រំលង​ការ​រុករក​ចម្បង
ព្រះបន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ បង្ហាញ​យើង​អំពី​តម្រូវការ​ឲ្យ​ប្រែចិត្ត​ជានិច្ច​ក្នុង​ជីវិត​យើង ដើម្បី​យើង​អាច​ទទួល​បាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះបន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ

យើង​ជា​ច្រើន​នាក់​ដែល​ប្រជុំ​គ្នា​ក្នុង​សន្និសីទ​នេះ បាន​មក « ដើម្បី​ស្ដាប់​នូវ​ព្រះបន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ មែនហើយ ជា​ព្រះបន្ទូល​ដែល​ធ្វើ​ឲ្យ​ជា​ស្បើយ​ព្រលឹង ដែល​មាន​របួស​ឈឺចាប់ » ( យ៉ាកុប ២:៨ ) ។ ព្រះបន្ទូល​នោះ​អាច​រក​បាន​នៅ​ក្នុង​បទគម្ពីរ និង ក្នុង​សារលិខិត​ពី​ថ្នាក់​ដឹកនាំ​យើង ដោយ​នាំ​មក​ឲ្យ​យើង​នូវ​ក្ដី​សង្ឃឹម និង ការលួងលោម​ចិត្ត​នៅ​គ្រា​នៃ​ទុក្ខវេទនា ។

ឆ្លង​កាត់​បទពិសោធន៍​របស់​យើង​ក្នុង​ជីវិត យើង​រៀន​ថា អំណរ​ក្នុង​លោកិយ​នេះ​ពុំ​ពេញលេញ​ឡើយ ប៉ុន្តែ​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​អំណរ​​ពេញលេញ​របស់​យើង ( សូម​មើល គ. និង ស. ១០១:៣៦ ) ។ ទ្រង់​នឹង​ប្រទាន​កម្លាំង​ដល់​យើង ដើម្បី​កុំ​ឲ្យ​យើង​រងទុក្ខ​​វេទនា​ដោយ​ប្រការ​ណា​មួយ​ឡើយ លើកលែង​តែ​ការណ៍​នោះ​ត្រូវបាន​លេប​ទៅ​ក្នុង​សេចក្ដី​អំណរ​នៃ​ទ្រង់​ប៉ុណ្ណោះ ( សូម​មើល អាលម៉ា ៣១:៣៨ ) ។

យើង​អាច​មាន​អារម្មណ៍​ពើតផ្សា ពេល​យើង​ឃើញ​មនុស្ស​ដែល​យើង​ស្រឡាញ់​រង​ការឈឺចាប់​នៃ​ជំងឺ​ដ៏​កាចសាហាវ ។

មរណភាព​នៃ​មនុស្ស​ដែល​យើង​ស្រឡាញ់​អាច​បន្សល់​ទុក​នូវ​អារម្មណ៍​ក្រៀមក្រំ​ពន់ពេក​ក្រៃ ។

ពេល​កូន​យើង​ខ្លះ​ពុំ​រស់នៅ​តាម​ដំណឹងល្អ យើង​អាច​នឹង​មាន​អារម្មណ៍​ខ្វល់ខ្វាយ ហើយ​បារម្ភ​អំពី​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​របស់​ពួកគេ ។

ក្ដី​សង្ឃឹម​ដែល​ចង់​សម្រេច​បាន​អាពាហ៍ពិពាហ៍​សេឡេស្ទាល និង បង្កើត​គ្រូសារ​មួយ​ក្នុង​ជីវិត​នេះ អាច​ចាប់ផ្ដើម​រសាយ តាម​កាលវេលា ។

ការបំពាន​ពី​សំណាក់​មនុស្ស ​ដែល​គួរតែ​ជា​អ្នក​​ស្រឡាញ់​យើង​នោះ អាច​បន្សល់​ទុក​ស្នាម​របួស​ដ៏​ឈឺចាប់​នៅ​ក្នុង​ព្រលឹង​យើង ។

ការផិតក្បត់​រវាង​ប្ដីប្រពន្ធ​អាច​បំផ្លាញ​ទំនាក់ទំនង​ដែល​យើង​បាន​សង្ឃឹម​ថា​​នឹង​មាន​ភាពអស់កល្ប​ជានិច្ច ។

