រំលង​ការ​រុករក​ចម្បង
ផែនការ​នៃ​សេចក្ដីសង្គ្រោះ

‹ សារលិខិតគណៈប្រធានតំបន់អាស៊ី ›

‹ សារលិខិត​គណៈប្រធាន​តំបន់​អាស៊ី ›

ផែនការ​នៃ​សេចក្ដីសង្គ្រោះ

អែលឌើរ ដាវីឌ អេហ្វ អ៊ីវ៉ានស៍ នៃ​ពួកចិតសិប​នាក់

ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​តំបន់​អាស៊ី

          កាល​ពី​ខ្ញុំបម្រើ​បេសកកម្ម​នៅ​ប្រទេស​ជប៉ុន បទបង្ហាញ​ជា​សំឡេង​តែ​មួយ​គត់​ដែល​យើង​មាន​គឺ​ការ​បញ្ចាំង​ស្លាយ​មួយ​ដែល​មាន​ចំណង​ជើង​ថា Man’s Search for Happiness (ការ​ស្វែង​រក​សុភមង្គល​របស់​មនុស្ស ) ដែល​មាន​បទ​ភ្លេង​លេង​ចេញ​ពី​ម៉ាស៊ីន​ចាក់​កាសែត​មួយ ។  សព្វថ្ងៃ​នេះ មនុស្ស​ភាគច្រើន​ពុំ​ធ្លាប់​ឃើញ​ការ​បញ្ចាំង​រូបថត ហើយ​ពុំ​ធ្លាប់​ស្ដាប់​កាសែត​ភ្លេង​មួយ​ឡើយ ។  ប៉ុន្តែនៅ​ក្នុង​ពាណិជ្ជកម្ម ការ​ធ្វើ​ចរាចរ បច្ចេកវិទ្យា និង​ការ​រំជើប​រំជួល​ខ្លាំង​នៃ​ពិភពលោក​សព្វថ្ងៃ​នេះ មនុស្ស​នៅ​តែ​កំពុង​ស្រាវជ្រាវ​រក​សុភមង្គល ហើយ​មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​ពិភពលោក​ពុំ​ទាន់​បាន​រៀន​ពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដ៏​មហិមា​របស់​ព្រះវរបិតា​សួគ៌​យើង​នៅ​ឡើយ​ទេ ។  ទោះ​ជា​មាន​ការ​ជឿន​លឿន​យ៉ាង​ខ្លាំង​ខាង​ចំណេះដឹង និង​ការ​ទទួល​បាន​ព័ត៌មាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​តាមរយៈ​អ៊ិនធើរណែត និង​បច្ចេកវិទ្យា​ផ្សេង​ទៀតនៅ​ទូទាំង​ពិភពលោក​ក្ដី ក៏​សំណួរ​អស្ចារ្យ​បំផុត​របស់​មនុស្ស​ជាតិ​នៅ​តែ​មាន​ដដែល​ថា ៖ « តើ​ខ្ញុំ​ជា​នរណា ហើយ​តើ​ខ្ញុំ​មក​ពី​ណា ? » « តើ​គោលបំណង​របស់​ខ្ញុំ​នៅ​ទីនេះ​ជា​អ្វី​ទៅ ? » និង « តើ​អ្វី​កើត​ឡើង​បន្ទាប់​ពី​សេចក្ដី​ស្លាប់ ? » 

ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​គឺជា​អ្វី​ដែល​យើង​ស្គាល់​ថា​ជា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ផែនការ​នេះ​ក៏​បាន​ហៅ​ថា​ជា ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ជា​ផែនការ​នៃ​ក្តី​មេត្តាករុណា និង​ផែនការ​នៃ​សុភមង្គល​ផង​ដែរ ។ ទោះ​ជា​វា​មាន​ឈ្មោះ​អ្វី​ក៏​ដោយ គឺ​មាន​ផែនការ​តែ​មួយ​គត់ ហើយ​ផែនការ​នោះ​បាន​ដាក់​ចូល​ជា​ធរមាន​ដោយ​ព្រះវរបិតា​សួគ៌​ជា​ទី​ស្រឡាញ់​របស់​យើង ដើម្បី​សម្រេច​ព្រះរាជ​បំណង និង​កិច្ចការ​របស់​ទ្រង់​គឺថា « នាំ​ឲ្យ​មាន​អមតភាព និងជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ។១

