រំលង​ការ​រុករក​ចម្បង

« ការរកឃើញ​អំណរ​ក្នុង​ការបង្កើត​គ្រួសារ​ដ៏​រីករាយ ហើយ​អស់កល្ប​មួយ »

ជានិច្ចកាល ការងារ​ទាមទារ​ឲ្យ​យើង​ខិតខំ ប៉ុន្ដែ​ក៏​ផ្ដល់​រង្វាន់​ដល់​យើង​ផងដែរ ។  ការប្រឈម​ដ៏​ខ្លាំង​នោះ​គឺ​ត្រូវ​រក្សា​តុល្យភាព​ឲ្យ​បាន​ល្អ​រវាង​គ្រួសារ ការងារ សាសនាចក្រ និង​សុខុមាលភាព​ផ្ទាល់ខ្លួន ។  ការរៀន​ពី​របៀប​រក្សា​ឲ្យបាន​តុល្យភាព​បែបនោះ​គឺជា​បទពិសោធន៍​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។

នា​ល្ងាច​ថ្ងៃសុក្រ​មួយ ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​បន្ទាប់​ពី​ការងារ ហើយ​អស់​កម្លាំង​ខ្លាំង​ណាស់ ។  ភរិយា​របស់​ខ្ញុំ អែសធើរ មិន​បាន​នៅ​ផ្ទះ​ទេ ​ព្រោះ​រវល់​ហាត់​សម​ក្រុម​ចម្រៀង​ត្រៀម​ទៅ​សម្ដែង ខណៈ​ខ្ញុំ​នៅ​ផ្ទះ​តែឯង​មាន​អារម្មណ៍​តានតឹង​បន្ដិច ។

រំពេច​នោះ កន្ដឹង​ទ្វារ​បាន​រោទិ៍​ឡើង ។  វា​ចម្លែក​ខ្លាំង​ណាស់ ដោយសារ​ខ្ញុំ​មិន​រំពឹង​ថា​មាន​អ្នក​មក​លេង​ឡើយ ។  ខ្ញុំ​សឹង​មិន​ជឿ​ភ្នែក​ខ្លួន​ឯង នៅពេល​ខ្ញុំ​បាន​បើក​ទ្វារ​ឃើញ​កូនស្រី​របស់​ខ្ញុំ ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​មក​លេង​ជាមួយ​នឹង​កូនប្រុស​តូច​ទាំងពីរ​នាក់​របស់​នាង ។  ការមក​លេង​របស់​ពួកគេ​គឺ​ដើម្បី​ធ្វើ​ឲ្យ​អែសធើរ​ភ្ញាក់ផ្អើល ដើម្បី​គាំទ្រ​ការច្រៀង​ជាក្រុម​របស់​នាងជា​លើក​ផ្ដាច់​ព្រាត់ ។  សម្រាប់​ខ្ញុំ វា​គឺជា​អំណោយ​មក​ពី​ស្ថានសួគ៌​មួយ​ដែល​មកដល់​ចំ​ពេល​ដ៏​ឥតខ្ចោះ ។  នៅពេល​ខ្ញុំ​ឱប​ពួកគេ នោះ​លែង​មាន​អ្វី​គួរ​ជា​បញ្ហា​ទៀត​ឡើយ ។  អ្វីៗ​ត្រឡប់​ទៅ​ទស្សនវិស័យ​ដ៏​ត្រឹមត្រូវ​វិញ ។

ដំណឹងល្អ​បង្រៀន​យើង​ថា កូនៗ និង​ចៅៗ​របស់​យើង​គឺជា​បុត្រា និង​បុត្រី​របស់​ព្រះ ដែល​ព្រះ​បាន​ទុក​ព្រះទ័យ​ប្រគល់​ឲ្យ​យើង​ដើម្បី​ឲ្យ​យើង​អាច​ក្លាយជា​ដៃគូ​របស់​ទ្រង់​ដើម្បី « នាំ [ ពួកគេ ] ដឹក [ ពួកគេ ] ដើរ​នៅ​ក្បែរ [ ពួកគេ ] ជួយ [ ពួកគេ ] ​ឲ្យ​រក​ផ្លូវ ។  បង្រៀន [ ពួកគេ ] ​អ្វី​ដែល [ ពួកគេ ]​ ត្រូវ​ធ្វើ … » ឲ្យ​ក្លាយជា​មនុស្ស​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ប្រែក្លាយ ហើយ « ដើម្បី​រស់នៅ​នឹង​ទ្រង់ » ។ ១

