រំលង​ការ​រុករក​ចម្បង

ពិធីសាក្រាម៉ង់​អាច​ជួយ​ពួក​យើង​ឲ្យ​បាន​បរិសុទ្ធ

ពិធីសាក្រាម៉ង់​អាច​ជួយ​ពួក​យើង​ឲ្យ​បាន​បរិសុទ្ធ

ជា​ក្មេង​អាយុ​ប្រាំ​ឆ្នាំ ខ្ញុំ​ពុំ​អាច​យល់​អត្ថន័យ​ទាំងស្រុង​ពី​អ្វី​ដែល​បាន​និយាយ ឬ ធ្វើ​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា​មាន​រឿង​ពិសេស​បាន​កើត​ឡើង ។ ខ្ញុំ​អាច​ទទួល​អារម្មណ៍​សុខសាន្ត និង ការបញ្ជាក់​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​ឪពុក​ខ្ញុំ​បាន​នឹក​គិត​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​ពួកយើង ។

ខ្ញុំ​សូម​អញ្ជើញ​ពួកយើង​ទាំងអស់​គ្នា​ឲ្យ​ពិចារណា​អំពី​វិធី​ប្រាំ​យ៉ាង​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង ឥទ្ធិពល​នៃ​ការចូលរួម​ជា​ទៀងទាត់​របស់​យើង ក្នុង​ពិធីបរិសុទ្ធ​សាក្រាម៉ង់ ជា​ពិធី​បរិសុទ្ធ​ដែល​អាច​ជួយ​ពួកយើង​ឲ្យ​បាន​បរិសុទ្ធ ។

១. រៀបចំ​ទុកជាមុន

យើង​អាច​ចាប់ផ្តើម​ការរៀបចំ​របស់​យើង​ឲ្យ​បាន​ល្អ​សម្រាប់​ពិធី​សាក្រាម៉ង់ មុន​ការប្រជុំ​សាក្រាម៉ង់​ចាប់ផ្តើម ។ ថ្ងៃ​សៅរ៍​ជា​ពេលវេលា​ល្អ​ដើម្បី​នឹកគិត​ពី​ការរីកចម្រើន និង ការរៀបចំ​ខាង​វិញ្ញាណ​របស់​យើង ។

ជីវិត​រមែង​ស្លាប់​នេះ​គឺ​ជា​អំណោយ​ទាន​ដ៏​ចាំបាច់​នៅក្នុង​ដំណើរ​របស់​យើង ដើម្បី​ក្លាយ​ដូច​ជា​ព្រះវរបិតាសួគ៌ ។ វា​សំខាន់​ណាស់​ថា ជីវិត​នេះ​រួមមាន​នូវ​ការសាកល្បង និង ឧបសគ្គ​នានា ដែល​ផ្តល់​ឱកាស​ឲ្យ​ពួកយើង​ផ្លាស់ប្តូរ ហើយ​រីកចម្រើន ។ ស្តេច​បេនយ៉ាមីន បាន​បង្រៀន​ថា « មនុស្ស​ខាង​សាច់ឈាម​ជា​សត្រូវ​ដល់​ព្រះ…ហើយ​នឹង​នៅ​យ៉ាង​នេះ​ជា​រៀង​ដរាប​ត​ទៅ លើក​លែង​តែ​គេ​ព្រម​ធ្វើ​តាម​សេចក្ដីទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាពខាង​សាច់​ឈាម​ចេញ ហើយ​ក្លាយ​ទៅជា​អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » (ម៉ូសាយ ៣:១៩) ។ ការចូលរួម​ក្នុង​ពិធីបរិសុទ្ធ​សាក្រាម៉ង់​ផ្តល់​ឱកាស​ដើម្បី​បន្ទន់​ដួងចិត្ត និង ព្រលឹង​យើង​ទាំងស្រុង​ចំពោះ​ព្រះ ។

