អែលឌើរថាត អរ ខាលីស្ទើរ

    វា​គឺ​ជា​សេចក្ដី​អំណរ​មួយ ដើម្បី​ចំណាយ​ពេល​ល្ងាច​នេះ នៅ​ជាមួយ​អ្នកទាំងឡាយ​ដែល​​នឹង​ក្លាយ​ជា​អ្នកដឹកនាំ និង​ឪពុក​ម្ដាយ​នៃ​សាសនាចក្រ​នេះ​នា​ពេល​អនាគត ។ ដោយ​សារ​តែ​រឿង​នោះ ខ្ញុំ​ជឿ​ថា​អនាគត​សាសនាចក្រ​នេះ នឹង​រឹងមាំ ហើយ​ភ្លឺ​ចិញ្ចាចចិញ្ចែង ។ ដោយ​ហេតុ​នោះ ខ្ញុំ​ចង់​និយាយ​អំពី​សាសនាចក្រ​ដែល​អ្នក​នឹង​ធ្វើ​ជា​អធិបតី​នា​ថ្ងៃ​មួយ ។

    នៅ​កណ្ឌទីមួយ​ក្នុងគោលលទ្ធិ និង​សេចក្ដីសញ្ញា ព្រះអម្ចាស់​បាន​ថ្លែង​យ៉ាង​ច្បាស់ និង​សំខាន់​អំពី​រឿង​នេះ​ថា ៖ « [ នេះ​គឺ​ជា ] សាសនាចក្រតែ​មួយដែលពិត ហើយសកម្ម នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល » ( គ. និងស​. 1:30) ។ តើ​វា​មានន័យ​យ៉ាងណា ? វា​ពុំ​មានន័យ​ថា ព្រះវិហារ​ផ្សេងទៀត​ពុំ​មាន​សេចក្ដីពិត​ខ្លះៗ​នោះ​ទេ ព្រោះ​ពួកគេ​មាន ។ វា​ពុំ​មានន័យ​ថា ព្រះវិហារផ្សេង ពុំ​ធ្វើ​ល្អ​នោះ​ទេ ត្បិត​ពួកគេ​ពិតជា​បាន​ធ្វើ​ល្អ​ច្រើន ។ វា​មានន័យ​ថា នេះ​គឺ​ជា​សាសនាចក្រ​តែ​មួយ​គត់ ដែល​មាន​សេចក្ដីពិត​ទាំងអស់ ដែល​បាន​បើក​សម្ដែង​ឲ្យ​ឃើញ នៅ​ក្នុង​គ្រាកាន់​កាប់​ត្រួតត្រានេះ-- ជា​សាសនាចក្រ​តែ​មួយគត់ ដែល​មាន​ពិធីបរិសុទ្ធ​ចាំបាច់ សម្រាប់​ភាពតម្កើងឡើង និង​ជា​សាសនាចក្រ​តែ​មួយគត់ ដែល​មាន​បព្វជិតភាព​នៃ​ព្រះ ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំង​នោះ​ដោយ​សុពលភាព​ពីព្រះ ។ តើ​យើង​មានភស្ដុតាង​អ្វី​ខ្លះ អំពី​ការ​ប្រកាស​នេះ ?

    ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ភរិយាខ្ញុំ និង​ខ្ញុំ ត្រូវ​ការ​ផ្ទះ​មួយធំជាង​សម្រាប់​កំណើន​នៃ​គ្រួសារ​យើង ដូច្នេះ ​យើង​បាន​​ឃើញ​ថា​មានអ្វីៗ​ជាច្រើន​ត្រូវ​ស្ថាបនាវា​ឡើង ។ យើង​បាន​ចំណាយ​ពេល​ខ្លះ ធ្វើ​ប្លង់មេ ដែល​នឹង​ផ្ទុក​តាម​តម្រូវ​ការ​នៃកំណើន​​ក្នុង​​គ្រួសារ​​យើង ។ ភរិយា​ខ្ញុំ បាន​គ្រោង​ដាក់​ទ្វាបត់​មួយខណ្ឌ​បន្ទប់​ទទួលភ្ញៀង និង​បន្ទប់​គ្រួសារ​យើង ដែល​អាច​បើក​ឡើង​សម្រាប់​សកម្មភាព​យុវវ័យ និង​ក្រុម​គ្រួសារ​ធំបាន ។ ដោយ​មានទី​កន្លែង​បន្ថែម​នៅ​បន្ទប់​ដាក់​សម្ភារ នោះ​យើង​បាន​រៀបបន្ទប់មួយ​ដែល​កូនៗ​យើង​អាច​លេង​សកម្មភាព​កម្សាន្ដ​ល្អៗ​បាន ។ បន្ទប់​តូច​មួយ ត្រូវ​បាន​សង់ឡើងនៅ​ក្រោយ​បន្ទប់សម្ភារ ដើម្បី​ដាក់​អាហារ និង​សម្ភារ​ដទៃទៀត ។ ធាតុ​នៃ​ការ​រៀបចំ​ទាំង​នេះ និងធាតុ​ដទៃទៀត បាន​រួម​គ្នា​នៅ​ក្នុង​ប្លង់មេ ។ ដូច្នេះ​ផ្ទះ​ត្រូវ​បាន​សង់​ឡើង​តាម​ផែនការ​ទាំងនេះ ។

    ពេល​ផ្ទះ​កំពុង​តែ​សាងសង់នោះ​ ម្ដង​ម្កាល យើង​បាន​សុំ​ឲ្យ​អ្នក​សាងសង់​ធ្វើការ​ផ្លាស់ប្ដូរ​មួយ ដែល​កែ​ប្លង់​មេ ។ នោពេល​ផ្ទះ​ត្រូវ​បាន​សង់រួច វា​មាន​លក្ខណៈ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ប្លង់​មេរបស់​យើង​ ដែល​យើង​បាន​កែរ​ពី​មួយពេល​ទៅ​មួយពេល​នោះ ។ បើ​អ្នក​យក​ប្លង់​មេ​របស់​យើងទៅ​ផ្គូរ​ផ្គង​នឹង​ផ្ទះ​គ្រប់​កន្លែង​ក្នុងពិភពលោក តើ​មាន​ផ្ទះ​ប៉ុន្មាន ដែល​នឹង​ផ្គូរ​ផ្គង​ទៅ​ដូច​គ្នា​ដ៏​ឥត​ខ្ចោះ​នោះ ? មាន​តែ​ផ្ទះ​យើង​មួយ​តែ​ប៉ុណ្ណោះ ។ អូ៎​ ! ប្រហែល​ជា​ជួន​កាល​មានភាព​ដូច​គ្នា​ត្រង់​នេះ​បន្ដិច​ត្រង់​នោះ​បន្ដិច ដូចជា--​បន្ទប់​មាន​ទំហំ​ដូចគ្នា បង្អួច​ខ្លះ​ស្រដៀងគ្នា-- ប៉ុន្តែ​សម្រាប់​គ្រឹះ សម្រាប់គ្រឹះ សម្រាប់បន្ទប់ និង​ដំបូល សម្រាប់បង្អួច គឺ​នឹង​មាន​តែ​ផ្ទះ​មួយ​ដែល​ត្រូវ​នឹង​ប្លង់​មេ​នោះ​ដោយ​ឥត​ខ្ចោះ-- គឺ​ផ្ទះ​របស់​យើង ។

    ស្រដៀងគ្នា​នឹង​របៀប​ដែល​ព្រះគ្រីស្ទ​ស្ថាបនា​គេហដ្ឋាន​មួយ​ឡើង ដើម្បី​រៀបចំ ស្របតាម​សេចក្ដី​ត្រូវ​ការ​របស់​កូនៗ​ទ្រង់​បាន​ល្អបំផុត ។ វា​គឺ​ត្រូវ​បាន​ហៅ​ថា សាសនាចក្រ​ទ្រង់ ។ ប្លង់​មេ​ខាង​វិញ្ញាណសម្រាប់​សាសនាចក្រ​នេះ អាច​រក​បាន​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ។ ជួន​កាល ព្រះអង្គ​សង្គ្រោះ បាន​សុំ « ​ឲ្យផ្លាស់​ប្ដូរ​អ្វី​មួយ» ​ក្នុង​ប្លង់មេ ។ ការ​​ផ្លាស់​ប្ដូរ​ដូច្នោះ ​ចេញ​មកជា​ទម្រង់​នៃ​វិវរណៈ ។ ឧទាហរណ៍ ដំបូង​ឡើយ ព្រះអង្គសង្គ្រោះ បាន​បញ្ជា​ដល់​ពួក​សាវក​ទ្រង់ ឲ្យ​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់វង្សអ៊ីស្រាអែល ប៉ុន្តែ ពុំ មែន​ទៅ​កាន់​ពួកសាសន៍​ដទៃទេ (សូមមើល ម៉ាថាយ 10:5–6) ។ ទោះ​ជា​យ៉ាង​ណា​ បន្ទាប់​ពី​ការ​យាង​ឡើង​ទៅ​លើ​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ទ្រង់​បាន​ផ្ដល់​បញ្ជា​ផ្លាស់​ប្ដូរ​ខាងវិញ្ញាណ​មួយ ដល់​ពេត្រុស -- ជា​វិវរណៈ​មួយ តាម​របៀប​នៃ​ការ​និមិត្ត-- ថា​ឥឡូវ ដំណឹងល្អ​គួរ​តែ​ត្រូវ​បាន​បង្រៀន​ទៅ​ដល់​សាសន៍​ដទៃ​ផងដែរ ( សូមមើល កិច្ចការ 10 ) ។ បទពិសោធន៍​របស់​ពេត្រុស​នេះ បាន​បង្រៀន​យ៉ាង​ហោច​ណាស់​នូវ​គោលការណ៍​គ្រប់​គ្រង​សំខាន់​ពីរ​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ៖ ទី​មួយ ប្លង់​មេ អាច​ផ្លាស់​ប្ដូរ​បាន ប៉ុន្តែ​មាន​តែ​តាមរយៈ​វិវរណៈ​មកពី​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ហើយ​ទីពីរ វិវរណៈ​ដូច្នោះ នឹង​កើត​មាន​មក​ដល់​ព្យាការី ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ​នៅ​លើ​ផែនដី ។ ម្យ៉ាងទៀត សាសនាចក្រ​របស់​ព្រះ នឹង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វិវរណៈ​របស់​ព្រះ និង​តាមរយៈ​បញ្ជារ ។

    បើ​មនុស្ស​ម្នាក់ បាន​ប៉ង​ចង់​រក​សាសនា​ព្រះគ្រីស្ទ​សព្វ​ថ្ងៃ​នេះ គាត់​នឹង​ចង់​ផ្គូរ​ផ្គង​ប្លង់​មេ​ខាង​វិញ្ញាណ ដែល​មាន​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មីទៅនឹង​ព្រះវិហារ​គ្រីស្ទាន​គ្រប់កន្លែង​នៅ​ក្នុង​ពិភពលោក រហូត​ដល់​គាត់​បាន​រក​ឃើញ​ព្រះវិហារ​មួយ ដែល​ត្រូវ​នឹង​ប្លង់​មេ--ពី​អង្គការ​មួយទៅ​អង្គការ​មួយ ពី​ការបង្រៀន​មួយទៅ​ការ​បង្រៀន​មួយ ពី​ពិធីបរិសុទ្ធមួយ​ទៅពិធីបរិសុទ្ធ​មួយ ពី​ផល​ផ្លែ​មួយទៅ​ផល​ផ្លែ​មួយ និង​ពីវិវរណៈមួយទៅ​វិវរណៈមួយ ។ ពេល​ធ្វើ​ដូច្នោះ គាត់​អាច​នឹង​រក​ឃើញ​ព្រះវិហារ​មួយចំនួន ដែល​មាន​ភាព​ស្រដៀងគ្នា​ខ្លះៗ ដូច​ជា -- ការ​បង្រៀន​មួយ ឬ​ពី​រ​ដែលស្រដៀងគ្នា​ ពិធីការ​មួយ​ដែល​ដូចគ្នា តំណែង​ខ្លះ​ដែល​មាន​ឈ្មោះ​ដូចគ្នា-- ប៉ុន្តែ​គាត់​នឹង​រក​ឃើញ​ព្រះវិហារ​មួយ​តែ​ប៉ុណ្ណោះ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​​ត្រូវ​នឹង​ប្លង់​មេ​នៅ​គ្រប់​វិធី​ដែល​សំខាន់ ។ ឥឡូវ​នេះ ខ្ញុំ​ចង់​សាក​ល្បងសេចក្ដី​ថ្លែង​នោះ​ ។

    ចូរ​យើង​បើក​ទៅ​ទំព័រ​ទីមួយ​នៃ​ប្លង់​មេ​ ហើយ​រកឃើញ​នូវ​អ្វី​ដែល​អង្គការ​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ត្រូវ​បាន​បើក​សម្ដែង ។

    ទីមួយ សាសនាចក្រ​របស់​ព្រះគ្រីស្ទ ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​ពួកសាវក និង​ពួក​ព្យាការី ។ នៅពេល​ប៉ុល សរសេរ​សំបុត្រ​ទៅ​កាន់​សមាជិក​សាសនាចក្រ​ថ្មីៗ​មួយចំនួន គាត់​បាន​និយាយ​ថា ឥឡូវ​ពួកគេ « បាន​ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃពួក​សាវក និង​ពួកហោរា ហើយ​ព្រះ​យេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាងឯក» ( អេភេសូរ 2:20; ​អក្សរ​ទ្រេត​បន្ថែម ) ។

