រំលង​ការ​រុករក​ចម្បង

ការអភ័យទោស និងការដឹងគុណ

សារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី
សារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី

នៅ​ថ្ងៃ​ទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៧  គ្រីស្ទ វិល្លាម ជា​ឪពុក​ដែល​មាន​កូន​បួន​នាក់ និង ជា​ប៊ីស្សព នៅ​ក្នុង​រដ្ឋ យូថាហ៏ បាន​នាំ​គ្រួសារ​លោក ចេញ​ទៅ​បរិភោគ​អាហារ​ពេល​ល្ងាច​នៅ​ខាង​ក្រៅ ។   ខណៈ​ដែល​កំពុង​បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញនៅ​រាត្រី​ថ្ងៃ​សុក្រ​ដ៏ សោកនាដកម្ម​នោះ​ មាន​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន ៩៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​បើកបរ​ដោយ​ក្មេង​ស្រវឹង​ស្រា​អាយុ​១៧​ឆ្នាំ ម្នាក់ ​បានបើក​មក​បុក​ឡាន​គ្រួសារ​របស់​វិល្លាម​ពេញ​ទំហឹង​ ។   ការប៉ះទង្គិច​គ្នា​នោះ​បាន​ធ្វើ​ឲ្យ​រថយន្ត​របស់​ពួកគេ​វិល​ខ្ទាតទៅ​បុក​ផ្ទុបនឹង​បង្កាន់​ដៃ​ស្ពាន​ក្រោម​ផ្លូវ​ជាតិ ។    នៅ​ពេល ប៊ីស្ស វិល្លាម បាន​ដឹង​ស្មារតី​ឡើងវិញ លោក​បាន​ឃើញ​ភរិយា របស់​លោក ​ម៊ីស្សែល ដែល​កំពុង​ពពោះ​កូន​ទី​ប្រាំ​របស់​លោក ​បានស្លាប់​ជា​មួយ​នឹង​កូនប្រុសរបស់​ពួកគេ ប៊េនយ៉ាមីន និង កូនស្រី អាណា​ ។   

អំឡុងពេល​ដែល​ប៊ីសព្ស​វិល្លាម​រង់ចាំ​រថយន្ត​សង្រ្គោះ​បន្ទាន់ និង​ពេទ្យ​មក​ដល់​ទីកើត​ហេតុ នោះ​លោក​បាន​គិត​ក្នុង​ចិត្ត​ថា « អ្នក​ណា​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​​រឿង​នេះកើត​ឡើង​ចំពោះ​ពួក​យើង នោះ​ខ្ញុំ​នឹង​អភ័យ​ទោស​ឲ្យ​ពួកគេ ។  ខ្ញុំ​នឹង​អភ័យទោស​ឲ្យ​ពួកគេ ​ទោះ​ក្នុង​កាលៈទេសៈ​បែបណា​ក៏​ដោយ ​ខ្ញុំ​មិន​ខ្វល់​ឡើយ » ។ ១

ការរៀន​អភ័យទោស​ឲ្យ​អ្នក​ដទៃ ជា​ពិសេស​ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ខុស​ចំពោះ​យើង វា​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​នៃ​ការប្រែ​ក្លាយ​ដូច​ជា​ព្រះ​អង្គ​សង្គ្រោះ ។   ប្រសិន​បើ​យើង​ចង់​ប្រែ​ក្លាយ​ដូច​ជា​ព្រះគ្រីស្ទ  នោះ​យើង​ត្រូវ​ខិតខំ​ធ្វើ តាម​ចរិត​លក្ខណៈ និងសកម្មភាព​ទាំងឡាយ​របស់​ទ្រង់ ។ ​  ព្រះគ្រីស្ទ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ទំាង​បំពាន ថ្កោលទោស​ទាំង​អយុត្តិធម៌ ​និង​វាយដំ​យ៉ាង​ព្រៃផ្សៃ ។   ប៉ុន្តែ ពេលដែល​គេ​ដំ​ដែក​គោល​ទ្រង់​ទៅ​នឹង​ឈើ​ឆ្កាង នោះ​ទ្រង់​មាន​បន្ទូល​ថា៖ « ឱព្រះវបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ » ( លូកា ២៣: ៣៤ ) ។   យើង​ទាំងអស់​គ្នា​ក៏​ទទួល​បាន​គុណ​ប្រយោជន៏ ពី​ចរិត​ដែល​មាន​ការអភ័យ​ទោស​ពី​ធម្មជាតិ​របស់​ព្រះយេស៊ូវ គ្រីស្ទ​​ផងដែរ ។  ទ្រង់មាន​ព្រះ​បន្ទូល​ថា៖ « អស់​អ្នក​ណា​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែ​ចិត្ត ។   ហើយ​អស់​អ្នក​ណា​ដែល​អ្នក​ទទួល នោះ​ត្រូវ​ជឿ​ដល់​នាម​យើង ហើយ​យើង​នឹង​អត់​ទោស​ឲ្យ​អ្នក​នោះ​ដោយ​សេរី។ ( ម៉ូសាយ ២៦: ២២ )។