វា​សំខាន់​ដើម្បី​ចាំ​ថា ព្រះវរបិតាសួគ៌​របស់​យើង « មិន​ដែល​ធ្វើ​រឿង​អ្វី​ដោយ ‹ ចៃដន្យ › នោះ​ទេ ​ប៉ុន្ដែ​ដោយ ‹ ការរចនា​ដ៏​ទេវភាព › » ។ ២   ស៊ិស្ទើរ បូនី អិល. អូស្ការ​សុន ក៏​បាន​រំឭក​យើង​ផងដែរ​ថា « ព្រះវរបិតា​សួគ៌​អាច​នឹង​ដាក់​អ្នក​ដែល​ត្រូវការ​យើង​ឲ្យ​នៅ​ជិត​យើង​បំផុត ដោយ​ដឹង​ថា​យើង​នឹង​ជា​អ្នក​ដែល​បំពេញ​តម្រូវការ​ពួកគេ​បាន​ល្អ​បំផុត » ។ ៣ ក្រុម​គ្រួសារ​របស់​យើង​គឺជា​មនុស្ស​ដែល​ត្រូវការ​យើង​បំផុត ហើយ​យើង​ត្រូវបាន​ដាក់​មកក្នុង​កន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​ផ្ដល់​ក្ដីស្រឡាញ់ ការយក​ចិត្ត​ទុកដាក់ គំរូ និង​ការបង្រៀន​ដែល​ពួកគេ​ត្រូវការ ។

ការចិញ្ចឹម​បីបាច់​កូនចៅ​តាម​របៀប​របស់​ព្រះអម្ចាស់​អាច​ជួប​ការប្រឈម ជាពិសេស​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជំនាន់​ទីមួយ ដែល​ខ្ញុំ​ជាមនុស្ស​​ម្នាក់​ដែរ ។  ថ្វីបើ​ឪពុកម្ដាយ​របស់​យើង​ជាច្រើន​អាច​មាន​ភាពស្មោះត្រង់ ទៀងត្រង់ ចិត្តល្អ និង​ជា​មនុស្ស​ល្អក្ដី ក៏​យើង​មិន​បាន​ដឹង​ជាមុន​ថា​គ្រួសារ​ដែល​ដាក់​ព្រះគ្រីស្ទ​ជា​គ្រឹះ​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ ។

អ្នកជំនាញ​ជាច្រើន​ត្រៀម​ផ្ដល់​ដំបូន្មាន​ដល់​យើង ។  ដោយ​គ្មាន​មន្ទិល​សង្ស័យ ដំបូន្មាន​នេះ​ភាគច្រើន​មាន​តម្លៃ ប៉ុន្ដែ​ដំបូន្មាន​ខ្លះ​មិន​សមស្រប​នឹង​ការបង្រៀន​ដំណឹងល្អ​ឡើយ ។

ខ្ញុំ​មាន​អំណរ​ចំពោះ​ព្យាការី​ដែល​នៅរស់​ដែល​ប្រាប់​ពី​ព្រះបន្ទូល​របស់​ព្រះ ហើយ​ជួយ​យើង​ឲ្យ​យល់ និង​អនុវត្ត​តាម​គោលការណ៍​ដ៏​មាន​តម្លៃ​ទាំងនេះ​នៅក្នុង​ផ្ទះ​របស់​យើង ។  ការកសាង​គ្រួសារ​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ​មិន​តែងតែ​ងាយស្រួល​នោះ​ទេ ជាពិសេស​នៅពេល​ដែល​ជំនឿ និង​គុណតម្លៃ​មកពី​ជីវិត និង​វប្បធម៌​របស់​យើង​មិន​មាន​ភាពសុខដុម​ទាំងស្រុង​តាម​របៀប​របស់​ព្រះអម្ចាស់ ។  ការអនុវត្ត​ការផ្លាស់ប្ដូរ​ចាំបាច់​នានា​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ខ្លាំង ទឹកចិត្ត​មោះមុត ការតស៊ូ និង​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ការពឹងផ្អែក​ទៅលើ​ព្រះអម្ចាស់​ដែល « មិន​ចេញ​បញ្ជា​ដល់​កូន​ចៅ​មនុស្ស​ណា​ឡើយ លើក​លែង​តែ​ទ្រង់​នឹង​រៀបចំ​ផ្លូវ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួក​គេ​ទុក​ជា​មុន​សិន » ។​ ៤

ដោយសារ​កូនចៅ​របស់​យើង​ម្នាក់ៗ​មិន​ដូច​គ្នា នោះ​គ្មាន​ដំណោះស្រាយ ឬ​វិធី​ណាមួយ​ដែល​អនុវត្ត​ត្រូវ​គ្រប់​ការណ៍​ឡើយ ។  យើង​ត្រូវ​នៅ​ឲ្យ​គៀក​នឹង​ព្រះវិញ្ញាណ​ដើម្បី​ទទួល​បាន​ការបង្រៀន​ពី​របៀប​ដ៏​ល្អ​បំផុត​ក្នុង​ការបម្រើ​ដល់​កូនចៅ​របស់​យើង​ម្នាក់ៗ ។  ជា​លទ្ធផល ការអាន និង​ការពិចារណា​ពី​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ ការស្វែងរក​ការដឹកនាំ​ពី​ព្រះអម្ចាស់​តាមរយៈ​ការអធិស្ឋាន​ដ៏​ស្មោះស និង​ការទទួល​ទាន​សាក្រាម៉ង់​ដោយ​ស្មោះត្រង់ ព្រមទាំង​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​នៅ​ផ្ទះ​សុទ្ធ​តែ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ទាំងអស់ ។  ក្នុង​នាម​ជា​ឪពុកម្ដាយ យើង​ត្រូវតែ​សម្អាត​ផ្នែក​ខាងក្នុង​ថូ​របស់​យើង​ឲ្យ​ស្អាត ហើយ​ត្រៀម​ខ្លួន​ទទួល​ការដឹកនាំ និង​កម្លាំង​មកពី​ព្រះ​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។

