រំលង​ការ​រុករក​ចម្បង

 « ការទទួល​ការហៅបម្រើ​ពេលដែល​យើង​មិន​ប្រាកដ​ថា​រួចរាល់ ឬ​រៀបចំ​មិនទាន់​បាន​គ្រប់គ្រាន់ »

« ការទទួលការហៅបម្រើពេលដែលយើងមិនប្រាកដថារួចរាល់ ឬរៀបចំមិនទាន់បានគ្រប់គ្រាន់ »

គោលបំណង​នៃ​ជីវិត​នេះ​គឺ « ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ » ។១ នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ព្រះអម្ចាស់​បាន​ស្ដារ​សាសនាចក្រ​ពិត​របស់​ទ្រង់​គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ នៅក្នុង​សាសនាចក្រ​នេះ យើង​រៀន​ពី​ភាពពេញលេញ​នៃ​គោលលទ្ធិ​នៃ​ដំណឹងល្អ ។ យើង​ក៏​ទទួល​សេចក្ដី​សញ្ញា និង​ពិធីការ​ទាំងឡាយ​ដែល​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ ដើម្បី​យើង​អាច​រៀបចំ​រួចរាល់​ក្នុង​គ្រប់​ចំនុច​ទាំងអស់​ដើម្បី​ទៅ​ជួប​ព្រះ ។

ដើម្បី​ត្រឡប់​​ទៅ​ជួប​ព្រះ​វិញ យើង​ត្រូវតែ​រៀន​អនុវត្ត​ការបង្រៀន​នៃ​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​យើង និង​ស្រឡាញ់ ហើយ​បម្រើ​គ្នា​ទៅវិញ​ទៅមក ។ សម្រាប់​គោលបំណង​នេះ ព្រះ​បាន​ហៅ​យើង​ដែល​ជា​មនុស្ស​រមែង​ស្លាប់​ធម្មតា ដើម្បី​ធ្វើ​កិច្ចការ​ពិសិដ្ឋ​នៃ​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​យើង​អាច​រៀន​មក​ឯ​ព្រះគ្រីស្ទ តាមរយៈ​ការបម្រើ​របស់​យើង ។២

ពួក​យើង​ម្នាក់ៗ​មាន​ឱកាស​បម្រើ​ដល់​មនុស្ស​តាមរយៈ​ការហៅ​បម្រើ​ទាំងឡាយ ហើយ​មាន​អារម្មណ៍​ថា យើង « មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ » ។៣ ខ្ញុំ​ចងចាំ​យ៉ាង​ច្បាស់ និង​ជ្រាលជ្រៅ​ថា មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ប្រធាន​សាខា​របស់​ខ្ញុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទទួល​តួនាទី​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​រីករាយ​នឹង​ទទួល​ការចាត់តាំងនេះ ។  តាម​ថ្នាក់​នីមួយៗ ខ្ញុំ​កាន់​បញ្ជី​ឈ្មោះ​ដោយ​ក្ដីរំភើប ហើយ​គូស​ឈ្មោះ​ម្នាក់ៗ ។  កាល​ដែល​ពេលវេលា​ចេះ​តែ​កន្លង​ទៅ ខ្ញុំ​បាន​ស្គាល់​សមាជិក​ម្នាក់ៗ​ក្នុង​សាលា​ថ្ងៃ​អាទិត្យ​បន្តិច​ម្ដងៗ ។ មិន​យូរ​ប៉ុន្មាន​ខ្ញុំ​បាន​ស្គាល់​សមាជិក​ទាំងអស់ ហើយ​មាន​ការខ្វល់ខ្វាយ​ចំពោះ​អ្នក​ដែល​អវត្តមាន ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ឯកសិទ្ធិ ហើយ​រីករាយ ដែល​ខ្ញុំ​អាច​ធ្វើ​ផ្នែក​របស់​ខ្ញុំ​សម្រាប់​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។  ខ្ញុំ​ក៏​មាន​អារម្មណ៍​ដែរ​ថា ព្រះអម្ចាស់​បាន​បង្រៀន​ខ្ញុំ និង​បាន​ប្រទាន​ពរ​ដល់ខ្ញុំ​ក្នុង​ការចាត់តាំង​នេះ ។

