រំលង​ការ​រុករក​ចម្បង

ឥទ្ធិពលនៃការធ្វើការរួមគ្នារបស់សមាជិក និង ពួកអ្នកផ្សព្វផ្សាយសាសនា

ឥទ្ធិពលនៃការធ្វើការរួមគ្នារបស់សមាជិក និង ពួកអ្នកផ្សព្វផ្សាយសាសនា

អែលឌើរ បេនយ៉ាមីន តៃ

នៃ​ពួក​ចិតសិប​នាក់

កាល​ពី​ឆ្នាំ​មុន​ខ្ញុំ​បាន​ចូល​រួម​ពិសារភោជនីយ​អាហារ​ពេល​ល្ងាច​ជាមួយ​ថ្នាក់​ដឹកនាំ​ស្តេក និង​បេសកកម្ម ។  បន្ទាប់​ពី​បាន​ប្រសិទ្ធ​ពរ​ដល់​អាហារ​រួច ពេល​យើង​ចាប់​ផ្តើម​ទទួល​ទាន យើង​សង្កេត​ឃើញ​ថា​ពួក​យើង​ម្នាក់ៗ​ទទួល​បាន​តែ​ចង្កឹះ មួយ ចំហៀង សម្រាប់​ទទួល​ទាន​អាហារ​នោះ ។  ដោយ​ចិត្ត​អន្ទះសា​ចង់​ភ្លក់​អាហារ​ដ៏​មាន​សោភណ្ឌ័ភាព​ដែល​បាន​រៀបចំ ពួក​យើង​បាន​សុំ​នូវចង្កឹះ​មួយ​ចំហៀង​ទៀត​ពី​ម្ចាស់​កម្មវិធី​របស់​យើង​ ប៉ុន្តែ​គេ​ប្រាប់​ថា យើង​ត្រូវ​ទទួល​ទាន​អាហារ​ជា​មួយ​នឹង​ចង្កឹះ​មួយ​ចំហៀង​នេះ ។  បន្ទាប់​ពី​ចាប់​អាហារ​ដោយ​ពិបាក​អស់​ពេល​មួយ​សន្ទុះ​មក នៅ​ទី​បំផុត យើង​ទទួល​បាន​ចង្កឹះ​មួយ​ចំហៀង ទៀត​ដើម្បី​ទទួល​ទាន​អាហារ​បាន​យ៉ាង​ឆ្ងាញ់ ។  នៅ​រាត្រី​នោះ យើង​បាន​រីករាយ​នឹង​ការ​ពិភាក្សា​អំពី​របៀប​ដែល កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ​សម្រេច​ទៅ​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព​នៅ​ពេល​សមាជិក និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​រួបរួម​គ្នា​ជា​ធ្លុង​មួយ​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះ​អម្ចាស់ ដូច​ជា​ការ​ទទួល​ទាន​ដោយ​ប្រើ​ចង្កឹះ​មួយ​គូ​ដូច្នោះ​ដែរ ។ 

 

គឺ ដូច​ជា​ពួក​យើង​មួយ​ចំនួន​ដែល​ពុំ​ចេះ​ប្រើ​ចង្កឹះ​នោះ​ដែរ ការ​អនុវត្ត​ពី​មុន ទំនៀម​ទំលាប់ ឬ ការខ្វះ​បទ​ពិសោធន៍ អាច​រារាំង​សមាជិក និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មិន​ឲ្យ​ធ្វើ​ជា​នឹម​ស្មើ​គ្នា​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ ។  ប៉ុន្តែ​វាជា​អំណរ​គុណ​ណាស់ ដែល​វា​មិន​យឺត ឬ លឿន​ពេក​ក្នុង​ការផ្លាស់ប្តូរ ។  ប្រធាន ថូម៉ាស អេស. ម៉នសុន បាន​ប្រកាស​ថា « ឥឡូវ​នេះ​វា​ជា​ពេល​សម្រាប់​សមាជិក និង​អ្នក​ផ្សព្វផ្សាយ​សាសនា​រួបរួម​គ្នា ធ្វើ​ការ​ជាមួយ​គ្នា ធ្វើ​ការ​ក្នុង​ចម្ការ​ព្រះ​អម្ចាស់ ដើម្បី​នាំ​ព្រលឹង​មក​កាន់​ទ្រង់ ។  ទ្រង់​បាន​រៀបចំ​មធ្យោបាយ​សម្រាប់​យើង​ដើម្បី​ចែកចាយ​ដំណឹងល្អ​តាម​វិធី​ជា​ច្រើន ហើយ​ទ្រង់​នឹង​ជួយ​យើង​ក្នុង​កិច្ចការ​របស់​យើង បើ​យើង​នឹង​ធ្វើ​កិច្ចការ​ដោយ​ក្តី​ជំនឿ​ដើម្បី​បំពេញ​កិច្ចការ​របស់​ទ្រង់ » ។​១ យើង​ត្រូវ​បាន​ប្រទាន​ពរ​នូវ​គំរូ​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​បង្រៀន​យើង​ឲ្យ​សម្រេច​បាន​កិច្ចការ​នេះ ។

