រំលង​ការ​រុករក​ចម្បង

ការ​គោរព​ប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ

បងប្អូនប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​មាន​អំណរគុណ​ណាស់ដែលបាន​នៅ​ជាមួយ​អ្នករាល់​គ្នា​នាពេល​ព្រឹកនេះ ។ ខ្ញុំ​ស្នើ​សុំ​ឲ្យ​អ្នក​ប្រើ​សេចក្ដីជំនឿ និង ការ​អធិស្ឋានរបស់អ្នក ខណៈដែលខ្ញុំមានអភ័យឯកសិទ្ធថ្លែងទៅកាន់អ្នករាល់គ្នា។

អស់​ជា​ច្រើន​ជំនាន់​មក មាន​បុរស និង ស្ត្រីជាច្រើន​ បាន​ស្វែងរក​ចំណេះ​ដឹង និង ការ​យល់ដឹង​អំពី​ជីវិត​រមែង​ស្លាប់​នេះ ព្រមទាំង​ទីកន្លែង និង ​គោលបំណង​របស់​វា ទន្ទឹមនឹងនោះក៏​ដូច​ជា​ផ្លូវ​ដើម្បី​ទទួល​ភាព​សុខសាន្ដ និង សុភមង្គល ។ យើង​ម្នាក់ៗ​បាន​ធ្វើ​ការ​​ស្វែងរក​ដូច្នេះ ។​

ចំណេះ​ដឹង និង ការ​យល់​ដឹង​នេះ មាន​ចំពោះ​មនុស្ស​លោក​គ្រប់រូប ។ វា​មាន​នូវ​សេចក្ដីពិតដ៏​អស់កល្បជានិច្ច ។ នៅ​ក្នុង ​គោលលទ្ធិ និង សេចក្ដី​សញ្ញា កណ្ឌ​ទី 1 ខ 39 យើង​អាន​ថា ៖ « ត្បិត​មើល​ចុះ ហើយ​មើល​ន៎ ព្រះអម្ចាស់ ទ្រង់​ជា​ព្រះ​ ហើយ​ព្រះវិញ្ញាណ​ធ្វើ​ទីបន្ទាល់ ហើយ​ទីបន្ទាល់​នោះ​ពិត ហើយ​សេចក្ដី​ពិត ជាប់​នៅ​រៀង​ដរាប​តទៅ » ។

កំណាព្យ​ដ៏​ល្បីល្បាញ​មួយ​បាន​សរសេរ​ថា ៖

ទោះ​ជា​ផែនដី និង ស្ថានសួគ៌​រលាយ​បាត់​ទៅ

ក៏​សេចក្ដីពិត និត្យនៅ​ពុំ​បាត់ទៅ​ឡើយ ទោះជាត្រូវតទល់ នឹង​ក្តី​អាក្រក់​

ក៏ក្តីពិតនៅ​អស់កល្ប ពុំ​ផ្លាស់​ប្ដូរ ជា​រៀង​ដរាប​តទៅ ។ 1

មនុស្ស​មួយចំនួន​នឹង​សួរ​ថា « តើ​អាច​រក​សេចក្ដីពិត​ដូច្នោះ​បាន​នៅ​កន្លែង​ណា ហើយ​តើ​អាច​ស្គាល់​វា​ដោយ​របៀប​ណា ? » នៅ​ក្នុង​វិវរណៈ​មួយ​ដែល​បាន​ប្រគល់​ឲ្យ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ នៅ​ ទីក្រុង ​ខឺតឡង់ អូហៃអូ ក្នុង ​ខែ ​ឧសភា ឆ្នាំ 1833 ព្រះអម្ចាស់​បាន​ប្រកាស​ថា ៖

« សេចក្ដីពិត​គឺ​ជា​ការ​ចេះ​ដឹង អំពី​ការណ៍​ទាំងឡាយ​ដែល​មាន​នៅ​ពេល​នេះ និង ​ការណ៏​ទាំងឡាយ​ដែល​មាន​មក​ហើយ ហើយ ​នឹង​ការណ៍​ទាំងឡាយ​ដែល​នឹង​មាន​ខាង​មុខ... ។

« ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត គឺ​មក​ពី​ព្រះ ... ។

« ហើយ​គ្មាន​នរណា​ទទួល​នូវ​ភាព​ពោរពេញ​បាន​ឡើយ លើក​លែង​តែ​អ្នកនោះ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

« អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ [ ទ្រង់ ] នោះ​បាន​ទទួល​សេចក្ដី​ពិត និង ពន្លឺ រហូត​ដល់​អ្នក​នោះ​បាន​ដំកើង​ឡើង នៅ​ក្នុង​សេចក្ដីពិត ហើយ​ស្គាល់​ការណ៍​គ្រប់​យ៉ាង » ។2

ឱនេះ​ជា​ការ​សន្យា​ដ៏​រុងរឿង​មួយ ! « អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ [ ទ្រង់ ] នោះ​បាន​ទទួល​សេចក្ដី​ពិត និង ពន្លឺ រហូត​ដល់​អ្នក​នោះ​បាន​ដំកើង​ឡើង នៅ​ក្នុង​សេចក្ដីពិត ហើយ​ស្គាល់​ការណ៍​គ្រប់​យ៉ាង » ។

