គាល់​​​ជិត​ស្និទ្ធ ។ យើង​បាន​សុំ​ឲ្យ​ពួកគេ​គិត​ពី​មនុស្ស​ដែល​ពួកគាត់​បាន​ធ្វើការ​ជាមួយ​នៅ​ក្នុង​ការ​ហៅមួយ​កាល​ពី​មុន ។ យើង​បាន​និយាយ​ថា វា​អាច​ជា​អ្នក​ជិត​ខាង​ ឬ​មិត្ត​ស្និទ្ធស្នាល​ម្នាក់របស់គ្រួសារ វា​អាចជា​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ជា​ថ្នាក់​ដឹកនាំ​ក្នុង​ព្រះវិហារ ឬ​វា​អាច​ជា​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី​ម្នាក់​ដែល​បាន​វង្វេង​ផ្លូវ​របស់​គាត់ ឬ​នាង ។  

    បន្ទាប់មក យើង​បាន​សុំ​ឲ្យ​ពួកគាត់​ពិចារណា​ថា ប្រសិន​បើ​ពួកគាត់​អាច​មានការ​ចាត់​តាំង​តែ​មួយ​សម្រាប់​ការ​ងារ​បម្រើ ក្នុង​ចំណោម​គ្រួសារ ឬ​បុគ្គល​ទាំង​នេះ​ តើ​នរណា​ម្នាក់​ដែល​ពួកគាត់​អាច​ជួយ ហើយ​ផ្ដល់​ពរជ័យ​បាន​ច្រើន​បំផុត ?  តើ​នរណា​ទៅ​ដែល​ទំនង​ជា​ឆ្លើយតប​យ៉ាង​វិជ្ជមាន​បំផុត ? ហើយ​ប្រសិន​បើ​យើង​បាន​ធ្វើ​ការងារ​បម្រើ​ដ៏​ពិត​ប្រាកដ​ តើ​នរណា​ទៅ​ដែល​ពួកគាត់​គិត​ថា អាច​ត្រឡប់​មក​វិញ ហើយ​រីករាយ​នឹង​ពរជ័យ​នៃ​ការ​ចូល​រួម​នៅ​ក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ថ្មី​ម្ដង​ទៀត​នោះ ?  

    បន្ទាប់មក យើង​បាន​សុំ​ឲ្យ​បុគ្គល​ម្នាក់ៗ​ចែកចាយ​ពី​មនុស្ស​ដែល​ពួកគាត់​ទទួល​បាន​ការ​បំផុស​គំនិត​ឲ្យ​ផ្ដល់​ការ​ងារ​បម្រើ ។ ជាទូទៅ ថ្នាក់​ដឹកនាំ​គ្រប់​រូប​បាន​ទទួល​បំផុត​គំនិត​មួយ​ពី​មនុស្ស​ម្នាក់ ។ ភាគច្រើន ពួកគាត់​បាន​និយាយថា ពួកគាត់​បាន​ខ្វល់​ខ្វាយ​ពី​ក្រុម​គ្រួសារ​ ឬបុគ្គល​ទាំង​នេះ​យូរ​ហើយ ហើយ​ថា​ពួកគាត់​មាន​បំណង​ចង់ធ្វើ​ការងារ​បម្រើ​ដល់​ពួកគេ ។ ពេល​ខ្លះ​ទៀត ពួកគាត់​បាន​និយាយ​ថា ពួកគាត់​បាន​ចាត់​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ការងារ​បម្រើនោះរួចហើយ ប៉ុន្តែ​ឥឡូវ​នេះដោយសារ​តែ​ពួកគាត់​បាន​គិត​ពី​គ្រួសារ ឬ បុគ្គល​នោះជាថ្មី នោះពួកគាត់​បាន​ទទួល​អារម្មណ៍​ថាចាំបាច់​ត្រូវធ្វើ​ការងារ​បម្រើ​ដោយ​ផ្ទាល់​ទៅ​កាន់​ពួកគេ ។

