រំលង​ការ​រុករក​ចម្បង

សារលិខិតគណៈប្រធានតំបន់អាស៊ី

អែលឌើរ រ៉ានឌី ឌី ហ្វាំង នៃពួកចិតសិបនាក់

នៅ​ថ្ងៃ​សុក្រ ខ្ញុំ​បាន​ជួប​នឹង​អ្នក​ផ្សព្វផ្សាយសាសនា​វ័យ​ក្មេង​ដ៏​ឆ្នើម​រូប​នោះ ។  គាត់​បាន​កើត​ក្នុង​សេចក្ដីសញ្ញា ហើយ​បាន​ធំ​ឡើង​ក្នុង​សាសនាចក្រ ជាមួយ​នឹង​ឪពុកម្ដាយ​ដ៏​ល្អ​ទាំង​ពីរ​រូប​នោះ ។  នា​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ប្រធាន​បេសកកម្ម​បាន​ជូន​ដំណឹង​ខ្ញុំ​ថា ឪពុក​រូប​នោះ​បាន​ទទួល​មរណភាព រីឯ​ម្ដាយ​រង​របួស​ជា​ទម្ងន់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នា​យប់​ថ្ងៃ​សុក្រ ។ 

ដោយ​មាន​ការអនុញ្ញាត​ពី​គណៈប្រធាន​តំបន់ ប្រធាន​បេសកកម្ម​បាន​រៀបចំ​ឲ្យ​អែលឌើរ​វ័យ​ក្មេង​រូប​នេះ និង​ដៃគូ​របស់​គាត់ ទៅ​ចូលរួម​ពិធីបុណ្យសព​របស់​ឪពុក​របស់​គាត់​នៅ​ថ្ងៃ​នោះ ។  នៅ​ពេល​កំពុង​រៀបចំ​ការធ្វើ​ដំណើរ និង ខណៈ​ពេល​គាត់​កំពុង​ប្រឈមមុខ​ទៅ​នឹង​ព័ត៌មាន​ខ្លោចផ្សារ​បែប​នេះ អែលឌើរ​វ័យ​ក្មេង​រូប​នេះ​បាន​ពោល​ថា « ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា តើ​ខ្ញុំ​អាច​ត្រឡប់​មក​វិញ​បាន​ឬ​ទេ ? »  សំណួរ និង ទង្វើ​ស្ដែង​ចេញ​របស់​គាត់ បាន​ឆ្លុះ​បង្ហាញ​ពី​បំណងប្រាថ្នា និង ការប្ដេជ្ញាចិត្ត ដើម្បី​ឆ្ពោះ​ទៅ​មុខ​ក្នុង​សេចក្ដីជំនឿ ហើយ​បន្ត​ការបម្រើ​របស់​គាត់ ។  ចំពោះ​គាត់ ដោយ​មាន​សេចក្ដីជំនឿ​លើ​ការរស់ឡើងវិញ និង ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ នោះ​សេចក្ដីស្លាប់​របស់​ឪពុក​គាត់​ពុំ​មែន​ជា​ទីបញ្ចប់​នោះ​ទេ ទោះជា​ហេតុការណ៍​នោះ​គឺ​ជា​រឿង​ដ៏​ពិបាក​ដើម្បី​ឲ្យ​យុវវ័យ​ទទួល​រង​ក្ដី ។  គាត់​បាន​ដឹង​ថា ឪពុក​របស់​គាត់​មិន​អី​នោះ​ទេ ហើយ​ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ម្ដាយ​របស់​គាត់​ក្ដី ក៏​ក្រុមគ្រួសារ​របស់​គាត់​អាច​រស់នៅ​ជាមួយ​គ្នា​ម្ដង​ទៀត​ដែរ ។  បន្ទាប់​ពី​ពិធីបុណ្យសព​បាន​បញ្ចប់​ទៅ គាត់​មិន​បង្អង់​ក្នុង​ការត្រឡប់​ទៅ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​វិញ​ឡើយ ហើយ​គាត់​បាន​បម្រើ​ដោយ​សេចក្ដីជំនឿ និង សេចក្ដីសង្ឃឹម ដែល​មាន​នៅ​ក្នុង​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ជា​សារលិខិត​ដែល​គាត់​បង្រៀន​ជា​រៀង​រាល់​ថ្ងៃ ។