ទុក្ខវេទនា​ទាំងនេះ និង ទុក្ខ​ដទៃ​ទៀត គឺ​ជា​ចំណែក​នៃ​ស្ថានភាព​ពិសោធន៍ ដែល​ជួនកាល​ធ្វើ​ឲ្យ​យើង​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដដែលៗ ​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​សួរ ៖ « ឱ​ព្រះអង្គ​អើយ តើ​ព្រះអង្គ​គង់​នៅ​ទីណា ? » ( គ. និង ស. ១២១:១ ) ។

អំឡុង​គ្រា​ដ៏​លំបាកទាំងនោះ​ក្នុង​ជីវិត​យើង​ ព្រះបន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ​ដែល​ធ្វើ​ឲ្យ​ជា​ស្បើយ​ព្រលឹង​ដែល​មាន​របួស​ឈឺចាប់ នាំ​នូវ​សារលិខិត​លួងលោមចិត្ត និង គំនិត​យើង​ដូច​ខាងក្រោម ៖

« ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង សេចក្ដី​លំបាក​របស់​អ្នក នោះ​គ្រាន់តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ

« ហើយ​ខណៈ​នោះ បើ​សិន​ជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ នោះ​ព្រះ​ទ្រង់​នឹង​តម្កើង​អ្នក​ឡើង​នៅ​ស្ថានខ្ពស់ » ( គ. និង ស. ១២១:៧–៨ ) ។

ព្រះបន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ បំពេញ​ក្នុង​ខ្លួន​​យើង​នូវ​ក្ដី​សង្ឃឹម ដោយសារ​យើង​​ដឹង​ថា​អ្នកទាំងឡាយ​​ដែល​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការសាកល្បង នឹង​មាន​រង្វាន់​ដ៏​ធំ​នៅ​ឯ​នគរ​ស្ថានសួគ៌ ហើយ​ថា « បន្ទាប់​ពី​មាន​ការវេទនា​ដ៏​ច្រើន នោះ​ទើប​បាន​ព្រះពរ » ( សូម​មើល គ. និង ស. ៥៨:៣–៤ ) ។

ព្រះបន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ ដូច​បាន​ថ្លែង​ដោយ​ពួក​ព្យាការី ផ្ដល់​ឲ្យ​យើង​នូវ​ការធានាថា ការផ្សារភ្ជាប់​ដ៏​អស់កល្ប ដែលត្រូវបាន​គាំទ្រ​ដោយ​ភក្ដីភាព​យើង​ចំពោះ​ការសន្យា​ដ៏​ទេវភាព​ដែល​យើង​ទទួល​បាន ដោយ​ការបម្រើ​ដ៏​អង់អាច​ក្នុង​បុព្វហេតុ​នៃ​សេចក្ដីពិត​នោះ នឹង​ប្រទានពរ​ដល់​យើង ព្រមទាំង​កូនចៅ​យើង​ផងដែរ ( សូម​មើល Orson F. Whitney នៅ​ក្នុង Conference Report ខែ មេសា ឆ្នាំ ១៩២៩ ទំព័រ ១១០ ) ។

​វា​ក៏​ផ្ដល់​ឲ្យ​យើង​នូវការធានា​ថា ក្រោយ​ពី​យើង​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏​ស្មោះត្រង់ នោះ​យើង​នឹង​ពុំ​បាត់​ពរជ័យ​ណាមួយ ដោយ​ការមិន​បាន​ប្រព្រឹត្ត​តាម​ការណ៍​មួយ​ចំនួន ដែល​យើង​មិន​ដែល​មាន​ឱកាស​ធ្វើ​នោះ​ឡើយ ។ បើ​យើង​រស់នៅ​ដោយ​ស្មោះត្រង់​ដរាប​ដល់​ស្លាប់ នោះ​យើង « នឹង​បាន​ពរជ័យ ការតម្កើង និង សិរីល្អ​ទាំងអស់​ដែល​បុរស ឬ ស្ត្រី [ ដែល​បាន​មាន​ឱកាស ] នឹង​មាន​ដែរ » ។ ( សូម​មើល The Teachings of Lorenzo Snow, ed. Clyde J. Williams [ ឆ្នាំ ១៩៨៤ ] ទំព័រ ១៣៨ ) ។