ជា​ចម្លើយ​ចំពោះ សំណួរ​ថា « តើ​ខ្ញុំ​ជា​នរណា ហើយ​តើ​ខ្ញុំ​មក​ពី​ណា ? » យើង​ដឹង​ថា យើង​ពិត​ជា​កូនចៅ​វិញ្ញាណ​របស់​ព្រះ ។ ព្រះ​គឺ​ជា​ព្រះវរបិតា​យើង ។ យើង​គឺជា​កូនចៅ​ទ្រង់ ។ សាវក​ប៉ុល​បាន​ប្រកាស​ថា « យើង​​រាល់​គ្នា ជា​ពូជ​ព្រះ » ។២ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ទៅ​យេរេមា​ថា « មុន​ដែល​យើង​បាន​ជប់​បង្កើត​អ្នក​នៅ​ក្នុង​ពោះ​ម្ដាយ នោះ​យើង​ស្គាល់​អ្នក​ហើយ កាល​មុន​ដែល​អ្នក​សំរាល​ចេញ​ពី​ផ្ទៃ​មក នោះ​យើង​បាន​ញែក​អ្នក​ជា​បរិសុទ្ធ​ផង » ។​៣​ព្រះអម្ចាស់​បាន​បង្រៀន​ថា « កាល​ដើម​ដំបូង​មនុស្ស​ក៏​បាន​នៅ​ជាមួយ​នឹង​ព្រះ​ដែរ » ។៤​ហើយ​ថា យើង « បាន​ទទួល​មេរៀន​មុនដំបូង​នានា នៅ​ពិភព​នៃ​ពួក​វិញ្ញាណ ហើយ​ត្រូវ​បាន​រៀបចំ​ឲ្យ​មក​នៅ​ពេល​កំណត់​នៃ​ព្រះ » ។​៥​យើង​ចាក​ចេញ​ពី​ព្រះ​មក​កាន់​ផែនដី​នេះ​ដើម្បី​រៀន​ធ្វើ​តាម​ផែនការ​របស់ទ្រង់ ហើយ​មាន​អំណរ មិន​ថា​សេដ្ឋកិច្ច ឬ​កាលៈទេសៈ​ផ្សេង​ទៀត​​នៅ​ក្នុង​ជីវិត​យើង​យ៉ាង​ណា​នោះទេ ។ 

ក្នុង​នាម​កូនចៅ​របស់​ព្រះ យើង​មាន​សក្ដានុពល និង​គោលបំណង​ដ៏​ធំ​មហិមា ។ តាមរយៈ​ការ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ និង​ដោយ​ការ​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​សុចរិត​នៅ​ក្នុង​ជីវិត​របស់​​យើង យើង​ដឹង​ថា យើង​ពុំ​គ្រាន់​តែ​មាន​អំណរ​ប៉ុណ្ណោះទេ ប៉ុន្តែ​យើង​នឹង​ទទួល ​« សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅបរលោក » ។​៦​មាន​សាវក​មួយ​រូប​របស់​ព្រះអម្ចាស់​បាន​បង្រៀន​ថា « ជីវិត​ផ្ដល់​ឲ្យ​អ្នក​នូវ​អំណោយ​ដ៏​មាន​តម្លៃ​ពីរ​យ៉ាង មួយ​គឺជា​ពេលវេលា មួយ​ទៀត​គឺ​សេរីភាព​នៃ​ការ​ជ្រើស​រើស » ។៧  មាន​ព្យាការី​មួយ​រូបទៀត​បាន​បង្រៀន​ថា ពុំ​មែន​គ្រាន់​តែ​លោក​អ័ដាម​បាន​ធ្លាក់ « ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ »​ ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​មាន​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ធ្វើ​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះវរបិតា ហើយ​ធ្វើ​ដង្វាយ​ធួន ​« ដើម្បី​ទ្រង់​អាច​ប្រោស​លោះ​កូនចៅ​មនុស្ស »​ផង​ដែរ ។ ដោយសារ​ដង្វាយ​ធួន​របស់​ព្រះគ្រីស្ទ យើង ​« មាន​ឥស្សរភាព​រហូត​តទៅ ដោយ​ដឹង​ខុស និង​ត្រូវ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង ពុំមែន​ទទួល​សកម្មភាព​ទេ . . . ហើយ​ [ យើង ] ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ដោយ​សារ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ឬ​ « ក៏​រើស​យក​ការ​ជាប់​ឃុំឃាំង និង ការ​ស្លាប់ »​ តាមរយៈ​ការ​ជ្រើសរើស​ទុច្ចរិត​របស់​​យើង ។ នៅ​ក្នុង​ជីវិត​នេះ យើង​ខិតខំ ហើយ​រៀន ​« រើស​យក​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » និង​សុភមង្គល ហើយ​មិន​រើស​យក​អំពើ​បាប និង​រឿង​ទាំង​ឡាយ​ដែល​នឹង​នាំមក​នូវ​អពមង្គល​ ព្រមទាំង​សេចក្ដី​ស្លាប់ខាងវិញ្ញាណ​ឡើយ ។៨​ ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​គឺថា យើង​ម្នាក់ៗមាន​សិទ្ធិ​ជ្រើស​រើស​ខាងសីលធម៌​របស់​យើង ។ យើង​មាន​សេរីភាព​ដើម្បី​កំណត់ពី​របៀប​ដែល​យើង​នឹង​ប្រើ​ប្រាស់​ពេលវេលា​របស់​យើង​នៅ​ក្នុង​ជីវិត​នេះ ។ យើង​បង្ហាញ​ថា យើង​អាច​ជ្រើស​យក​ការ​ល្អជាជាង​ការ​អាក្រក់ សេចក្ដី​សុចរិត​ជា​ជាង​អំពើ​បាប សុភមង្គល​ជាជាង​ភាព​សោក​សៅ​ដែល​កើ​ត​ចេញ​ពី​អំពើ​បាប​បាន​គឺតាមរយៈ​ការ​ជ្រើស​យក​សេចក្ដីសុចរិត ។ យើង​ក៏​ដឹង​ផង​ដែរ​ថា យើង​ម្នាក់ៗ​នឹង​ទទួល​បាន​រង្វាន់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មួយ​សម្រាប់​ការ​ជ្រើស​រើស​ទាំង​នោះ ពីព្រោះ​ដូចជា​ប្រធាន​ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា « ការ​សម្រេច​ចិត្ត​[ របស់​យើង ]​កំណត់​នូវ​ជោគវាសនា » ។៩