ប្រហែល​យើង​ម្នាក់ៗ​សួរ​ថា តើ​ខ្ញុំ​ពិត​ជា​ជឿ​លើ​ការរស់ឡើងវិញ​ដែរ​ឬ​ទេ ?  នៅ​ពេល​ត្រូវ​ប្រឈម​មុខ​ទៅ​នឹង​ការស្លាប់​របស់​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្ញុំ តើ​ខ្ញុំ​នឹង​អស់​សង្ឃឹម ឬ ពេញ​ដោយ​សង្ឃឹម ?  តើ​ខ្ញុំ​នឹង​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដីជំនឿ​ដ៏​ខ្ជាប់ខ្ជួន​ក្នុង​ព្រះគ្រីស្ទ​ឬ​ទេ ?  តើ​ខ្ញុំ​នឹង​មាន​អារម្មណ៍​ដូច​យ៉ាកុប​ដែល​បាន​ប្រកាស​ថា « ឱ​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ​របស់​យើង​ធំ​ណាស់​ហ្ន៎ ព្រះ​ទ្រង់​បាន​រៀបចំ​ផ្លូវ​សម្រាប់​ឲ្យ​យើង​រំដោះ​ខ្លួន​ចេញ​ពី​ក្រញាំ​នៃ​វិរូប​ដ៏​គួរ​ស្ញែង​ខ្លា​ច​នេះ មែន​ហើយ វិរូប​នោះ គឺជា​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក ដែល​ខ្ញុំ​ហៅ​ថា សេចក្ដី​ស្លាប់​នៃ​រូប​កាយ ហើយ​សេចក្ដី​ស្លាប់​នៃ​វិញ្ញាណ​ផង »១ ដែរ​ឬ​ទេ ?

ក្នុង​ចំណោម​បន្ទូល​ដ៏​ពេញ​ដោយ​អំណរ និង មាន​សារៈសំខាន់​នៅ​ក្នង​ព្រះគម្ពីរ ដែល​ត្រូវបាន​ថ្លែង​ដោយ​ទេវតា​នៅ​ឯ​ផ្នូរ​ដែល​គ្មាន​ព្រះសព​បាន​ចែង​ថា ៖ « ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ » ។២ ន័យ​ដែល​បង្កប់​នៅ​ក្នុង​ឃ្លា​ដ៏​សាមញ្ញ​នោះ គឺ​ជា​សេចក្ដីអះអាង​នៃ​គោលលទ្ធិ​ដែល​លួងលោមចិត្ត​ចំនួន​ពីរ ដែល​ជា​ចំណុច​កណ្ដាល​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ៖ ទី​មួយ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ហើយ​កំពុង​មាន​ព្រះជន្ម​រស់ និង ទី​ពីរ ដោយសារ​ទ្រង់​មាន​ព្រះជន្ម​រស់ នោះ​យើង​ទាំងអស់​គ្នា​ក៏​នឹង​រស់ឡើងវិញ ហើយ​មាន​ជីវិត​រស់នៅ​ម្ដង​ទៀត​ដែរ ។

អំឡុង​ការងារ​បម្រើ​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​ថា ទ្រង់​នឹង​ត្រូវ​គេ​ធ្វើ​គត់ ហើយ​នឹង​មាន​ព្រះជន្ម​រស់ឡើងវិញ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​បី ។ ៣ ទោះជា​ពួកគេ​បាន​ឮ​ទ្រង់​បង្រៀន​ដូចនេះ​ក្ដី ក៏​វា​មាន​ការលំបាក​សម្រាប់​ពួក​សិស្ស​ខ្លះ​ដើម្បី​នឹង​យល់​អំពី​ភាពពិត​នៃ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវ​ដែរ ។  ពួកគេ​បាន​ឃើញ​ព្រះយេស៊ូវ​ប្រោស​មនុស្ស​ឈឺ​ឲ្យ​បាន​ជា និង មនុស្ស​ស្លាប់​ឲ្យ​រស់ឡើងវិញ ប៉ុន្តែ​ទ្រង់​ហាក់ដូចជា​បញ្ចប់​ព្រះជន្ម​ទ្រង់​ទៅ​ដោយ​ខ្លោចផ្សារ​ទៅ​វិញ ។  ទ្រង់​ត្រូវ​គេ​ឆ្កាង ។  ទ្រង់​បាន​សុគត ។ 

ទោះជា​បាន​ឮ​ទីបន្ទាល់​របស់​សាវក​ឯ​ទៀត​ថា ពួកគេ​បាន​ឃើញ​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​ក្ដី ក៏​ថូម៉ាស​ពុំ​បាន​ជឿ​ឡើយ​ដរាប​ដល់​គាត់​បាន​ឃើញ​ព្រះអង្គសង្គ្រោះ ហើយ​បាន​ពាល់​ស្នាម​នៅ​លើ​ព្រះហស្ត និង ចំហៀង​ទ្រង់ ។  នៅ​ពេល​ទ្រង់​ទត​ឃើញ​ថា ថូម៉ាស បាន​ជឿ​ដោយសារតែ​គាត់​បាន​ឃើញ នោះ​ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា « មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ » ។៤