 

គំរូ​មួយ​គឺ​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​ឈ្មោះ​ អាំម៉ូន បាន​ពលិកម្ម​ជីវិត​របស់​លោក​បូជា​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដល់​សាសន៍​លេមិន ។  លោក​បាន​ចែកចាយ​ដំណឹង​ល្អ តាម​រយៈ​ទង្វើ​នៃ​សេចក្តី​ស្រឡាញ់​ដែល​មិន​ប្រួលប្រែ និង​ការ​បម្រើ​ដែល​ជា​លទ្ធផល​ទទួល​បាន​ការ​ផ្លាស់​ប្រែ​ចិត្ត​ជឿ​ជា​យូរអង្វែង ។  ព្រះ​អម្ចាស់​ក៏​បញ្ជូន​មនុស្ស​ដទៃ​ទៀត​ឲ្យ​ទៅ​ជួយ​អាំម៉ូន​ផងដែរ ។  នៅ​ក្នុង​អាលម៉ា ១៩:១៦-២៨ យើង​បាន​រៀន​អំពី​នាង​អ័ប៉ីស ជា​អ្នក​មាន​ជំនឿ​មក​ពី​សាសន៍​លេមិន ដែល​នាង​មិន​ដែល​ចែកចាយ​សេចក្តី​ជំនឿ​របស់​នាង​ជា​មួយ​នរណា​ពី​មុន​មក​ឡើយ ។  បន្ទាប់​ពី​ការ​បាន​ធ្វើ​ជា​សាក្សី​ពី​បទពិសោធន៍​ខាង​វិញ្ញាណ​របស់​អាំម៉ូន និង​គ្រួសារ​របស់​ស្តេចឡាម៉ូណៃ នាង​បាន​ធ្វើ​តាម​ការ​បំផុស​គំនិត ដើម្បី​អញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក ហើយ​មើល ហើយ​នាង « បាន​រត់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ទៅ​ប្រាប់​ឲ្យ​ប្រជាជន​បាន​ដឹង » ។ ២ នៅ​ពេល​អ័ប៉ីស បាន​ដឹង​ថា អាំម៉ូន និង​បណ្តាជន​ដែល​គាត់​កំពុង​បង្រៀន​ត្រូវ​ការ​ជំនួយ នោះ​នាង​បានចូល​ទៅ​ជួយ និង​លើក​តម្កើង​ពួក​គេ​ដោយ​ផ្ទាល់ ។   ការ​ធ្វើ​ជា​បុគ្គល​ដែល​ងាយ​ដឹង​ពី​ការ​បំផុស​គំនិត តាម​រយៈ​ការ​ធ្វើ​តាម​ការ​បំផុស​គំនិត​ទាំង​នោះ​ដោយ​សេចក្តី​ក្លាហាន និង​សេចក្តី​ជំនឿ និង​ការ​ធ្វើ​ជា​បុគ្គល​មាន​វត្តមាន​ដើម្បី​លើក​ទឹក​ចិត្ត និង​ផ្តល់​ជំនួយ អ័ប៉ីស បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ផ្លាស់​ប្រែ​ចិត្ត​​ជឿ​ដល់​មនុស្ស​ជា​ច្រើន ។  យើង​ម្នាក់ៗ​អាច​ស្វែង​រក​ការបំផុសគំនិត តាម​រយៈ​ការ​គិតពិចារណា​ពី​សំណួរ​ដូច​ខាង​ក្រោម ដូច​ជា​នាង​អ័ប៉ីស ផង​ដែរ ៖

 

-          តើ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​យើង​ដឹង​អំពី​ការ​ផ្លាស់ប្រែ​ចិត្ត​ជឿ​របស់​យើង​ចំពោះ​ព្រះ​អម្ចាស់​ដែរ​ឬ​ទេ ?

-          តើ​យើង​ស្គាល់​ព្រះចេស្តា​របស់​ព្រះ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ស្វែងរក​ឱកាសដើម្បី​ចែកចាយ​បទ​ពិសោធន៍​ទាំង​នោះ​ជា​មួយ​អ្នក​ដទៃ​ដែរ​ឬ​ទេ ?

-          តើ​យើង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះចេស្តា​នៃ​ព្រះ​នៅ​ក្នុង​ជីវិត​យើង យ៉ាង​ដូចម្តេច ?

-          តើ​យើង​អាច​ដើរ​តួ​កាន់​តែ​សកម្ម ក្នុង​តួនាទី​ដើម្បី​ជួយ​លើកទឹក​ចិត្ត​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ជន​ដែល​ពួក​គេ​បង្រៀន​យ៉ាង​ដូចម្តេច ?