    ពួក​សាវក បាន​យល់​ពី​តម្រូវ​ការ​សំខាន់​ ដើម្បី​រក្សា​ឲ្យ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ នៅពេល​សាវក​ម្នាក់ ដូចជា​ យ៉ូដាសបាន​ស្លាប់ នោះ​គ្រឹះ​មួយ​ចំណែក​ត្រូវ​បាន « បំបែក​ចេញ » ពួក​សាវក​ 11 នាក់​ផ្សេង​ទៀតបាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​បាន​ជ្រើស​រើស​អ្នក​ស្នង​តំណែង​ម្នាក់ ដូច្នេះ គ្រឹះ​នឹង​ត្រូវ​បានដាក់​​បញ្ចូល​ឲ្យពេញ​លេញ​វិញម្ដង​ទៀត ( សូមមើល កិច្ចការ 1:22–25) ។

    គំរូ​នេះ បានបង្ហាញយ៉ាងជាក់​ស្ដែង​ពី​សារៈសំខាន់​នៃ ការ​រក្សា​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ពួកសាវក​ទាំង​នេះ សំខាន់​ខ្លាំង​ណាស់ ចំពោះ​សុខុមាលភាព​នៃ​សាសនាចក្រ ដែល​ប៉ុល​បាន​ប្រកាស ពី​រយៈពេល​យែល​យើង​ត្រូវ​ការ​ពួកគេ​យូរ​ប៉ុណ្ណា​ថា ៖ « យើង​រាល់​គ្នា​បាន​រួបរួម​ខាង​ឯ​សេចក្ដីជំនឿ » ( អេភេសូរ 4:13) ។ រួច​ហើយ​ គាត់​បាន​ពន្យល់​ពី​មូលហេតុ ៖ ដូច្នេះ យើង​នឹង​មិនត្រូវ​បាន « ​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះ​ឡើង » ​ឡើយ ( អេភេសូរ 4:14) ។ ដោយ​ហេតុ​នោះហើយ​ ទើប​ពួក​សាវក ​សំខាន់ក្នុង​ការ​​រក្សា​គោលលទ្ធិ​ឲ្យ​បរិសុទ្ធ ។

    ឧបមាថា ខ្ញុំ​បាន​ប្រាប់​រឿង​មួយ​ដល់​មនុស្ស​ម្នាក់​នៅ​ដើម​ជួរ​កៅអីមួយ នៅ​ខាង​មុខ​ខ្ញុំនេះ​ រួច​ហើយ​គាត់​ចែក​វា​ទៅ​មនុស្ស​ម្នាក់ទៀត​អង្គុយ​ជិត​គាត់ ហើយ​ចេះ​តែ​បន្ដ​ រហូតទៅ​​ដល់​អ្នក​អង្គុយ​នៅ​ចុង​​ម្ខាង​ទៀត ។ តើ​មាន​អ្វី​នឹង​កើត​ឡើង​ចំពោះ​រឿង​នោះ ? វា​នឹង​ផ្លាស់​ប្ដូរ ។ វា​តែងតែ​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន នោះ​គឺ​ជា​ធម្មជាតិ​មនុស្ស ។ ដូច្នេះ វា​គឺ​ដូចគ្នា​ជាមួយ​នឹង​គោលលទ្ធិ ដែល​ត្រូវ​បាន​បង្រៀន​ដោយ​សាវក នៅពេល​ពួកគាត់​​ចេញដំណើរ​​ទៅ​តាម​ទីក្រុង និង​ភូមិ​ផ្សេងៗ ។ នៅពេល​គោលលទ្ធិ​ចែក​ចេញពីមនុស្សម្នាក់ទៅមនុស្ស​ម្នាក់ទៀត វា​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ ។ ដរាបណា​យើង​មាន​ពួកសាវក នោះ​ពួកគាត់​អាច​កែ​តម្រូវ​គោលលទ្ធិ តាមរយៈ​សំបុត្រ ឬ​ទេសនកថា​ផ្ទាល់​ខ្លួន ។ ប៉ុន្តែ​នៅពេល​ពួកសាវក បាត់​បង់អស់​ទៅ នោះ​វា​គ្មាន​ប្រព័ន្ធ​សមតុល្យត្រឹមត្រូវ គ្មាន​ដៃ​ណា​មក​កែ​តម្រូវ​ទេ ហើយ​មិន​យូរប៉ុន្មាន​គោលលទ្ធិ​ទាំងឡាយ ត្រូវ​បាន​បាត់​បង់ ឬស្រពិច​ស្រពិល ។

    ដោយ​សារមូលហេតុ​នេះ និង​មូល​ហេតុ​ដទៃទៀត នោះ​ប្លង់​មេ បើក​សម្ដែង​ថា ពួកសាវក និង​ពួកព្យាការី បាន​បង្កើត​ជា​គ្រឹះ​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។ តើ​អ្នក​មាន​ដឹង​ពី​បញ្ជា​​ផ្លាស់ប្ដូរ​ណា​មួយ​នៅ​ក្នុង​គម្ពីរសញ្ញាថ្មី ឬ​វិវរណៈ ដែល​បាន​កែ​ប្លង់​មេ ហើយ​បាន​ថ្លែង​ថា ឈប់​ត្រូវ​ការ​ពួកសាវក​ទៀត​ទេ ? ខ្ញុំ​ពុំ​ឃើញ​មាន​ទេ ។ បើ​ជា​​ករណី​នោះ​មែន នោះ​ព្រះវិហារ​ពិត​របស់​ព្រះគ្រីស្ទសព្វថ្ងៃ គួរ​តែ​មាន​ពួកសាវក និង​ពួក​ព្យាការី ធ្វើ​ជា​គ្រឹះ​នៃ​សាសនាចក្រ ។

    ដើម្បី​ជួយ​ដល់​ព្រះ​អង្គសង្គ្រោះ និង​ពួកសាវក​របស់ទ្រង់​ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់​ពិភពលោក នោះព្រះអង្គសង្គ្រោះ បាន​ជ្រើសរើស​បុរស​ផ្សេងទៀត ដែល​បាន​ហៅ​ថា ពួកចិតសិបនាក់ ដើម្បី​រៀបចំ​ផ្លូវ ។ យើង​អាន​អំពី​ពួកចិតសិបនាក់ទាំងនេះ នៅក្នុង​លូកា ជំពូក 10 ។ តើ​អ្នកដឹង​​ថា ព្រះវិហារ​មួយ​សព្វ​ថ្ងៃ ដែល​ត្រូវ​នឹង​ប្លង់​មេនេះ-- ដែល​មាន​ពួក​ចិតសិបនាក់​ដែរ​ឬ​ទេ ?

    ប្លង់​មេ​នៃ​គម្ពីរ​សញ្ញា​ថ្មី បើក​សម្ដែង​ឲ្យ​ឃើញ​ពី​អ្នក​កាន់​តំណែង​ដទៃទៀត ដែល​បង្កើត​ឡើង​ជា​ចំណែក​នៃ​អង្គការ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ៖ ប៊ីស្សព ( សូមមើលធីម៉ូថេទី  1 3ទីតុស 1:7 ) អែលឌើរ ( សូមមើល កិច្ចការ 14:23, ទីតុស 1:5) ឌីកុន ( សូមមើល ភីលីព 1:1 ) គ្រូ​ផ្សាយ​ដំណឹងល្អ ( សូមមើល អេភេសូរ 4:11 មានន័យ​ថា លោក​អយ្យកោ1) និង​គ្រូគង្វាល ( សូមមើល អេភេសូរ 4:11 មានន័យ​ដូចជា បុរស​ដែល​ជា​ប៊ីស្សព និង​ប្រធាន​ស្ដេក ដែល​ធ្វើ​ជា​អធិបតី​លើ​ក្រុម​មួយ2 ) ។

    មាត្រា​នៃ​សេចក្ដី​ជំនឿ​ទីប្រាំមួយ​របស់​សាសនាចក្រ បាន​ធ្វើ​ជា​សេចក្ដីយោង​ចំពោះ​ប្លង់​មេ​នេះ ៖ « យើង​ខ្ញុំ​ជឿ​ចំពោះ​ការ​រៀបចំ​ដូច​គ្នា ដូច​ដែល​មាន​នៅ​ក្នុង​សាសនាចក្រពី​អតីតកាល ដូចជា ពួកសាវក ពួក​ព្យាការី ពួកគ្រូគង្វាល ពួកគ្រូ ពួកគ្រូផ្សាយ​ដំណឹងល្អ ជា​ដើម » ។ ( មាត្រា​នៃ​សេចក្ដីជំនឿ 1:6; អក្សរ​ទ្រេតបន្ថែម ) ។ ម្យ៉ាង​ទៀត យើង​ជឿ​ថា​ព្រះវិហារ​របស់ព្រះ​យេស៊ូវ​​គ្រីស្ទ​បច្ចប្បន្ន គួរ​តែ​មាន​អង្គការ​ដូច​គ្នា នឹង​ព្រះវិហារ​ពី​ដើម​របស់​ព្រះគ្រីស្ទ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​តែតាមរយៈ​វិវរណៈ​ប៉ុណ្ណោះ ។ ហេតុដូច្នោះ​ហើយ តំណែង​នីមួយៗ​ទាំងនេះ គឺ​មាន​នៅ​ក្នុង​សាសនាចក្រ​របស់​យើង​សព្វថ្ងៃ​នេះ ។

    តើ​ពួកសាវក និង​អ្នក​កាន់​តំណែង​ដទៃទៀត​របស់​ព្រះគ្រីស្ទ ត្រូវ​បាន​ជ្រើស​រើស​ដោយ​របៀប​ណា ? តើ​ព្រះអង្គសង្គ្រោះ ចេញ​ទៅ​សាលា​រៀន​ខាងទេវ​​វិទ្យា​ដ៏​ល្អ​បំផុត​ក្នុង​ជំនាន់នោះ ហើយ​ជ្រើសរើស​សិស្ស​ទាំង​នោះ​ដែលពូកែបំផុត​ឬ ? ទ្រង់​ពុំ​បាន​ធ្វើ​ដូច្នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ប្លង់មេ ប្រាប់​យើង​ថា ទ្រង់​បាន​ជ្រើសរើស ពេត្រុស អ្នកនេសាទ​ម្នាក់ និង​ម៉ាថាយ ជា​អ្នក​ប្រមូលពន្ធ​ម្នាក់ ហើយ​ក្រោយមក​ ប៉ុល ជា​អ្នក​ធ្វើ​ត្រសាល ។ ម្នាក់ៗ ត្រូវ​បាន​ជ្រើសរើស​ចេញ​មកពី​ក្នុង​ចំណោម​ប្រជាជន​ទូទៅ-- ពុំ​មែនជា​អ្នក​មាន​វិជ្ជាជីវៈ​នោះ​ទេ ។ សព្វ​ថ្ងៃ​នេះ សាសនាចក្រ មាន​ពួកសាវក​ដប់ពីរ​នាក់ ដែល​ក៏​ត្រូវ​បាន​ជ្រើសរើស​ចេញមកពី​ចំណោម​ប្រជាជន​ទូទៅ​ក្នុង​សាសនា​ចក្រ​ដែរ ។ សាវក​ម្នាក់​អាច​ជា​គ្រូបង្រៀន ម្នាក់ទៀត​ជា​វិស្វករ ហើយ​ម្នាក់​ទៀត​ជា​មេធាវី ជាដើម ។

    តើ​ពួកសាវក​ និង​អ្នក​កាន់​តំណែង​ដទៃទៀត​របស់​ព្រះ ដាក់ពាក្យ​សុំ​ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​ឬ ? ពួកគេ​​ពុំ​បាន​ធ្វើ​ដូច្នោះ​ទេ ។ ប្លង់​មេ ប្រាប់​យើង​ពី​របៀប​ដែល​អ្នក​កាន់តំណែង​របស់ទ្រង់ ត្រូវ​បាន​ជ្រើស​រើស ៖ « មិន​មែន អ្នករាល់​គ្នា​ដែលបាន​រើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​ទេ​តើ​ដែល​រើស​អ្នករាល់គ្នា​វិញ ទាំង​តាំង​អ្នក​រាល់គ្នា​ » ( យ៉ូហាន 15:16; អក្សរ​ទ្រេត​បន្ថែម) ។ តើ​ព្រះគ្រីស្ទ បាន​តែងតាំង​ពួក​សាវក​របស់ទ្រង់​នៅពេល​ណា តើ​ទ្រង់​បាន​ប្រទានអ្វី​ដល់ពួកគេ ? ម៉ាថាយ និង​លូកា បាន​កត់ត្រា​ចម្លើយ​ថា ៖ « ទ្រង់​ប្រទាន​អំណាច​ដល់ពួកគេ » ( ម៉ាថាយ 10:1 សូមមើល​ផងដែរ លូកា 9:1)— អំណាច​បព្វជិតភាព ដើម្បី​ធ្វើ​កិច្ចការ​ក្នុង​ព្រះនាម​ទ្រង់ និង​ដើម្បីធ្វើ​កិច្ចការ​ទ្រង់ ។ នោះ​គឺ​ជា​មូលហេតុ​ដែល​ប្លង់​មេ ប្រាប់​យើង​ថា « មនុស្ស​ម្នាក់. . . ប្រគល់​អំណាច​ដល់​ពួក​បាវ​ព្រាវ » ( ម៉ាកុស 13:34 ) ។ ហេតុអ្វី ? ដូច្នេះ ពួកគេ​បាន​ធ្វើ​កិច្ចការ​នៅ​ក្នុង​ព្រះនាម​ទ្រង់ ដោយ​មាន​ការ​យល់ព្រម​ពីទ្រង់ ។ បុរស​គ្រប់គ្នា ដែល​កាន់​បព្វជិតភាព​របស់ព្រះ នៅក្នុង​សាសនាចក្រ​នេះសព្វ​ថ្ងៃ អាច​តាម​រក​មើល​សិទ្ធិអំណាច​បព្វជិតភាព​របស់​គាត់ រហូត​​ទៅ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​ជា​ប្រភព​នៃ​សិទ្ធិអំណាច និង​អំណាច​ទាំងអស់ ដើម្បី​គាត់​ត្រូវ​បាន​ទទួល​ការ​អនុញ្ញាត​របស់​ព្រះគ្រីស្ទ-- ការ​អនុម័ត​របស់ទ្រង់-- ដូច​ដែល​តម្រូវ​ឲ្យ​មាន​ក្នុង​ប្លង់​មេ ។