នៅ​ពេល​នេះ យើង​មាន​ចំណេះ​ដឹង​ច្រើន​ពី​ភាព​ពេញ​លេញ​នៃ​ដំណឹងល្អ​ដែលបាន​ស្ដារ​ឡើង​វិញ នោះ​អ្នក​ និង ខ្ញុំ​ពុំ​ចាំ​បាច់​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ ឬ​ ដើរ​លើ​ផ្លូវ​ដែល​ពុំ​ស្គាល់​ដើម្បី​ស្វែង​រក​សេចក្ដីពិត​នោះ​ឡើយ ។ ​ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់​ បានរៀបចំ​ទិសដៅ​ឲ្យ​យើង ហើយ​ផ្ដល់​នូវ​ការ​ដឹកនាំជាក់​លាក់​-- គឺ​ជា​ការ​គោរព​ប្រតិបត្តិ ។ ​​ចំណេះ​ដឹង​អំពី​សេចក្ដីពិត និង ចម្លើយ​ចំពោះ​សំណួរ​ដ៏​ធំ​របស់​យើង កើត​មាន​ នៅពេល​យើង​គោរពបទបញ្ញត្តិ​របស់​ព្រះ ។

យើង​រៀន​គោរព​ប្រតិបត្តិ​នៅ​ពេញ​មួយ​ជីវិត​របស់យើង ។ ដោយ​ចាប់​ផ្ដើមតាំង​ពី​ពេល​យើង​នៅតូច អ្នក​ទាំងឡាយ​ដែល​ទទួល​ខុសត្រូវ​មើល​ថែ​យើង បាន​បង្កើត​ជា​ការ​ណែនាំ និង ច្បាប់​ដើម្បី​ប្រាកដថា​យើង​​មាន​​សុវត្ថិភាព ។ ជីវិត​នឹង​កាន់​តែ​ងាយ​ស្រួល​សម្រាប់​យើង​ទាំងអស់​គ្នា បើ​យើង​នឹង​គោរព​តាម​ច្បាប់​ដូច្នោះ​ទាំង​ស្រុង ។ ទោះ​ជា​យ៉ាង​ណា ពួក​យើង​ជាច្រើនបានរៀន​តាម​រយៈបទពិសោធន៍ ជា​ប្រាជ្ញាដែលបានមកពីការ​​គោរពប្រតិបត្តិ ។

ពេល​យើង​ធំឡើង នៅ​​រដូវក្ដៅនីមួយៗ​ ចាប់​ពីដើម​​ ខែ​កក្កដា រហូត​ដល់​ដើម​ ខែ​កញ្ញា គ្រួសារ​របស់​ខ្ញុំ​ស្នាក់​នៅ​ក្នុង​ផ្ទះ​តូច​របស់​យើង​នៅ វីវីអាន ផាក ក្នុង​ ប្រូវ៉ូ ខានញៀន រដ្ឋ​យូថាហ៍ ។

អំឡុង​ពេលនៃ​វ័យ​ដែល​ឥតកង្វល់​នៅ​គ្រា​នោះ នៅ ខានញៀន មិត្ត​ជិត​ស្និត​ខ្ញុំ​ម្នាក់ ឈ្មោះ ដានី ឡាសែន ដែល​គ្រួសារ​គាត់​ក៏​មាន​ផ្ទះតូច​នៅ ​ វីវីអាន ផាក ផងដែរ ។ រាល់​ថ្ងៃ គាត់​ និង ខ្ញុំ​ដើរ​លេង​យ៉ាង​សប្បាយ ទៅ​ស្ទូច​ត្រី​នៅតាម​​​អូរ និង ទន្លេ ដើរ​រើស​ថ្ម និង របស់​ផ្សេងៗ​ទៀត ដើរ​កាត់​ព្រៃ ឡើង​ភ្នំ ហើយ​សប្បាយ​គ្រប់​នាទី​ជារៀង​រាល់​ថ្ងៃ ។ ​

នាព្រឹក​មួយ ដានី និង ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា យើង​ចង់​បោះ​ជំរុំ អាំងភ្លើង ​នា​ល្ងាច​នោះ​ជាមួយ​នឹង​មិត្តភក្ដិ​នៅ ខានញៀន របស់​យើង​ទាំងអស់ ។​ យើង​គ្រាន់​តែ​ត្រូវ​ការ​សំអាត​កន្លែង​មួយ​នៅ​ទីវាល​​ជិត​ខាង​នោះជាការស្រេច ដើម្បីជួប​ជុំ​គ្នា ។ ស្មៅដែល​នៅ​លើ​ទីវាលនោះ​​ ​ស្ងួត ​ហើយ​ស្កៀប​ណាស់នាខែ​មិថុនា ដែល​ធ្វើ​ឲ្យ​ទី​វាល​នោះ​វា​មិន​សមប្រកបតាម​បំណង​របស់​យើង​ទេ ។ យើង​បាន​ចាប់​ផ្ដើម​ដក​ស្មៅ​ខ្ពស់​ៗ​ចេញ ហើយបាន​រៀបចំ​ដើម្បី​ជំរះ​ស្មៅ​ធ្វើ​វា​ឲ្យ​ទៅ​ជា​តំបន់​រង្វង់​មូលធំមួយ ។ យើង​បាន​ទាញកន្ត្រាក់​អស់​ពី​កម្លាំង​របស់​ពួក​យើង ប៉ុន្តែ​អ្វី​ដែល​យើង​ទទួល​បាន​ គឺ​បោច​បាន​ស្មៅ​តែ​មួយដៃ​តូច​ប៉ុណ្ណោះ ។ យើង​បាន​ដឹង​ថា កិច្ចការ​នេះ នឹង​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ តែ​យើង​អស់​កម្លាំង​រួច​ទៅ​ហើយ ។