ឥឡូវនេះ វា​សំខាន់​ត្រូវ​យល់​ថា ការឈឺចាប់ និង ទុក្ខវេទនា​មួយ​ចំនួន ក៏​អាច​ចូល​មក​ក្នុង​ជីវិត​យើង​បាន​ដែរ បើ​យើង​ពុំ​ប្រែចិត្ត​ដ៏​ពិត​ពី​អំពើបាប​យើង​ទេ​នោះ ។ ប្រធាន ម៉ារ៉ុន ជី រ៉មនី បាន​ថ្លែង​ ៖ « ការឈឺចាប់ និង ភាពតានតឹង​ដែល​មនុស្ស​លោក​មាន គឺ​ជា​លទ្ធផល​នៃ​អំពើបាប​ដែល​ពុំ​បាន​ប្រែចិត្ត និង មិនទាន់​ដាច់ស្រេច … ដូចជា​ការឈឺចាប់ និង ទុក្ខព្រួយ​ជា​ផល​ផ្លែ​នៃ​អំពើបាប​ដែរ នោះ​សុភមង្គល និង អំណរ​ជា​ផ្លែផ្កា​នៃ​ការអត់ទោស​បាប » ( នៅ​ក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៥៩ ទំព័រ ១១ ) ។

ហេតុអ្វី​បាន​ជា​កង្វះ​ការប្រែចិត្ត បណ្ដាល​ឲ្យ​មាន​ការឈឺចាប់ និង ភាពខ្លោចផ្សា ?

ចម្លើយ​អាច​មាន​មួយ​គឺ « ទោស​ដែល [ បាន ] ភ្ជាប់​ទុក ហើយ​ច្បាប់​ដ៏​ត្រឹមត្រូវ​បាន​ដាក់​ឡើង ដែល​នាំ [ មក​នូវ ] ការសោកស្ដាយ​នៅ​ក្នុង​ស្មារតី​មនុស្ស » (អាលម៉ា ៤២:១៨ សូមមើលផងដែរ ខ ១៦) ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា យើង​គឺ​ជា​អ្នក​ដែល​ដាក់​ទោស​ខ្លួនឯង ហើយ​វា​គឺ​ជា​ទារុណកម្ម​នៃ​បរាជ័យ​មាន​ក្នុង​ចិត្ត​យើង ដែល​បង្កើត​ឡើង​ជា​បឹង​ភ្លើង និង ស្ពាន់ធ័រ​ឆេះ​ឡើង​សន្ធោសន្ធៅ ( សូម​មើល ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២២៤ ) ។

បើ​យើង​ប៉ុនប៉ង​កែប្រែ​សតិសម្បជញ្ញៈ​យើង​ដោយ​ខំ « ដោះសា [ ខ្លួន ] ដោយ​នូវ​ចំណុច​តូចតាច ដោយ​ព្រោះ​អំពើបាប​ទាំងឡាយ [ របស់​យើង ] » (អាលម៉ា ៤២:៣០ ) ឬ​ដោយ​ការព្យាយាម​លាក់​បាំង​វា នោះ​អ្វី​ដែល​យើង​អាច​សម្រេច​នោះ គឺ​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​ថប់​បារម្ភ ( សូម​មើល គ. និង ស. ១២១:៣៧ ) និង ពន្យារ​ពេលប្រែចិត្ត ។ ក្រៅ​ពី​ភាពបណ្ដោះអាសន្ន ស្ថានភាព​បែបនេះ នឹង​មាន​ការឈឺចាប់ និង ទុក្ខព្រួយ​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ជីវិត​យើង ថែមទាំង​​កាត់បន្ថយ​លទ្ធភាព​ទទួល​បាន​ការផ្ដាច់បាប​ទៀត​ផង ។