    តើ​ឈ្មោះ​របស់​ព្រះវិហារ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ព្រះគ្រីស្ទ​​ជាអ្វី ? បើ​យើង​ទទួលបុណ្យជ្រមុជទឹក​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ នោះ​យើង​អធិស្ឋាន​នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ បើ​យើង​ត្រូវ​បាន​សង្គ្រោះ​ដោយព្រះនាម​នៃ​ព្រះគ្រីស្ទ ហើយ​បើ​ទ្រង់​គឺ​ជា​អ្នក​បង្កើត និង​ជា​ថ្មជ្រុង​យ៉ាង​ឯក​នៃ​សាសនាចក្រ​ទ្រង់ តើ​អ្នក​រំពឹង​ថា សាសនាចក្រ​របស់ទ្រង់​នឹង​មាន​ឈ្មោះ​អ្វី ? -- សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអង្គសង្រ្គោះ នៅពេល​មាន​បន្ទូល​ទៅកាន់​ប្រជាជន​នៅ​ក្នុងជំនាន់​ព្រះគម្ពីរមរមន បាន​បង្រៀន​អំពី​គោលការណ៍​គ្រឹះ អំពី​មូលេហេតុ​ដែល​សាសនាចក្រ ចាំបាច់​ត្រូវ​មាន​ព្រះនាម​របស់​ទ្រង់ ៖ « ហើយ​តើ​នេះ​ជា​សាសនាចក្រ​របស់​យើង​ដូចម្ដេច​កើត លើក​លែង​តែ​ហៅ​តាម​នាម​យើង ? ត្បិត​បើសិន​ជា​សាសនាចក្រ​នេះ ហៅ​តាម​ឈ្មោះ​លោក​ម៉ូសេ នោះ​ជា​សាសនាចក្រ​របស់​លោក​ម៉ូសេ​ហើយ ឬ​បើ​សិន​ជា​សាសនាចក្រ​នេះ ហៅ​តាម​ឈ្មោះ​របស់​បុរស​ណាម្នាក់ នោះ​ជា​សាសនាចក្រ​របស់​បុរស​នោះ​ហើយ តែ​បើសិនជា​សាសនាចក្រ​នេះ ហៅ​តាម​នាម​យើង​ នោះ​ទើប​ជា​សាសនាចក្រ​របស់​យើង ប្រសិន​បើ​គេ​បាន​សង់​លើ​ដំណឹងល្អ​របស់​យើង » ( នីហ្វៃទី 3 27:8; អក្សរ​ទ្រេត​បន្ថែម ) ។

    ត្បិត​ដោយ​មូលហេតុ​នេះ​ហើយ ដែល​ប៉ុល បាន​ព្រមាន​ដល់​សមាជិក​នៃ​សាសនាចក្រ​នៅ​ជំនាន់​ដើម​មួយចំនួន -- ដោយសារ​ពួកគេ​ហៅ​ខ្លួន​គេ តាម​​គោលការណ៍​ជាក់លាក់មួយ ជាជាង​ហៅ​តាម​ព្រះនាម​របស់​ព្រះគ្រីស្ទ ។​ ដោយ​មូលហេតុ​នោះ ប៉ុលបាន​សរសេរ​ថា ៖

    « គឺ​ថា អ្នករាល់គ្នា​និមួយៗ ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុលជា​របស់​អ័ប៉ុឡូស ជា​របស់​កេផាស ឬ​ជា​របស់​ព្រះគ្រីស្ទ ។

    « ដូច្នេះ តើ​ព្រះគ្រីស្ទ​បាន​បាក់បែក​ឬ​អី តើ​ប៉ុល​ត្រូវ​ឆ្កាង​ជំនួស​អ្នករាល់គ្នា​ឬ​អី? តើ​អ្នករាល់​គ្នា​បាន​ទទួលបុណ្យជ្រមុជ​ដោយ​នូវ​ឈ្មោះ​ប៉ុល​ឬ​អី ?​ » ( កូរិន​ថូសទី  1 1:12–13) ។

    ម្យ៉ាងទៀត តើ​ពុំ​លើក​ដាក់​ខ្លួន​យើង​នូវ​ឈ្មោះ​អ្នកផ្សេង​ក្រៅ​ពីព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។

    ដោយ​ហេតុ​នេះ​ហើយ ប្លង់មេ បង្រៀន​យើង​ថា សាសនាចក្រ​របស់ព្រះគ្រីស្ទ គួរ​តែ​មាន​ព្រះនាម​ទ្រង់ ។ វា​ហាក់ដូចជា​អព្ភូតហេតុ​ចំពោះ​ខ្ញុំ​ជានិច្ច ដែល​ការ​កែ​សាសនា បាន​មាន​អស់រយៈពេល​ជាង 300 ឆ្នាំ មុន​ជំនាន់​របស់​យ៉ូសែប ស្ម៊ីធ ហើយ​គ្មាននរណា​ម្នាក់​បាន​គិត​ដើម្បី​ដាក់​ឈ្មោះ​ព្រះវិហារ​ខ្លួន តាម​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ​ទេ ។​ ប្រាកដណាស់ ចាប់​តាំង​ពី​ជំនាន់​របស់យ៉ូសែប ស្ម៊ីធ​មក ព្រះវិហារ​ផ្សេងៗ បាន​ដាក់​ឈ្មោះ​តាម​ព្រះនាម​ទ្រង់ ប៉ុន្តែ​តាម​មាគ៌ា​​ដ៏​អស្ចារ្យ​មួយចំនួន នោះ​​ព្រះអម្ចាស់​បានបិទ​ភ្ជិត​ការ​ប្រើ​ប្រាស់​ព្រះនាម​របស់​ទ្រង់ រហូត​មក​ដល់​ជំនាន់​របស់​យ៉ូសែប ស្ម៊ីធ និង​ការ​ស្ដារឡើងវិញ​នៃ​សាសនាចក្រ​​របស់ព្រះគ្រីស្ទ ។

    ឥឡូវ ចូរ​យើង​បើក​ប្លង់​មេ​ទៅ​ទំព័រ​ទី 2 ។ តើ​ «ការ​បង្រៀន» ​របស់​សាសនា​ចក្រ​របស់​ព្រះគ្រីស្ទ មានអ្វី​ខ្លះ ? ចូរ​យើង​ពិនិត្យ​មើល​មួយចំនួន ៖

    តើ​ព្រះមាន​តែ​វិញ្ញាណ​ឬ ឬទ្រង់ក៏​​មាន​រូបកាយ​ជា​សាច់ និង​ឆ្អឹង​ដែរ ? តើ​ប្លង់​មេ មាន​​បង្រៀន​អ្វី​ខ្លះ ?

    បន្ទាប់ពី​ការ​រស់ឡើងវិញ​របស់ព្រះគ្រីស្ទ ទ្រង់​បាន​លេច​មក​ឯ​ពួកសិស្ស​ទ្រង់ ដែល​បាន​គិត​ខុស​ថា ទ្រង់​គឺ​ជា​វិញ្ញាណ ( សូមមើល លូកា 24:37) ។ ដើម្បី​កែ​ការ​យល់​ខុស​ឆ្គង​របស់​ពួកគេ ទ្រង់​មាន​បន្ទូលថា « ចូរ​មើល​មក​ដៃ និង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ៖ ចូរ​ពាល់​ខ្ញុំ​មើល ត្បិត​ខ្មោច​គ្មាន​សាច់​ ឬ​ឆ្អឹង​ ដូចជា​ឃើញ​ខ្ញុំ​នេះ​ទេ » ( លូកា 24:39; អក្សរ​ទ្រេត​បន្ថែម) ។

    ដើម្បី​លុប​បំបាត់​ចោល​រាល់​ការ​សង្ស័យ អំពី​លក្ខណៈ​ខាង​រូបរាង​កាយ​ដែល​បាន​រស់ឡើងវិញ​របស់ទ្រង់ នោះ​ទ្រង់​បាន​តម្រូវ​ឲ្យ​ពួកសិស្ស​ទ្រង់ថា « អ្នករាល់​គ្នា​នៅទីនេះ​មាន​អ្វី​បរិភោគ​ទេ ? » (លូកា 24:41) ។ បន្ទាប់​មក​ បទគម្ពីរ​កត់ត្រា​ថា ៖

    « គេក៏​យក​ត្រី​អាំង​មួយ​ដុំ នឹង​សំណុំ​ឃ្មុំ​មក​ថ្វាយ​ទ្រង់ ។

    « រួច​ទ្រង់​បាន​យក​ទៅ​សោយ​នៅ​មុខ​គេ » ( លូកា 24:42–43) ។

    ជាមួយ​នឹង​រូប​កាយ​នៃសាច់និងឆ្អឹង រស់ឡើងវិញ​និង​រុងរឿង​នោះ ព្រះគ្រីស្ទ បាន​យាង​ឡើងទៅ​ស្ថានសួគ៌ ( សូមមើល កិច្ចការ 1:9)3 ដែល​ទ្រង់​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ត​នៃ​ព្រះ ជា​ព្រះបិតា ហើយ « ជា​រូបភាព​នៃ​អង្គ​ទ្រង់ » ( ហេព្រើរ 1:3) ។ នេះ​គឺ​ជា​សេចក្ដី​ពិត​ដ៏​ច្បាស់ ដែល​​បាន​បង្រៀន ដោយ​យ៉ូសែប ស្ម៊ីធ ជា​ចំណែក​នៃ​ការ​ស្ដារឡើងវិញ​នៃ​សាសនាចក្រ​របស់ព្រះ​គ្រីស្ទ ពាក្យ​ដក​ស្រង់ ៖​ « ព្រះវរបិតា ទ្រង់​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង ដែល​ជាក់​ស្ដែង​ដូចជា​រូប​កាយ​មនុស្សព្រះរាជបុត្រា​ដ៏​ដូច្នោះ​ដែរ » ( គ. និង​ស 130:22) ។

    តើព្រះ និង​ព្រះយេស៊ូវ ជា​អង្គ​តែ​មួយ ដូច​ដែលបាន​បង្រៀន​ដោយ​ពួក​គ្រីស្ទាន​ជា​ច្រើន ឬ​ក៏​ជា​តួ​អង្គ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ? តើ​ប្លង់​មេ មានប្រាប់​​អ្វី​ខ្លះ ?

    សេចក្ដីយោង​មួយចំនួន​ក្នុង​គម្ពីរ​ប៊ីប ប្រាប់​អំពី​តួអង្គ​ផ្សេងគ្នា និង​តួនាទី​ខុស​គ្នា​នៃ​ព្រះវរបិតា និង​ព្រះរាជបុត្រា គឺ​អស្ចារ្យ​ណាស់ ។ នៅ​ក្នុង​សួន​ច្បារ​គេតសេម៉ានី ជា​ការ​ទទួល​ស្គាល់​នូវការ​ឈឺចាប់​ដ៏​ខ្លាំង ដែល​ទ្រង់​ហៀប​នឹង​ជួប នោះ​ព្រះអង្គសង្គ្រោះ​បាន​ប្រកាស​ថា « ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​​តាមតែ​​ព្រះហឫទ័យ​ទ្រង់​វិញ » ( លូកា 22:42) ។ នេះ​ជា​ទង្វើ​ដ៏​អស្ចារ្យ​បំផុត​នៃ​ការ​ចុះ​ចូល​នឹង​ព្រះបិតា ដែល​ពិភពលោក​ពុំ​ធ្លាប់​មាន ។ ប៉ុន្តែ​តើនឹង​មាន​ការ​​ចុះ​ចូលយ៉ាង​ណាបាន បើ​គ្មាន​តួ​អង្គ​មួយ​ផ្សេង ដែល​ទ្រង់​អាច​ចុះ​ចូល​ផងនោះ -- បើ​ទ្រង់ និង​ព្រះបិតា​ជា​តួ​អង្គ​តែ​មួយនោះ ? ហេតុអ្វី ព្រះអង្គ​សង្គ្រោះ អធិស្ឋាន​ទៅ​កាន់​ព្រះបិតា ឬបន្លឺ​ឧទាន​ជា​ខ្លាំងថា « ព្រះអង្គ​នៃ​ទូលបង្គំ​អើយ ឱព្រះអង្គ​នៃ​ទូលបង្គំ​អើយ ហេតុអ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូល​បង្គំ ?» (ម៉ាកុស 15:34) ។ តើ​ទ្រង់​ត្រូវ​លះចោល​ដោយ​របៀប​ណា បើ​គ្មាន​តួ​អង្គ​ផ្សេង​ដើម្បី​លះចោល​ផងនោះ ? តើ​ស្ទេផាន មើល​ឃើញ​ព្រះយេស៊ូវ គង់នៅ​ខាង​ស្ដាំ​ព្រះហស្ត​នៃ​ព្រះ ដោយ​របៀប​ណា បើ​ទ្រង់​​ពុំ​មាន​តួអង្គ​ពីរ​ផ្សេង​គ្នា​នោះ ? ( សូមមើល កិច្ចការ 7:55–56) ។