ហើយ​អ្វី​ដែល​ខ្ញុំ​បាន​គិត​គឺ​ជា​ដំណោះ​ស្រាយ​យ៉ាង​ល្អ ដែល​វា​បាន​ផុសឡើង​​ក្នុង​គំនិត​របស់​ក្មេង​អាយុ​ប្រាំ​បី​ឆ្នាំ​ខ្ញុំ​នេះ ។ ខ្ញុំ​បាន​និយាយ​ទៅ ដានី ថា « អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ដុត​ស្មៅ​នេះ​ទៅ ។ យើង​គ្រាន់​តែ ដុត ស្មៅ​នោះ​ជា​រង្វង់​ប៉ុណ្ណោះ ! » ។ គាត់​យល់​ស្រប​ភ្លាម ហើយ​ខ្ញុំ​បាន​រត់​ទៅ​ផ្ទះ​តូច​របស់​យើង ដើម្បី​យក​ឈើ​គូស ។

បើអ្នកគិតថាយើងត្រូវបានអនុញ្ញាត្តឲ្យប្រើ​ឈើគូស​នៅ​អាយុប្រាំ​ឆ្នាំនោះគឺខុសហើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​ច្បាស់​ថា ទាំង ដានី និង ខ្ញុំ យើង​ត្រូវ​បាន​ហាម​មិន​ឲ្យ​ប្រើ​ឈើគូស​ដោយ​គ្មាន​មនុស្ស​ធំ​នៅ​ជិត​ឡើយ ។ យើង​ទាំង​ពីរ​នាក់​ ត្រូវ​បាន​​ព្រមាន​ដដែលៗ​អំពីគ្រោះថ្នាក់ភ្លើងឆេះ ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​ដឹង​ថា​គ្រួសារ​ខ្ញុំ​ទុក​ឈើគូស​នៅ​កន្លែង​ណា ហើយ​យើង​ត្រូវការ​ដើម្បី​ជំរះ​ស្មៅ​នៅ​ទីវាល​នោះ ។ ដោយ​មិន​គិត​ច្រើន ខ្ញុំ​បាន​រត់​ទៅ​ផ្ទះ​តូច​របស់​យើង ហើយ​យក​ឈើ​គូស​ពីរបី​ដើម​មក ព្រម​ទាំង​មើលឆ្វេង​ស្ដាំ​ឲ្យ​ច្បាស់​​ថា​គ្មាន​នរណា​មើល​ឃើញ​ខ្ញុំ ។ ខ្ញុំ​បាន​លាក់​ឈើគូស​ភ្លាម​នៅ​ក្នុង​ហោប៉ៅ​របស់​ខ្ញុំ ។

ខ្ញុំ​បាន​រត់មក​រក ដានី វិញ ដោយ​អរ​ថា​នៅ​ក្នុង​ហោប៉ៅ​របស់​ខ្ញុំ មាន​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​របស់​យើង ។ ខ្ញុំ​បាន​នឹក​គិត​ថា ភ្លើង​នឹង​ឆេះ​ត្រឹម​តែ​ចម្ងាយ​ដែល​យើង​ចង់​បាន ហើយ​បន្ទាប់​មក​នឹង​ឈប់​ដោយ​ខ្លួន​ឯង ។

ខ្ញុំ​បាន​គូស​ឈើ​គូស​នឹង​ដុំ​ថ្ម ហើយ​បានដុត​ស្មៅ​ស្ងួតនា ខែ​មិថុនា ឲ្យ​​ឆេះ​ឡើង ។ វា​បានឆាបឆេះ​ដូច​ជា​ជ្រលក់​នឹង​សាំង​អញ្ចឹង ។ ដំបូងឡើយ ដានី និង ខ្ញុំ​សប្បាយ​ចិត្ត​ ពេល​យើង​មើល​ឃើញ​ស្មៅ​ឆេះ​អស់ ប៉ុន្តែ​ភ្លាម​នោះ​យើង​ឃើញ​ថា ភ្លើង​ពុំ​រលត់​ដោយ​ខ្លួន​វា​ទេ ។ យើង​ភ័យ​តក់​ស្លុត នៅពេល​យើង​ដឹង​ថា​យើង​ពុំ​អាច​ពន្លត់​វា​បាន​នោះ​ ។ អណ្ដាត​ភ្លើង​សន្ធោ​រសន្ធៅ​បាន​ចាប់​ផ្ដើមឆេះ​​រាល​ឡើង​ទៅ​ដល់​ជើង​ភ្នំ ដុត​បំផ្លាញ​ដើម​ស្រល់ និង អ្វីៗ​ផ្សេងទៀត​នៅ​តាម​ផ្លូវ​វា​នោះ ។

ទីបំផុត យើង​គ្មាន​ជម្រើស ក្រៅ​ពី​រត់​ទៅ​ហៅ​គេ​ឲ្យ​ជួយទេ ។ មិន​យូរ​ប៉ុន្មាន​បុរស​ស្ត្រី​ដែល​មាន​នៅ​ វីវីអាន ផាក ទាំង​អស់​បាន​រត់​ទៅ​មក​យក​បាវទទឹក ​វាយ​ពន្លត់​អណ្ដាតភ្លើង ។ បន្ទាប់​ពី​រយៈ​ពេល​បីបួន​ម៉ោង​ក្រោយមក រងើក​ភ្លើង​ចុង​ក្រោយ​ត្រូវ​បាន​រលត់ ។ ដើម​ស្រល់​ចាស់​ៗជាច្រើន​ ក៏​ដូច​ជា​ផ្ទះ​ជាច្រើនខ្នងត្រូវ​បាន​សង្គ្រោះពីអណ្ដាត​​ភ្លើ​ង ដែល​​ទៅ​ជិតដល់​ផង​ដែរ ។

ដានី និង ខ្ញុំ​បាន​រៀន​នូវ​មេរៀន​ពិបាកៗ​ជាច្រើន ប៉ុន្តែ​ជា​មេរៀន​សំខាន់ នា​គ្រា​នោះ-- ផ្នែក​ដែល​សំខាន់​គឺ​ សារៈសំខាន់​នៃ​ការ​គោរព​ប្រតិបត្តិ ។

មាន​ច្បាប់ និង ក្រឹត្យ ក្រម ដើម្បី​ជួយ​យើង​ឲ្យ​ប្រាកដ​ថា មាន​សុវត្ថិភាព​ខាង​រូបកាយ ។ ក៏​ដូច​ជា​ព្រះអម្ចាស់ បាន​ប្រទាន​ការ​ណែនាំ និង បទបញ្ញត្តិ​ដើម្បី​ជួយ​យើង​ឲ្យ​ប្រាកដ​ថា មាន​សុវត្ថិភាព​ខាង​វិញ្ញាណ ដើម្បី​យើង​អាច​បត់​ចង្កូត​ដោយ​ជោគជ័យនៅ​ក្នុង​ជីវិត​រមែង​ស្លាប់​ ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នេះ ហើយ​ត្រឡប់​ទៅ​ជួបព្រះវរបិតាសួគ៌​យើង​វិញ​នៅ​ទីបំផុត ។

ជាច្រើន​សតវត្សន៍​កន្លង​ទៅ សាំយ៉ូអែល​បាន​ប្រកាស​ដោយ​អង់​អាច​ ទៅដល់​ជំនាន់​មនុស្ស​ដែលទទួល​ការ​បង្រៀន​យ៉ាង​តឹងរឹង​អំពី​ដង្វាយ​ដុត​សត្វថា ៖ « ដែល​ស្ដាប់​បង្គាប់​នោះ​វិសេស​លើស​ជាង​យញ្ញបូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់​នៃ​ចៀម​ឈ្មោល » ។ 3

នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួតត្រា​នេះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់ ​ព្យាការី ​យ៉ូសែប ស្ម៊ីធ ​ថា ទ្រង់តម្រូវ​ « ចិត្ត និង គំនិត​ដែល​ស្ម័គ្រ​តាម ហើយ​ពួកដែល​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្ដាប់​បង្គាប់ នឹង​បាន​បរិភោគ​ផល​ល្អ​នៃ ​ដែនដី ​ស៊ីយ៉ូន នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ » ។ 4

គ្រប់​ព្យាការី ទាំង​ជំនាន់បុរាណ និង​សម័យ​ទំនើប បាន​ដឹង​ថា ការ​គោរព​ប្រតិបត្តិ​គឺ​សំខាន់​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង ។ នីហ្វៃ​បាន​ប្រកាស​ថា « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។ 5 ទោះ​ជា​អ្នក​ផ្សេង​បាន​ធ្លាក់​ចុះ​នូវ​សេចក្ដីជំនឿ និង ការ​គោរពប្រតិបត្តិ​របស់ពួកគេ​ក្ដី ក៏ ​នីហ្វៃ​ ពុំ​ដែល​ធ្លាក់ចុះ​ មិន​​ធ្វើ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​ពី​គាត់​ឡើយ ។ ជា​លទ្ធផល មនុស្ស​ជាច្រើន​ជំនាន់ ត្រូវ​បាន​ប្រទាន​ពរ ។

រឿង​របស់ ​អ័ប្រាហាំ និង អ៊ីសាក់ គឺ​ជា​រឿង​ដ៏​បំផុសគំនិត​អំពី​ការ​គោរព​ប្រតិបត្តិ ។ តើ​វា​ឈឺចាប់​យ៉ាង​ណា​សម្រាប់ ​អ័ប្រាហាំ នៅ​ក្នុង​ការ​គោរព​ប្រតិបត្តិ​តាម​បញ្ជា​របស់​ព្រះ ដែល​ត្រូវ​នាំ​ អ៊ីសាក់ ​កូន​សំណប់​របស់​គាត់​ទៅ​កាន់​ដែនដី​ ម៉ូរីយ៉ា ដើម្បី​ថ្វាយ​​យញ្ញបូជា​នោះ ។ តើ​អ្នក​អាច​នឹក​គិត​ឃើញ អំពី​ភាព​សោកសៅ​របស់ ​អ័ប្រាហាំ ថាយ៉ាង​ណា​ទៅ​ នៅពេល​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​ដែល​តាំង​ទុក​នោះ ? ប្រាកដ​ណាស់​ ការ​ថប់​បារម្ភ ច្បាស់​ជា​មាន ដែល​ឈឺ​ចាប់​ ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត នៅ​ពេល​គាត់​ចង​ អ៊ីសាក់ ដាក់​កូន​នៅ​លើ​អាសនា​ រួច​យក​កាំ​បិត​ចាក់​សម្លាប់​នោះ ។ ដោយ​មាន​សេចក្ដីជំនឿ​ដ៏​មុតមាំ និង ការ​ទុកចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះអម្ចាស់ នោះ​គាត់​បាន​ឆ្លើយ​តប​ចំពោះ​បញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ សេចក្ដី​សម្រេច​គឺ​អស្ចារ្យ​ណាស់ ហើយ​ អ័ប្រាហាំ ​ច្បាស់​ជា​រីករាយ​ណាស់​ពេល​វា​មក​ដល់​ ៖ « កុំ​ឲ្យ​លូក​ដៃ​ទៅ​លើ​កូន​ក្មេង​នោះ​ឡើយ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​វា​ឲ្យ​សោះ ត្បិត​ឥឡូវ​នេះ​យើង​​ដឹង​ថា ឯង​កោត​ខ្លាច​ដល់​ព្រះ​ហើយ ដោយ​ព្រោះ​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​មួយ​នេះ​នឹង​យើង​សោះ » ។ 6

អ័ប្រាហាំ ត្រូវ​បាន​ល្បង​ល ហើយ​ដោយ​សារ​សេចក្ដី​ស្មោះត្រង់ និង ការ​គោរពប្រតិបត្តិ​របស់​គាត់ នោះ​ព្រះអម្ចាស់​បាន​ប្រទាន​នូវ​ការ​សន្យា​ដ៏​រុងរឿង​នេះ​ថា ៖ « គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ឯង ពី​ព្រោះ​ឯង​បាន​ស្ដាប់​តាម​ពាក្យ​អញ » ។ 7

ទោះ​ជា​យើង​ពុំ​ត្រូវ​បាន​សុំ​ឲ្យ​បង្ហាញ​នូវ​ការ​គោរពប្រតិបត្តិ​របស់​យើង តាម​របៀប​ដ៏​ខ្លាំង​ និង ឈឺ​ចាប់​ក្ដី ក៏​​យើង តម្រូវ​ឲ្យ​មាន​ការ​គោរពប្រតិបត្តិ​​ផងដែរ ។

ប្រធាន​ យ៉ូសែប អែហ្វ ស្ម៊ីធ នៅ​ក្នុង ​ខែ​ តុលា ឆ្នាំ 1873 បាន​ប្រកាស​ថា « ការ​គោរព​ប្រតិបត្តិ គឺ​ជា​ក្រិត្យវិន័យទីមួយ​នៃ​ស្ថានសួគ៌ » ។ 8

ប្រធាន​ ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ថា « សុភមង្គល​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ សេចក្ដី​សុខសាន្ដ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ការ​រីក​ចម្រើន​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ភាព​រុងរឿង​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​និង សេចក្ដី​សង្គ្រោះដ៏​អស់កល្បជានិច្ច​ និង ភាព​តម្កើង​ឡើង​របស់​ប្រជារាស្ត្រ​នេះ សម្រេច​ទៅ​​លើ​ការ​ដើរ​នៅ​ក្នុង​ការគោរពប្រតិបត្តិ​តាមដំបូន្មាន​របស់​... ព្រះ » ។ 9

កា​រគោរព​ប្រតិបត្តិ​ គឺ​ជា​ចរិតលក្ខណៈ​​ទូទៅ​របស់​ពួក​ព្យាការី វា​ផ្ដល់​ជា​កម្លាំង និង ចំណេះ​ដឹង​ដល់​ពួកគាត់​គ្រប់​ជំនាន់ក្នុង​ប្រវត្តិសាស្ត្រ ។ វា​សំខាន់​ចំពោះ​យើង ដើម្បី​ដឹង​ថា យើង​ត្រូវ​បានផ្តល់សិទ្ធិ​ ទទួលកម្លាំង និង ​ចំណេះ​ដឹង​នេះ​ផងដែរ ។ វា​មានស​ម្រាប់​យើង​ម្នាក់ៗ​បច្ចុប្បន្ន​នេះ នៅពេល​យើង​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ។

ជា​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​បាន​ស្គាល់​មនុស្ស​រាប់​មិន​អស់ ដែល​ស្មោះត្រង់ និង គោរព​ប្រតិបត្តិជាពិសេស ។ ខ្ញុំ​មានពរ និង ទទួល​ការបំផុស​គំនិត​ដោយសារ​​ពួកគាត់ ។ ខ្ញុំ​សូម​ចែក​ចាយ​ជាមួយ​អ្នក​នូវ​ដំណើរ​រឿង​របស់​បុគ្គល​ដែល​មាន​ភាព​ស្មោះ​ត្រង់ និង ការ​គោរពប្រតិបត្តិ​នេះ ។