 

យើង​ក៏​ត្រូវ​ធ្វើ​តាម​ចំណាប់​អារម្មណ៍​ដែល​យ៉ាង​បាន​ទទួល​ឲ្យ​បាន​ឆាប់រហ័ស​ផងដែរ ។

 

ថ្មីៗ​នេះ ខ្ញុំ​បាន​ទៅ​លេង​យុវជន​ដែល​គាត់​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ក្នុង​វួដ ។  គាត់​បាន​ចែក​ចាយ​ជា​មួយ​ខ្ញុំ​អំពី​របៀប​ដែល​សមាជិក​ក្នុង​វួដ​របស់​គាត់ និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ត្រូវ​បាន​ចាត់​ឲ្យ​បម្រើ​នៅ​ទី​នោះ​បាន​កែ​ប្រែ​តំបន់​មិន​អំណោយ​ផល​ក្នុង​ប្រវត្តិ​សាស្រ្ត ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ក្លាយ​ជា​តំបន់​សំបូរ​ដោយ​សកម្មភាព រីករាយ និង​មាន​ការ​ផ្លាស់ប្រែ​ចិត្ត​ជឿ​ជា​ច្រើន ។  គាត់​បាន​រៀបរាប់​អំពី​របៀប​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ចំណាយ​ពេល​បម្រើ​សមាជិក​អស់​ជា​ច្រើន​ខែ ដោយ​ទង្វើ​ល្អ សាមញ្ញៗ តាម​រយៈ​ការ​ចែកចាយ​ការប៉ិន​ប្រសប់ និង​ការ​សាង​ទំនុក​ចិត្ត តាម​រយៈ​ការ​ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម និង​ខិតខំ ។  បន្ទាប់​មក​ទៀត គាត់​បាន​និយាយ​អំពី​របៀប​ដែល​សមាជិក​បាន​ទន់ចិត្ត​ដោយព្រោះ​គំរូ និង​ទឹកចិត្ត​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​បាន​បង្កើត​សេចក្តី​ស្រឡាញ់ និង​ការគោរព​ចំពោះ​ពួក​គេ ។  ដោយ​បាន​សង់​ឡើង​នៅ​លើ​គ្រឹះ​នៃ​សេចក្តី​ស្រឡាញ់ និង​ទំនុក​ចិត្ត​នេះ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា បាន​អញ្ជើញ​សមាជិក​ឲ្យ​ជួយ​ក្នុង​កិច្ចការ​កសាង​មិត្តភាព និង​ការបង្រៀន​ដល់​សាសនាគន់​ការី​របស់​ពួក​គេ ហើយ​សមាជិក​ចាប់​ផ្តើម​អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​ផ្ទះ​របស់​ពួក​គេ ដើម្បី​បង្រៀន និង​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក​មិន​សូវ​សកម្ម និង​គ្រួសារ​សមាជិក​តែ​ម្នាក់​ឯង​នៅ​ក្នុង​វួដ ។  សកម្មភាព​សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ទៀងទាត់​សម្រាប់​រាប់​អាន​អ្នក​មិន​មែន​ជា​សមាជិក បន្ទាប់​មក​វប្បធម៌​នៃ​ការ​អញ្ជើញ​មិត្តភក្តិ និង​អ្នក​ស្គាល់គ្នា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ចំណោម​ពួកគេ ។  ឥឡូវ​នេះ នៅ​ក្នុង​វួដ​មួយ​នោះ មាន សមាជិក និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ​ជា​មួយ​គ្នា​យ៉ាង​សកម្ម និង​អំណរ ។

 

ក្នុង​នាម​ជា​ឪពុក​របស់​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ម្នាក់​នៅ​ក្នុង​រឿង​នេះ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​សន្ដានចិត្ត​ល្អ និង​សកម្មភាព​ទាំង​ឡាយ​របស់​សមាជិក​នៅ​ទីនោះ និង​នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​បាន​ធ្វើ​ការ​រួមគ្នា​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។  ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​កូន​ប្រុស​ខ្ញុំ និងពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ដទៃ​ទៀត ដែល​កំពុង​បម្រើ​ដោយ​រីករាយ​ក្នុង​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ។  ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ព្រះ​វរបិតា​សួគ៌ និង​ព្រះ​អង្គសង្រ្គោះ​របស់​ខ្ញុំ​ចំពោះ​ឱកាស​ដើម្បី​ធ្វើ​ការ​រួមគ្នា​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក​ទាំងឡាយ​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ ។  ខ្ញុំ​មាន​សេចក្តី​ជំនឿ​យ៉ាង​មុត​មាំ​ថា កាលណា​យើង​ព្យាយាម​ធ្វើការ​រួមគ្នា​ក្នុង​នាម​ជា​សមាជិក និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា នោះ​កិច្ចការ​ដ៏​មហិមា​នេះ​នឹង​រីកចម្រើន​ទៅ​មុខ​ដែល​នឹង​ផ្លាស់ប្តូរ​ជីវិត​ជា​ច្រើន​ឲ្យ​ទៅ​រក​ស្ថានភាព​ប្រសើរ​ឡើង ។

 

ចំណង​ជើង ៖ អែលឌើរ បេនយ៉ាមីន តៃ


កំណត់ចំណាំ

[1] ថូម៉ាស​អេស. ម៉នសុន « សូម​ស្វាគមន៍​មក​កាន់​សន្និសីទ » Ensign ខែ​វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤ ។

2 អាលម៉ា ១៩:១៧