    នៅពេល​ យ៉ូសែប ស្ម៊ីធ បាន​ដើរ​ចេញ​ពី​ក្នុង​ព្រៃ នោះ​គាត់​បាន​ដឹង​ដោយ​ខ្លួនគាត់​ពី​សេចក្ដីពិត ។ គាត់​បាន​ឃើញ​ព្រះ ជាព្រះបិតា និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ គង់នៅជិត​គ្នា លោក​បាន​ស្ដាប់​ឮ​ព្រះបិតា មាន​បន្ទូល​ថា អង្គ​មួយ​ទៀត​នោះ​ជា​ « បុត្រ​សំណប់ » ទ្រង់​ ( យ៉ូសែប ស្ម៊ីធ --ប្រវត្តិ 1:17) ។ នៅ​ថ្ងៃ​ដ៏​រុងរឿង​នោះ ស្ថានសួគ៌ បាន​បង្ហាញ​ពី​រឿង​មិន​ពិត​ដែល​មនុស្ស​បាន​ធ្វើ​ឡើង កាល​ពីអតីតកាល អំពី​លក្ខណៈ​របស់​ព្រះ ហើយ​បាន​បើក​សម្ដែង និង​បញ្ជាក់​ពី​សេចក្ដីពិត​ដ៏សាមញ្ញ ដូច​បាន​បង្រៀន​ពី​ដើម ក្នុង​ប្លង់​មេ​គម្ពីរសញ្ញាថ្មី-- ថា​ព្រះ​ជា​ព្រះបិតា និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ មាន​គោល​ដៅ​ និង​ព្រះឆន្ទៈ​តែ​មួយ ប៉ុន្តែ​មាន​តួអង្គ​ដាច់​ដោយឡែក​ពីគ្នា ។

    តើ​ប្លង់​មេ និយាយអ្វីខ្លះ ​អំពី​អ្នក​ទាំងឡាយ​ដែល​ពុំ​មាន​ឱកាស​ល្អ ដើម្បី​ស្ដាប់​ឮ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ខណៈ​នៅ​លើ​ផែនដី ? តើ​ពួកគេ​នឹង​ត្រូវ​វិនាស​ឬ ? តើ​មាន​ចំណេះ​ដឹង​ណា​មួយ បើក​សម្ដែង​ដល់​យើង​ស្ដី​អំពី​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ពួកគេ​ឬ​ទេ ?

    នេះ​គឺ​ជា​សំណួរ​ដ៏​សំខាន់​មួយ ដែល​មានឥទ្ធិពល​លើ​ជីវិត​រាប់​លាន​នាក់ ។ ច្បាស់ណាស់​ថា ព្រះ​បាន​មាន​បន្ទូល​អំពី​រឿង​នេះ ។ ហើយតាមពិតទៅ គាត់មានប្លង់មេ ដែលមាន​ចម្លើយ ។

    ពេត្រុស បាន​សរសេរ​ថា ៖ « ហេតុ​នោះ​បាន​ជា បាន​ផ្សាយដំណឹងល្អ​ទៅ​មនុស្ស ដែល​ស្លាប់​ហើយ​ដែរ ដើម្បី​ឲ្យ​គេ​ត្រូវ​ជាប់​ជំនុំ​ជំរះ​ខាង​ឯ​សាច់​ឈាម តាម​បែប​មនុស្ស តែ​ឲ្យ​គេ​បាន​រស់​ខាង​ឯ​វិញ្ញាណ​តាម​ព្រះវិញ » ( ពេត្រុស​ទី  1 4:6) ។ គោលលទ្ធិ​នេះ ត្រូវ​បាន​បាត់​បង់​នៅ​ជំនាន់​ក្បត់​សាសនា បន្ទាប់​ពី​ការ​ស្លាប់​របស់​ពួកសាវក​របស់ព្រះគ្រីស្ទ ប៉ុន្តែ​វា​ត្រូវ​បាន​ស្ដារ​ឡើងវិញ តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។

    តើ​មាន​ស្ថានសួគ៌​បី ឬ​ស្ថានសួគ៌​មួយ ? ពួក​គ្រីស្ទាន​បាន​បង្រៀន​ថា មាន​ស្ថានសួគ៌​មួយ និង​ស្ថាននរក​មួយ អស់ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​តើ​ប្លង់មេ​​ដើម បង្រៀន​អ្វី​ខ្លះ ?

    ប៉ុល​បាន​បង្រៀនថា ៖ « ឯ​ព្រះអាទិត្យ នោះ​មាន​រស្មី​ម្យ៉ាង​ទៅ ព្រះចន្ទ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ ហើយ​ផ្កាយ​ក៏មាន​រស្មី​ម្យ៉ាទៅ » ( កូរិនថូសទី  1 15:41) ។ ក្រោយ​មក​ ប៉ុល បាន​បញ្ជាក់ពី​សេចក្ដីពិត​អំពី​ស្ថានសួគ៌​នេះ មាន​បី​កម្រិត នៅពេល​គាត់​បាន​រៀបរាប់​ពី​ការនិមិត្ត​របស់​មនុស្ស​ម្នាក់ « ដែល​បាន​លើក​ឡើង​ទៅ​ស្ថានសួគ៌ នៅ​ជាន់​ទីបី » (កូរិនថូស​ទី 2 12:2) ។ តើ​អាច​មាន​ស្ថានសួគ៌​ទីបី​មួយឬ​ទេ បើ​គ្មានស្ថានសួគ៌​ទី​ពីរ ឬ​ទីមួយ​នោះ ? ជាថ្មី​ម្ដងទៀត គោលលទ្ធិនេះ ត្រូវ​បាន​ស្ដារឡើងវិញ តាមរយៈ​ព្យាការី​ យ៉ូសែប ស្ម៊ីធ គឺ​កត់ត្រា​ដូចគ្នា​បេះបិទ​ទៅនឹង​ប្លង់មេ​ដើម ។

    តើ​អាពាហ៍ពិពាហ៍​បន្ដ​ដល់​អស់កល្បជានិច្ច ឬ​បញ្ចប់​ត្រឹម​សេចក្ដីស្លាប់ ? ប្លង់មេ ផ្ដល់​ចម្លើយ ។

    ស្រប​តាម​អំណាច​ដែល​បាន​ផ្ដល់​ដល់​ពួក​សាវក​ថា អ្វីៗ​ដែល​ពួកគេ​ចង​នៅ​លើ​ផែនដី គួរ​តែ​ត្រូវ​បាន​ចង​នៅ​ស្ថានសួគ៌ ( សូមមើល ម៉ាថាយ 18:18) ប៉ុល​បានប្រកាស​ថា « ប៉ុន្តែ​នៅ​ក្នុង​ព្រះអម្ចាស់ នោះ​បុរស​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ » ( កូរិនថូស​ទី  1 11:11) មានន័យថា តាម​ស្ថានភាព​ពិត គឺ​បុរស និង​ស្ត្រី ត្រូវ​បាន​ចង​ជាមួយ​គ្នា​ជារៀងរហូត​នៅក្នុង​វត្តមាន​របស់ព្រះ ។ ​ពេត្រុសបាន​បញ្ជាក់ពីការពិតនេះ ។ ស្ដីអំពី​ស្វាមី និងភរិយា គាត់​បាន​ថ្លែង​ថា ពួកគេ​គួរ​តែ ពាក្យ​ដក​ស្រង់ « ទុក​ដូចជា​អ្នកគ្រង​ព្រះគុណ​នៃ​ជីវិត » ( ពេត្រុស​ទី  1 3:7)—បញ្ចប់ពាក្យ​ដក​ស្រង់-- ពុំបែក​ពីគ្នា ពុំ​តែ​ឯង ប៉ុន្តែ​ដើរ​លើ​ផ្លូវ​រួមគ្នា ជា​អ្នក​គ្រង​ជីវិត​អស់កល្បជានិច្ច ។ នោះ​គឺ​ជា​គោលលទ្ធិ ដែល​បាន​បង្រៀនក្នុង​ប្លង់មេ ហើយ​នោះ​ជា​គោលលទ្ធិ​ដែលបានបង្រៀន​នៅក្នុង​សាសនាចក្រ​របស់ព្រះគ្រីស្ទ​សព្វ​ថ្ងៃ​នេះ ។

    ប្លង់មេ ប្រាប់​យ៉ាង​ច្បាស់​​ស្ដីពី​រឿង​នេះ ។ ឧទាហរណ៍ តើ​យើង​ប្រទានពរ ឬ​ជ្រមុជទឹក​ដល់​ទារក និង​កុមារ​តូចៗ​ឬ​ទេ ? តើ​ប្លង់​មេ មាន​​បង្រៀន​អ្វី​ខ្លះ ?

    ព្រះអង្គសង្គ្រោះ បាន​ផ្ដល់​ឧទាហរណ៍​យ៉ាង​ច្បាស់​ឲ្យ​យើង​ ។ និយាយ​អំពី​កុមារ​តូចៗ បទគម្ពីរ​ប្រាប់​ថា « ទ្រង់​ [ ព្រះយេស៊ូវ​ ] ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះហស្ដ​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង » ( ម៉ាកុស 10:16; អក្សរ​ទ្រេត​បន្ថែម ) ស្ដី​អំពី​កុមារតូចៗ ម៉ាថាយ បាន​បញ្ជាក់​ថា ព្រះអង្គសង្គ្រោះ « ​ដាក់​ព្រះហស្ដ​ [លើ] » ពួកគេ ( ម៉ាថាយ 19:15) ។ ប្លង់​មេបង្រៀនថា​ ទារក និង​កុមារតូចៗ ត្រូវ​បាន​​ប្រទានពរ ពុំ​ទទួលបុណ្យជ្រមុជទឹក​ទេ ។ តាមពិត គ្មាន​ដំណើរ​រឿង​ណា​មួយ​និយាយ​អំពី​ពិធីបុណ្យជ្រមុជទឹកទារក នៅ​កន្លែង​ណា​មួយ​ក្នុង​គម្ពីរសញ្ញា​ថ្មី​ទាំង​មូល​នោះ​ទេ ។ ហេតុអ្វី ? ដោយសារ​វា​ពុំ​មែន​ជា​ពិធីបរិសុទ្ធ​មួយ​ក្នុងសាសនាចក្រ​របស់​​​ព្រះគ្រីស្ទទេ ។​ ​នរណាម្នាក់ ស្វែងរក​សាសនាចក្រ​ព្រះគ្រីស្ទ​សព្វថ្ងៃ​នេះ នឹង​ស្វែងរក​ព្រះវិហារ​មួយ ដែល​ប្រទាន​ពរ​ដល់​ទារក ពុំ​មែន​ធ្វើបុណ្យជ្រមុជទឹក​ពួក​គេ​ទេ ។

    តើ​ពិធីបុណ្យជ្រមុជទឹក សំខាន់​ចំពោះ​សេចក្ដី​សង្គ្រោះ​ឬ ? តើ​ប្លង់​មេ មាន​​បង្រៀន​អ្វី​ខ្លះ ?

    បន្ទាប់ពី​ព្រះគ្រីស្ទ​បាន​ធ្វើ​ជា​គំរូ ដោយ​ការ​ទទួលបុណ្យ​ជ្រមុជទឹក នោះ​ទ្រង់​បាន​ប្រកាស​យ៉ាង​ច្បាស់​ថា « បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូលទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ » ( យ៉ូហាន 3:5; អក្សរ​ទ្រេតបន្ថែម ) ។ ពេត្រុស​បាន​បង្រៀនស្រដៀងគ្នា​នេះ ៖ « ចូរ​អ្នករាល់គ្នា​ប្រែចិត្ត​ចុះ ហើយ​ទទួលបុណ្យជ្រមុជទឹក​ទាំងអស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពីបាប នោះ​អ្នករាល់គ្នា​នឹង​ទទួល​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ » (កិច្ចការ 2:38; អក្សរ​ទ្រេត​បន្ថែម ) ។ អ្វី​ដែល​បាន​បង្រៀន​នៅ​ក្នុង​ប្លង់​មេ​ គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​បង្រៀន​យ៉ាង​ច្បាស់​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​សព្វថ្ងៃ​នេះ ។

    តើ​ពិធីបុណ្យជ្រមុជទឹក​ធ្វើ​ឡើង​ ដោយ​ការ​ប្រោះទឹក ការ​ស្រោចទឹក ឬ​ការ​ពន្លិច​ក្នុងទឹក ? ប្លង់​មេ បាន​ផ្ដល់​ភស្ដុតាង​យ៉ាង​ហោច​ណាស់​បួន​ចំនុច ដែល​ពិធីបុណ្យជ្រមុជទឹក ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ពន្លិច​ក្នុង​ទឹក ៖

    ទីមួយ ព្រះអង្គសង្គ្រោះ ជា​គំរូ​ដ៏​អស្ចារ្យ​របស់​យើង បាន​ងើប​ឡើង « ចេញពី​ទឹក » (ម៉ាថាយ 3:16) ដែល​បង្ហាញថា ទ្រង់​ត្រូវ​តែ​ចុះ​ទៅ​ក្នុង​ទឹកជា​មុនសិន ។

    ទីពីរ យ៉ូហាន​បាទីស្ទ « កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាឡិម ព្រោះ​នៅ​ទីនោះ​មាន​ទឹក​ច្រើន » ( យ៉ូហាន 3:23; អក្សរទ្រេត​បន្ថែម ) ។ ហេតុ​អ្វី​បាន​ជា​គាត់​ទៅ​កន្លែង​ដែល​មាន​ទឹក​ច្រើន បើ​ការ​ប្រោះ​ទឹក ឬ​ការ​ស្រោច​ទឹក ត្រូវ​បាន​​ទទួល​យកជា​គំរូ​នៃ​ពិធីបុណ្យជ្រមុជទឹក​នោះ ?​

    ទីបី ប៉ុល ប្រាប់​យើង​ថា ពិធីបុណ្យជ្រមុជទឹក គឺ​ជា​និមិត្ត​រូប​នៃ​ការ​សុគត ការ​បញ្ចុះ និង​ការ​រស់ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល រ៉ូម 6:3–5) ។ នៅ​ពេល​អ្នក​ផ្លាប់​ប្រែចិត្ត​ថ្មី​ឈរ​នៅក្នុង​ទឹក នៃ​ពិធីបុណ្យជ្រមុជទឹក នោះ​គាត់​តំណាង​ឲ្យ​មនុស្ស​ចាស់ ហៀប​នឹង​ស្លាប់​ទៅ ។ នៅពេល​គាត់​ពន្លិច​ទៅ​ក្នុងទឹក នោះ​អំពើ​បាប​របស់​គាត់ត្រូវ​បាន « បញ្ចុះ » ហើយ​អភ័យទោស តាម​រយៈ​និមិត្តរូប​​អំណាច​នៃ​ការ​សម្អាត​របស់​ទឹក ។ បន្ទាប់មក នៅពេល​គាត់​ងើប​ចេញពី​ទឹក នោះ​គាត់​ឈរ​ជា​​តំណាង​មួយ​នៃ​មនុស្ស​ដែល​បាន​រស់ឡើងវិញ ឬ​មនុស្ស​ថ្មី នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ។ និមិត្តរូប​នៃ​ពិធីបុណ្យជ្រមុជទឹកដ៏​សំខាន់ទាំងអស់​​នោះ គឺត្រូវ​គ្នា​នឹង​​បុណជ្រមុជទឹកដោយការពន្លិច​ ប៉ុន្តែ​និមិត្ត​រូប​នោះ ត្រូវ​បាន​បាត់បង់-- បាត់​បង់​ទាំង​ស្រុង-- ដោយ​​មាន​​ការ​ប្រោះទឹកនិង​ការ​ស្រោច​ទឹកនោះ ។​

    ហើយ​ទីបួន ពិធីបុណ្យជ្រមុជទឹក តាម​ពាក្យ​ក្រិច ត្រូវ​បាន​បក​ប្រែឲ្យមានន័យ​ថា ជ្រមុជចុះ ឬ​ពន្លិច​នៅក្នុង​ទឹក ។

    វីល ដូរ៉ាន ដែល​ជា​អ្នក​ប្រវត្តិសាស្ត្រ​ពិភពលោក បាន​ដឹង​​នូវ​អ្វី​ដែល​ប្លង់​មេ​បាន​បង្ហាញ ហើយ​បាន​សង្កេត​ថា ពាក្យ​ដក​ស្រង់ ៖ « ត្រឹម​សតវត្ស​ទី​ប្រាំបួន វិធី​នៃ​ពិធីបុណ្យជ្រមុជទឹក​របស់​ពួកគ្រីស្ទាន​ជំនាន់​មុន ដោយ​ការ​ពន្លិច​ទាំង​ស្រុង​ទៅ​ក្នុង​ទឹក ត្រូវ​បាន​ជំនួស​ដោយ . . . ការ​ប្រោះ​ទឹក​បន្ដិច​ម្ដងៗវិញ ដែល​វា​មិនសូវ​មាន​គ្រោះ​ថ្នាក់​ដល់សុខភាព​ សម្រាប់​មនុស្ស​ដែល​នៅក្នុង​អាកាសធាតុ​​ភាគ​ខាង​ជើង » ។ 4

    វា​ពុំ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ​អំពី​របៀប​ដែលពិធីបុណ្យជ្រមុជទឹក គួរ​ត្រូវ​បាន​ធ្វើ​ឡើង ដែល​វា​ត្រូវ​គ្នា​យ៉ាង​ល្អ​ជាមួយ​នឹង​ប្លង់​មេ​របស់​ព្រះគ្រីស្ទ​នោះ ( សូមមើល គ. និង ស. 20:73–74) ។

    តើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ជា​ពិធីបរិសុទ្ធ​មួយ​ក្នុង​ព្រះវិហារ​ដើម​របស់​ព្រះគ្រីស្ទ​ឬ​ទេ ? វា​ជា​ពិធីបរិសុទ្ធ​មួយ ។

    សមាជិក​នៃ​សាសនាចក្រ នៅ​ ខូរីន កំពុង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ត្រឹមត្រូវ​មួយ ដែល​គេ​​ស្គាល់ថាជា​ ពិធីបុណ្យជ្រមុជទឹក​សម្រាប់មរណជន ។ ទោះ​ជា​យ៉ាង​ណា ប្រជាជន​ទាំងនេះ បាន​សង្ស័យ​នឹង​ភាព​ពិត​នៃ​ការ​រស់ឡើងវិញ ។ ដោយ​ដឹង​អំពី​ភាព​មិនត្រូវ​គ្នា​នៃ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ បើ​ប្រៀប​ទៅ​នឹង​អ្វី​ដែល​ពួកគេ​ជឿ ប៉ុល បាន​ប្រើ​ការ​ចូលរួម​របស់ពួកគេ នៅក្នុង​ពិធីបរិសុទ្ធ​ត្រឹមត្រូវ​នៃ​ពិធីបុណ្យជ្រមុជទឹក សម្រាប់​មរណជន ដើម្បី​បង្ហាញ​ពី​គោលលទ្ធិ​ត្រឹមត្រូវ​នៃ​ការ​រស់ឡើងវិញ ៖ « ពុំ​នោះទេ ពួកអ្នកដែល​ទទួល​បុណ្យជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្ដី​ស្លាប់ នឹង​ធ្វើ​ដូចម្ដេច បើ​សិនជា​ពួក​ស្លាប់​មិន​រស់​ឡើងវិញ​ទេ នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​ទទួល​បុណ្យជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្ដី​ស្លាប់​ធ្វើ​អី ? » ( កូរិនថូសទី  1 15:29) ។

    នៅពេល​នរណា​ម្នាក់ទទួល​​គោលលទ្ធិពិត និង​ចំណេះ​ដឹង​ដែល​ថា​ពិធីបុណ្យជ្រមុជទឹក សំខាន់​ចំពោះ​សេចក្ដី​សង្គ្រោះ ( ដែល​វាពិត​ជា​​សំខាន់ ) នោះ​គាត់​ត្រូវ​បាន​នាំ​ឲ្យ​ជឿ​លើ​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​មរណជន-- ដែលវា​ពុំ​អាច​បដិសេធ​បាន ។​ បើ​មិនដូច្នោះ តើ​នរណា​ម្នាក់​អាច​ឆ្លើយ​សំណួរ​ដ៏​លំបាក​ថា « ចុះ​តើ​មនុស្ស​ដែល​​បាន​ស្លាប់​ដោយ​ពុំ​មាន​ឱកាស​ទទួល​បុណ្យជ្រមុជទឹកវិញ » ដោយ​របៀប​ណា​ ? អ្នកទាំង​ឡាយ​ដែល​ប្រឈមមុខ​នឹង​សំណួរ​នេះ អាចមាន​ជម្រើស​បួន ដើម្បី​ជ្រើស ៖

    ទីមួយ បុរស និង​ស្រ្តី ដែល​ពុំ​បាន​ទទួលបុណ្យជ្រមុជទឹក នឹង​ទទួល​ទោស ហើយ​ទៅ​ស្ថាននរក ។ ទោះ​ជា​យ៉ាងណា ចម្លើយ​ដូច្នេះ ពុំ​ត្រូវ​នឹង​សេចក្ដីពិត​ក្នុង​បទគម្ពីរ​ថា « ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ( កិច្ចការ 10:34 ) ហើយ​ថា ព្រះ​សព្វ​ព្រះហឫទ័យ « ឲ្យ​មនុស្ស​ទាំងអស់​បាន​សង្គ្រោះ » ( ធីម៉ូថេទី  1 2:4) ។

    ទីពីរ ប្រហែល​ជា​ព្រះ​ពុំ​ចង់​មាន​ន័យ​ដូច្នោះ​ទេ-- ប្រហែល​ជា​ពិធី​បុណ្យជ្រមុជទឹក ពុំ​សំខាន់​ចំពោះ​សេចក្ដី​សង្គ្រោះ​ពិត​ទេ ។ ប៉ុន្តែ​នេះ​ពុំ​ពិត​ទេ ដោយ​សារ​ព្រះ​តែងតែធ្វើតាមព្រះ​បន្ទូលទ្រង់ពិត ៖ « អ្វី​ដែលយើង​ជា​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល នោះ​យើង​បាន​មាន​បន្ទូល​ហើយ ហើយ​យើង​ពុំ​កែ​ដោះ​សារ​ខ្លួន​ឡើយ » ( គ. និង ស. 1:38; សូមមើល​ផងដែរ ម៉ូសាយ 2:24) ។

    ទីបី អ្នក​ខ្លះ​ជឿ​ថា ស្ថានភាព​ថ្មីមួយ​ដែល​ហៅ​ថា « ពិធីបុណ្យជ្រមុជទឹក ដោយ​បំណង​ប្រាថ្នា » អាច​ជំនួស​ឲ្យ​ពិធីបុណ្យជ្រមុជទឹក​ដោយទឹក ។ ឬ​ម្យ៉ាង​ទៀត​ថា បើ​នរណា​ម្នាក់​មាន​បំណង​ដើរតាម​ព្រះយេស៊ូវ ប៉ុន្តែ​ពុំ​មាន​ឱកាស​ទទួលបុណ្យជ្រមុជទឹក​ក្នុង​ជីវិត​រមែង​ស្លាប់ នោះ​បំណង​សក្ដិសម​របស់គាត់ ក្លាយ​ជា​ការ​ជំនួស​ឲ្យ​ពិធីបុណ្យជ្រមុជទឹក​ដោយ​ទឹក ​ដែល​អាច​ទទួល​យក​បាន​មួយ ។​ បញ្ហាជា​មួយ​នឹង​ជម្រើស​នេះ គឺ​ថា​វា​គ្មាន​ការ​គាំទ្រ​ខាង​បទគម្ពីរ​សោះ ។ គម្ពីរ​ពុំ​បាន​ថ្លែង​ថា « បើ​​មនុស្ស​កើត​ពី​បំណង​ប្រាថ្នា » ទេ ប៉ុន្តែ​ថ្លែង​ថា « បើមិន​បាន​​កើត​អំពី​ទឹក ហើយ​​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ » ( យ៉ូហាន 3:5; អក្សរ​ទ្រេត​បន្ថែម ) ។

    ជម្រើស​ទីបួន គឺ​ថា ព្រះ​ពិត​ជាមិនប្រែប្រួល​នូវ​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល ពេល​ទ្រង់​បាន​បញ្ជា​ឲ្យ​មនុស្ស​ទាំងអស់​ជ្រមុជទឹក ហើយ​ដោយ​សារ​កិច្ចការ​នេះ ទ្រង់​បាន​ផ្ដល់​ផ្លូវ​មួយ​សម្រាប់​មនុស្ស​ទាំងអស់​បាន​ទទួលបុណ្យជ្រមុជទឹក ទោះ​ជា​គ្មាន​​ឱកាស​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ក្ដី ។ នោះ​គឺ​ជា​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​អ្នក​ស្លាប់ ។ នេះ​គឺ​ជា​ជម្រើស​ដែល​ត្រូវ​នឹង​ប្លង់​មេ ។

    តើ​ប្លង់​មេនិយាយអ្វី​ខ្លះ អំពី​លក្ខណៈដែល​អំណោយទាន--​ពុំ​មែន​ជា​ឥទ្ធិពល​បណ្ដោះ​អាសន្ន ប៉ុន្តែ​ជា​អំណោយ​ទាន​ជានិរន្ដន៍--​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស ដែល​បាន​ទទួលបុណ្យ​ជ្រមុជទឹក ? តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក​លើ​នរណា​ម្នាក់​បន្ទាប់ពី​ពិធីបុណ្យជ្រមុជទឹក​ដោយ​ស្វ័យប្រវត្តិ​ឬ ? តើ​ព្រះ​វិញ្ញាណ​មក​ដូច​ជា​ខ្យល់​ ឬ​តើ​មាន​ពិធីបរិសុទ្ធ​ដ៏​ទេវភាព​ខ្លះៗ ទម្រង់​ដ៏​ទេវភាព​ខ្លះៗ ដែល​ត្រូវ​តែ​មាន ដើម្បី​ទទួល​បាន​អំណោយ​ទាន​នេះ​ឬ​ទេ ? ប្លង់មេ ផ្ដល់​ចម្លើយ ។

    បន្ទាប់​ពី​ ភីលីព បាន​ជ្រមុជទឹកដល់​អ្នកប្រែចិត្តជឿថ្មី​មួយចំនួន នៅ​ស្រុក​សាម៉ារី នោះ​ពេត្រុស និង​យ៉ូហាន បាន​មក​ដល់ ។ បទគម្ពីរបាន​បង្ហាញ​ពី​លក្ខណៈ​ដែល​ពិធីបរិសុទ្ធ​នោះ ត្រូវ​ធ្វើឡើង​ថា ពាក្យ​ដក​ស្រង់ ៖ « ដូច្នោះ [ ពេត្រុស និង​យ៉ូហាន] ក៏​បាន​ដាក់​ដៃ​លើ​គេហើយ​គេ​បាន​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ​ដែរ » (កិច្ចការ 8:17; អក្សរ​ទ្រេត​បន្ថែម) ។

    ទម្រង់​ការ​ដូចគ្នា​នេះ ត្រូវ​បាន​ធ្វើ​តាម បន្ទាប់​ពី​ប៉ុល បាន​ជ្រមុជទឹក​ដល់​អ្នកប្រែចិត្តជឿថ្មី នៅ​អេភេសូរ ៖

    « កាល​បាន​ឮ​ដូច្នោះ​ហើយ នោះ​គេ​ក៏​ទទួល​បុណ្យជ្រមុជទឹក ដោយ​នូវ​ព្រះនាម​ព្រះ​អម្ចាស់​យេស៊ូវ​វិញ ។

    « រួច​ប៉ុល​ដាក់​ដៃ​លើ​គេ ហើយ​ព្រះវិញ្ញាណបរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​គេ» (កិច្ចការ​ 19:5–6; អក្សរទ្រេតបន្ថែម ) ។

    ជា​ថ្មី​ម្ដង​ទៀត ប្លង់​មេ និង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះគ្រីស្ទ គឺ​ត្រូវ​គ្នា​យ៉ាង​ឥតខ្ចោះ ។

    ទំព័រ​បន្ទាប់ទៀង​របស់​ប្លង់មេ អាច​នឹង​អាន​ថា៖ « ផល​ផ្លែ​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ » ។ ព្រះអង្គ​សង្គ្រោះ បាន​ប្រទាន​ការសាកល្បង​សម្រាប់​សេចក្ដី​ពិត​នេះ​ថា ៖ « ដូច្នេះ អ្នករាល់គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយ​សារ​ផល​គេ​បង្កើត » ( ម៉ាថាយ 7:20) ។ តើ​ផល​ផ្លែ នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ជា​ភស្ដុតាង​នៅ​ក្នុង​ប្លង់​មេ​មាន​អ្វី​ខ្លះ ?