នៅ​ពេល​ខ្ញុំ​បាន​ចូលរួម​ពិធីបុណ្យ​សព ខ្ញុំ​បាន​ឃើញ​ទឹក​មុខ​ដ៏​ក្រៀមក្រំ និង សោកសៅ​នៃ​មនុស្ស​ជា​ទីស្រឡាញ់ ដែល​ពួកគេ​មាន​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មរណភាព​នៃ​បុគ្គល​ដែល​ពួកគេ​ស្រឡាញ់​បំផុត ។  ទោះជា​យ៉ាង​ណា​ក្ដី នៅ​គ្រា​នោះ​ផងដែរ ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​ឃើញ​សេចក្ដីសង្ឃឹម នៃ​អស់​អ្នក​ដែល​បាន​យល់ ហើយ​ជឿ​លើ​ផែនការ​នៃ​សុភមង្គល ។ មាន​ភាពសុខសាន្ត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ទុកចិត្ត​លើ​ភាពពិត​នៃ​ការរស់ឡើងវិញ ជា​អ្នក​ដែល​ជឿ​ថា ព្រះគ្រីស្ទ​បាន​យក​ឈ្នះ​លើ​សេចក្ដីស្លាប់ ។  ពួកគេ​ដឹង​ថា ការបែក​គ្នា​ពី​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ ដែល​ហាក់ដូចជា​ពិបាក​បំផុត​នោះ គឺ​គ្រាន់តែ​រឿង​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ។

សេចក្ដីជំនឿ​លើ​ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ និង​លើ​សេចក្ដីស្រឡាញ់​ដ៏​និរន្តរ៍ និង បន្ទូល​សន្យា​ដ៏​ពិតប្រាកដ​របស់​ទ្រង់​ទាំង​ពីរ​អង្គ ផ្ដល់​ឲ្យ​ពួកយើង​នូវ​ភាពរឹងមាំ​ដើម្បី​ឆ្ពោះ​ទៅ​មុខ​អំឡុង​គ្រា​នៃ​ទុក្ខវេទនា ។  អំឡុង​ខែ​នេះ នៅ​ពេល​យើង​ប្រារព្ធ​អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ និង ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង​គឺ ព្រះយេស៊ូវគ្រីស្ទ នោះ​សូម​ឲ្យ​យើង​មាន​សេចក្ដីជំនឿ​ទៅ​លើ​ទង្វើ​នៃ​សេចក្ដីស្រឡាញ់​ដ៏​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​នោះ ។  សូម​ឲ្យ​យើង​រក​ឃើញ​ការលួងលោមចិត្ត ព្រោះ​ទ្រង់​បាន​លះបង់​ព្រះជន្ម​ទ្រង់ ហើយ​បាន​ទទួល​វា​មក​វិញ ។  សូម​ឲ្យ​យើង​ទុកចិត្ត​លើ​ការរស់ឡើងវិញ​ដែល​បាន​ប្រទាន​ដល់​មនុស្ស​ទាំងអស់ នៅ​ក្នុង​ព្រះចេស្ដា​នៃ​ការប្រោស​ឲ្យ​ជា និង​នៃ​ការសម្អាត​មក​ពី​ដង្វាយធួន ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ប្រែចិត្ត ។

ខ្ញុំ​សូម​បន្ថែម​សាក្សី​ទៅ​លើ​សាក្សី​របស់​ព្យាការី យ៉ូសែប ស៊្មីធ ថា « ហើយ​ឥឡូវ​នេះ បន្ទាប់​ពី​ទី​បន្ទាល់​ជា​ច្រើន​ដែល​បាន​ថ្លែង​អំពី​ទ្រង់ នេះ​គឺជា​ទី​បន្ទាល់​ចុង​ក្រោយ​បង្អស់ ដែល​យើង​ខ្ញុំ​សូម​ថ្លែង​អំពី​ទ្រង់ ៖ គឺថា​ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ !៥ ខ្ញុំ​សូម​ចូលរួម​សម្ដែង​ការដឹងគុណ​ជាមួយ​នឹង​ពួក​សាវក​ដែល​កំពុង​រស់នៅ ដែល​បាន​ថ្លែង​ប្រកាស​ថា « សូម​អរព្រះគុណ​ដល់​ព្រះ​ចំពោះ​អំណោយទាន​ដ៏​ប្រៀបផ្ទឹម​ពុំ​បាន នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​ដ៏​ឧត្តម » ។៦

ចំណងជើង ៖ អែលឌើរ រ៉ានឌី ឌី ហ្វាំង

កំណត់​ចំណាំ

១ នីហ្វៃទី២ ៩:៣០

២  ម៉ាថាយ ២៨:៦

៣ សូម​មើល ម៉ាថាយ ១៦:២១, យ៉ូហាន ១០:១៧

៤  សូម​មើល យ៉ូហាន ២០:១៩-២៩

៥ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២២

៦ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ »