រំលង​ការ​រុករក​ចម្បង
ដោយបងប្រុស មាស សាម៉េត

ដំណើររឿងនៃជីវិតរបស់ខ្ញុំ

ក្រុមគ្រួសារ មាស សាម៉េត

ខ្ញុំ​បាន​កើត​ក្នុង​គ្រួសារ​កសិករ​ ​នៅក្នុង​ភូមិ​ព្រែក ឃុំ​ស្ពឺ ក ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ប្រទេស​កម្ពុជា ។ ខ្ញុំ​មាន​បងប្អូន​ស្រី​ប្រាំ​មួយ​នាក់ ​គ្មាន​បង​ប្អូន​​ប្រុស​ទេ ។ ខ្ញុំ​គឺ​កូន​ទីបួន​នៅក្នុង​គ្រួសារ ។ ឪពុកម្ដាយ​របស់​ខ្ញុំ​បាន​ខំ​ធ្វើការ​ខ្លាំងណាស់ ហើយ​ពួកគាត់​គួរ​ឲ្យ​ស្រឡាញ់ ។ ពួកគាត់​បាន​ចិញ្ចឹម​កូន​ ៧ នាក់ ហើយ​ផ្គត់ផ្គង់​ពួកយើង​ទាំងអស់​គ្នា​ឲ្យ​ទៅ​សាលារៀន ( ពួកយើង​ទាំងអស់​គ្នា​អាច​អាន និង​សរសេរ​អក្សរ​បាន ) ។ ខ្ញុំ​ស្រឡាញ់​ឪពុកម្ដា​យ​របស់​ខ្ញុំ ។

ខ្ញុំ​បាន​ធំ​ឡើង​នៅស្រុកស្រែ ។ គ្រួសារ​ខ្ញុំ​ធ្វើ​ស្រែ​យក​ស្រូវ ចិញ្ចឹម​មាន់ និង​ត្រី​សម្រាប់​ទទួល​ទាន ។ សាលា​អនុវិទ្យាល័យ​របស់​ខ្ញុំ​នៅឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ​ប្រហែល ៧ គីឡូម៉ែត្រ ។ ខ្ញុំ​បាន​ដើរ​ទៅ​រៀន​រាល់​ថ្ងៃអស់រយៈពេល​បី​ឆ្នាំ ។ វិទ្យាល័យ​របស់​ខ្ញុំ​នៅ​រឹត​តែ​ឆ្ងាយ​ពី​ផ្ទះ ដូច្នេះ​ខ្ញុំ​ត្រូវ​ស្នាក់នៅ​សាលា ហើយ​មក​ផ្ទះ​តែ​ចុង​សប្ដាហ៍​ប៉ុណ្ណោះ ។  ខ្ញុំ​បាន​រៀន​ចប់​វិទ្យាល័យ​នៅ​​ឆ្នាំ ១៩៩៨ បន្ទាប់មក​ខ្ញុំ​បាន​ផ្លាស់​មក​នៅទីក្រុង​ភ្នំពេញ ដើម្បី​ធ្វើការ​ជា​អ្នករត់តុ​នៅក្នុង​ភោជនីយដ្ឋាន​មួយ ជា​​សន្ដិសុខ​ និង​ជាជាង​តបំពង់ទឹក ។ ខ្ញុំ​បាន​ស្នាក់នៅ​ជាមួយ​នឹង​បងស្រី​​នៅ​ទីក្រុង​ភ្នំពេញ ។ ខ្ញុំ​បាន​សន្សំ​ប្រាក់កាក់​ខ្លះៗ បន្ទាប់មក​​ខ្ញុំ​បាន​ចូលរៀន​សាលា​វិជ្ជាជីវៈ​មួយ ដើម្បី​ធ្វើ​ជា​ជាងម៉ាស៊ីន​ដេរ ។ បន្ទាប់មក ខ្ញុំ​ក៏បាន​ធ្វើការ​នៅក្នុង​រោងចក្រ​កាត់ដេរ​មួយ ជា​ជាង​ម៉ាស៊ីន​ដេរ ។ 

ខណៈពេល​កំពុង​រៀន​នៅសាលា​បច្ចេកទេស​នោះ មិត្តខ្ញុំ​ម្នាក់​ដែល​បាន​រស់នៅ​ក្បែរ​ផ្ទះ​ខ្ញុំ ​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ជួប​នឹង​អ្នកផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​មិន​បាន​ទទួល​យក​ការអញ្ជើញ​របស់​គាត់​ដើម្បី​ចូលរួម​ការពិភាក្សា​ជាមួយ​នឹង​គាត់​ពី​ដំបូងនោះ​ទេ ប៉ុន្ដែ​ខ្ញុំតែង​ស្ដាប់​អ្នកផ្សព្វផ្សាយ​សាសនា​ នៅពេល​ពួកគេ​មក​បង្រៀន​មិត្ត​ខ្ញុំ​នៅ​ផ្ទះជិត​នោះ ។ ការពិភាក្សា​ទាំងអស់​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ដល់​មិត្ត​ខ្ញុំនោះ មាន​ន័យ​ចំពោះ​ខ្ញុំណាស់ ក្រោយមក​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើម្បី​ចូលរួមនឹង​គាត់ ។  ពួកអ្នក​​ផ្សព្វផ្សាយ​សាសនា​​បាន​ឲ្យ​ព្រះគម្ពីរមរមន​មួយ​ក្បាល​មក​ខ្ញុំ ។ ខ្ញុំ​បាន​អាន​ បន្ទាប់មក​ខ្ញុំ​ដឹង​ថា ព្រះគម្ពីរមរមន​គឺជាការ​ពិត យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​នៃ​ព្រះ​ ហើយ​សាសនាចក្រ​នេះ​គឺជា​សាសនាចក្រ​ពិត ។

នៅថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ ២០០១ ខ្ញុំ​បាន​ទទួល​បុណ្យជ្រមុជទឹក​ជាមួយ​នឹង​មិត្ត​​ខ្ញុំ ហើយ​ត្រូវ​បាន​បញ្ជាក់​ជា​សមាជិក​សាសនាចក្រនៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ ​នៅ​ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០០១ ។ នៅពេល​ខ្ញុំ​ចូលរួម​ក្នុង​សាសនចក្រ ឪពុក​ម្ដាយ​ និង​បងប្អូនស្រីៗ​​ខ្ញុំ​មិន​ចូល​ចិត្ត​ខ្ញុំ​ទេ ។ ខ្ញុំ​ត្រូវបាន​​សុំឲ្យ​ចេញ​ពី​ផ្ទះគាត់ ដោយសារ​តែ​ខ្ញុំ​បាន​ចូលរួម​ក្នុង​សាសនាចក្រ ។ ផ្ទុយទៅវិញ ខ្ញុំ​មិន​បាន​ចាកចេញ​ទេ ប៉ុន្ដែ​​​ខ្ញុំ​បាន​អញ្ជើញ​ឲ្យ​ពួក​អ្នក​​ផ្សព្វផ្សាយ​សាសនា​មក​បង្រៀន​ដល់​បងស្រី​​ខ្ញុំ និង​ស្វាមី​​គាត់​ ដោយសារ​ខ្ញុំ​ដឹង​ថា មានតែ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ ទើប​អាច​ធ្វើ​ឲ្យ​គ្រួសារ​បងស្រី​ខ្ញុំ​ក្លាយជា​គ្រួសារ​​រីករាយ ហើយមាន​​សុភមង្គលបាន ។ ពួកគាត់​មិន​​សប្បាយ​ចិត្ត​ទេ នៅពេល​ពួក​អ្នក​​ផ្សព្វផ្សាយ​សាសនាបាន​មក​ផ្ទះ​របស់​ពួកគាត់ ប៉ុន្ដែ​ខ្ញុំ​នៅ​តែ​បន្ដ​សុំ​ឲ្យ​​អ្នក​​ផ្សព្វផ្សាយ​សាសនា​​​មក​បង្រៀន​ពួកគាត់ ។

ពីរ​ឆ្នាំ​ក្រោយមក ពួកគាត់បាន​ទទួល​បុណ្យជ្រមុជទឹក ហើយ​បាន​ចូលរួម​ក្នុង​សាសនាចក្រ​ជា​គ្រួសារ ។ ឥឡូវ​នេះ បងប្អូនស្រី​របស់ខ្ញុំ​បីនាក់​គឺជា​សមាជិក​ក្នុង​សាសនាចក្រ ។ ​នៅ​ខែ វិច្ឆិកា ឆ្នាំ ២០១២ ខ្ញុំ​បានធ្វើ​ពិធីបរិសុទ្ធ​នៅឯ​ព្រះវិហារ​បរិសុទ្ធ​ម៉ានីល ប្រទេស​ហ្វីលីពីនជូន​ចំពោះ​​ឪពុក​​ខ្ញុំ​ដែល​បាន​ចែកឋាន​ទៅ បន្ទាប់មក​ម្ដាយ​របស់​ខ្ញុំ​បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៅក្នុង​ឆ្នាំ ២០១៣ ។ ខ្ញុំ​បាន​ជ្រមុជទឹក​ឲ្យ​ម្ដាយ​​ខ្ញុំ ។ ម្ដាយ​ខ្ញុំ​ចូលរួម​នឹង​សាសនាចក្រ ពីព្រោះ​គាត់​ចង់​​ផ្សារភ្ជាប់​នឹង​ឪពុក​​ខ្ញុំ ។

ខ្ញុំ​បាន​បម្រើ​បេសកកម្ម​ពេញម៉ោង​នៅ​ឆ្នាំ ២០០៣–២០០៥ នៅឯ​បេសកកម្ម​ភើត ប្រទេស​អូស្ដ្រាលី ។ ខ្ញុំ​បាន​រៀបការ​នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០០៨ ហើយ​បាន​ផ្សារភ្ជាប់ និង​ភរិយា​ដ៏​ស្រស់ស្អាត​របស់ខ្ញុំ​ ឈ្នោះ វណ្ណ ធីតា​ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ខែ វិច្ឆិកា ឆ្នាំ ២០១២ ។ យើង​មាន​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ពីរ​នាក់ ។ មាស ធីតា​មរកត មាន​អាយុ​ប្រាំបី​ឆ្នាំ ហើយ​មាស​ ធីតា​ចរណៃ មាន​អាយុ​ដប់​ខែ ។

ខ្ញុំ​បាន​បម្រើ​​តាម​ការហៅបម្រើ​ជាច្រើន​នៅក្នុង​សាសនាចក្រ​នេះ ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ​ទាំងស្រុង​ ។ ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម និង​សុភមង្គល ដោយសារ​តែ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

មាស សាម៉េត