    ទីមួយ ពួកបរិសុទ្ធ​ជំនាន់​មុន បានព្យាយាម​ដើម្បី​ក្លាយ​ជា​ប្រជាជន​មាន​សុខភាព​ល្អ ។ ប៉ុល​បាន​បង្រៀន​ថា រូបកាយ​យើង គឺ​ជា « ព្រះ​វិហារ » ដែល​ជា​ផ្ទះ​នៃ​វិញ្ញាណ​របស់​យើង ហេតុ​ដូច្នោះ​​ហើយ យើង​ត្រូវ​ទុក​ជា​បរិសុទ្ធ ៖ « តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អីថា ខ្លួន​អ្នករាល់គ្នា​ជា​ព្រះវិហារ​នៃ​ព្រះ ហើយ​ថា​ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា ? ( កូរិនថូស​ទី  1 3:16; សូមមើល​ផងដែរ កូរិនថូស​ទី  1 6:19) ។ ដោយ​សារ​រឿង​នេះ សមាជិក​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ មាន​ច្បាប់​សុខភាព​ជាក់លាក់ ដែលគេ​គោរព​តាម ដូចជា​បម្រាម​អំពី​ការ​ផឹក​ស្រា ដែល​មាន​ក្នុង​អេភេសូរ 5 និង ធីម៉ូថេទី  1  3 ។ ស្រប​តាម​ច្បាប់ដ៏ទេវភាព​​នៃ​ការ​ប្រព្រឹត្ត​នឹង​រូបកាយ​របស់​យើង​ដូចជា​ព្រះវិហារ​នេះ យ៉ូសែប ស្ម៊ីធ បាន​ទទួល​ច្បាប់​សុខភាព​មួយ​មកពី​ព្រះអម្ចាស់ សម្រាប់​សមាជិក​នៃ​សាសនាចក្រដែល​បាន​ស្ដារ​ឡើងវិញ​របស់​​ព្រះគ្រីស្ទ ដែល​ស្គាល់​ថា​ជា​ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ ជា​លទ្ធផល​នៃ​ការ​រស់នៅ​តាម​ច្បាប់​សុខភាព​នេះ ការសិក្សា​ដដែលៗ​មួយ បាន​បញ្ជាក់​ថា ពួក​អិល.ឌី.អេស គឺ​ជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ​បំផុត​ក្នុង​ពិភពលោក ។ នេះ​គឺ​ជា​ផល​មួយ​នៃ​ការ​រស់​នៅ​តាម​ច្បាប់​សុខភាព​របស់​ព្រះគ្រីស្ទ ។

    ទីពីរ ផល​នៃ​សាសនាចក្រ​របស់ព្រះគ្រីស្ទ គឺ​អព្ភូតហេតុវា និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។ វា​មាន​កត់ត្រា​ពីមួយទំព័រទៅមួយទំព័រ​ក្នុង​គម្ពីរសញ្ញា​ថ្មី ។ វា​ជា​ភស្ដុតាង​មួយ​ថា ព្រះចេស្ដា​នៃព្រះ មាន​ក្នុង​សាសនាចក្រ​ព្រះគ្រីស្ទ ( សូមមើលហេព្រើរ 2:4) ។ ប៉ុន្តែ​ជា​អកុសល ដោយ​ការ​ចាប់ផ្ដើម​នៃ​ការ​ក្បត់​សាសនា អព្ភូតហេតុ​ទាំងឡាយ​បាន​រលាយ​បាត់ទៅ -- អ្នកប្រវត្តិសាស្ត្រ​បានត្រៀម​ខ្លួន​​ទទួល​ស្គាល់វា​​ ហើយអ្នក​ស្ដារ​សាសនាឡើងវិញ​ បាន​ទទួលយក​​វា ។ ប៉ុល ចន​សុន ជា​អ្នក​កត់ត្រាប្រវត្តិសាស្ត្រ បាន​សង្កេត​ឃើញ​ថា ពាក្យ​ដក​ស្រង់ ៖ « វា​ត្រូវ​បាន​ទទួលស្គាល់ យ៉ាង​ហោចណាស់​ចាប់​តាំង​ពី​ជំនាន់​នៃ​រាជាធិរាជ [​មានន័យ​ថា ជំនាន់​របស់​ ខនស្ទេនធិន ] ដែល ‹ សម័យកាល​នៃ​អព្ភូតហេតុ › បាន​កន្លង​ផុត​ទៅ ដែល​ពួក​អ្នកដឹកនាំ​គ្រីស្ទាន ពុំ​អាច​ផ្សាយ​ដំណឹងល្អទៀត​ ដូច​ពួកសាវក ដោយ​ជំនួយ​មក​ពី​អំណាច​ដ៏​អស្ចារ្យ​នោះទេ » ។ 5

    ហេតុ​អ្វី​​ក៏​គ្រា​នោះ​មក​ដល់ ជា​ពេល​ដែល​គ្មាន​អព្ភូតហេតុ និង​គ្មាន​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​ដូច្នេះ ? ដោយ​សារ​ដើម​ឈើ ដែល​ផ្ដល់​ផល​ផ្លែ ឈ្មោះ​ថា សាសនាចក្រ​ព្រះគ្រីស្ទ ពុំ​មាននៅ​លើ​ផែនដី​ទៀត ហើយ ចន វ៉េសល្លី បាន​កត់​សម្គាល់​អំពី​អវត្តមាន​នៃ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​ពី​ព្រះវិហារ ក្នុង​ជំនាន់​របស់​គាត់​ថា ពាក្យ​ដក​ស្រង់ ៖ « វា​ពុំ​ឃើញ​មាន អំណោយ​ទាន​ដ៏អស្ចារ្យ​ទាំងនេះ​នៃ​ព្រះ​វិញ្ញាណ​​បរិសុទ្ធ មាន​ក្នុង​ព្រះវិហារ​តាម​ធម្មតា អស់​រយៈពេល​ជាង​ពីរ ឬ​បី​សតវត្សន៍​មក​ហើយ » ។ 6

    វា​ល្មម​នឹង​និយាយ​ថា ខ្ញុំ​អាច​ធ្វើ​បន្ទាល់ ដូច​អ្នករាល់គ្នា​ជា​ច្រើន​ថា នេះ​គឺ​ជា​ជំនាន់​នៃ​អព្ភូតហេតុ និង​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ ក្នុង​សាសនាចក្រ​ដែលបាន​ស្ដារ​ឡើងវិញ​របស់ព្រះគ្រីស្ទ ក៏​ដូចជា​វា​មាន​ក្នុង​សាសនា​ចក្រ​ពី​ដើម​របស់ទ្រង់ ។

    មាន​ផល​ទីបី​--​ដែល​ប្លង់​មេ​នៃ​សាសនាចក្រ​របស់ព្រះគ្រីស្ទ កត់ត្រា​នូវ​ដំណើរ​រឿង​ជា​ច្រើន​អំពី​ពួកទេវតា និង​ការនិមិត្ត ។ មនុស្ស​មួយចំនួន បាន​មើល​ដោយ​សង្ស័យ​នៅ​សព្វថ្ងៃ​នេះ ចំពោះ​ព្រះវិហារ​ដែល​ប្រកាសអះអាង​ពី​ពួកទេវតា និង​ការ​និមិត្ត ប៉ុន្តែ​ពេល​ធ្វើ​ដូច្នោះ គេ​ភ្លេច​ថា ពួកទេវតា និង​ការនិមិត្ត គឺ​ជា​ចំនុច​សំខាន់​មួយ​នៃ​សាសនាចក្រ​ដើម​របស់​ព្រះគ្រីស្ទ ៖ ទេវតា បាន​ប្រាប់​ទៅ​ម៉ារា អំពីកំណើត​របស់ព្រះ​គ្រីស្ទ, ពួក​ទេវតា​បាន​មក​ជួប ពេត្រុស យ៉ាកុប និង​យ៉ូហាន នៅ​លើ​ភ្នំ​ប្រែ​រូប, ទេវតា​បាន​ដោះលែង​ពេត្រុស និង​យ៉ូហាន​ចេញពីគុក, ទេវតា​មាន​បន្ទូល​ទៅ កូនីលៀស, ទេវតា ព្រមាន​ប៉ុល​អំពី​​ការ​វិនាស, ទេវតា​មក​ជួប​យ៉ូហាន អ្នក​ទទួលវិវរណៈ, ការនិមិត្ត​របស់​ស្ទេផាន អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា, ការនិមិត្ត​របស់​យ៉ូហាន​អំពី​ថ្ងៃ​ចុង​ក្រោយ, និង​ជាច្រើនទៀត ។ ពុំ​គួរ​សួរ​សំណួ​ថា « តើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​សាសនាចក្រ​ពិត ដែល​មាន​ពួកទេវតា និង​ការនិមិត្ត​ដោយ​របៀប​ណា? ឡើយ តែ​គួរ​បែរ​មកសួរ​ថា « តើ​​មាន​ព្រះវិហារ​ណា​មួយសព្វថ្ងៃ​នេះ អាចអះ​អាង​ថា​ជា​សាសនាចក្រ​ពិត​របស់​ព្រះគ្រីស្ទ លើក​លែង​តែ​មាន​ពួកទេវតា និង​ការ​និមិត្ត-- ដូចជា​សាសនា​ចក្រ​ដើម​របស់​ព្រះគ្រីស្ទ ដូចជា​វា​បាន​បង្ហាញ​នៅ​ក្នុង​ប្លង់​មេ​របស់ទ្រង់​បាន​ដោយ​របៀប​ណា ?

    មាន​ផល​ផ្លែដទៃទៀត​ជាច្រើន ត្រូវ​គ្នា​នឹង​សាសនាចក្រ​ដើម​របស់​ព្រះគ្រីស្ទ ៖

    វា​គឺ​ជា​ព្រះវិហារ​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា-- ពួកសាវក ត្រូវ​បាន​បញ្ជា​ឲ្យ « ទៅ​ ហើយ​បង្រៀន​គ្រង់​ទាំង​សាសន៍ » ( ម៉ាថាយ 28:19) ។ សព្វ​ថ្ងៃ​នេះ យើង​មាន​អ្នក​ផ្សព្វផ្សាយសាសនា​ជាង 80,000 កំពុង​បំពេញ​តាម​បញ្ជា​នោះ ហើយ​បាន​ផ្ដល់​ផល​ផ្លៃ​នៃ​ការ​ធ្វើ​ដូច្នោះ ។

    វា​គឺ​ជា​ព្រះវិហារ​មាន​សីលធម៌-- ប្លង់​មេបង្រៀន​យើង​ថា ពួកបរិសុទ្ធ​ជំនាន់​មុន​ក្នុង​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ត្រូវ​បាន​បញ្ជា​ឲ្យ​ស្លៀក​ពាក់​រមទម្យ ហើយ​ចៀស​វាង​ពី​ទំនាក់ទំនង​មុន​ពេល​រៀបការ ។ តើ​មាន​ព្រះវិហារ​ប៉ុន្មាន ដែល​ពុំ​គ្រាន់​តែ​បង្រៀន​គោលលទ្ធិទាំង​នេះ តែ​រស់​នៅ​តាម​វា​នោះ ?