ដើម្បី​​អភ័យ​ទោស​ឲ្យ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​អភ័យទោស ​យើង​ត្រូវ​រៀន​ស្រឡាញ់​ឲ្យ​ដូច​ជា​ទ្រង់ ហើយ​មើលទៅ​អ្នក​ដទៃ​ឲ្យ​ដូច​ជា​ទ្រង់​បាន​ទត​មើល​ទៅ​ពួកគេ ។   វា​ងាយ​ស្រួល​ក្នុង​ការស្រឡាញ់​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​យើង ។   ព្រះយេស៊ូវ មាន​បន្ទូល​ថា​ទោះ​មនុស្ស​ទុច្ចរិត​ក៏​អាច​ធ្វើ​បាន​ដែរ ។   ប៉ុន្តែ​ព្រះយេស៊ូវ បាន​បង្រៀន​ក្រឹត្យវិន័យ​ខ្ពស់​ជាង​នោះ ៖  «  ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ »​( ម៉ាថាយ ៥:៤៤ ) ។   ប្រធាន  ឌៀថើរ អេស្វ អុជដូហ្វ បាន​មាន​ប្រសាសន៏​ថា៖ «  សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ អាច​​ដក​យក​​ការអាក់អន់​ចិត្ត និង​កំហឹងចេញ​ពី​កែវ​ភ្នែក​របស់​យើង អនុញ្ញាត​ឲ្យ​យើង​មើល​អ្នក​ដទៃ​ក្នុង​ផ្លូវ ដែល​ព្រះវរបិតា​សួគ៌​ទតមើល​មក​យើង៖ ដែល​លប់​ពីលើ​កំហុស​ និង​ភាព​មិន​ល្អ​ឥតខ្ចោះ​នៃ​ជីវិត​រមែង​ស្លាប់ ដែល​មាន​សក្តានុពល និង​តម្លៃ​​ហួសពី​ការនឹកគិត​ដល់​របស់​យើងទៅទៀត  ។ ​  ​ពី​ព្រោះ​ព្រះ​សឡាញ់​យើង​ដ៏​ម្ល៉េះ ដូច្នេះ​យើង​ត្រូវ​​ស្រឡាញ់​ និង​អភ័យទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ។ ២​

យើង​ « ត្រូវ​ស្រឡាញ់​ និង​អភ័យ​ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ។   ការបដិសេធ​មិន​អភ័យទោស​ដល់​អ្នក​ដទៃ វា​មិនត្រឹម​តែ​ជា​អំពើ​បាប​មួយ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុនែ្ត​វា​ជា​អំពើ​បាប​ខ្លាំង​ជាង​កំហុស​ដែល​យើង​ប្រព្រឹត្ត​ខ្លួន​យើង​ទៅ​ទៀត ។   ព្រះ​អម្ចាស់​បាន​បង្រៀន​ថា ៖  « ហេតុ​ដូច្នោះ​ហើយ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់​ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​អ្នក​ណា​ដែល​មិន​អត់​ទោស​ដល់​បង​ប្អូន​របស់​ខ្លួន​ចំពោះ​ការ​រំលង​របស់​គេ​ទេ នោះ​ជាប់​ទោស​នៅ​ចំពោះ​ព្រះ​អម្ចាស់ ព្រោះ​នៅ​ជាប់​នឹង​អ្នក​នោះ គឺជា​បាប​ដ៏​ធំ​ជាង។  យើង​ជា​ព្រះ​អម្ចាស់​នឹង​អត់​ទោស​ដល់​អ្នក​ណា ដែល​យើង​នឹង​អត់​ទោស ប៉ុន្តែ​រីឯ​អ្នក​វិញ គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំង​អស់ » ( គ និង ស ៦៤: ៩-១០ ) ។

ដើម្បី​ឲ្យ​យើង​អាច​ទទួល​បាន​នូវ​សេចក្តី​មេត្តាករុណា នោះ​យើង​ត្រូវ​មាន​ឆន្ទៈ​ផ្តល់​ឲ្យ​នូវ​សេចក្តី​មេត្តាករុណា ( ម៉ាថាយ ៥:​៧ ) ។   នៅ​ក្នុង​ទេសនកថា​នៅ​លើ​ភ្នំ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ថា៖ « ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់ទោស​ចំពោះ​ការរំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះព្រះវរបិតា​នៃ​អ្នក​ ទ្រង់​ក៏​អត់ទោស​ចំពោះ​ការរំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ ៖   តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះវរបិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ » ។ ( ម៉ាថាយ ៦:១៤-១៥ ) ។

ការអភ័យទោស​ដល់​អ្នក​ដទៃ​ មិន​គួរត្រូវ​បាន​យល់​ខុស​ថា​ជា​ ការបណ្តោយ​ឲ្យ​មាន​ការរំលោភបំពាន ​ឈឺចាប់ រងទុក្ខ ព្រងើយ​កន្តើយ ឬ​បណ្ដោយ​ឲ្យ​មាន​ឥរិយាបទ​អាក្រក់​ណា​មួយ​ឡើយ ។   ការអភ័យទោស​ដល់​អ្នក​ដទៃ​មិនមែន​មាន​ន័យ​ថា ពួកឧក្រិដ្ឋជន​មិន​ទទួលការ​កាត់ទោស ឬ ​បុគ្គលណា​​នោះ ​គួរ​តែស៊ូទ្រាំ​នឹង​ការ​ធ្វើ​​ទុក្ខទោស​នោះ​ឡើយ ។   ទោះជាយ៉ាងណាក្តី ការអភ័យទោស​ដល់អ្នកដទៃ អនុញ្ញាត​ឲ្យយើង​ក្លាយ​ជាជនរងគ្រោះ​តែម្តងប៉ុណ្ណោះ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៏​អំពី​ការ ភ័យទោស​នេះ​ថា៖​ « ខ្ញុំ​គិត​ថា​វា​គឺ​ជា​គុណធម៌​ដ៏​មហិមា​នៅ​លើ​ផែនដី​នេះ ហើយ​វា​ពិត​ជា​ត្រូវការ​យ៉ាង​ចាំបាច់​បំផុត ។  មាន​សេចក្តីអាក្រក់ និង​អំពើហឹង្សា​ច្រើន​ណាស់ ដែល​កើតមក​ពី​ការ​មិន​អត់​ឱន និង​ការស្អប់ខ្ពើម ។  មាន​តម្រូវការ​ជា​ចំាបាច់​ចំពោះ​ការប្រែចិត្ត និង​ការអភ័យទោស។  វា​គឺ​ជា​គោលការ​ណ៍ដ៏​មហិមា​ដែល​បាន​គូស​បញ្ជាក់​គ្រប់បទ​គម្ពីរ​ ទាំង​​តាំង​ពីបុរាណ និង​ពេលបច្ចុប្បន្ន » ។ ៣

ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ មិន​ត្រឹម​តែ​ជួយ​យើង​ឲ្យ​ទទួល​បាន​ការអភ័យ​ទោស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ជួយ​យើង​ឲ្យ​អភ័យ​ទោស​ដល់​អ្នកដទៃ​ផងដែរ ។   នៅ​ពេល​ថ្លែង​ពី​ទុក្ខសោក​ដែល​គ្រួសារ វិល្លាម ត្រូវ​ស៊ូទ្រាំ អែលឌើរ ដាល្លិន អេក អូក បាន​មាន​ប្រសាសន៏​ថា ៖​  « គ្រីស វិល្លាម បាន​ដាក់​សេចក្តីជំនឿ​របស់​គាត់​លើ​ព្រះយេស៊ូវ គ្រីស្ទ ដើម្បី​អភ័យទោស​ដល់​អ្នក​បើកបរ​ស្រវឹង ដែល​បង្ក​ឲ្យ​ភរិយា និង​កូន​ទាំងពីរ​របស់​ពួកគេ​ស្លាប់ ។  រយៈ​ពេលតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​សោកនាកដកម្ម ​ដែល​នៅ​តែ​មាន​ទុក្ខសោក​យ៉ាង​ខ្លាំង​នៅឡើយ បុរស​ដែល​ពេញ​ដោយ​ការ​អភ័យ​ទោស​ម្នាក់​នោះ ដែល​ពេល​នោះ​កំពុង​បម្រើ​ជា​ប៊ីស្សព​ម្នាក់​របស់​យើង លោក​បាន​មាន​ប្រសាសន៏​ថា៖ ‹ ក្នុង​នាម​ជា​សិស្ស​នៃ​ព្រះគ្រីស្ទ ខ្ញុំ​គ្មាន​ជម្រើស​ផ្សេងទេ ›» ។​ ៤​ ពេល​យើង​ឃើញ​ថា​វា​ពិបាក​ក្នុង​ការអភ័យ​ទោស​ដល់​អ្នក​ដទៃ យើង​អាច​ទូល​សូម​ព្រះ​ដើម្បី​ប្រទាន​កម្លាំង​ដល់​យើង​ដើម្បី​អាច​ធ្វើ​ដូច្នោះបាន ។   គឺ​ដូច​ជា​ទ្រង់​សព្វ​ព្រះទ័យ​ចង់​អភ័យ​ទោស​ដល់​យើង ទ្រង់​ក៏​ចង់​ជួយ​យើង​ឲ្យ​អភ័យ​ទោស​ដល់​អ្នក​ដទៃ​ផងដែរ ។

ចំណងជើង៖ អែលឌើរ អាលវិន អេស្វ ម៉ឺរីឌិស  III