វ៉លធើរ ក្រសស៏ គឺ​ជា​សមាជិក​ស្មោះ​ត្រង់ក្នុង​សាសនាចក្រ​ ដែល​គាត់ និង ​គ្រួសារ​បាន​រស់​នៅកន្លែង​ដែល​គេ​ស្គាល់​ថា​ជា​ ប្រទេស អាល្លឺម៉ង់​ខាង​កើត បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទីពីរ ។ ដោយ​មិន​គិត​ពីការ​លំបាក ដែល​គាត់​ជួប​ ដោយ​សារ​តែ​ការខ្វះ​សេរីភាព​នៅ​ក្នុង​តំបន់​នោះ នា​គ្រា​នោះ បងប្រុស ក្រសស៏ ​ជា​បុរស​ម្នាក់ដែល​ស្រឡាញ់ ហើយ​បម្រើ​ព្រះអម្ចាស់ ។ គាត់​បំពេញ​នូវ​កិច្ចការ​នីមួយៗ​ដែល​ផ្ដល់​ដល់​គាត់​ដោយ​ស្មោះ​ត្រង់ និង ប្រកប​ដោយ​មនសិការ ។

បុរស​ម្នាក់ទៀត ឈ្មោះ យ៉ូហាន ឌែនដហ្វ័រ ជា​ជនជាតិ​ ហុងគ្រី គាត់​បាន​ផ្លាស់ប្រែ​ចិត្តជឿ​ក្នុង​សាសនាចក្រ នៅ ​ប្រទេស ​អាល្លឺម៉ង់ ហើយ​បាន​ទទួល​បុណ្យជ្រមុជទឹក​នៅ​ទីនោះ​ ក្នុង​ឆ្នាំ 1911 ក្នុង​អាយុ 17 ឆ្នាំ ។ មិន​យូរ​ប៉ុន្មាន​ក្រោយមក គាត់​បាន​ត្រឡប់​ទៅ ប្រទេស ​ហុងគ្រី ​វិញ ។ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទីពីរ ជាក់​ស្ដែង គាត់​បានក្លាយ​ជា​ពិរុទ្ធជន​នៅ​ក្នុង​ទឹក​ដី​កំណើត​គាត់ក្នុង ​ទីក្រុង ​ ឌែប្រែសែន ។ ​ប្រជាជន ​ហុងគ្រី ត្រូវ​បាន​គេ​ដក​យកសេរីភាព​​ផងដែរ ។

បងប្រុស វ៉លធើរ ក្រសស៏ ដែល​ពុំ​ស្គាល់​បងប្រុស ឌែនដហ្វ័រ បាន​ទទួល​ការ​ចាត់​ឲ្យ​ធ្វើ​ជា​គ្រូ​បង្រៀន​តាម​ផ្ទះ​របស់​គាត់ ហើយ​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ជា​ទៀង​ទាត់ ។ បងប្រុស ក្រសស៏ ​បាន​ទូរស័ព្ទ​ហៅ​ដៃ​គូ​បង្រៀន​តាម​ផ្ទះ​របស់​គាត់ ហើយ​និយាយ​ថា « យើង​បាន​ទទួល​កិច្ចការ​មួយ​ ទៅ​សួរសុខទុក្ខ​បងប្រុស យ៉ូហាន ឌែនដហ្វ័រ ។ តើ​អ្នក​អាច​ទៅ​ជាមួយ​ខ្ញុំ​បានទេសប្ដាហ៍​នេះ ដើម្បី​ជួប​គាត់ ហើយ​បង្រៀន​សារលិខិតនៃ​ដំណឹងល្អ​មួយ​ដល់​គាត់​បាន​ទេ ? បន្ទាប់មក គាត់​បាន​បន្ថែម​ថា « បង​ប្រុស ឌែនដហ្វ័រ រស់​នៅ ​ប្រទេស ​ហុងគ្រី » ។

ដៃគូ​គាត់​ភ្ញាក់​ផ្អើល បាន​សួរ​ថា « តើ​យើង​នឹង​ចាក​ចេញ​នៅ​ពេល​ណា ? »