ការជួយ​កូនចៅ​របស់​យើង​ឲ្យ​មាន​សេចក្ដី​ជំនឿ​ ហើយ​មាន​ទីបន្ទាល់​មួយ​អំពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង កាល​ពួកគេ​នៅ​ក្មេង​នៅឡើយ គឺជា​អំណោយទាន​ដ៏​ល្អ​បំផុត​របស់​យើង​សម្រាប់​កូនចៅ​ជាទី​ស្រឡាញ់​ទាំងនេះ ។   ព្រះអម្ចាស់​បាន​សន្យា ៖  « អ្នក​ណា​ដែល​ឆាប់​ស្វែងរក​យើង នោះ​នឹង​បាន​ជួប​យើង ហើយ​នឹង​មិន​ត្រូវ​បោះបង់​ចោល​ឡើយ » ។ ៥ ការ​ចាប់ផ្ដើម​នៅ​ថ្ងៃនេះ​នឹង​ផ្ដល់​ឱកាស​ដ៏​ល្អ​បំផុត​ដល់​កូនចៅ​របស់​យើង​ឲ្យ​មាន​ជោគជ័យ​ក្នុង​ការសាង​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ដែល​មិន​អាច​បោះបង់​បាន​ក្នុង​ការស្គាល់​សំឡេង​ដ៏​តូច​រហៀង ក្នុង​ការរក្សា​បាន​នូវ​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ និង​ការស្ថាបនា​ទំនាក់ទំនង​ផ្ទាល់ខ្លួន​មួយ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​ដែល​ពួកគេ​នឹង​មិន​ដែល​ធ្លាក់​ចេញ​ឡើយ ។  ប្រសិនបើ​មាន​រឿង​នានា​ដែល​យើង​ត្រូវ​ប្រែចិត្ត គឺ​ថ្ងៃនេះ​ឯង​ជា​ពេល​ដែល​ត្រូវ​ធ្វើការ​ផ្លាស់ប្ដូរ​ដើម្បី​ឲ្យ​យើង​អាច​ក្លាយជា​គ្រូបង្រៀន​ដំណឹងល្អ​ដ៏​មាន​ប្រសិទ្ធភាព​នៅក្នុង​គេហដ្ឋាន ។  សេចក្ដី​ស្រឡាញ់ និង​គំរូ​របស់​យើង​នឹង​ផ្លាស់ប្ដូរ​ជីវិត​របស់​កូនចៅ​យើង និង​កូនៗ​របស់​ពួកគេ និង​ចៅៗ​របស់​ពួកគេ ។

វា​គឺជា​សេចក្ដី​សង្ឃឹម និង​ការអធិស្ឋាន​របស់​ខ្ញុំ​ថា យើង​ទាំងអស់​នឹង​អាច​ធ្វើ​តាម​សេចក្ដីថ្លែង​របស់​យ៉ូស្វេ​ថា  « ចូរ​រើស​យក … ថ្ងៃ​នេះ​ចុះ តែ​ឯ​អញ និង​ពួក​គ្រួ​អញ​[ ដែល​ជា​កូនៗ និង​ចៅៗ​របស់​ខ្ញុំ ] យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ » ។ ៦ នៅក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

ចំណងជើង ៖ អែលឌើរ ហ្វូក ឈូអិន ( ស៊ីណូ ) ឈូវ

______________________________________

កំណត់​ចំណាំ ៖

[1]« ខ្ញុំ​ជា​កូន​របស់​ព្រះ » ទំនុក​តម្កើង ល.រ. ១៨៨

២ នែល អេ ម៉ាកស្វែល « Brim with Joy » Brigham Young University devotional ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ១៩៩៦ ទំព័រ ២ speeches.byu.edu ។

៣ បូនី អិល. អូស្ការ​សុន « សេចក្ដី​ត្រូវ​ការ​នៅ​ចំពោះយើង » សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ ២០១៧

៤ នីហ្វៃ ទី១ ៣:៧

៥ គ. និង ស. ៨៨:៨៣

៦យ៉ូស្វេ ២៤:១៥

Elder Chow