ដូច​ដែល​បងប្អូន​បាន​រស់នៅ​ពី​មុន​ជីវិត​រមែង​ស្លាប់​នេះ ដូច​ដែល​បងប្អូន​រស់​នៅ​ក្នុង​ជីវិត​នេះ នោះ​បងប្អូន​នឹង​បន្ត​រស់​នៅ​បន្ទាប់​ពី​សេចក្ដីស្លាប់​ផង​ដែរ ។ បន្ទាប់​ពី​សេចក្ដី​ស្លាប់ យើង​ដឹង​ថា « វិញ្ញាណ​របស់​មនុស្ស​ទាំងអស់នៅ​មួយ​រំពេចដែល​ចាក​ចេញ​ពី​រូបកាយ​សាច់​ឈាម​នេះទៅ មែនហើយ​វិញ្ញាណ​របស់​មនុស្ស​ទាំងអស់ ទោះ​គេ​ល្អ ឬ​អាក្រក់​ក្ដី​នឹង​បានត្រឡប់​ទៅ​ផ្ទះវិញ គឺ​ទៅជួប​នឹង​ព្រះ​ដែល​ទ្រង់​បាន​ប្រទាន​ជីវិត​ដល់​គេ » ។​១០​ វិញ្ញាណ​ទាំងនេះ​នឹង​ត្រូវ​បាន​ទទួល​ឲ្យ​ចូ​ល​ទៅ​ក្នុង​ស្ថានភាព​នៃ​សុភមង្គល ដែល​ហៅ​ថា ស្ថាន​បរម​សុខ ឬ​ចូល​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ពួកគេ​នឹង​ត្រូវ​បង្រៀន ហើយ​មានឱកាស​ទទួល​យក​ដំណឹងល្អ ហើយ​ប្រែចិត្ត ដើម្បី​ « ពួក​អ្នក​ស្លាប់​ណាដែល​ប្រែចិត្ត នោះ​នឹង​បាន​ប្រោសលោះ​តាមរយៈការ​គោរពតាម​ពិធីបរិសុទ្ធទាំងឡាយ​នៃ​ដំណាក់​របស់​ព្រះ ។ ហើយ​បន្ទាប់​ពី​ពួកគេ​បាន​សង​ទោស​នៃ​អំពើ​រំលងទាំងឡាយ​របស់​ពួកគេ ហើយ​ត្រូវ​បាន​សម្អាត​ឲ្យបាន​ស្អាត នោះ​នឹង​បាន​ទទួល​រង្វាន់​តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត ព្រោះ​ពួកគេ​ជា​អ្នក​គ្រង​សេចក្ដី​សង្គ្រោះ​ទុក​ជា​មរតក » ។១១

