រំលង​ការ​រុករក​ចម្បង

ក្រុមគ្រួសារដ៏រីករាយ និងអស់កល្ប

‹ សារលិខិត​គណៈប្រធាន​តំបន់​អាស៊ី ›

ក្រុមគ្រួសារ​ដ៏​រីករាយ និង​អស់កល្ប

អែលឌើរ រ៉ានឌី ឌី ហ្វាំង នៃ​ពួកចិតសិបនាក់

ប្រធាន​តំបន់​អាស៊ី

បន្ទាប់​ពី​សន្និសីទ​ស្តេក​នៅ​ប្រទេស​ឥណ្ឌា​កាល​ពី​ឆ្នាំ​មុន ក្មេង​ស្រី​អាយុ​ប្រាំបី​ឆ្នាំ​ម្នាក់​បាន​ហុច​លិខិត​តូច​មួយ​មក​ខ្ញុំ ។  ជា​សំណេរ​ដ៏​ស្អាត​សរសេរ​ដោយ​ដៃ​ដែល​សរសេរ​ថា « ទស្សនវិស័យ​តំបន់​អាស៊ី ៖ ថា​ទាំង​អស់​គ្នា​អាច​ចម្រើន​ឡើង​នៅក្នុង​សេចក្ដី​ជំនឿ​លើ​ព្រះវរបិតា​របស់​យើង និង​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​របស់​ទ្រង់ ហើយ​សប្បាយ​រីករាយ​នឹង​ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច » ។ ក្មេង​ស្រី​នេះ​បាន​ទន្ទេញ​ចាំ​ទស្សនវិស័យ​តំបន់​អាស៊ី ហើយ​បាន​សរសេរ​កូន​លិខិត​នោះ​អំឡុង​ពេល​សន្និសីទ ។ 

ខ្ញុំ​ស្គាល់​ក្រុមគ្រួសារ​នាង​ច្បាស់ ។  អំឡុង​ពេល​ហោះហើរ​យ៉ាង​យូរ​ត្រឡប់​មក​ទីក្រុង​ហុងកុង​វិញ ខ្ញុំ​បាន​គិត​ថា នាង​មាន​ពរ​ម្ល៉េះ​ដែល​មាន​ឪពុក​ម្ដាយ​ដ៏​ប្រពៃ​ដូច​នោះ ដែល​កំពុង​បង្រៀន​នាង និង​កូនៗ​ផ្សេង​ទៀត​របស់​ពួកគេ​នូវ​សេចក្ដី​ពិត​ដ៏​សំខាន់​នៃ​ដំណឹងល្អ ។  សេចក្ដី​ពិត​មួយ​ក្នុង​ចំណោម​សេចក្ដី​ពិត​ទាំងនោះ​គឺ​ថា ក្រុមគ្រួសារ​របស់​យើង​អាច​ជា​គ្រួសារ​អស់កល្ប​ជានិច្ច​ផង និង​ជា​គ្រួសារ​ដ៏​រីករាយ​ផង ។  ក្រុមគ្រួសារ​អាច​ជា​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​តាមរយៈ​ការទទួល​នូវ​ពិធី​បរិសុទ្ធ​ទាំងឡាយ និង​រក្សា​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​ពួកគេ​អាច​ជា​គ្រួសារ​ដ៏​រីករាយ​តាម​រយៈ​ការរស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

ពេល​មរ៉ូណៃ​បាន​មក​ជួប​នឹង​យ៉ូសែប ស្ម៊ីធ ដែល​មាន​អាយុ ១៧ ឆ្នាំ រឿង​ដំបូង​មួយ​ដែល​លោក​បាន​បង្រៀន​ដល់​យ៉ូសែប គឺថា​ចិត្ត​នៃ​កូន​ចៅ​នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពុក​របស់​ពួក​គេ​វិញ ។ មរ៉ូណៃ​បាន​សំដៅ​ដល់​ពាក្យ​ទាំងឡាយ​ដែល​មាន​កត់ត្រា​នៅក្នុង​គម្ពីរ​ម៉ាឡាគី ហើយ​បាន​ពន្យល់​ថា អេលីយ៉ា​នឹង​ស្ដារ​ឡើង​វិញ​នូវ​អំណាច​នៃ​ការផ្សារ​ភ្ជាប់​ដល់​ផែនដី​នេះ [ យ៉ូសែប ស្ម៊ីធ -- ប្រវត្តិ ១:៣៦-៣៩ ] ។  នៅ​ថ្ងៃ​ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ អេលីយ៉ា​បាន​ប្រគល់​អំណាច​នៃ​ការផ្សារ​ភ្ជាប់​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ [ គ. និង ស. ១១០:១៣-១៦ ] ។   សព្វថ្ងៃ​នេះ​អំណាច​នៃ​ការផ្សារភ្ជាប់​នោះ​ត្រូវបាន​ប្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក​នេះ ដើម្បី​​ប្រមូល​ផ្ដុំ​ក្រុមគ្រួសារ​ជា​រៀង​ដរាប ។ 

នៅក្នុង « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » យើង​រៀន​ថា « អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា​ក្រុមគ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្ក​បង្កើត សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ » ។ ការរួបរួម​គ្នា​សម្រាប់​ភាពអស់កល្ប​ជានិច្ច​នៃ​ស្វាមី និង​ភរិយា នៃ​កូនចៅ​ទៅនឹង​ឪពុក​ម្ដាយ គឺ​ស្ថិត​នៅក្នុង​ចំណោម​ពរជ័យ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នានា​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។  វា​ជា​មូលហេតុ​ដែល​ក្រុមគ្រួសារ​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសារ​ដើម្បី​ចូលរួម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

កាលពី​ឆ្នាំ​មុន​គណៈប្រធាន​ទីមួយ​បាន​ប្រកាស​ពី​ការផ្លាស់ប្ដូរ​នៅក្នុង​ការប្រើប្រាស់​មូលនិធិ​ជំនួយ​ទូទៅ​សម្រាប់​ការធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ដែល​អាច​ធ្វើ​ឲ្យ​សមាជិក​សាសនាចក្រ​កាន់តែ​ច្រើន រួម​ទាំង​សមាជិក​នៅ​អាស៊ី​ដែល​រស់នៅ​ឆ្ងាយ​ពី​ព្រះវិហារ​បរិសុទ្ធ អាច​មាន​លទ្ធភាព​ទៅ​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​បាន​ឆាប់ និង​កាន់តែ​ញឹកញាប់​ជាង​ពេលមុន ។  ទោះ​ជា​តម្រូវ​ឲ្យ​មាន​ការលះបង់​ខ្លះៗ​ក្ដី ក៏​គណៈប្រធាន​ទីមួយ​ពុំ​ចង់​ឲ្យ​សមាជិក​ត្រូវ​រង់ចាំ​យូរ​ដូច​ពី​មុន​ទេ ។  សម្រាប់​សមាជិក​មួយ​ចំនួន ការលះបង់​ដែល​តម្រូវ​ឲ្យ​មាន​គឺ​ការរក្សា​បទបញ្ញត្តិ និង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ ។ 

បន្ថែម​លើ​ការប្រើប្រាស់​មូលនិធិ​ជំនួយ​ទូទៅ​សម្រាប់​ការធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ជួយ​ដល់​សមាជិក​ឲ្យ​ទទួល​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់​ខ្លួន នោះ​ឥឡូវ​នេះ​មូលនិធិ​នេះ​ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​អាច​ឲ្យ​សមាជិក​ទៅ​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ពេល​ដែល​សមាជិក​គ្រួសារ​ផ្ទាល់​ទទួល​ពិធី​បរិសុទ្ធ​ផងដែរ ។  ឧទាហរណ៍ ឪពុក​ម្ដាយ​ដ៏​ស្មោះត្រង់​ដែល​ចញ្ចឹម​បីបាច់​កូនៗ​ដោយ​សុចរិត ឥឡូវ​នេះ​អាច​ចូលរួម​ជាមួយ​នឹង​កូនៗ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ជា​សាក្សី​ដល់​ការផ្សារភ្ជាប់​នៃ​កូនៗ​របស់​ពួកគេ​នៅ​ពេល​កូន​ពួកគេ​រៀបអាពាហ៍អាពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។  ខណៈ​ដែល​យើង​ទន្ទឹង​រង់ចាំ​ដល់​ថ្ងៃ​ដែល​នឹង​មាន​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ជិត​ដល់​សមាជិក​កាន់តែ​ច្រើន​នៅក្នុង​អាស៊ី នោះ​យើង​មាន​អំណរគុណ​ដែល​អ្នក​ទាំងអស់​គ្នា​អាច​ទទួល​ពរជ័យ​នៃ​ក្រុមគ្រួសារ​ដ៏​អស់កល្ប​មួយ កាលដែល​ពួកគេ​រស់​នៅ​ដោយ​សក្ដិសម​ដើម្បី​កាន់​បណ្ណ​ព្រះវិហារ​បរិសុទ្ធ ។