ក្នុង​រយៈពេល​នៃ​ការលូតលាស់​របស់​ខ្ញុំ​នៅក្នុង​សាសនាចក្រ ខ្ញុំ​បាន​មាន​ឱកាស​ទទួល​ការហៅបម្រើ និង​ការចាត់តាំងទាំង​ឡាយ​​ខុសៗ​គ្នា ។ ការហៅ​បម្រើ​ទាំងនេះ​បាន​ទុក​នូវ​ស្លាកស្នាម​ដ៏​ប្រពៃ​មួយ ។ ពេល​ខ្លះ ពេល​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង​មួយ​ដែល​ខ្ញុំ​ធ្លាប់​រស់នៅ និង​បម្រើ ខ្ញុំ​នឹកឃើញ​ពី​គ្រួសារ​មួយ​ដែល​ខ្ញុំ​បាន​សួរសុខទុក្ខ និង​ស្ថានភាព​នៃ​ផ្ទះ​របស់​ពួកគេ ។ ពេលខ្លះ ពេល​កំពុង​ជួប​នឹង​មិត្តចាស់ ខ្ញុំ​រំជួលចិត្ត​​ដូច​​អាលម៉ា​ជា​កូន​នៅក្នុង​ព្រះគម្ពីរ ដែល​បាន « អរ​រីករាយ​ជា​ខ្លាំង នៅ​ពេល​បាន​ជួប​បង​ប្អូន​របស់​លោក​ទៀត រីឯ​​អំណរ​របស់​លោក​កាន់តែ​កើន​ឡើង​ថែម​ទៀត ព្រោះ​ពួក​គេ​នៅ​ជា​បង​ប្អូន​របស់​លោក​ក្នុង​ព្រះ​អម្ចាស់​នៅ​ឡើយ មែន​ហើយ ពួក​គេ​បាន​មាំមួន​នៅ​ក្នុង​ការ​ស្គាល់​ពី​សេចក្ដី​ពិត ព្រោះ​ពួក​គេ​ជា​មនុស្ស​ដែល​មាន​យោបល់​ដ៏​ជ្រាលជ្រៅ ហើយ​គេ​បាន​ព្យាយាម​ពិចារណា​មើល​បទគម្ពីរ ដើម្បី​ឲ្យ​គេ​អាច​ស្គាល់​ព្រះ​បន្ទូល​នៃ​ព្រះ » ។៤

កាលដែល​ខ្ញុំ​មើល​ត្រឡប់​ទៅ​ការហៅ​បម្រើ​ពីមុនៗ ខ្ញុំ​អាច​យល់​យ៉ាង​ច្បាស់​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ការហៅ​បម្រើ​នោះ​ដល់​ខ្ញុំ​នៅ​ពេល​នោះ ។ ទោះ​ជា​យ៉ាង​ណា មាន​ពេល​ខ្លះ​ដែល​ខ្ញុំ​បាន​ទទួល​ការហៅ​បម្រើ​មួយ​ដែល​ពិបាក​នឹង​យល់​ច្បាស់​ពី​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់ ។  ខ្ញុំ​គ្រាន់តែ​អាច​មាន​អារម្មណ៍​ភ័យខ្លាច​ជា​ខ្លាំង ដោយ​ដឹង​ពី​ភាពមិន​គ្រប់គ្រាន់​របស់​ខ្ញុំ និង​ភាពមិន​សក្ដិសម​របស់​ខ្ញុំ​ក្នុង​ការបម្រើ​នៅក្នុង​ការហៅ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ខ្ញុំ​នោះ ។