យើង​ក៏​ដឹង​ដែរ​ថា តាម​កាល​វេលា​របស់​ព្រះអម្ចាស់ មនុស្ស​ទាំងអស់​នឹង​ត្រូវ​រស់​ឡើង​វិញ ។ « ព្រលឹង​នឹង​បាន​ផ្ដុំ​ចូល​ទៅ​ក្នុងរាងកាយ ឯរាងកាយ​ក៏​នឹងបាន​ផ្ដុំ​ទៅ​នឹង​ព្រលឹង មែនហើយ​អវយវៈទាំងអស់​ និង​គ្រប់សន្លាក់​ឆ្អឹង​ត្រូវ​បាន​ផ្ដុំ​ទៅ​នឹង​រាងកាយ​វិញ មែន​ហើយ​ទាំងសក់​មួយ​សរសៃនៅ​លើ​ក្បាល​ក៏​ពុំ​បាត់​ដែរ ហើយ​អ្វីៗទាំងអស់​នឹង​បាន​សាង​ទៅ​ជា​រូបរាង​ដ៏​ត្រឹមត្រូវ និង​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ » ។​១២ បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះ​មិន​ត្រឹម​​​តែបាន​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ម្នាក់ៗ​នឹង​ទទួល​បាន​រង្វាន់​មួយ​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួកគេ ។

មនុស្ស​សុចរិត​ដែលមាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ជា​អ្នក​ដែល​បាន​ទទួល​ពិធី​បរិសុទ្ធ​នានា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​ចាំបាច់ ហើយ​បាន​រក្សា​សេចក្ដីសញ្ញា​ដែល​បានភ្ជាប់​នឹង​ពិធី​បរិសុទ្ធ​ទាំងនោះ នឹង​ទទួល​បាន​អំណោយ​ទាន​ដ៏​ធំ​ជាង​គេបង្អស់​របស់​ព្រះ ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​ការ​រស់​នៅ​ជាមួយ​នឹង​ព្រះ ហើយ​ថែម​ទាំង​ប្រែក្លាយ​ដូចជា​ទ្រង់​ផងដែរ ។​១៣ នេះ​គឺជា​ហេតុផល​ដែល​យើង​លើក​ទឹក​ចិត្ត​មនុស្ស​គ្រប់​រូប និង​គ្រប់​គ្រួសារឲ្យ​​ខិតខំ​ដើម្បីមាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​ការ​លះបង់​គ្រប់​យ៉ាង​ដែល​ចាំបាច់ដើម្បីមាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​ពិធី​បរិសុទ្ធ​ទាំងនោះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ និង​អំពី​​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​មហិមា​របស់​ព្រះវរបិតា​សួគ៌ ។ យើង​គឺជា​កូនចៅ​របស់​ព្រះ ហើយ​យើង​នៅ​ទីនេះ​ដើម្បី​រៀន​ជ្រើស​យក​ទ្រង់ និង​បទបញ្ញត្តិ​របស់​ទ្រង់ ។ នោះ​យើង​នឹង​បាន​រស់​ឡើង​វិញដូច​ដែល​យើង​រស់​នៅ​នា​ពេល​នេះដែរ ហើយ​យើង​ម្នាក់ៗ​នឹង​ទទួល​បាន​រង្វាន់​មួ​យ​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​យើង​នៅ​ក្នុង​ជីវិត​នេះ ។ ចូរ​យើង​ជ្រើស​យក​សុភមង្គល និង​អំណរ​ដែល​កើត​ចេញ​ពី​ការ​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ និង​ការ​ទទួល​ពិធី​បរិសុទ្ធ​របស់​ទ្រង់ ។ ■

ចំណងជើង ៖ អែលឌើរ ដាវីឌ អេហ្វ អ៊ីវីនស៍


កំណត់ចំណាំ

១ ម៉ូសេ១:៣៩ ។

២ កិច្ចការ ១៧:២៩ ។

៣.យេរេមា ១:៥ ។

៤ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២៩ ។

៥ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៦ ។

៦ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:២៣ ។

៧ រីឆាត អិល អ៊ីវ៉ានស៍, «Man’s Search for Happiness,» ឆ្នាំ ១៩៦៣ ។

៨.សូមមើល នីហ្វៃទី ២ ២:២៥-២៨ ។

៩.ថូម៉ាស អេស ម៉នសុន « Decisions Determine Destiny » (Church Educational System fireside, ថ្ងៃទី ៦ ខែ​វិច្ឆិកា ឆ្នាំ ២០០៥) ទំព័រ ៣, speeches.byu.edu ។

១០ អាលម៉ា ៤០:១១ ។

១១ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៥៨-៥៩ ។

១២ អាលម៉ា ៤០:២៣ ។

១៣ « The Family: A Proclamation to the World » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ​២០១០ ទំព័រ ១២៩ ។