ក្រុមគ្រួសារ​ដ៏​រីករាយ

ព្រះវរបិតាសួគ៌​មិន​ត្រឹម​តែ​មាន​ព្រះរាជបំណង​ឲ្យ​មាន​ក្រុមគ្រួសារ​ដ៏​អស់កល្ប​តែ​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​មាន​ព្រះរាជបំណង​ឲ្យ​ក្រុមគ្រួសារ​បាន​រីករាយ​ផងដែរ ។  នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ យើង​រៀន​ផងដែរ​ពី​របៀប​ដែល​គ្រួសារ​យើង​អាច​កាន់តែ​មាន​ភាព​រីករាយ ។  វា​ចែង​ថា ៖ « សុភមង្គល​នៅ​ក្នុង​ជីវិត​គ្រួសារ​អាច​កើត​មាន​ឡើង​បាន​នៅ​ពេល​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ » ។  នៅ​ពេល​យើង​រស់នៅ​ក្នុង​របៀប​មួយ​ដែល​សព្វ​ព្រះហឫទ័យ​ដល់​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ទ្រង់ នោះ​យើង​ឃើញ​ថា​ការប្រព្រឹត្តិ​របស់​យើង​ក៏​ធ្វើ​ឲ្យ​គ្រួសារ​លើ​ផែនដី​របស់​យើង​ពេញ​ចិត្ត​ផងដែរ ។ 

ការប្រកាស​អំពី​ក្រុមគ្រួសារ​ថ្លែង​ថា អាពាហ៍ពិពាហ៍ និង គ្រួសារ​ដែល​មាន​ជោគជ័យ នោះ​គឺ « ត្រូវ​ស្ថាបនា និង ថែរក្សា នៅលើ​គោលការណ៍ នៃ​សេចក្តី​ជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរព​គ្នា សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តា​ករុណា ការងារ និង​កម្មវិធី​កំសាន្ត​ល្អៗ​នានា » ។   តាម​រយៈ​សេចក្ដី​ជំនឿ និង​ការអធិស្ឋាន យើង​ខិត​កាន់តែ​ជិត​ទៅ​នឹង​ព្រះវរបិតាសួគ៌​របស់​យើង ។  ដោយ​ការគោរព សេចក្ដី​ស្រឡាញ់ និង​សេចក្តី​មេត្តា​ករុណា នោះ​យើង​កាន់តែ​ខិត​ជិត​សមាជិក​គ្រួសារ​របស់​យើង​នៅលើ​ផែនដី​នេះ។  ហើយ​តាម​រយៈ​ការងារ និង​កម្មវិធី​កំសាន្ត​ល្អៗ​នានា យើង​ជួយ និង​គាំទ្រ​ដល់​គ្នា​ទៅវិញ​ទៅ​មក ហើយ​មាន​ភាពសប្បាយ​រីករាយ​ជាមួយ​គ្នា ។ 

ស៊ីស្ទើរ ហ្វាំង និង​ខ្ញុំ​បាន​រស់នៅ​អាស៊ី​អស់​ប្រាំពីរ​ឆ្នាំ​ហើយ ដោយ​នៅ​ឆ្ងាយ​ពី​កូនៗ និង​ចៅៗ​របស់​យើង ។  យើង​បាន​កត់​សម្គាល់​ថា កូន​ចៅ​របស់​យើង​រីករាយ​ជាមួយ​នឹង​ការជួបជុំ​គ្នា​ណាស់ ហើយ​សប្បាយ​ណាស់​នៅ​ពេល​គេ​ធ្វើ​ដូច្នោះ ។  ពួកគេ​មាន​ការគោរព ក្ដីស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​ចំពោះ​គ្នា​នឹង​គ្នា ហើយ​ពួកគេ​ជួយ​គ្នា​ទៅវិញ​ទៅមក ពេល​ដែល​យើង​កំពុង​បម្រើ​នៅ​ទី​នេះ ។  យើង​មាន​អំណរគុណ​ណាស់​ចំពោះ​ក្រុមគ្រួសារ​របស់​យើង និង​ចំពោះ​ពិធី​បរិសុទ្ធ​នៃ​ការផ្សារ​ភ្ជាប់​ដែល​បង្រួប​បង្រួម​យើង ។ 

មិន​ថា​កាលៈទេសៈ​បច្ចុប្បន្ន​របស់​អ្នក​យ៉ាងណា​នោះ​ទេ ចូរ​ពុះពារ​ដើម្បី​មាន​ក្រុមគ្រួសារ​មួយ​ដែល​អស់កល្ប​ផង និង​រីករាយ​ផង ។  ខ្ញុំ​អធិស្ឋាន​ថា អ្នក​នឹង​ខិតខំ​ដើម្បី​បាន និង​ទទួល​បទពិសោធន៍​នៃ​អំណរ​ដែល​បាន​ពី​ពរជ័យ​នៅក្នុង​ជីវិត​អ្នក ។ ■

ចំណងជើង ៖  អែលឌើរ រ៉ានឌី ឌី ហ្វាំង