ខ្ញុំ​ចាំ​ថា ពេល​ខ្ញុំ​មាន​អារម្មណ៍​បែប​នោះ អ្នក​ដឹកនាំ​ម្នាក់​បាន​បង្រៀន​ខ្ញុំ​ថា ខ្ញុំ​គួរតែ​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ។ ពេល​ទ្រង់​ប្រទាន​ការហៅ​បម្រើ ទ្រង់​យល់​ពី​ការលំបាក ឧបសគ្គ ភាពមិន​គ្រប់គ្រាន់ និង​ភាពទន់ខ្សោយ​ទាំងអស់​របស់​យើង ។ យើង​មិន​អាច​មើល​ឃើញ​ជានិច្ច​នោះ​ទេ ពី​អ្វី​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​រៀន ​និង​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​យើង ។ « សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់ » ។៥

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា « ទ្រង់​ធ្វើ​ឲ្យ​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដល់​អស់​អ្នក​ដែល​ទ្រង់​ហៅ » ។៦ ប្រធាន​ស្តីទីនៃកូរ៉ុមនៃពួក​សាវក​ដប់ពីរ​នាក់ ប្រធាន អិម រ័សុល បាឡឺដ បាន​មាន​ប្រសាសន៍​ថា « គ្មាន​នរណា​ម្នាក់​ព្យាយាម​ស្វែងរក​តួនាទី​នៅក្នុង​សាសនាចក្រ​នោះ​ទេ ប៉ុន្តែ​ពេល​ដែល​ការហៅ​មកដល់ យើង​ទទួល​វា ព្រោះ​យើង​ស្រឡាញ់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ » ។៧ ពេល​យើង​ស្រឡាញ់​ព្រះអម្ចាស់ យើង​នឹង​ទុកចិត្ត​លើ​ទ្រង់​ដោយ​រាបសារ ហើយ​នឹង​មាន​ការប្ដេជ្ញា​ចិត្ត​ចំពោះ​ការហៅ​បម្រើ​នោះ ។​ ពេល​ព្រះអម្ចាស់​ស្នើ ហើយ​យើង​មាន​ឆន្ទៈ នោះ​ព្រះ​នឹង​ជួយ​យើង​នៅក្នុង​ភាពមិន​គ្រប់គ្រាន់ និង​ភាពទន់ខ្សោយ​របស់​យើង ដើម្បី​យើង​អាច​ទទួល​យក​កិច្ចការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​បាន ។

ព្រះអម្ចាស់​បាន​បំពេញ​នូវកិច្ចការ​ដ៏​អស្ចារ្យ​គឺ​ដង្វាយ​ធួន ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ទទួល​យក​នូវ​​កិច្ចការ​ដ៏​បរិសុទ្ធ​ដើម្បី​ស្ថាបនា​សាសនាចក្រ ដើម្បី​ជួយ​ដល់​ម​នុស្ស​ទាំងអស់​បង្កើន​​ជំនឿ​របស់​យើង​ទៅលើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ទទួល​សេចក្ដី​សញ្ញា និង​ពិធីការ​ទាំងឡាយ​នៃ​សេចក្ដី​សង្គ្រោះ និង​ទទួល​នូវ​ពរជ័យ​នៃ​ភាពអស់កល្ប​ជានិច្ច ។ ខ្ញុំ​មាន​អំណរគុណ​ដោយ​អស់​ពី​ចិត្ត​របស់​ខ្ញុំ ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​ដ៏​បរិសុទ្ធ​នេះ ហើយ​សូម​ទុក​នូវ​ទីបន្ទាល់​ដ៏​ប្រាកដ​របស់​ខ្ញុំ​អំពី​ភាពពិសិដ្ឋ និង​ភាពពិត​នៃ​កិច្ចការ​ដ៏​អស្ចារ្យ​នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយស៊ូវគ្រីស្ទ អាមែន ។ ■

ចំណងជើង ៖ អែលឌើរ មីង-ហ្សុន ( វិនសិនថ៍ ) គួន
 

______________________________________

កំណត់ចំណាំ ៖

[1] អាលម៉ា ៣៤:៣២

២ អេភេសូរ ៤:១១-១៣

៣ អេភេសូរ ២:១៩

៤ អាលម៉ា ១៧:២

៥ កូរិនថូសទី១ ២:៩

៦ Thomas S. Monson “Whom the Lord Calls, He Qualifies”, Ensign, July 2013

៧ Building up the Church and Regulating All the Affairs of the Same