ចំពោះ​ការឈឺចាប់​បែប​នេះ ព្រះបន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ ក៏​នាំ​មក​នូវ​ការលួងលោម និង សេចក្ដី​សង្ឃឹម​ដែរ ដ្បិត​វា​ប្រាប់​យើង​ថា មាន​ភាពធូរស្បើយ​ពី​ការឈឺចាប់​ដោយ​សារ​ឥទ្ធិពល​នៃ​បាប ។ ភាពធូរស្បើយ​នេះ​បាន​មក​ពី​ពលិកម្មធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​ប្រសិទ្ធភាព បើ​យើង​មាន​សេចក្ដីជំនឿ​លើ​ទ្រង់ ប្រែចិត្ត ហើយ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទ្រង់ ។

វា​សំខាន់​ដែល​យើង​ត្រូវ​ដឹង​ថា គឺ​ដូចជា​ការផ្តាច់បាប​ដែរ នោះ​ការប្រែចិត្ត​គឺ​ជា​ដំណើរការ​មួយ ហើយ​ពុំ​មែន​ជា​អ្វី​មួយ​ដែល​កើតឡើង​តែ​ម្ដង​នោះ​ទេ ។ វា​តម្រូវ​ឲ្យ​មាន​ភាពជាប់លាប់​ក្នុង​ជំហាន​នីមួយៗ ។

ឧទាហរណ៍ ពេល​យើង​ទទួលទាន​សាក្រាម៉ង់ យើង​បង្ហាញ​ព្រះអម្ចាស់​ថា យើង​នឹង​ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ នោះ​ជា​ការសម្ដែង​ចេញ​ពី​ចេតនា​ដ៏​ពិត​របស់​យើង ។

ពេល​យើង​ចាប់ផ្ដើម​ចងចាំ​ទ្រង់ ហើយកាន់តាម​ព្រះបញ្ញត្តិ​ទ្រង់​រាល់ថ្ងៃ—ហើយ​ពុំ​គ្រាន់តែ​នៅ​ថ្ងៃ​ឈប់សម្រាប់​ប៉ុណ្ណោះ​ទេ—ពេល​នោះ​ហើយ ដែល​ការផ្តាច់បាប​យើង​ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព​បន្តិចម្ដងៗ ហើយ​ការសន្យា​ទ្រង់​ថា​នឹង​មាន​ព្រះវិញ្ញាណ​ទ្រង់​គង់​នៅ​ជាមួយ​យើង​ចាប់ផ្ដើម​បំពេញ ។

បើ​គ្មាន​ការគោរពប្រតិបត្តិ ដែល​ត្រូវតែ​មាន​មក​ជាមួយ​ចេតនា​របស់​យើង​ទេ​នោះ ប្រសិទ្ធភាព​នៃ​ការផ្ដាច់បាប​នឹង​សាបរលាប​ទៅ​មួយ​រំពេច ហើយ​ព្រះវិញ្ញាណ​ជា​ដៃគូចាប់ផ្ដើម​ថយ​ចុះ ។ យើង​នឹង​ស្ថិត​ក្នុង​ហានិភ័យ ពេល​យើង​គោរព​ទ្រង់​តែ​បបូរមាត់ ស្របពេល​ចិត្ត​យើង​ទៅ​ឆ្ងាយ​ពី​ទ្រង់ ( សូម​មើល  នីហ្វៃទី២ ២៧:២៥ ) ។

បន្ថែម​ពី​លើ​​ការលួងលោមដល់​យើង ព្រះបន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ​ព្រមាន​យើង​ថា ដំណើរការ​នៃ​ការទទួលបាន​ការផ្ដាច់បាប​អាច​ត្រូវបាន​ផ្អាក​នៅ​ពេល​យើង​ជំពាក់ « ក្នុង​អំពើ​អសារ​ឥតការ​នៃ​ពិភពលោក » ហើយ​វា​អាច​ចាប់​បន្ដ​បាន​ដោយ​ក្ដីជំនឿ បើ​យើង​ប្រែចិត្ត ហើយ​បន្ទាបខ្លួន​ដោយ​ស្មោះ​នោះ ( សូម​មើល គ. និង ស. ២០:៥–៦ ) ។

តើ​មាន​អំពើ​អសារ​ឥតការ​នៃ​ពិភពលោក​ណា​ខ្លះ ដែល​អាច​បង្អាក់​ដំណើរការ​នៃ​ការទទួលបាន​ការផ្ដាច់បាប ហើយ​ដែល​ទាក់ទង​ទៅ​នឹង​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ?