    ការងារបម្រើ

    នៅពេល​យើង​​បាន​សួរ​ថ្នាក់​ដឹកនាំ​ទាំង​នោះ​ពី​អារម្មណ៍​របស់​ពួកគាត់​ចំពោះ​បុគ្គល និងក្រុម​គ្រួសារ​ទាំង​នេះ ជាទូទៅ​ ពួកគាត់​បាន​និយាយ​ថា ពួកគាត់​ស្រឡាញ់​ពួកគេ ហើយ​បាន​បង្ហាញ​អារម្មណ៍​ថា ពួកគាត់​ចង់​ជួយ​ពួកគេ​យ៉ាង​ខ្លាំង ។ ពួកគាត់​ទាំងអស់​គ្នា​បាន​ទទួល​អារម្មណ៍​ថា ការងារ​បម្រើ​ចំពោះ​ក្រុម​គ្រួសារ​ទាំង​នេះ​នឹង​ក្លាយ​ជា​ពរជ័យ​មួយ​សម្រាប់​ពួកគាត់ ដៃគូ​ការងារ​បម្រើ​របស់​ពួកគាត់ និង​ចំពោះ​ក្រុម​គ្រួសារ​ទាំង​នោះ ។

    បន្ទាប់មក យើង​បាន​សួរ​ថា « តើ​ការណ៍​នេះ​អាច​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ស្ដេក ឬ​មណ្ឌល​របស់​អ្នក​តាម​របៀបណា ? តើ​អ្នកអាច​មាន​ការ​សន្ទនា​ដូច​គ្នា​នេះ​ជាមួយ​នឹង​​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ស្តេក​ដែរ​ឬទេ ? តើ​អ្នក​អាច​មាន​ការ​សន្ទនា​ដូច​គ្នា​នេះ​ជាមួយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈ​ប្រធាន​សមាគមសង្គ្រោះ​ដែរ​ឬទេ ?  តើ​ប្រធាន​កូរ៉ុម​អែលឌើរ ឬ​ប្រធាន​សមាគមសង្គ្រោះ​អាច​មាន​ការ​សន្ទនា​នេះ​ជាមួយ​នឹង​សមាជិក​របស់​ពួកគាត់​បាន​ដែរ​ឬ​ទេ ?  

    សូម​គិត​ពីអ្វី​ដែល​នឹង​កើត​ឡើង​នៅ​ក្នុង​វួដ និង​សាខា​របស់​យើង ប្រសិន​បើ​ការ​ចាត់តាំង​ផ្ដួចផ្ដើម​ការងារ​បម្រើ​របស់​យើង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​បំណង​ប្រាថ្នា​របស់​ថ្នាក់​ដឹកនាំ និង​សមាជិក​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ ។  ការ​ចាត់​តាំង​មក​ពី​ថ្នាក់​ដឹកនាំ​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​អាច​ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ការ​ប្រឹក្សា​ជាមួយ​នឹង​បងប្អូន​ប្រុស​ស្រី​របស់​ពួកគាត់ រួចហើយ​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព ។ ដៃគូ​អាច​ត្រូវ​បាន​ចាត់​តាំងដើម្បី​ទទួល​បាន​ពរជ័យ​តាមរយៈ​បទពិសោធន៍​នោះ ។


    ហើយបើសិនជាអ្នកត្រូវធ្វើការអស់មួយជីវិតអ្នក…ហើយគ្រាន់តែនាំព្រលឹងតែមួយគត់មករកយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាជាមួយអ្នកនោះនៅក្នុងនគរនៃព្រះវរបិតារបស់យើង ។

    គោលលទ្ធិ និង សេចក្ដី សញ្ញា ១៨:១៥

    នៅពេលប្រធាន​ណិលសុន​បាន​បង្រៀន​ដល់​សាសនាចក្រ​អំពី​ការងារ​បម្រើ​តាម​របៀប​ដែល​ខ្ពស់​ជាង ហើយ​បរិសុទ្ធ​ជាង នោះលោក​បាន​ដក​ស្រង់​​បទគម្ពីរ​ដ៏​មាន​អនុភាព​ទាំង​នេះ​ ៖ « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ ជា​ព្រះ​នៃ​អ្នក​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » ហើយ​« ចូរ​ឲ្យ​អ្នក​​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​​ខ្លួន​ឯង » ។១នៅ​ក្នុង​ស្មារតី​នោះ ព្រះយេស៊ូវ​ក៏​បាន​បង្រៀន​ដែរ​ថា « អ្នក​​រាល់​គ្នា​ជា​អ្នក​ដែល​យើង​បាន​រើស​ដើម្បី​ធ្វើ​ការងារ​បម្រើ​ដល់​ប្រជាជន​នេះ » ។២

