រំលង​ការ​រុករក​ចម្បង

បើកបង្អួចស្ថានសួគ៌ - ដង្វាយមួយភាគក្នុងដប់ និង ភាពខ្លួនទីពឹងខ្លួន

អែឌើរ ភីទើរ អែហ្វ ម៉ើរស្ស នៃពួកចិតសិបនាក់  ទីប្រឹក្សាទីពីរក្នុងគណៈប្រធានតំបន់អាស៊ី

មួយ​ឆ្នាំ​ក្រោយ​មក ម៉ាកស៊ីម និង ខ្ញុំ​បាន​ផ្សារភ្ជាប់​សម្រាប់​ពេល​នេះ និង ពេល​ដ៏​អស់កល្បជានិច្ច ក្នុង​ព្រះវិហារ​បរិសុទ្ធ នូវែលសេឡង់ ហាមីលតុន ។  ពី​មុន​យើង​រៀបការ ម៉ាកស៊ីម បាន​បញ្ចប់​ការសិក្សា​ធ្វើ​ជា​គ្រូបង្រៀន ។ ខ្ញុំ​ត្រូវតែ​រៀន​ពីរ​ឆ្នាំ​ទៀត ដើម្បី​បញ្ចប់​កម្រិត​សិក្សា​ផ្នែក​វិស្វករ​របស់​ខ្ញុំ ។ 

ក្នុង​នាម​ជា​គូស្វាមីភរិយា​វ័យ​ក្មេង​ដ៏​រីករាយ យើង​បាន​ផ្លាស់​ទៅ​រស់នៅ​ក្នុង​ផ្ទះ​ជួល​តូច​មួយ ។ ពួកយើង​មាន​ពូក​ស្នោ​មួយ​សម្រាប់​គេង​លើ​ឥដ្ឋ និង ទ្រព្យសម្បត្តិ​បន្តិចបន្តួច ។ ម៉ាកស៊ីម បាន​រក​ប្រាក់​ចំណូល​ស្ទើរតែ​មួយ​ឆ្នាំ​នោះ រហូត​ដល់​កូនស្រី​ដ៏​ស្រស់ស្អាត​របស់​យើង ខេត បាន​កើត​ក្នុង​ខែ​តុលា ។ បន្ទាប់​មក យើង​បាន​រស់នៅ​ដោយ​មាន​ប្រាក់​ចំណូល​ស្ដួចស្ដើង​បំផុត អស់រយៈ​ពេល ១៥ ខែ​ក្រោយ​មក​ទៀត ។ ខ្ញុំ​បាន​បង្រៀន​គណិតវិទ្យា​ដល់​សិស្ស​វិទ្យាល័យ​ខ្លះៗ ហើយ​ពួកយើង​ទាំង​ពីរ​នាក់​បាន​បង្រៀន​ព្យ៉ាណូ ។ ខ្ញុំ​ក៏​បាន​ជួសជុល ហើយ​ផ្ដល់​សេវាកម្ម​ដល់​រថយន្ត​ចាស់ៗ​សម្រាប់​សមាជិក​សាសនាចក្រ និង ក្រុមគ្រួសារ​ដែរ ។

ពួក​យើង​បាន​ប្រើប្រាស់​ប្រព័ន្ធ​ស្រោម​សំបុត្រ​ថវិកា​ដ៏​សាមញ្ញ​មួយ ដើម្បី​ចាត់ចែង​ប្រាក់កាស ។ ស្រោម​សំបុត្រ​ទី​មួយ​គឺ​សម្រាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ពួកយើង​ត្រូវការ​ជំនួយ​ពី​ព្រះអម្ចាស់ ហើយ​បាន​ដាក់​ប្រាក់​ចំនួន ១០​ភាគរយ​ដែល​យើង​រក​បាន​ចូល​ទៅ​ក្នុង​ស្រោម​សំបុត្រ​នេះ ។ ពួកយើង​មាន​ស្រោម​សំបុត្រ​ផ្សេងៗ​ទៀត​សម្រាប់ ដង្វាយតមអាហារ ថ្លៃឈ្នួលផ្ទះ របស់​ប្រើប្រាស់ ម្ហូបអាហារ និង ចំណាយ​ផ្សេងៗ ។ យើង​បាន​រស់នៅ​យ៉ាង​សាមញ្ញ ហើយ​យ៉ាង​រីករាយ ។ ដោយ​មាន​ជំនួយ និង ពរជ័យ​ពី​ព្រះអម្ចាស់ យើង​តែងតែ​មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់​សម្រាប់​បំពេញ​តាម​តម្រូវការ​របស់​យើង​ជានិច្ច ។

ការងារ​ដំបូង​ដែល​ខ្ញុំ​មាន​បន្ទាប់​ពី​បាន​បញ្ចប់​ការសិក្សា គឺ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ Esso ។ ម៉ាកស៊ីម និង ខ្ញុំ នៅតែ​ចងចាំ​អារម្មណ៍​ដែល​យើង​បាន​មាន នៅ​ពេល​ខ្ញុំ​បាន​ទទួល​ប្រាក់​ខែ​ជា​លើក​ដំបូង ។ ទោះជា​ប្រាក់​ចំណូល​របស់​ខ្ញុំ​ក្នុង​នាម​ជា​សិស្ស​ទើប​បញ្ចប់​ការសិក្សា​មាន​ចំនួន​តិចតួច​ក្ដី យើង​នៅ​តែ​អាច​ចាប់ផ្ដើម​សន្សំ​ប្រាក់​ទិញ​គ្រឿង​សង្ហារិម​បន្ថែម​សម្រាប់​ក្រុមគ្រួសារ​ដែល​កំពុង​លូតលាស់​របស់​យើង ។

នៅ​ពេល​យើង​សម្លឹង​មើល​ទៅ​ឆ្នាំ​ដំបូងៗ​បន្ទាប់​ពី​យើង​បាន​រៀបការ យើង​ទទួលស្គាល់​ពរជ័យ​ធំៗ​បាន​បង្ហូរ​មក នៅ​ពេល​ដែល​យើង​បាន​ចងចាំ​ដល់​ច្បាប់​ដង្វាយមួយភាគក្នុងដប់​ដ៏​ពិសិដ្ឋ ។ ព្រះវរបិតាសួគ៌​បាន​ប្រទាន​ច្បាប់​ដង្វាយមួយភាគក្នុងដប់​ដល់​យើង ព្រោះ​ទ្រង់​មាន​ព្រះទ័យ​ស្រឡាញ់​យើង ហើយ​សព្វព្រះទ័យ​នឹង​ប្រទានពរ​ដល់​យើង ។ នៅ​ពេល​យើង​ដាក់​ទីទុកចិត្ត​របស់​យើង​ទៅ​លើ​ទ្រង់ ហើយ​ថ្វាយ​ដល់​ទ្រង់​គ្រាន់តែ​មួយ​ភាគ​ដប់​នៃ​ប្រាក់​ចំណូល​ដែល​ទ្រង់​បាន​ប្រទានពរ​ដល់​យើង នោះ​ទ្រង់​អាច​ជួយ​យើង​ឲ្យ​រស់នៅ​តាម​សមត្ថភាព​របស់​យើង ។

ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ប្រកាស តាមរយៈ​ព្យាការី ម៉ាឡាគី ដូចនេះ ៖

« ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បងល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ។១

មូលនិធិ​ដង្វាយមួយ​ភាគ​ក្នុង​ដប់ ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលបំណង​របស់​ព្រះអម្ចាស់​ជានិច្ច—ដើម្បី​កសាង ហើយ​ថែរក្សា​ព្រះវិហារ​បរិសុទ្ធ និង សាលាប្រជុំ ដើម្បី​ទ្រទ្រង់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ដើម្បី​ផ្គត់ផ្គង់​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សម្រាប់​សមាជិក​សាសនាចក្រ និង​ដើម្បី​បន្ត​កិច្ចការ​របស់​ព្រះអម្ចាស់​ពាសពេញ​ពិភពលោក ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​បង្រៀន​ថា មាន​របៀប​បី​យ៉ាង​ដែល​ព្រះអម្ចាស់​ប្រទានពរ​យើង​នៅ​ពេល​យើង​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដ៏​ស្មោះ ៖

« ទីមួយ នៅ​ពេល​យើង​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដល់​សាសនាចក្រ នោះ​ព្រះវរបិតាសួគ៌​ចាក់​បង្ហូរ​ព្រះពរ​មក​លើ​យើង ។ មនុស្ស​គ្រប់​គ្នា​ដែល​បាន​ថ្វាយដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ​យ៉ាង​ជាប់លាប់ ដឹង​ថា​រឿង​នេះ​ពិត​មែន ។ ពេលខ្លះ ពរជ័យ​អាច​ជា​ពរជ័យ​ខាង​វិញ្ញាណ និង ពេលខ្លះ​អាច​ជា​ពរជ័យ​ខាង​សាច់ឈាម ។ ពរជ័យ​ទាំងនោះ​ត្រូវបាន​ប្រទាន​ឲ្យ​តាម​កាលវេលា​ព្រះអម្ចាស់ និង ស្របតាម​អ្វី​ដែល​ទ្រង់​ជ្រាប​ថា​ជា​ការណ៍​ល្អ​បំផុត​សម្រាប់​យើង…

ទីពីរ យើង​ទាំងអស់​គ្នា​ដែល​បាន​ថ្វាយដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ មាន​អារម្មណ៍ ទំនុកចិត្ត​កាន់តែ​ខ្លាំង ក្នុង​ការទូលសូម​ពី​ព្រះ​នូវ​អ្វី​ដែល​យើង និង ក្រុម​គ្រួសារ​យើង​ត្រូវការ…

ទី​បី អ្នក​ទាំងឡាយ​ដែល​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ មាន​អារម្មណ៍ ស្រឡាញ់​ព្រះ និង កូនចៅ​របស់​ព្រះ​កាន់តែ​ខ្លាំង » ។២ 

ភរិយា​ខ្ញុំ និង ខ្ញុំ មាន​ចិត្ត​រីករាយ​ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​មក​បម្រើ​នៅ​តំបន់​អាស៊ី​ដ៏​អច្ឆរិយ​នេះ ។ យើង​ដឹង​ថា មាន​ប្រជាជន​ជា​ច្រើន​កំពុង​ពុះពារ​នឹង​ការស្វែងរក​ប្រាក់កាស​គ្រប់គ្រាន់​សម្រាប់​សេចក្ដីត្រូវការ​ចាំបាច់​នានា ។ ការថ្វាយ​ដង្វាយមួយ​ភាគ​ក្នុង​ដប់ មិន​មែន​ជា​រឿង​ដែល​មាន​ប្រាក់​គ្រប់គ្រាន់​ទើប​ថ្វាយ​នោះ​ទេ ។ វា​គឺ​ជា​ការមាន​សេចក្ដីជំនឿ​គ្រប់គ្រាន់​ក្នុង​ការថ្វាយ ។  ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទុក​ជា​អាទិភាព​ទី​មួយ នោះ​ទ្រង់​នឹង​ប្រទានពរ ហើយ​គាំទ្រ​យើង​តាម​មធ្យោបាយ​ប្រកប​ដោយ​អព្ភូតហេតុ ។

ចំណងជើង ៖ អែលឌើរ ភីទើរ អែហ្វ ម៉ើរស្ស

______________________________

កំណត់ចំណាំ

១ ម៉ាឡាគី ៣:១០

២ ហិនរី ប៊ី អាវរិង « The Blessings of Tithing » Ensign ខែ មិថុនា ឆ្នាំ ២០១១ ទំព័រ ៥ ។