ឧទាហរណ៍​ ដូចជា​ការមក​ប្រជុំ​សាក្រាម៉ង់​យឺត​ដោយ​​ពុំ​សមហេតុផល ដ្បិត​នោះ​ជា​ការមក​ដោយ​ពុំ​បាន​ល្បង​ខ្លួនឯង​មើល ហើយ​ទទួលទាន​នំប៉័ង ហើយ ផឹក​ពី​ពែង​ដោយ​ពុំ​សក្ដិសម ( សូម​មើល កូរិនថូស​ទី១ ១១:២៨)និង ជា​ការមក​ដោយ​ពុំ​បាន​សារភាព​បាប និង ទូល​សុំ​ការអត់ទោស​ពី​ព្រះ​សម្រាប់​ខ្លួន​គេ​ជាមុន​ឡើយ ។

ឧទាហរណ៍​ដទៃទៀត ៖ ការមិនមាន​គារវភាព​ដោយ​ផ្ញើ​សារ​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិច ការដើរ​ចេញ​ពី​ការប្រជុំ​បន្ទាប់​ពី​បាន​ទទួលទាន​សាក្រាម៉ង់ និង ការធ្វើ​កិច្ចការ​នៅ​ផ្ទះ​ដែល​ពុំ​គួរ​ធ្វើ​នៅ​ថ្ងៃ​ដ៏​ពិសិដ្ឋ​នោះ ។

តើ​មូលហេតុ​អ្វី​បាន​ជា​យើង​ដឹង​ពី​ការណ៍​ទាំងនេះ​ហើយ ជា​ញឹកញាប់ នៅតែ​បរាជ័យ​មិន​បាន​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​ទៀត ?

ក្នុង​គម្ពីរ​អេសាយ យើង​អាច​រកឃើញ​ចម្លើយ​មួយ​ថា ទោះជា​ទាក់ទង​នឹង​ថ្ងៃ​ឈប់​សម្រាក ក៏​យើង​ត្រូវតែ​គោរព​តាម​ព្រះបញ្ញត្តិ​ដទៃ​ទៀត​ដែរ ៖ « បើ​ឯង​ឃាត់​ជើង​ឯង មិន​ឲ្យ​បែរ​ចេញ​ពី​ថ្ងៃ​ឈប់​សម្រាក គឺ​មិន​ឲ្យ​ធ្វើ​តាម​អំពើ​ចិត្ត​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង » ( អេសាយ ៥៨:១៣ ) ។

ពាក្យ​គន្លឹះ​គឺ « ធ្វើ​តាម​… អំពើ​ចិត្ត » ឬ និយាយ​ម្យ៉ាង​ទៀត​ថា ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះ ។ ជាញយៗ ឆន្ទៈ​របស់​យើង—រង​ឥទ្ធិពល​ពី​ក្ដី​ប្រាថ្នា ចំណង់ និង កិលេស​នៃ​មនុស្ស​ខាង​សាច់ឈាម—ដែល​ផ្ទុយ​ពី​ព្រះឆន្ទៈ​របស់​ព្រះ ។ ព្យាការី ព្រិកហាំ យ៉ង់ បាន​បង្រៀន​ថា « នៅ​ពេល​ឆន្ទៈ កិលេស និង អារម្មណ៍​ផ្សេងៗ​នៃ​បុគ្គល​ម្នាក់ ចុះចូល​បាន​យ៉ាង​ល្អ​ជាមួយ​ព្រះ និង តម្រូវការ​របស់​ទ្រង់ បុគ្គល​នោះ​នឹង​ត្រូវបាន​ញែក​ឲ្យ​បរិសុទ្ធ ។—នេះ​គឺ​ជា​ឆន្ទៈរបស់​ខ្ញុំ​ដែល​ចង់​លេប​ដណ្ដប់​នៅក្នុង​ព្រះឆន្ទៈ​របស់​ព្រះ ដែល​នឹង​ដឹកនាំ​ខ្ញុំ​ទៅ​រក​គ្រប់​ការណ៍​ល្អ ហើយ​ទីបំផុត​បំពាក់​មកុដ​ឲ្យ​ខ្ញុំ​ដោយ​នូវ​អតមភាព និង ជីវិត​អស់កល្ប » (Deseret News ថ្ងៃ​ទី ៧ ខែ កញ្ញា ឆ្នាំ ១៨៥៤ ទំព័រ ១ ) ។