បងប្រុស ក្រសស៏ បាន​តប​ថា « ថ្ងៃ​ស្អែក » ។

ដៃ​គូ​គាត់​សួរ​ថា « តើ​យើង​នឹង​ត្រឡប់មក​ផ្ទះ​វិញ​នៅពេល​ណា ? » ។

បងប្រុស ក្រសស៏ បាន​តប​ថា « អូ៎ ប្រហែល​ជា​មួយ​សប្ដាហ៍-- បើ​យើង​ត្រឡប់ មកវិញ » ។

ដៃគូ​បង្រៀន​តាម​ផ្ទះ​ពីរនាក់​នោះ ​បាន​ចេញ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​បងប្រុស ឌែនដហ្វ័រ ដោយ​ធ្វើ​ដំណើរ​តាម​រថភ្លើង និង ឡាន​ក្រុង ពី​តំបន់​ទិស​ឦសាន្ដ នៃ ​ប្រទេស ​អាល្លឺម៉ង់ ​ទៅ​កាន់ ឌែប្រែសែន ប្រទេស ហុងគ្រី -- វាជា​ការ​ធ្វើ​ដំណើរដ៏​វែង​ឆ្ងាយមួយ ។ បងប្រុស ឌែនដហ្វ័រ គ្មាន​គ្រូ​បង្រៀន​តាម​ផ្ទះ​ទេ ចាប់​តាំង​ពី​មុន​សង្គ្រាម ។ ឥឡូវ នៅពេល​គាត់​បាន​ឃើញ​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ទាំង​ពីរ​នាក់​នេះ គាត់​រំភើប​ចិត្ត​ដោយ​ក្តីអំណរ​កាលដែល​ពួកគេ​បាន​មក ។ គាត់​ពុំ​ចាប់​ដៃ​ពួកគេ​ជាមុន​ទេ ។ តែ​គាត់​ទៅ​កាន់​បន្ទប់​គេង​របស់​គាត់ ហើយ​យកដង្វាយមួយភាគ​ដប់​របស់​គាត់​ដែល​ដាក់​ក្នុង​ប្រអប់​​មួយ ដែល​គាត់​បាន​សន្សំ​អស់​ជា​ច្រើន​ឆ្នាំ​ជំនួស​វិញ ។ គាត់​បាន​បង្ហាញដង្វាយ​មួយភាគ​ក្នុង​ដប់​ទៅ​ដល់​គ្រូ​បង្រៀន​តាម​ផ្ទះ​របស់​គាត់ ហើយ​និយាយ​ថា « ឥឡូវ​ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​ក្នុងការបង់ដង្វាយ​មួយភាគ​ដប់​របស់​ខ្ញុំដល់ព្រះអម្ចាស់​ហើយ ។ ឥឡូវ ខ្ញុំ​មាន​អារម្មណ៍​ថា​សក្ដិសម​នឹង​ចាប់​ដៃ​របស់​អ្នក​បម្រើ​ព្រះអម្ចាស់​ហើយ ! » បងប្រុស ក្រសស៏ បាន​ប្រាប់​ខ្ញុំ​ក្រោយមក​ថា គាត់​ពុំ​អាច​ពិពណ៌នា​បាន​ទេ អំពី​អារម្មណ៍​​ដែលខ្ញុំមានចំពោះ បងប្រុស​ស្មោះត្រង់​រូប​នេះ ដែល​គាត់​ពុំ​មាន​ទំនាក់ទំនង​នឹង​សាសនាចក្រ​ជាច្រើន​ឆ្នាំ តែ​គាត់​មាន​ការគោរពប្រតិបត្តិ និង ខ្ជាប់ខ្ជួន​ដក​ដប់ភាគរយ​ពី​ចំណូលដ៏​​ស្ដួច​ស្ដើង​របស់​គាត់ ដើម្បី​បង់​ដង្វាយមួយភាគ​ដប់​គាត់​នោះ ។ គាត់​បាន​សន្សំ​វា​ទុក​​ ទាំង​ពុំ​ដឹង​ថា​ពេល​ណា ឬ ថា​តើ​គាត់​នឹង​អាច​មានឱកាស​បង់​វា​ឬ​ក៏អត់​ផងទេ ។​ ​

បងប្រុស វលធើ ក្រសស៏ បាន​ទទួល​មរណកាល​ទៅ​​កាល​ពី​ប្រាំបួន​ឆ្នាំ​មុន ក្នុងជន្មាយុ 94 ឆ្នាំ ។ គាត់​បាន​បម្រើ​ដោយ​ស្មោះ​ត្រង់ និង គោរពប្រតិបត្តិ ពេញ​មួយជីវិត​គាត់ ហើយ​គាត់​គឺជា​ការ​បំផុសគំនិត​ចំពោះ​ខ្ញុំ និង ​អ្នកទាំង​អស់​ដែល​ស្គាល់​គាត់ ។ នៅពេល​គាត់ត្រូវបាន​សុំ​ឲ្យ​បំពេញ​កិច្ចការ គាត់​ពុំ​ដែល​សង្ស័យ​ ពុំ​ដែល​រអ៊ូរទាំ ហើយ​គាត់ពុំ​ដែល​ដោះ​សារឡើយ ។

បងប្អូនប្រុសស្រី​របស់​ខ្ញុំ ការសាកល្បង​ដ៏​ធំ​នៃ​ជីវិត​នេះគឺ ​ការ​គោរពប្រតិបត្តិ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា « យើង​នឹង​សាក​ល្បង​ពួកគេ​មើល ​បើ​សិន​ជា​ពួកគេ នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ នឹង​បញ្ជា​ដល់​ពួកគេ » ។ 10

ព្រះអង្គសង្គ្រោះ​បាន​ប្រកាស​ថា ៖ « ត្បិត​អស់​អ្នក​ណា​ដែល​នឹង​បាន​ព្រះពរ​ពី​ព្រះហស្ដ​របស់​យើង នោះ​នឹង​នៅជាប់​នឹង​ក្រិត្យវិន័យ ដែល​បាន​តាំង​សម្រាប់​ព្រះពរ​នោះ និង ​លក្ខខណ្ឌ​នៃ​ក្រិត្យវិន័យ​នោះ ដូច​ដែល​បាន​បង្កើត​ឡើង​ តាំង​ពី​មុន​កំណើត​លោកិយមក​ម្ល៉េះ » ។ 11

គ្មាន​គំរូ​នៃការ​គោរពប្រតិបត្តិ​ណា​ដែល​អស្ចារ្យ​ជាង​ព្រះអង្គសង្គ្រោះ​របស់​យើង​ទេ ។ ប៉ុល​បាន​ថ្លែង​អំពី​ទ្រង់​ថា ៖

« ទោះ​បើ​ទ្រង់​ជា​ព្រះរាជ​បុត្រា​ក៏​ដោយ គង់​តែ​ទ្រង់​បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​សារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ

« រួច​កាល​ទ្រង់​បាន​គ្រប់លក្ខណ៍ហើយ នោះ​ទ្រង់​បាន​ត្រឡប់​ជា​មេបង្កើត នៃ​សេចក្ដី​សង្គ្រោះ​ដ៏​អស់កល្បជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្ដាប់​បង្គាប់​ទ្រង់ » ។ 12

ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់​ពិត​របស់ព្រះ តាមរយៈ​ការ​រស់​នៅ​ក្នុង​ជីវិត​ដ៏​ឥតខ្ចោះ ដោយ​ការ​គោរព​ដល់​បេសកកម្ម​ដ៏ពិសិដ្ឋ ដែលជា​របស់​ទ្រង់ ។ ទ្រង់​ពុំ​ដែល​ឆ្មើង​ឆ្មៃ​ឡើយ ។ ទ្រង់ពុំ​ដែល​មាន​អំនួត​ឡើយ ។ ទ្រង់​ពុំ​ដែល​គ្មាន​ភក្ដីភាព​ឡើយ ។ ទ្រង់រាបសារ​ជានិច្ច ។ ទ្រង់​ស្មោះត្រង់​ជានិច្ច ។ ទ្រង់​គោរពប្រតិបត្តិ​ជានិច្ច ។

ទោះ​បី​ជា​ទ្រង់​ត្រូវ​បានត្រូវល្បួង ដោយ​មេបោក​បញ្ឆោត ជា​អារក្ស​ក្ដី ទោះ​បី​ជា​ទ្រង់​ទន់​ខ្សោយ​ខាង​រាងកាយ​មកពី​ការ​តមអាហារ 40 ថ្ងៃ​ 40 យប់ ហើយ​ស្រេក​ឃ្លាន​ក្ដី ក៏​ទ្រង់​បាន​ផ្ដល់​ជា​គំរូ​នៃ​ការ​គោរពប្រតិបត្តិ​ដ៏​ទេវភាព​ដល់​យើង ដោយ​បដិសេធ​មិន​ព្រម​ងាក​រេ​ចេញ​ពី​អ្វី​ដែលទ្រង់​ដឹង​ថា ត្រឹមត្រូវ​ឡើយ ។ 13

នៅពេល​ប្រឈម​មុខ​នឹង​ការ​ឈឺ​ចាប់​ក្នុង ​សួនច្បា ​គេតសេម៉ានី ជា​កន្លែង​ដែល​ទ្រង់​ស៊ូទ្រាំ​នូវ​ការ​ឈឺ​ចាប់ ដែល​ញើស​ទ្រង់​ក៏​ត្រឡប់​ដូចជា​ដំណក់​ឈាម​ដ៏​ធំៗ​ស្រក់​ទៅលើ​ដី ។ 14ទ្រង់​គឺ​ជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​បុត្រ​​គោរព​ប្រតិបត្តិ ដោយ​មាន​បន្ទូល​ថា « ឱ​ព្រះ​វរបិតា​អើយ បើសិនជា​ទ្រង់​សព្វព្រះហឬទ័យ នោះសូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ទៅ ប៉ុន្តែ ​កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូ​ម​តាម​តែ​ព្រះហឬទ័យ​ទ្រង់​វិញ » ។ 15

ដូច​គ្នា​ដែល​ព្រះអង្គសង្គ្រោះ​បង្រៀន​ដល់​ពួកសាវក​ជំនាន់​មុន​របស់​ទ្រង់ ទ្រង់​ក៏​បង្រៀន​ដល់​អ្នក​ និង ខ្ញុំ​ថា ៖ « សូម​មក​តាម​ខ្ញុំ​ចុះ » ។ 16 តើ​យើង​យល់​ព្រម​គោរព​តាម​ឬ​ទេ ?

ចំណេះ​ដឹង​ដែល​យើង​ស្វែងរក ចម្លើយ​ដែល​យើង​ចង់​បាន និង​ កម្លាំង​ដែល​យើង​ប្រាថ្នា​នាពេល​សព្វថ្ងៃនេះ ដើម្បី​ទប់ទល់​នឹង​ឧបសគ្គ​នៃ​ពិភពលោក​ស្មុគស្មាញ និង ផ្លាស់ប្ដូរ​នេះ អាច​ជា​របស់ផង​​យើង នៅពេល​ដែល​យើង​ស្ម័គ្រ​គោរពតាម​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ ។​ ខ្ញុំ​សូម​ដក​ស្រង់​បន្ទូល​របស់​ព្រះអម្ចាស់​មក​ម្ដង​ទៀត​ថា ៖ « អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ [ ព្រះ​ ] នោះ​បាន​ទទួល​សេចក្ដី​ពិត និង ពន្លឺ រហូត​ដល់​អ្នក​នោះ​បាន​ដំកើង​ឡើង នៅ​ក្នុង​សេចក្ដីពិត ហើយ​ស្គាល់​ការណ៍​គ្រប់​យ៉ាង » ។ 17

នេះ​ជា​ការ​អធិស្ឋាន​ដ៏រាបសារ​របស់​ខ្ញុំ សុំ​ឲ្យ​យើង​បាន​ពរ​ ដោយ​រង្វាន់​ដ៏​បរិបូរ ដែល​បាន​សន្យាទុក​​ចំពោះ​អ្នក​គោរពប្រតិបត្តិ ។ នៅ​ក្នុ​ងព្រះនាម​នៃ​ ព្រះយេស៊ូវ​គ្រីស្ទ ព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះរបស់​យើង អាម៉ែន ។