រំលង​ការ​រុករក​ចម្បង

រូបរាងគំរូព្រះវិហារបរិសុទ្ធបាងកកប្រទេសថៃបានបង្ហាញឡើងហើយ

ព្រះវិហារបរិសុទ្ធទីមួយនៅក្នុងប្រទេសថៃសម្រាប់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

Rendering of LDS Bangkok Thailand Temple

ទីក្រុងបាងកក— រូបរាងគំរូលម្អិត​នៃ​ព្រះវិហារបរិសុទ្ធ​បាងកក​ប្រទេស​ថៃ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ចេញ​ផ្សាយ​ហើយ​នៅ​ថ្ងៃនេះ ។ ព្រះ​វិហារបរិសុទ្ធ​​មាន​រូបរាងគំរូ​ដ៏​វិចិត្រ​មាន​ទំហំ ៤១២៥.៣៥៧ ម៉ែត្រការ៉េ មាន​កម្ពស់​ប្រាំ​មួយ​ជាន់ ដែល​មាន​កំពូលជា​ច្រើន​ឆ្ពោះ​ទៅ​រក​ស្ថានសួគ៌ ។ ព្រះវិហារបរិសុទ្ធនឹង​ត្រូវ​សាងសង់ឡើង​ដោយ​សម្ភារៈ​ និង​ក្បូរក្បាច់​រចនា​ដ៏​ប្រណិតបំផុត​ដែល​មាន ហើយ​នឹង​មាន​សោភ័ណភាពដ៏​ទាក់ទាញ​ដល់​សហគមន៍​ថា​ជា​ដំណាក់នៃ​ការ​ថ្វាយបង្គំ​ខាង​សាសនា ។

ប្រធាន រ័សុល អិម ណិលសុន ជា​ថ្នាក់ដឹកនាំ​ទូទាំង​ពិភពលោក​របស់​សាសនាចក្រ បានមានប្រសាសន៍​ថា « ព្រះវិហារបរិសុទ្ធ​បាងកក​នឹង​ជា​ពរជ័យ​មួយ​ចំពោះ​មនុស្ស​ទាំងអស់​នៅ​តំបន់នេះ ។ ព្រះវិហារបរិសុទ្ធ​នឹង​ជា​និមិត្តរូប​នៃ​សេចក្ដីជំនឿ​របស់​សមាជិក​រាប់រយពាន់នាក់​ក្នុង​សាសនាចក្រ​នៅ​ក្នុង​ភូមិភាគ និងជា​ការ​តាំង​ចិត្ត​របស់​ពួកគេ​ដើម្បី​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះវិហារបរិសុទ្ធ​​នឹង​ឈរ​ជា​ការ​រំឭក​មួយ​ថា ព្រះស្រឡាញ់ ហើយ​មើល​ថែ​បុត្រាបុត្រីរបស់​ទ្រង់​ទាំងអស់ ។ អ្វីគ្រប់យ៉ាង​ដែល​យើង​ធ្វើ​នៅក្នុង​សាសនាចក្រ​ដឹកនាំឆ្ពោះ​​ទៅ​រក​ព្រះអម្ចាស់ និង​ដំណាក់ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ។

មាន​ដី​ទំហំ ៨៤៨៨.៥៤៧ ម៉ែត្រការ៉េ​ទៀតសម្រាប់​សំណង់ខាងសាសនា ដែល​នឹង​មាន​ដូចជា ​សាលាប្រជុំ​សាសនា​ចំនួន​ពីរ មជ្ឈមណ្ឌល​សេវាកម្មចំនួនមួយ អគារ​ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ការិយាល័យបេសកកម្ម និង​ផ្ទះសំណាក់​សម្រាប់​អ្នក​ចូល​ព្រះវិហារបរិសុទ្ធ ។ កន្លែង​ចំណត​នៅ​ខាង​ក្រោម​ដីដ៏​ធំ គឺ​ត្រូវ​បាន​រៀបចំ​នៅ​ទីតាំង​ដែលមានទីតាំង​នៅលើ​ផ្លូវ ភិចាប៊ូរី នៅ​កណ្ដាល​តំបន់​ពាណិជ្ជកម្ម និង​លំនៅ​ដ្ឋាន​ក្នុង​ទីក្រុង​បាងកក ។

ព្រះវិហារបរិសុទ្ធ​បាងកក​ប្រទេស​ថៃ នឹង​ក្លាយជា​ព្រះវិហារបរិសុទ្ធ​ទីមួយ​នៅក្នុង​ជាតិសាសន៍​អាស៊ី​នេះ ហើយ​នឹង​បម្រើ​ដល់​សមាជិក​នៃ​សាសនាចក្រ​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់អាស៊ីអាគ្នេយ៍ ។ ពី​មុន​ព្រះវិហារបរិសុទ្ធ​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​មេសា​ ឆ្នាំ ២០១៥ ព្រះវិហារបរិសុទ្ធ​របស់​សាសនាចក្រ​ដែល​នៅ​ជិត​បំផុត គឺ​ស្ថិត​នៅទីក្រុង​ហុងកុង ដែល​មាន​ចម្ងាយ​ជាង ១០០០ ម៉ែល (១៦០៩.៣៤៤ គ.ម) ។ 

​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចាត់ទុក​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​ « ដំណាក់​របស់​ព្រះអម្ចាស់ » ជា​ទីកន្លែង​ដ៏​ពិសិដ្ឋ​បំផុត​នៅលើ​ផែនដី ។ ព្រះវិហារបរិសុទ្ធ​មាន​បើក​នៅ​ពេញ​មួយ​សប្ដាហ៍ ហើយ​បិទ​នៅ​ថ្ងៃ​អាទិត្យខុស​ពី​សាលាប្រជុំ​នានា ដែល​មាន​ការ​ថ្វាយបង្គំ​នៅ​ថ្ងៃ​ឈប់សម្រាក ហើយ​មាន​សកម្មភាព​នានា​នៅ​ប្រចាំសប្ដាហ៍ ។

មាន​ព្រះវិហារ​បរិសុទ្ធ​ដំណើរ​ការ​ចំនួន ១៥៩ នៅ​ទូទាំង​ពិភពលោក​បច្ចុប្បន្ន​នេះ ហើយ​មាន​ព្រះវិហារបរិសុទ្ធ​ចំនួន ២៣ ​បាន​ប្រកាស ឬ​កំពុង​សាងសង់ ។ ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​បាងកក​ប្រទេសថៃ​ត្រូវ​បាន​រំពឹងទុក​ថា​នឹង​ចំណាយ​រយៈពេល​បី និង​បួន​ឆ្នាំ ។