    សាសនាចក្រ​ដើម​របស់ព្រះ​គ្រីស្ទ គឺ​ជា​ព្រះវិហារ​ដែល​ផ្ដោត​លើ​គ្រួសារ ។ ស្វាមី ត្រូវ​បាន​បញ្ជា​ឲ្យ​ស្រឡាញ់ និង​ពិត​ត្រង់​ចំពោះ​ភរិយា​របស់​ពួកគេ ( សូមមើល អេភេសូរ 5:23–25) កុមារ​តូចៗ ត្រូវ​បាន​បញ្ជា​ឲ្យ​គោរព​ដល់​ឪពុក​ម្ដាយ​ពួកគេ ( សូមមើល​អេភេសូរ 6:1) ហើយ​ប៊ីស្សព ត្រូវ​បាន​បញ្ជា​ឲ្យ​គ្រប់គ្រង​ផ្ទះ​របស់​ពួកគេ​ឲ្យ​បានល្អ ( សូមមើល ធីម៉ូថេ  3:4–5) ។ សព្វថ្ងៃ សាសនាចក្រ​របស់​យើង គឺ​ដូចជា​សាសនាចក្រ​ដើម​របស់ព្រះគ្រីស្ទ ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា ព្រះវិហារ​ដែល​ផ្ដោត​លើ​គ្រួសារសព្វថ្ងៃនេះ ។ ផល​ផ្លែ​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ត្រូវ​បាន​កត់ត្រា​យ៉ាង​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​គម្ពីរ​ប៊ីព ហើយ​ត្រូវ​គ្នា​នឹង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះគ្រីស្ទ​សព្វថ្ងៃ​នេះ ។

    ព្រះគ្រីស្ទ បាន​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់​នៅ​លើ​ផែនដី ប៉ុន្តែ​ទំព័រ​ចុង​ក្រោយ​នៃ​ប្លង់​មេ បង្ហាញ​ថា វា​មាន​បណ្ដាញ​មួយ​ភ្ជាប់​ទៅ​ស្ថាន​សួគ៌--​ដែល​ហៅ​ថា វិវរណៈ​ព្រះ ។ បើ​គ្មាន​បណ្ដាញ​នេះ សាសនាចក្រ​នឹង​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ដឹកនាំ​អង្គការ​មួយ ដែលគ្រប់គ្រង​ដោយ​អំណាច​នៃ​ហេតុផល ពុំ​មែន​ដោយ​វិវរណៈទេ ។ ព្យាការី​អេម៉ុស បាន​ប្រកាស​ថា « ពិត​ប្រាកដ​ជា​ព្រះ​យេហូវ៉ា ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​តែ​ទ្រង់​សម្ដែង​ឲ្យ​ពួកហោរា ជាអ្នក​បម្រើ​ទ្រង់ ឃើញ​គំនិត​លាក់​កំបាំង​របស់​ទ្រង់ » ( អេម៉ុស 3:7 ) ។ ប៉ុល​បាន​បញ្ជាក់​ថា វិវរណៈ​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​សាសនាចក្រ ហើយ​ត្រូវ​​មានជា​​បន្តបន្ទាប់ ត្បិត​គាត់​បាន​ប្រកាស​ថា ៖ « ខ្ញុំ​នឹង​និយាយ​ពី​ការ​ជាក់​ស្ដែង និង​ការ​បើក​សម្ដែង​មក​ពី​ព្រះអម្ចាស់​ទៀត » ( កូរិនថូសទី  2 12:1; សូមមើល​ផងដែរ កិច្ចការ 1:2) ។

    សាសនាចក្រ​ព្រះគ្រីស្ទ​សព្វថ្ងៃ​នេះ ត្រូវ​បាន​ភ្ជាប់​ទៅ​ស្ថានសួគ៌ តាមរយៈ​វិវរណៈ​ជា​បន្ដបន្ទាប់ ដែល​វា​ត្រូវ​នឹង​គោលលទ្ធិគ្រឹះនោះ ។ ការ​ប្រកាស​របស់​សាសនាចក្រ អំពី​ការ​ជឿ​ទៅ​លើ​រឿង​នេះ ត្រូវ​បាន​ស្គាល់​ជា មាត្រា​នៃ​សេចក្ដីជំនឿ​ទីប្រាំបួន ដែល​អាន​តទៅ ៖ « យើង​ខ្ញុំ​ជឿ​ចំពោះ​ការណ៍​ទាំង​អស់ ដែល​ទ្រង់​បាន​បើក​សម្ដែង​មក និង ការណ៍​ទាំង​អស់ ដែល​ទ្រង់​បើក​សម្ដែង នៅ​ពេល​ឥឡូវ​នេះ ហើយ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​បើក​សម្ដែង​នូវ​ការណ៍​ដ៏​ធំ និង សំខាន់​ៗ​ជា​ច្រើន ដែល​ទាក់ទង​ទៅ​នឹង​នគរ​នៃ​ព្រះ » ។

    បើ​មនុស្ស​ម្នាក់​ចង់​ផ្គូរ​ផ្គង​ប្លង់​មេ​នៃ​សាសនាចក្រ​ដើម​របស់​ព្រះគ្រីស្ទ នឹង​ព្រះវិហារ​ទាំងអស់​ក្នុង​ពិភពលោក​សព្វថ្ងៃនេះ គាត់​នឹង​រក​ឃើញ​ថា​ពីចំនុច​មួយ​ទៅចំនុច​មួយ ពី​អង្គការ​មួយទៅអង្គការ​មួយ ពី​ការ​បង្រៀន​មួយ​ទៅ​កា​របង្រៀន​មួយ ពីពិធីបរិសុទ្ធ​មួយទៅពិធីបរិសុទ្ធ​មួយ ពី​ផលផ្លែ​មួយទៅ​ផលផ្លែ​មួយ និង​ពី​វិវរណៈ​មួយទៅ​វិវរណៈ​មួយ នោះ​នឹង​មាន​តែ​មួយ​គត់​ដែល​ត្រូវ-- គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

    បើ​មនុស្ស​ម្នាក់​​បដិសេធ​សាសនាចក្រ​នេះ បន្ទាប់​ពី​សិក្សា​ប្លង់​មេ​ហើយ នោះ​វា​ហាក់​​ដូច​ជា​បំផ្លាញ​គាត់ចំពោះ​ព្រះវិហារ​ផ្សេងៗ​ទៀត ដោយ​សារ​គាត់​ដឹង​ច្រើន​ពេក ។​ គាត់​នឹង​ដូចជា​ពេត្រុស ដែល​ត្រូវ​ព្រះអង្គសង្គ្រោះ​សួរ​ថា « អ្នក​រាល់គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ?»​ ( យ៉ូហាន 6:67) ។ ពេត្រុស បាន​តប​ដោយ​ឆ្លើយ​ដែល គួរតែ​ឆ្លាក់​ក្នុង​គ្រប់ដួងចិត្ត និង​រក្សា​ទុក​ក្នុង​គ្រប់​គេហដ្ឋាន​ ៖ « តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ ? គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​» ( យ៉ូហាន 6:68) ។

    បើ​នរណា​ម្នាក់​ងាក​ចេញ​ពី​សាសនាចក្រ តើ​គាត់​នឹង​ទៅ​ឯណា ដើម្បី​រៀន​អំពី​សេចក្ដី​ពិត​ដែល​បាន​ស្ដារឡើងវិញ ស្ដីអំពី​លក្ខណៈ​របស់​ព្រះ ដូច​បាន​បើក​សម្ដែង​ក្នុង​ព្រៃ​ពិសិដ្ឋ, ដង្វាយធួន​ដ៏ពេញ​លេញ​ទាំងស្រុង​ ដូច​បាន​បង្រៀន​ក្នុង​ព្រះគម្ពីរមរមន, ការប្រកាស​ដំណឹងល្អ​ដល់​មរណជន, កម្រិត​ទាំងបី​នៃ​សិរីល្អ​ និង​ក្រុមគ្រួសារ​ដ៏អស់កល្ប​ជានិច្ច ? តើ​គាត់​នឹង​ទៅ​ទទួល​ពិធីបរិសុទ្ធ ដែល​អាច​សង្គ្រោះ និង​តម្កើង​គាត់​នៅឯណា ? តើ​គាត់​នឹង​ទៅ​មានភរិយា និង​កូនៗ​ផ្សារភ្ជាប់​នឹង​គាត់​សម្រាប់ភាព​អស់កល្ប​នៅឯណា ? តើ​គាត់​នឹង​ទៅឯណា ពេល​គាត់​ចង់​ទទួលការប្រសិទ្ធពរ​នៃ​បព្វជិតភាព​សម្រាប់ការលួងលោមចិត្ត ឬ​ការ​ព្យាបាល​ដល់​សមាជិក​ម្នាក់ក្នុង​គ្រួសារ​នោះ ? តើ​គាត់​នឹង​ទៅរក​ព្យាការី​ព្រះ​នៅឯណា ? គាត់​នឹង​រក​ពុំ​មា​ន​ឡើយ ត្បិត​គោលលទ្ធិ ពិធីបរិសុទ្ធ អំណាច និង​ព្យាការី មាន​តែ​នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​ប៉ុណ្ណោះ ។

    ព្រះវិហារ​មួយ ​ពុំ​អាច​មាន​គោលលទ្ធិ និ​ងពិធីបរិសុទ្ធ ដូចបាន​ស្ដារឡើង​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ដោយ​ពុំ​ទទួល​យក​យ៉ូសែប ស្ម៊ីធ និង​ប្រវត្តិសាស្ត្រ ដែល​ជា​មូលដ្ឋាន​សម្រាប់​រឿង​នោះ​ឡើយ ។​ វា​ពុំ​អាច​ដាច់​ចេញពីគ្នាឡើយ ។ វា​ទៅ​ត្រសង ។ អ្នក​ពុំ​អាច​និយាយ​ថា វាមាន​ផ្លែ​ល្អ ហើយ​ដើម​អាក្រក់​បាន​ទេ ។ ព្រះអង្គសង្គ្រោះ បាន​បង្រៀន​សេចក្ដីពិត​ជា​យូរ​មក​ហើយ​ថា ៖ « ធម្មតា​ដើម​ឈើ​ល្អ មិន​ដែល​បញចេញ​ផល​អាក្រក់​បា​នទេ ហើយ​ដើម​ដែល​អាក្រក់ ក៏​ពុំ​អាច​នឹង​បញ្ចេញ​ផល​ល្អ​បាន​ដែរ » (ម៉ាថាយ 7:18) ។ ដោយ​ហេតុ​នោះ បើ​ផល​ផ្លែ​ខាង​គោលលទ្ធិ ដែល​យើង​បាន​ពិភាក្សា​នា​យប់​នេះ ល្អ នោះ​ដើម​ដែល​វា​ផ្ដល់​ផ្លែ-- មាន យ៉ូសែប ស្ម៊ីធ និង​ប្រវត្តិ​សាស្ត្រ​នៃ​សេចក្ដីពិត​ដែល​បាន​បើក​សម្ដែង​ទាំង​នោះ គឺ​ពិត​ជា​ល្អ ។ អ្នក​ពុំ​អាច​មាន​មួយអត់​មួយ​ទេ ។

    នៅក្នុង​សុន្ទរកថាសន្និសីទទូទៅ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ អែលឌើរ ប៊ី.  អេច. រ៉ូប៊ើត បាន​និយាយ​អំពី​ការ​សម្រេច​ជោគជ័យ​របស់​យ៉ូសែប ស្ម៊ីធ រួច​ហើយ​និយាយ​អំពី​អ្នករិះគន់​របស់​យ៉ូសែប ដែល​លោក​និយាយ​ថា ៖ « ទៅ​មុខ! ខ្ញុំ​និយាយ​ថា ទៅ​មុខ ឬ​យក​ដៃ​បិទ​មាត់​នៅ​ស្ងៀម ពេល​ឈ្មោះ​របស់គាត់​ត្រូវ​បាន​និយាយ » ។ 7

    ការ​កង្វល់​ខាងប្រវត្តិសាស្ត្រ ឬ​ខាង​សង្គម ដែល​អាច​មាន​មួយចំនួន ជា​ការ​ផ្ទុយ​នឹងការពោល​ខាង​​វិទ្យាសាស្ត្រ-- ទាំងនេះ​គឺ​ជា​ការ​បង្ហាញ​​ខាងៗ ឯ​វេទិកា​កណ្ដាល​នោះ​ គឺជា​​គោលលទ្ធិ ពិធីបរិសុទ្ធ​ អំណាច​បព្វជិតភាព និង​ផល​ផ្លែ​ដទៃទៀត​នៃ​សាសនាចក្រ​របស់​យើង ជា​អ្វីៗ​ជា​ច្រើន​ដែល​យើង​បាន​ពិភាក្សា​យប់នេះ ។ ប៉ុន្តែ​មនុស្ស​ខ្លះ អាច​នឹង​តបថា « ខ្ញុំ​ជឿ​លើ​ការណ៍ទាំង​អស់នេះ ប៉ុន្តែ​តើ​ខ្ញុំ​ឆ្លើយ​តប​នឹង​ការរិះគន់ និង​សំណួរ​ជាក់លាក់​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

    មេធាវី​ម្នាក់ ដឹង​​ថា បន្ទាប់​ពី​ព្រះរាជ​អាជ្ញា បង្ហាញ​សាក្សី​សំខាន់​របស់គាត់មក នោះ​ករណីទាស់​នឹង​ចុង​ចោទ ឈាន​ចូល​ទៅ​ក្នុង​ពន្លឺ​ដ៏​អាក្រក់​បំផុត ។ នរណា​ម្នាក់​ដែល​ឆាប់​នឹង​កាត់​ក្ដី​ត្រង់​ចំណុច​នោះ អាច​នឹង​កំណត់ថា​ចុង​ចោទ​មាន​ទោស ប៉ុន្តែ​បន្ទាប់​មក​បាតុភូមិ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​បាន​កើតឡើង​ក្នុង​តុលាការ ។ មេធាវី​ចុង​ចោទ ចាប់​ផ្ដើម​ចោទសួររបស់​គាត់​ដល់​សាក្សី​ដដែល​នេះ ហើយ​ជាញឹកញាប់​នឹង​កើត​មាន​ដូច​ទៅ ៖ ចម្លើយ​ច្បាស់លាស់​របស់​សាក្សី ចាប់​ផ្ដើម​ស្លោក​ទៅវិញ​នៅ​ក្រោម​សម្ពាធ​នៃ​ការ​ចោទសួរ ។ សាក្សីដែល​បង្ហាញ​ថាគ្មាន​សង្ស័យ​សោះ ឥឡូវ​បាន​ស្ដែង​ថា​មាន​នូវ​ចំនុច​មិន​ស្របគ្នា និងមាន​​ចន្លោះ​ប្រហោង​ក្នុង​ការ​នឹក​ចាំ​ពី​ព្រឹត្តការ​របស់​គាត់ ។ រឿង​ដែល​ហាក់ដូចជា​ច្បាស់​លាស់​របស់​សាក្សី ចាប់​ផ្ដើម​ប្រេះ​ស្រាំ​ដោយ​សំណួរ​ថ្មីៗនិមួយៗ ​ដែល​បាន​ចោទ​សួរ​ដល់គាត់ ។ សាក្សី​អាច​ទប់ទល់​នឹង​សំណួរ​ទន់ភ្លន់​របស់​ព្រះរាជ​អជ្ញា របស់​គាត់ ប៉ុន្តែ​នៅពេល​សំណួរចំៗ​មក​ពី​បដិ​ភាគី​ គាត់​មិន​អាច​ទប់ទល់​នឹង​ការ​សួរ​ខ្លាំងៗ ឬ​ការសួរ​ដោយ​សង្កត់​​របស់​ពួកគេ​ទេ ។ នៅពេល​ការ​ចោទសួរ បាន​បញ្ចប់ សាក្សី​អាច​នឹង​ត្រូវ​បង្ខូច​ឈ្មោះ​យ៉ាង​ខ្លាំង ។ អ្នក​សង្កេត​មើល ដែល​ពីមុន​ហៀប​នឹង « ចង » មេធាវី​ចុង​ចោទ ឥឡូវ​​មើល​ឃើញ​ដោយ​ខ្សែ​ភ្នែកផ្សេង​ទៅ​លើ​ភាព​​ស្លូត​ត្រង់​ទាំង​ស្រុង​របស់​មនុស្ស​នោះ ។