នៅក្នុង​ការរៀបចំ​របស់​យើង ដួងចិត្ត​យើង​ប្រែ​ជា​មាន​ចិត្ត​សង្រេង ពេល​យើង​សម្តែង​អំណរគុណ​ចំពោះ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ប្រែចិត្ត​ពី​កំហុស និង ភាពទន់ខ្សោយ​របស់​យើង ហើយ​ទូលសូម​ជំនួយ​ពី​ព្រះវរបិតា នៅក្នុង​ការបន្ត​ដំណើរ​របស់​យើង​ដើម្បី​ប្រែ​ក្លាយ​ឲ្យ​កាន់តែ​ដូច​ទ្រង់ ។ បន្ទាប់​មក យើង​អាច​សម្លឹង​រកមើល​ឱកាស​ដែល​ពិធីសាក្រាម៉ង់​ផ្តល់​ឲ្យ ដើម្បី​ចងចាំ​ការបូជា​របស់​ទ្រង់ និង រំឭក​ការតាំងចិត្ត​របស់​យើង​ជា​ថ្មី ចំពោះ​សេចក្តីសញ្ញា​ទាំងអស់​ដែល​យើង​បាន​ចុះ ។

២. ទៅ​ដល់​ព្រះវិហារ​មុន​ម៉ោង

បទពិសោធន៍​នៃ​ពិធីសាក្រាម៉ង់​របស់​យើង​អាច​បាន​ប្រសើរ​ឡើង នៅពេល​យើង​ទៅ​ដល់​ព្រះវិហារ​មុន​ម៉ោង​ប្រជុំ ហើយ​ពិចារណា​ក្នុង​ចិត្ត​ពេល​ស្តាប់​តន្ត្រី​កំដរ​មុន​ការប្រជុំ ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ បាន​បង្រៀន​ថា ៖ « តន្ត្រី​កំដរ​មុន​ការប្រជុំ ការអធិស្ឋាន​ដោយ​ស្មោះសរ គឺ​ជា​ការចិញ្ចឹម​បីបាច់​ដល់​វិញ្ញាណ ។ វា​នាំ​ឲ្យ​មាន​ការបំផុស​គំនិត » ។ ប្រធាន រ័សុល អិម ណិលសុន​បាន​ពន្យល់​ថា « នេះ​មិន​មែន​ជា​ពេល​ដើម្បី​សន្ទនា​គ្នា ឬ ផ្ញើ​សារ​ឲ្យ​គ្នា​ឡើយ ប៉ុន្តែ​គឺ​ជា​ពេល​សម្រាប់​ស្មឹងស្មាធិ៍​ដោយ​គិតគូរ ពេល​ថ្នាក់​ដឹកនាំ និង សមាជិក​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​សម្រាប់​ពិធី​សាក្រាម៉ង់ » ។

៣. ច្រៀង ហើយ​រៀន​ពី​ទំនុក​បទ​នៃ​ទំនុកតម្កើង​សាក្រាម៉ង់

ទំនុកតម្កើង​សាក្រាម៉ង់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​បទពិសោធន៍​ប្រជុំ​សាក្រាម៉ង់​របស់​យើង ។ តន្ត្រី​លើក​ស្ទួយ​គំនិត និង អារម្មណ៍​យើង ។ ទំនុកតម្កើង​សាក្រាម៉ង់​មាន​ឥទ្ធិពល​កាន់តែ​អស្ចារ្យ ពេល​យើង​ផ្តោត​ទៅលើ​ទំនុក​បទ និង គោលលទ្ធិ​ដ៏​មាន​ឥទ្ធិពល​ដែល​បាន​បង្រៀន​ក្នុង​បទ​នោះ ។ យើង​រៀន​បាន​ច្រើន​ពី​ទំនុកបទ​ដូច​ជា « ទ្រង់​រងទុក្ខ​ជំនួស​យើង » « ចូរ​ពួកយើង​ចងចាំ ហើយ​ប្រាកដ​ថា​ចិត្ត និង ដៃ​យើង​ស្អាត​បរិសុទ្ធ » និង « ទាំង​យុត្តិធម៌​មេត្តាធម៌​ក្នុង​ភាពសុខសាន្ត​អស្ចារ្យ ! »

ពេល​យើង​ច្រៀង​ទំនុក​តម្កើង​ក្នុង​ការរៀបចំ​ខ្លួន​ទទួល​ទាន​និមិត្ត​រូប​នេះ ទំនុកបទ​នៃ​ទំនុក​តម្កើង​អាច​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការតាំងចិត្ត​ចំពោះ​សេចក្តីសញ្ញា​របស់​យើង ។ ឧទាហរណ៍ ចូរ​ពិចារណា​អំពី​ទំនុក​បទ ៖ « យើង​ស្រឡាញ់​ទ្រង់​ចិត្ត​ពេញ​ដោយ​ស្នេហ៍ ។ យើង​ដើរ​ផ្លូវ​ជម្រើស​ទ្រង់ » ។

៤. ការចូលរួម​ខាង​វិញ្ញាណ​នៅក្នុង​ការអធិស្ឋាន​សាក្រាម៉ង់ ( សូមមើល មរ៉ូណៃ ៤–៥)

ក្រៅពី​ការគ្រាន់តែ​ស្តាប់​ពាក្យ​អធិស្ឋាន​សាក្រាម៉ង់​ដែល​យើង​ស្គាល់ យើង​អាច​រៀន​បាន​ច្រើន ហើយ​ទទួល​អារម្មណ៍​កាន់តែ​ខ្លាំង កាល​យើង​ចូលរួម​ខាង​វិញ្ញាណ ដោយ​ពិចារណា​អំពី​ការតាំងចិត្ត និង ពរជ័យ​ដែល​ទាក់ទង រួម​មាន​នៅក្នុង​ការអធិស្ឋាន​ដ៏​ពិសិដ្ឋ​ទាំង​នេះ ។

នំបុ័ង និង ទឹក​ត្រូវបាន​ប្រសិទ្ធពរ ហើយ​ញែក​ដល់​ព្រលឹង​យើង ។ វា​រំឭក​យើង​អំពី​ការបូជា​របស់​ព្រះអង្គសង្គ្រោះ ហើយ​ថា​ទ្រង់​អាច​ជួយ​យើង​ឲ្យ​បាន​បរិសុទ្ធ ។

ការអធិស្ឋាន​នោះ​ពន្យល់​ថា យើង​ទទួលទាន​នំបុ័ង​ដើម្បី​រំឭក​ចាំ​ដល់​ព្រះកាយ​នៃ​ព្រះរាជបុត្រា ដែល​ទ្រង់​បាន​បូជា​ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​អាច​រស់​ឡើង​វិញ ហើយ​យើង​ផឹក​ទឹក​ដើម្បី​រំឭក​ចាំ​ពី​ព្រះលោហិត​របស់​ព្រះរាជបុត្រា ដែល​ទ្រង់​បាន​បង្ហូរ​លោហិត ប្រយោជន៍​ឲ្យ​យើង​អាច​បាន​ប្រោសលោះ​ក្នុង​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត ។

ការអធិស្ឋាន​នោះ​ណែនាំ​អំពី​សេចក្តីសញ្ញា​ដែល​មាន​ឃ្លា​ថា « ថា​ពួក​គេ​នឹង​ព្រម » (មរ៉ូណៃ ៤:៣) ។ ឃ្លា​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ពួកយើង ។ តើ​យើង​នឹង​ព្រម​បម្រើ ហើយ​ចូលរួម​ដែរ​ឬ​ទេ ? តើ​យើង​នឹង​ព្រម​ផ្លាស់ប្តូរ​ដែរ​ឬ​ទេ ? តើ​យើង​នឹង​ព្រម​កែលម្អ​ភាពទន់ខ្សោយ​របស់​យើង​ដែរ​ឬ​ទេ ? តើ​យើង​នឹង​ព្រម​ជួយ ហើយ​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ​ឬ​ទេ ? តើ​យើង​នឹង​ព្រម​ទុកចិត្ត​លើ​ព្រះអង្គសង្គ្រោះ​ដែរ​ឬ​ទេ ?

ដូច​ការសន្យា​ដែល​បាន​រៀបរាប់ ហើយ​ពេល​យើង​ទទួលទាន​វា នោះ​យើង​បញ្ជាក់​ក្នុង​ចិត្ត​យើង​ថា​យើង​នឹង​ព្រម​ដើម្បី ៖

  • លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ព្យាយាម​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ។

  • ចង​ចាំ​ទ្រង់​ជានិច្ច ។

ការអធិស្ឋាន​នោះ​មាន​នូវ​ការអញ្ជើញ និង ការសន្យា​ដ៏​អស្ចារ្យ ៖ « ប្រយោជន៏​ឲ្យ​ពួកគេ​អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជា​មួយ​ពួកគេ​ជា​ដរាប » (មរ៉ូណៃ ៤:៣) ។

ប៉ុល បាន​សរសេរ​ថា « ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត [ និង ] ដឹង​ខ្នាត » (កាឡាទី ៥:២២–២៣) ។ ពរជ័យ និង អំណោយទាន​ដ៏​អស្ចារ្យ​នឹង​មាន​ដល់​ពួកយើង​នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង ។

៥. ពិចារណា និង ចងចាំ​អំពី​ទ្រង់​នៅពេល​គេ​ចែក​និមិត្តរូប​នៃ​ពិធីសាក្រាម៉ង់

នៅ​គ្រា​ដ៏​មាន​គារវភាព​ពេល​អ្នក​កាន់​បព្វជិតភាព​ចែក​សាក្រាម៉ង់​វា​អាច​ក្លាយ​ជា​គ្រាដ៏​​ពិសិដ្ឋ​ចំពោះ​យើង ។

នៅពេល​ពួកគេ​ចែក​នំបុ័ង យើង​អាច​នឹង​សញ្ជឹង​គិត​អំពី​ទង្វើ​នៃ​សេចក្តីស្រឡាញ់​ដ៏​អស្ចារ្យ​ចំពោះ​ពួកយើង ដែល​ព្រះអម្ចាស់​បាន​លើកដាក់ « លើ​រូបអង្គ​ទ្រង់​នូវ​សេចក្ដី​ស្លាប់ ដើម្បី​ទ្រង់​អាច​ស្រាយចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់​ដែល​ចង​រាស្ត្រ​ទ្រង់ » (អាលម៉ា ៧:១២) ។

យើង​អាច​ចងចាំ​ពី​ពរជ័យ​ដ៏​រុងរឿង​នៃ​ការរស់​ឡើង​វិញ​ថា « នឹង​កើត​ឡើង​ដល់​មនុស្ស​ទាំង​អស់…ទាំង​បាវ​គេ និង​អ្នក​សេរី ទាំង​ប្រុស ទាំង​ស្រី ទាំង​ពួក​ទុច្ចរិត និង​ពួក​សុចរិត ហើយ​សូម្បីតែ​សក់​មួយ​សរសៃ​នៅ​លើ​ក្បាល​ពួក​គេ​ក៏​ពុំ​បាត់​ផង អ្វីៗ​គ្រប់​យ៉ាង​នឹង​បាន​ប្រោស​ឡើង​វិញ ជា​រូបរាង​ដ៏​ល្អ​ឥត​ខ្ចោះ » (អាលម៉ា ១១:៤៤) ។

នៅពេល​គេ​ចែក​ទឹក នោះ​យើង​អាច​ចងចាំ​ពី​ការទូលអង្វរ​របស់​ព្រះអង្គសង្គ្រោះ​ដូចនេះ ៖

« មើល​ចុះ យើង​ជា​ព្រះ បាន​រង​ទុក្ខ​នូវ​ការ​ទាំង​នេះ​ជំនួស​មនុស្ស​ទាំង​អស់ ដើម្បី​កុំ​ឲ្យ​គេ​អាច​រង​ទុក្ខ បើ​សិន​ជា​ពួក​គេ​ប្រែ​ចិត្ត …

គឺ​ជា​សេចក្តី​រង​ទុក្ខ​វេទនា ដែល​បណ្តាល​ឲ្យ​យើង គឺ​ជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំង​អស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រង​ទុក្ខ​ព្រម​ទាំង​រូប​កាយ និង​វិញ្ញាណ​ផង—ហើយ​ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ផឹក​ពែង​ល្វីង ហើយ​រួញ​ខ្លាច (គ. និង ស. ១៩:១៦, ១៨) ។

យើង​ចាំ​ថា​ទ្រង់​បាន​លើក « ដាក់​លើ​រូប​អង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់ [ របស់​យើង ] ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​ស្រប​តាម​សាច់​ឈាម​ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ [ របស់​យើង ] » (អាលម៉ា ៧:១២) ។

នៅពេល​យើង​ពិចារណា​អំពី​បទពិសោធន៍​សាក្រាម៉ង់​របស់​យើង នោះ​យើង​អាច​សួរ​ខ្លួន​ឯង​ថា ៖

  • តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ខ្លះ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​រៀបចំ​ខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ពិធីសាក្រាម៉ង់ ?

  • តើ​ខ្ញុំ​អាច​មាន​គារវភាព​កាន់តែ​ច្រើន​ជាង​មុន ហើយ​ទទួល​វិវរណៈ​ដែល​អាច​មាន​នា​ពេល​ចាប់ផ្តើម​ការប្រជុំ​សាក្រាម៉ង់​ដែរ​ឬ​ទេ ?

  • តើ​មាន​គោលលទ្ធិ​អ្វី​ខ្លះ​បាន​បង្រៀន​នៅក្នុង​ទំនុក​តម្កើង​សាក្រាម៉ង់ ?

  • តើ​ខ្ញុំ​បាន​ឮ និង ទទួល​អារម្មណ៍​អ្វី​ខ្លះ ពេល​ខ្ញុំ​បាន​ស្តាប់​ពាក្យ​អធិស្ឋាន​សាក្រាម៉ង់ ?

  • តើ​ខ្ញុំ​បាន​គិត​អ្វី​ខ្លះ ពេល​គេ​ចែក​សាក្រាម៉ង់​នោះ ?

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ដូច្នេះ ៖ « ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ គឺ​ជា​ការអញ្ជើញ​ដ៏​ពិសិដ្ឋ និង ដដែលៗ​ឲ្យ​ប្រែចិត្ត​ដោយ​ស្មោះ និង រំឭក​ជា​ថ្មី​ខាង​វិញ្ញាណ ។ ទង្វើ​នៃ​ការ​ទទួលទាន​សាក្រាម៉ង់​ផ្ទាល់ ពុំ​បាន​ផ្ដាច់​បាប​ទេ ។ ប៉ុន្តែ​នៅពេល​យើង​រៀបចំ​ដោយ​យកចិត្តទុក​ដាក់ និង​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ​ដោយ​ដួងចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប នោះ​ការ​សន្យា​នឹង​មាន​ចំពោះ​យើង​ថា យើង​អាច​មាន​ព្រះវិញ្ញាណ​ព្រះអម្ចាស់​គង់​នៅជា​មួយ​យើង ជានិច្ច ។ ហើយ​តាមរយៈ​អំណាច​ញែក​ចេញ​ជា​បរិសុទ្ធ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង នោះ​យើង​អាច​ទទួល​ការ​ផ្ដាច់​បាប​របស់​យើង ជានិច្ច » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ជា​ច្រើន​ដែល​អាច​កើត​មាន​ដល់​យើង ពេល​យើង​បង្កើន​ការរៀបចំ​ខ្លួន និង ការចូលរួម​ខាង​វិញ្ញាណ​នៅក្នុង​ពិធី​បរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​បន្ថែម​ទៀត​ថា ពរជ័យ​ទាំង​នេះ​កើត​មាន​ដល់​យើង ដោយសារ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង និង ការពលិកម្ម​ធួន​ដ៏​មហិមា​របស់​ព្រះរាជបុត្រា​ជា​ទី​ស្រឡាញ់​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​គឺ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។