ព្រះបន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ អញ្ជើញ​យើង​ឲ្យ​ប្រើ​ព្រះចេស្ដា​នៃ​ដង្វាយធួន​ដើម្បី​អនុវត្ត​វា​ចំពោះ​ខ្លួន​យើង ហើយ​ចុះចូល​នឹង​ព្រះឆន្ទៈ​ទ្រង់—មិនមែន​តាម​បំណង​អារក្ស និង សាច់ឈាម​ឡើយ—ដើម្បី​តាមរយៈ​ព្រះគុណ​ទ្រង់ នោះ​យើង​នឹង​បាន​សង្គ្រោះ ( សូម​មើល នីហ្វៃទី​២ ១០:២៤–២៥ ) ។

ព្រះបន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ ដែល​យើង​ចែកចាយ​សព្វថ្ងៃ​នេះ បង្ហាញ​យើង​អំពី​តម្រូវការ​ឲ្យ​ប្រែចិត្ត​ជានិច្ច​ក្នុង​ជីវិត​យើង ដើម្បី​យើង​អាច​ទទួល​​បាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​យូរ​អង្វែង ។

ការមាន​ព្រះវិញ្ញាណ​ជា​ដៃគូ និង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ ។ វា « នឹង​ខ្សឹប​ប្រាប់​ពី​ក្ដីសុខសាន្ត និង អំណរ​ទៅ​ក្នុង​ព្រលឹង [ យើង ] … វា​នឹង​ដក​យក​គំនិត​ព្យាបាទ សម្អប់ និន្ទា សេចក្ដី​ក្រោធ និង គំនិត​អាក្រក់​ទាំងអស់​ចេញ​ពី​ចិត្ត [ យើង ] ហើយ [ យើង ] នឹង​មាន​បំណង​ធ្វើ​ល្អ នាំ​ឲ្យ​មាន​សុចរិតភាព ព្រមទាំង​ស្ថាបនា​នគរ​ព្រះ​ឡើង » ( សូម​មើល ការបង្រៀន ៖ យ៉ូសែប ស្ម៊ីធ ទំព័រ ៩៨ ) ។

ដោយ​មាន​អានុភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​នឹង​មិន​ងាយ​អន់ចិត្ត​នឹង​គេ ហើយ​ក៏​មិន​ធ្វើខុស​លើ​អ្នកផ្សេង​ឡើយ ដ្បិត​យើង​នឹង​រីករាយ​ជាង​មុន ហើយ​គំនិត​យើង​នឹង​ស្អាតបាត​ជាង​មុន ។ យើង​នឹង​ស្រឡាញ់​មនុស្ស​ទូទៅ​កាន់តែ​ខ្លាំង ។ យើង​នឹង​មាន​បំណង​អត់ទោស ហើយ​ចែកចាយ​សុភមង្គល​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ច្រើន​ជាង​មុន ។

យើង​នឹង​មាន​អំណរគុណ នៅ​ពេល​ឃើញ​អ្នកដទៃ​រីកចម្រើន ហើយ​យើង​នឹង​ឃើញ​អំពើល្អ​របស់អ្នកផ្សេង ។

ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ទទួល​ក្ដី​អំណរ​ដែល​កើតឡើង​ពី​ការព្យាយាម​រស់នៅ​ដោយ​សុចរិត ហើយ​ថា​យើង​រក្សា​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​ក្នុង​ជីវិត ដោយ​ការប្រែចិត្ត​ដ៏​ស្មោះ និង ជា​ដរាប ។ យើង​នឹង​ក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ ហើយ​គ្រួសារ​យើង​នឹង​មាន​ពរ ។ ខ្ញុំ​សូម​ថ្លែង​គោលការណ៍​ទាំងនេះ នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។