    យ៉ាង​ណា​មិញ ការ​រិះគន់​មួយចំនួន ចោល​សំណួរ​ដល់​សាសនាចក្រ ដែល​ប៉ុន​ប៉ង​នឹង​ដាក់​សាសនាចក្រ​ឲ្យ​នៅ​ក្នុង​ពន្លឺ​ដ៏​អាក្រក់​បំផុត ។ ប៉ុន្តែ​សំណួរ មាន​មុខ​ពីរ ។ 8 ​សាក្សី​សំខាន់​របស់​ព្រះរាជអជ្ញា គឺ​ពុំ​ស៊ាំ​នឹង​ការ​ចោទសួរ​ទេ ទាំងវា​ពុំ​មែន​ជា​អ្នក​រិះគន់​ដ៏​ខ្លាំង​របស់​សាសនាចក្រ​ដែរ ។ ខ្ញុំ​ពុំ​ធ្លាប់​ឃើញ​មាន​អ្នក​បង្ខូច​ណា​ម្នាក់ ​អាច​ផ្ដល់​ចម្លើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់ស្កល់​នៅ​ក្នុង « ការ​ចោទសួរ » ចំពោះ​សំណួរ​ដូច​ខាង​ក្រោម​នេះ​ទេ​ ៖

    ទី​មួយ តើ​យ៉ូសែប ស្ម៊ីធ ដឹង​របៀប​ដើម្បី​ស្ដារ​គោលលទ្ធិ និង​ពិធីបរិសុទ្ធ​មក​ពី​គម្ពីរប៊ីប ដូចជា​គោលលទ្ធិ​នៃ​ការ​មានជីវិត​មុនជីវិត​នេះ, លក្ខណៈ​ពិត​របស់​ព្រះ, ដំណឹងល្អ​ត្រូវ​ផ្សាយ​ដល់​មរណជន និង​​អ្វីៗ​ជាច្រើន​ទៀត នៅពេល​ដែលគោលលទ្ធិ និង​ពិធីបរិសុទ្ធ​ដូច្នេះ ពុំ​មាន​បង្រៀន​ដោយ​ព្រះវិហារនា​នា​នៅ​ជំនាន់​គាត់​ផងនោះ ? ហេតុអ្វី យ៉ូសែប​ ស្ម៊ីធ ជា​មនុស្ស​តែ​ម្នាក់​ដែល​រកឃើញ ហើយ​ស្ដារ​វា​ឡើងវិញ​ដូច្នេះ ? ទោះ​ជា​គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ពូកែ​ខាងទេវវិទ្យាក្ដី តើ​គ្មាន​មនុស្ស​ផ្សេង ដែល​ពូកែ នៅក្នុង​ 1800 ឆ្នាំ បន្ទាប់ពី​ការ​បម្រើ​របស់​ព្រះអង្គសង្គ្រោះ​ទេ​ឬ​អី ?

    ទីពីរ បើ​សាសនាចក្រ​នេះ ពុំ​មែនជា​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ចុះ​ហេតុអ្វី​ក៏​សាសនាចក្រ​នេះ មាន​ផលផ្លែ​ដូចគ្នា​នឹង​សាសនាចក្រ​ដើម​របស់​ព្រះគ្រីស្ទ ដែល​មាន អព្ភូតហេតុ និង អំណោយទាន​នៃ​ព្រះ​វិញ្ញាណ, វិវរណៈ​ថ្មីៗ​មកពី​ពួកសាវក និង​ព្យាការី, ពួកទេវតា និងការនិមិត្ត, មនុស្ស​សុខភាព​ល្អ, មនុស្ស​មាន​សីលធម៌, មនុស្ស​ដែល​មានចិត្ត​ផ្សព្វផ្សាយសាសនា, និង​មនុស្ស​ដែល​ផ្ដោត​ទៅ​លើ​គ្រួសារ​យ៉ាង​ខ្លាំង​ដូច្នេះ ? តើ​ព្រះអង្គសង្គ្រោះ ពុំ​ប្រកាសពី​សេចក្ដីពិត​ទេ​ឬ​អី? ថា « អ្នករាល់គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយ​សារ​ផល​គេ​បង្កើត » (ម៉ាថាយ 7:20)។

    ប្រាកដ​ណាស់ មាន​សំណួរ​ជាច្រើន​ទៀត​ក្នុង​ការ​ចោទសួរ អាច​ត្រូវ​បាន​សួរ ។ មាន​សំណួរ​ជាក់លាក់ ដែល​លើក​ដាក់​គ្នា-- ដែល​សំខាន់ វា​បង្កើត​ជា​ចំនុច​សំខាន់​នៃ​បញ្ហា​មួយ ។ វា​ល្មម​នឹង​និយាយ​ថា សំណួរខ្លះ មាន​សារសំខាន់​ខ្លាំង​ជា​ង​សំណួរខ្លះ​ទៀត ។ បើ​អ្នក​ដឹង​ថា យ៉ូសែប​ស្ម៊ីធ បាន​ស្ដារ​ការ​បង្រៀន​ខាង​គម្ពីរប៊ីប និង​ពិធីបរិសុទ្ធ​ដែល​មាន​នៅ​ខាង​ដើម បើ​អ្នក​ដឹងថា សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មាន​ផលផ្លែ​ដូចគ្នា​នឹង​សាសនាចក្រ​ដើម​របស់​ព្រះគ្រីស្ទ ឬ​បើ​អ្នក​ដឹង​ថា ព្រះគម្ពីរមរមន គឺ​ជា​គម្ពីរ​ដើម​ពីព្រះ នោះ​អ្នក​ដឹង​ថា យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី​ម្នាក់ ។ ហើយ​បើ​យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី​ម្នាក់ នោះ​សាសនាចក្រនេះ​ គឺ​ជា​សាសនាចក្រដែលពិត ហើយសកម្មនៅ​លើ​ផ្ទៃ​ផែនដី-- នោះ​រាល់​សំណួរ​ផ្សេងទៀត ជា​បង្គោល​ធ្វើ​ការ​ប្រៀបធៀប ។ វា​គឺ​ដូចជា​តុលាការ​កំពូល ដែល​គ្រប់គ្រ​ងលើ​រឿង​ក្ដី​មួយ​​អញ្ចឹង ។ នៅ​ចំនុច​នោះ រាល់ការ​សម្រេចចិត្ត​របស់​សាលាឧទ្ទរ​ ចំពោះ​ការ​ផ្ទុយ រាល់​សំណួរ​រិះគន់​ទាំងអស់ ទោះ​ជាគេ​មាន ការ​ស្ទង់ ឬ​ការផ្គុំ ឬ​ការ​កំសាន្ដ​យ៉ាង​ណាក៏​ដោយ ក៏​លែង​ជា​កត្ដា​ចម្បង​ក្នុង​​សមីការ​សេចក្ដីពិត​ទៀត​ហើយ ។ ហេតុអ្វី ? ដោយ​សារ​អ្នក​បាន​ឆ្លើយ​សំណួរ​គន្លឹះ​ ដែល​ជា​បង្គោល​គ្រឹះ​ចំពោះ​ការ​យល់ដឹង​សេចក្ដីពិត​រួច​ទៅ​ហើយ ។

    វា​ល្មម​នឹង​និយាយថា ខ្ញុំ​អាច​រស់នៅ​ជាមួយ​នឹង​មនុស្ស​ពុំ​ល្អឥត​ខ្ចោះ​​មួយចំនួន ក្នុងចំណោម​ព្យាការី​នៃ​ព្រះ ដូចដែលបានទន្ទឹងប៉ងទុកជាមុន​អញ្ចឹង ។ ខ្ញុំ​អាច​រស់នៅ​ជាមួយ​នឹង​ការ​រកឃើញ​ខាង​វិទ្យាសាស្ត្រ​មួយចំនួន ដែល​ផ្ទុយ​នឹង​ព្រះគម្ពីរ​មរមន នោះ​ពេល​វេលា នឹង​កែប្រែ​រឿង​នោះ ។ ហើយ​ខ្ញុំ​អាច​រស់នៅ​​នឹង​មនុស្ស​មួយ​ចំនួន​ដែល​ហាក់ដូចជា​ខុសប្រក្រតី​ខាងប្រវត្តិសាស្ត្រ ពួកគេ​មាន​ភាគ​តូច​ក្នុង​ទេសភាព​ទាំង​ស្រុង​នៃ​សេចក្ដី​ពិត ។ ប៉ុន្តែ ខ្ញុំ​ពុំ​អាច​រស់​នៅ ដោយ​គ្មាន​សេចក្ដីពិត​ខាង​គោលលទ្ធិ និង​ពិធីបរិសុទ្ធ ដែល​បាន​ស្ដារ​ឡើង​វិ​ញ​ដោយ​យ៉ូសែប ស្ម៊ីធបានទេ ខ្ញុំ​ពុំ​អាច​រស់​នៅ​ដោយ​គ្មានបព្វជិតភាព​ព្រះ ដើម្បី​ប្រទាន​ពរ​ដល់​គ្រួសារ​ខ្ញុំបានទេ ហើយ​ខ្ញុំ​ពុំ​អាច​រស់នៅ​ដោយ​មិន​ដឹង​ថា ភរិយា​ខ្ញុំ និង​កូនៗ ត្រូវ​បាន​ផ្សារភ្ជាប់​នឹង​ខ្ញុំ​ដល់​អស់​កល្បជានិច្ច​ឡើយ ។ នោះ​ជា​ជម្រើស​ដែល​យើង​ប្រឈម--សំណួរ​គ្មាន​ចម្លើយ​មួយចំនួន​ក្នុង​ដៃម្ខាង ដែល​ផ្ទុយ​ពី​ភាព​ច្បាស់​លាស់ជា​ច្រើន​​ខាង​គោលលទ្ធិ និង​អំណាច​នៃ​ព្រះ​លើ​ផែន​ដី​ក្នុង​ដៃ​ម្ខាង​ទៀត ។​ ហើយ​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ចំពោះ​អ្នកថា ជម្រើស​គឺ​ងាយ​ស្រួល ហើយសមហេតុផល ។

    ខ្ញុំ​ថ្លែង​ជា​សាក្សីថា សាសនាចក្រ​ដែល​អ្នក​នឹង​ធ្វើ​ជា​អធិបតី​នៅ​ថ្ងៃ​មួយ កាន់ព្រះនាម​នៃ​ព្រះគ្រីស្ទ ដោយ​សារ​វា​មាន​​អង្គការ​ដែល​បាន​អនុម័ត​ដ៏ទេវភាព​របស់​ទ្រង់ ការ​បង្រៀន​របស់​ទ្រង់ ពិធីបរិសុទ្ធ​របស់​ទ្រង់ អំណាច​របស់​ទ្រង់ ផលផ្លែ​របស់ទ្រង់ និង​វិវរណៈ​ជាបន្តបន្ទាប់​របស់​ទ្រង់ ដែល​ទាំងអស់​នេះ គឺ​មាន​នៅ​ក្នុង​ប្លង់​មេ​ដ៏​ទេវភាព​របស់​ទ្រង់ ។ សូម​ឲ្យ​យើង​មាន​កែវភ្នែក​ខាង​វិញ្ញាណ​ដើម្បី​មើល​ឃើញ​លទ្ធផល រវាង​ប្លង់​មេ និង​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះគ្រីស្ទ​សព្វថ្ងៃ​នេះ ត្បិត​វា​គឺ​ជា​សាក្សីដ៏​រឹងមាំ​មួយ​របស់​ព្រះ​ចំពោះ​យើង ។ អំពី​ការណ៍នេះ ខ្ញុំ​សូម​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាមែន ។

    © ឆ្នាំ 2014 ដោយ Intellectual Reserve, Inc ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។ អនុមតិ​ជា​ភាសា​អង់គ្លេស ៖ អនុមតិ​ការ​បកប្រែ ៖ 9/13 ។ 9/13 ។ ការ​បក​ប្រែ​នៃ តើ​ប្លង់​មេ​នៃ​​សាសនាចក្រ​របស់ព្រះគ្រីស្ទ​គឺ​ជា​អ្វី ? Cambodian ។ PD50051805 258