    ខ្ញុំ​មាន​ទីបន្ទាល់​ដ៏​រឹង​មាំ​ថា នៅពេល​យើងធ្វើតាម​ការ​អញ្ជើញ​របស់​ព្យាការី​នៃ​ព្រះ​ដើម្បី​ធ្វើ​ការងារ​បម្រើ​តាម​របៀប​ដែល​ខ្ពស់​ជាង ហើយ​បរិសុទ្ធ​ជាង នៅពេល​យើង​អធិស្ឋាន ហើយ​ស្វែង​រក​ការ​ដឹកនាំ រួចហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត​ទាំងនោះ នៅពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​ចំពោះ​មនុស្ស​ដែល​យើង​ធ្វើ​ការងារ​បម្រើ ហើយ​ខិតខំ​ស្វែង​រក​វិធី​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​ពួកគេ ហើយ​ពង្រឹង​សេចក្ដីជំនឿ​របស់​ពួកគេ​ជាថ្មី រហូត​ដល់​ពួកគេ​នឹង​ចង់​ត្រឡប់​មក​វិញដោយ​ឯក​ឯង ហើយ​ចូលរួម​នឹង​យើង ។ អំណរ​ដែល​យើង​នឹង​មាន នៅពេល​មិត្ត​ មនុស្ស​ជាទីស្រឡាញ់ និង​អ្នក​ជិត​ខាង​របស់​យើង​ត្រឡប់​មក​វិញ​គឺ​ដូច​គ្នា​នឹង​អារម្មណ៍​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​បទគម្ពីរ​« ហើយ​បើ​សិន​ជា​អ្នក​ត្រូវ​ធ្វើ​ការ​អស់​មួយ​ជីវិត​អ្នក…ហើយ​គ្រាន់តែ​នាំ​ព្រលឹង​តែ​មួយ​គត់​មក​រក​យើង នោះ​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ជាមួយ​អ្នក​នោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​វរបិតា​របស់​យើង » ។​៣  

    អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា « បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ យើង​ទទួល​បាន​ឱកាស​ដែល​បាន​បញ្ជូន​មក​ពី​ស្ថានសួគ៌​នៅ​ទូទាំង​សាសនាចក្រ…ដើម្បី​បង្ហាញ​ពី ‹ សាសនា​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ ›—‹ ដើម្បី​រែក​បន្ទុក​គ្នា​ទៅវិញ​ទៅមក ដើម្បី​ពួកគេ​អាច​បាន​ស្រាល និង​លួងលោម​ចិត្ត​ដល់​អស់​អ្នក​ដែល​ត្រូវការ​ការលួងលោម​ចិត្ត › បម្រើ​ដល់​ស្ត្រី​មេម៉ាយ និង​កុមារ​កំព្រា​អ្នក​ដែល​រៀបការ និង​អ្នក​នៅលីវ ទាំង​អ្នក​រឹងមាំ និង​អ្នក​មាន​បញ្ហា ទាំង​អ្នក​រងទុក្ខ និង​អ្នក​មាន​សុខភាព​ល្អ ទាំង​អ្នក​សប្បាយ និង​អ្នក​កើតទុក្ខ—ជា​រួម​គឺ​ពួកយើង​ទាំង​អស់​គ្នា ពួក​យើង​ម្នាក់ៗ ដោយសារ​យើង​ទាំងអស់​គ្នា​ត្រូវការ​អារម្មណ៍​មិត្តភាព​កក់ក្ដៅ ហើយ​ស្ដាប់​ឮ​ការ​ប្រកាស​ពី​សេចក្ដីជំនឿ​ដោយ​មុតមាំ » ។៤


    កំណត់​ចំណាំ ៖

    ១ សូមមើល ម៉ាថាយ ២២:៣៧, ៣៩

    ២ សូមមើល នីហ្វៃទី ៣ ១៣:២៥

    ៣ សូម​មើល គោលលទ្ធិ និង សេចក្ដី សញ្ញា ១៨:១៥

    ៤ ជែហ្វ្រី អ័រ ហូឡិន « នៅ​ជាមួយ និង ចម្រើន​កម្លាំង​ពួកគេ » សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ​២០១៨ ។